ច្បាប់ព្រះរាជសម្ភារច្បាប់ព្រះរាជសម្ភារ (រាជនេតិ) ជាស្នាព្រហស្ថនិពន្ធរបស់ព្រះរាជសម្ភារ ។ (បទកាកគតិ) ១.ហៃសាធុជនផង នេះគឺបំណង បទបាលីថា គម្ពីររសធម៌ អាណាក្រិត្តិកា គួរគប្បីមហា ជនផងត្រងត្រាប់ ។ ២.ធម៌នេះដំបូន្មាន រួមរក្សាប្រាណ ឱ្យបានក្តីគាប់ ដ៏លោកបរលោក ហៅរស់ពុំស្លាប់ ធម៌នេះជាច្បាប់ ក្តីគាប់បរិយាយ ។ ៣.កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្រ្កម៍(១) កុំទុកចិត្តអភិប្រាយ ប្រើទំលែងខ្ពស់ រំពឹងឱ្យឆ្ងាយ ស្តាប់ពាក្យបរិយាយ បណ្តិបមេជី(៣) ។ ៤.កុំងឿងដោយខ្យល់(៤) កុំឱនពាក្យពល កុំខ្វល់ដោយស្រី កុំកាន់ពិសយង់ គប់នឹងស្រី្ត សមណជនជី កុំឱ្យក្តីត្រូវ ។ ៥.កុំនៅញ៉ាំងឈ្លោះ កុំស្តាប់អសុរោះ កុំស្តាប់អាស្រូវ កុំដើរពានស្កុន កុំស្កាត់ច្រកផ្លូវ កុំធ្វើស្រែស្រូវ នៅផ្លូវដំរី ។ ៦.ផ្អែមពីរប្រការ ចំណីនៅដាល(៥) កុំអាលឱ្យឆី ផ្អែមមួយពាក្យពាល រែងរាលរកក្តី ផ្អែមមួយពាក្យស្រី ស្រដីមាយា ។ ៧.ពាក្យគ្រូរែងរឹង ស្រារែងស្រវឹង ពុំដែលពិសា ពាក្យពិតរែងស្លែង ពុំពិរោះថា បណ្តិបមេបា រែងថាពុំគាប់ ។ ៨.ខ្លៅរែងស្អប់ចេះ ខ្សត់ឥតចំណេះ ស្អប់អ្នកមានទ្រព្យ ស្រីស្រាលប្រចណ្ឌ រែងស្អប់ខ្ញុំគាប់ ពាលពិតឥតច្បាប់ រែងស្អប់ប្រដៅ ។ ៩.ចង់បុណ្យបានបាប ចចើងចង់លាភ រែងបាត់ធនទៅ មានៈបាត់មិត្ត ឥតអ្នកជាផៅ ក្រេវក្រោធឃោរឃៅ រមែងបាត់អង្គ ។ ១០.ស្វែងគាប់បានយស ចង់ស្វែងរបស់ ប្រើចេះផ្គត់ផ្គង់ ចង់ធំកុំអួត ដើមមានពូជពង្ស ចង់ឱ្យខ្លួនត្រង់ ប្រើផ្គាប់អ្នកមុខ ។ ១១.ខ្លែងហើរត្បិតខ្យល់ នាយថ្កើងត្បិតពល រក្សាឱ្យសុខ ទ្រព្យគង់ត្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក តិ្បតភរិយាជា ។ ១២.បាត់យសត្បិតខ្ជឹល បាត់ញាណទានសីល ត្បិតសេពសុរា ប្រមាទបាត់បុណ្យ ខឹងបាត់ប្រាជ្ញា លេញលេងដៀលថា បាត់ឥរិយាគាប់ ។ ១៣.អត់ឱនឥតទោស ធ្វើចិត្តសណ្តោស បង្កើតជាទ្រព្យ មេត្រីជាញាតិ រក្សាដល់ស្លាប់ ចៀសក្តីពុំគាប់ ជាគន្ធពិដោរ ។ ១៤.ទឹកបាក់ទៅទាប បុណ្យបាត់ត្បិតបាប លាភបាត់ត្បិតឃោរ ទឹកថ្លាត្បិតរលក ពុំយល់ស្រមោល ទោសកើតត្បិតពោល ល្មមមាត់ឈ្លានពាន ។ ១៥.ខ្លៅរែងស្អប់ប្រាជ្ញ នាអ្នកខ្លួនខ្លាច រែងធ្វើជាហ៊ាន ខ្សត់ខ្សោយស្មុតទ្រុត រែងធ្វើជាមាន អ្នកឥតសន្តាន រែងមើលងាយគេ ។ ១៦.ទាហានថ្កើងត្បិតសឹក ធ្វើស្រែត្បិតទឹក ត្រីកពលត្បិតបាយ សិស្សប្រាជ្ញត្បិតគ្រូ ជេរពោលដំវាយ ពលជាត្បិតនាយ ហ្វឹកហ្វឺនខះខំ ។ ១៧.រៀនក្តីគួរគិត ចាស់ឥតប្រព្រឹត្ត នូវប្រែច្រឡំ អ្នកជាៗកាច តូចប្រែជាធំ ពង្សពូជឧត្តម ច្រឡំជារាស្រ្ត ។ ១៨.ឃើញសេះជាលា ក្ងានជាទា ពពាយជាទាស សំណង់ជាប្រាក់ ស្ពាន់ធ្លាក់ជាមាស បង្កួយជាជាស កប្បាសជាគរ ។ ១៩.ហេតុនេះគួរគិត គួររិះរកហិត ដឹងរសគន្ធ ពិដោរអសុដោរ ពិសា-សាទរ ហឹកហើយគប្បីប- រិភោក្តាក្តិត ។ ២០.ល្គឹកឮពាក្យពេចន៍ សាកសួររកសាច់ សន្តានព្រេងព្រឹទ្ធ រករិះកល់អ្វី សុចរិតទុច្ចរិត ហើយហោងគួរគិត ឱ្យដឹងខ្ពស់ទាប ។ ពន្យល់ពាក្យមួយចំនួន ៖ (១) អភិនេស្រ្កម៍(បព្វជិត), (២)ស្ទំ(ទាប,បន្តិចៗ), (៣) បណ្តាំមេជី(ពាក្យទូន្មានមេបា,ជីដូនជីតា) (៤) កុំងឿងដោយខ្យល់ ៖ កុំងឿងព្រោះសំដីគេនិយាយព្យូហ៍ឲ្យភ័ន្តគំនិត ។ (៥) ចំណីនៅដាល កុំអាលឱ្យឆី គឺចំណីដែលកំពុងក្តៅខ្លាំងកុំអាលស៊ី ។ |
Portal di Ensiklopedia Dunia