តេជោកុយ
ចៅពញាតេជោកុយ (ចៅពញា ជាស័ក្ដិ តេជោ ជាងារ កុយ ជាឈ្មោះ) លោកត្រូវជាចៅហ្វាយស្រុកខែត្រសំរោងទង។ ជាមន្ត្រី និងមេទ័ពនៃព្រះបាទស្រីជេដ្ឋា។ ប្រវត្តិ និង ការងារព្រះស្រីជេដ្ឋាតាំងខ្លួនជាម្ចាស់ផែនដីលុះដល់មកឆ្នាំជូត អដ្ឋស័ក ព.ស. ២០៦០, គ.ស. ១៥១៦, ម.ស. ១៤៣៨, ច.ស. ៨៧៨ សម្ដេចព្រះស្រីជេដ្ឋា ព្រះអង្គសោយរាជ្យបាន ៤ ឆ្នាំ។ លុះទ្រង់ជ្រាបថា "សម្ដេចចៅពញាចន្ទរាជាវាយយកខែត្រខាងលិច ប៉ែកខាងជើងបានហើយ ហើយបានសំលាប់ចៅហ្វាយស្រុកជាច្រើនផង មិនតែប៉ុណ្ណោះ ទាំងពញាចក្រីកែវក៏ស្លាប់ ទាំងសម្ដេចចៅហ៊្វាកៅជាមា ក៏មានរបួសជាទំងន់ទៀត។" ទ្រង់មានព្រះវិតក្កទុក្ខទោមនស្សណាស់ រហូតដល់ទ្រង់ព្រះកន្សែងសោកស្ដាយជាខ្លាំង។ លុះស្វាយសោកហើយ ទ្រង់មានព្រះតំរិះពីការសង្គ្រាម សព្វប្រការ ទើបទ្រង់ត្រាស់បង្គាប់មុខមន្ត្រីឱ្យចេញទៅកេណ្ឌទ័ព។ លុះមន្ត្រីកេណ្ឌបានរេហ៍ពល ត្រើយខាងកើត ១២០០០០ នាក់ហើយ ទ្រង់ចាត់បំរើសេះឱ្យទៅតាមកងទ័ពចៅពញាឧទ័យធិរាជថ្មី ដែលឱ្យទៅស្កាត់ផ្លូវ សម្ដេចចៅពញាចន្ទរាជាពីផែនបាត់ដំបងនោះឱ្យនាំកងទ័ពត្រឡប់មកវិញ " ចៅពញាឧទ័យធិរាជ នាំរេហ៍ពល ៥០០០០ នាក់ទៅជួបជុំគ្នានឹងមេទ័ពឯទៀតនៅបន្ទាយភ្នំពេញ ហើយក៏ចាត់ចែងតែងដាក់រេហ៍ពលឱ្យផ្លាស់ប្ដូរគ្នានៅរក្សាទីបន្ទាយ។ ចៅពញាតេជោកុយ ចៅហ្វាយស្រុក ខែត្រសំរោងទង និង ចៅពញាវង្សាអនុជិតយស ចៅហ្វាយស្រុកថ្មី ខែត្របាទី មានរេហ៍ពលមួយម៉ឺននាក់ជាកងក្រវែលរួមទាំងអស់ត្រូវជា ១៩០០០០ នាក់។ ព្រះស្រីជេដ្ឋា ទ្រង់ចាត់កងទ័ពទាំង ១៩០០០០ នាក់នោះជាពីរផ្លូវ។ ក្នុងមួយផ្លូវៗ ទ្រង់តាំងដូចមានខាងក្រោមនេះ៖
ឯព្រះអង្គឯង (ព្រះស្រីជេដ្ឋា) ឃុំពល ៣០០០០ នាក់ ជាទ័ពហ្លួង។ ឯអស់ចៅហ្វាយស្រុកទាំងពួង ទ្រង់ចាត់ឱ្យធ្វើជាបល័ដ្ឋទ័ព យោក្បាត់ទ័ព ជាកងក្រវែល ១៥ កង សឹងឱ្យកាន់ទង់ជ័យពណ៌ដែលមានរូបខុសៗគ្នា ដើម្បីនឹងមិនឱ្យច្រឡូកច្រឡំគ្នាឡើយ។ លុះទៅដល់ស្ទឹងក្រាំងពន្លៃ (សព្វថ្ងៃនៅក្នុងខេត្តកំពង់ស្ពឺ ក្បែរផ្សារឧដុង្គ) ហើយព្រះអង្គទ្រង់តាំងបន្ទាយទ័ពធំនៅស្ទឹងក្រាំងពន្លៃនោះ ទ្រង់ត្រាស់បង្គាប់ចៅពញាយមរាជព្រាបជាមេទ័ពមុខឲ្យឃុំពល ៤៥០០០ នាក់លើកទៅចោមវាយបន្ទាយខេត្តលង្វែក។ ចៅហ្វាយស្រុកខេត្តលង្វែក ក៏ដេញពលតតាំងច្បាំងគ្នាជាមាំមួន។ ខណៈនោះ សម្ដេចចៅពញាចន្ទរាជា ទ្រង់ជ្រាបថា “កងទ័ពសត្រូវមកចោមបន្ទាយលង្វែកហើយ” ព្រះអង្គក៏ប្រើទ័ពសេះឲ្យទៅប្រាប់ចៅហ្វាយខេត្តលង្វែកថា “ឲ្យក្លែងធ្វើជាចាញ់ទ័ពសត្រូវ ហើយរត់តាមផ្លូវទៅទិសខាងជើង” ។ ក្រោយបំរើសេះចេញទៅនោះ ព្រះអង្គលើកកងទ័ព ៤៥០០០ នាក់ស្រូតរូតទៅជួយចៅហ្វាយស្រុកខេត្តលង្វែក។ លុះស្ដេចទៅដល់ព្រៃមួយធំ ទ្រង់ឮសូរកាំភ្លើងច្បាំងគ្នាជាឱឡារិកណាស់ ទើបព្រះអង្គបង្កប់រេហ៍ពលនៅទីនោះ។ ឯចៅហ្វាយស្រុករលាប្អៀរបានដឹងឧបាយកលដោយបំរើសេះ ហើយក៏ឲ្យកងទ័ពទាំងនោះថយតាមព្រះរាជបញ្ជា។ ចៅពញាយមរាជ និងនាយកងទ័ពមុខក្រោយ ឆ្វេង ស្ដាំ ៥ កងខាងព្រះស្រីជេដ្ឋាយល់ថា “មានជ័យជំនះហើយ” ក៏មានចិត្ដកំរើកកងទ័ពដេញជិតប្រកិតតាមទៅរហូតដល់ទីដែលសម្ដេចចៅពញាចន្ទរាជា ស្ដេចបង្កប់ទ័ពចាំនោះ។ មួយរំពេចនោះសម្ដេចចៅពញាចន្ទរាជា ស្ដេចបរព្រះទីនាំងគជេន្ទ្រពិជ័យនាំសេនាទាហានរេហ៍ពលលើកចេញដេញទៅវាយខ្ចប់សំលាប់កងទ័ពសត្រូវពីក្រោយ ដោយទ័ពសត្រូវពុំដឹងខ្លួន។ កងទ័ពត្រូវស្លាប់ដោយក្របីវ័ធ ដំរីជល់ព្រេច និងដោយអាវុធវែងខ្លីស្លាប់អស់ជាង ៣០០០ នាក់ឈាមក្រហមដាលច្រាលទាំងព្រៃវាលចាប់បានចៅពញាយមរាជ និងនាយកងនាយទ័ពទាំង ១០ នាក់ទៀត។ លុះដល់វស្សានរដូវក្នុងឆ្នាំឆ្លូវ នព្វស័កនោះ សម្ដេចព្រះស្រីជេដ្ឋា ស្ដេចកន ព្រះអង្គចេញជួបជុំសេនាបតី មន្ដ្រីតូចធំ ខ្ញុំព្រះរាជការ ហើយត្រាស់ថា “ចៅពញាចន្ទរាជាលើកកងទ័ពទៅវាយយកផែនដីត្រើយខាងជើង ហើយលើកខ្លួនជាម្ចាស់ផែនដីទៀត ដូច្នេះឲ្យសេនាបតីចេញសំបុត្រកេណ្ឌរេហ៍ពលឲ្យមកគ្រប់ខេត្តថា កាលណាចេញព្រះវស្សា ព្រះអង្គនឹងលើកទ័ពទៅវាយយកខេត្តអម្រិន្ទបូរពោធិ៍សាត់វិញឲ្យបាន។ សេនាបតីទទួលព្រះរាជបញ្ជាហើយ ក៏ចេញសំបុត្រប្រាប់ទៅចៅហ្វាយស្រុក ចៅមឿង ចៅបានឲ្យកេណ្ឌកងទ័ពតាមត្រាស់បង្គាប់។ លុះដល់ខែនោះ គ្រប់ចៅហ្វាយស្រុកបញ្ជូនរេហ៍ពលមកជួបជុំបានចំនួន ១២០០០០ នាក់។ ទ្រង់ត្រាស់ឲ្យបង្ហាត់កាន់អាវុធឲ្យស្ទាត់តាមក្បួនពិជ័យសង្គ្រាម ទ្រង់ត្រាស់ឲ្យចៅពញាលំពាំង ចៅពញាស្រាលឲ្យឃុំកងទ័ព ២០០០០ នាក់ឆ្លងទៅតាំងទ័ពនៅខេត្ដសំរោងទងឲ្យសម្ដេចចៅហ៊្វាកៅឃុំពល ៣០០០០ នាក់ទៅតាំងបន្ទាយនៅភ្នំពេញ។ ក្នុងខណៈនោះ សម្ដេចចៅពញាចន្ទរាជា ព្រះបរមបពិត្រទ្រង់ជ្រាបដោយបំរើសេះពីខេត្ដលង្វែកចូលទៅក្រាបបង្គំទូលសព្វគ្រប់ប្រការហើយ ទ្រង់ព្រះពិរោធជាខ្លាំងណាស់។ ទ្រង់ប្រាប់ឧកញ៉ាចក្រីកែវ និងឧកញ៉ាវង្សាអគ្គរាជកែឲ្យឃុំពល ២០០០០ នាក់លើកចេញទៅ។ ព្រះបរមបពិត្រអម្ចាស់ត្រាស់ឲ្យស្ដេចព្រះភាគិនេយ្យយសរាជានៅចាំរក្សាបន្ទាយ ហើយព្រះអង្គព្រមដោយសេនាទាហាន រេហ៍ពល ៣០០០០ នាក់លើកចេញទៅតាំងនៅភូមិជ័យសួគ៌នៅខេត្ដលង្វែករង់ចាំស្ដាប់រាជការសង្គ្រាម បើឃើញអាសន្នទ្រង់នឹងលើកទ័ពទៅជួយជាឆាប់។ ក្នុងគ្រានោះឧកញ៉ាចក្រីកែវ ឧកញ៉ាវង្សាអគ្គរាជកែលើកទ័ពចូលច្បាំងនឹងកងទ័ពចៅពញាស្រាល។ វង្សាអគ្គរាជលើកទ័ពតទល់នឹងចៅពញាលំពាំងជាសេនាបតីមេទ័ពត្រើយខាងកើត។ ខណៈនោះ សេនាទាហានរេហ៍ពលទាំងសងខាងចូលប្រយុទ្ធគ្នាដោយអាវុធវែងខ្លី ជាសន្ធឹកគឹកកងកោលាហល។ ពួកពលស្លុតស្លាប់ទាំងសងខាងកងទ័ពដំរី (ទ័ពខាងសម្ដេចចៅពញាចន្ទរាជា) ដែលឧកញ៉ាចក្រីឲ្យឧកញ៉ានរិន្ទនាយក ព្រះរាជានុកូលទៅបង្កប់ក្នុងព្រៃនោះចំនួនដំរីសឹក ១៤០ នាក់វាងបានទៅខាងក្រោយទ័ពសត្រូវហើយក៏បរចូលទៅរួសរាន់ជាន់ជល់ពង្រាបពីក្រោយកងទ័ព។ ខណៈនោះចៅពញាលំពាំង ចៅពញាស្រាលទ្រាំពុំបានក៏បែកទ័ពរត់ទៅនៅក្នុងបន្ទាយភ្នំពេញវិញ។ មេទ័ពនៃសម្ដេចចៅពញាចន្ទរាជា ព្រះបរមបពិត្រទាំងពីរកងក៏លើករហូតទៅវាយបានបន្ទាយខេត្ដបាទី ខេត្តទ្រាំងមួយ ចាប់បានចៅហ្វាយស្រុកបាទីមួយ ចៅមឿងព្រៃកប្បាសមួយ ចៅមឿងកណ្ដាលស្ទឹងមួយ ចៅមឿងគងពិសីមួយ ចៅមឿងភ្នំស្រួចមួយ ព្រមទាំងចាប់បានចៅមឿងបន្ទាយមាសមួយ ចៅមឿងពាមមួយ ចៅមឿងស្រែរនោងមួយ ចៅមឿងជើងកញ្ជុំមួយនាំមកក្រាបទូលថ្វាយ។ ព្រះបរមបពិត្រទ្រង់ចាត់ឲ្យទទួលទានបាយទឹកព្រះពិភ័ទ្ធសច្ចា ហើយទ្រង់ព្រះមេត្ដាប្រោសលើកលែងខ្លួន និងឲ្យនៅរក្សាស្រុកខេត្តដូចដើមវិញ។ ចៅពញាពិស្ណុលោកឯក ជាចៅហ្វាយស្រុកខេត្ដទ្រាំងក្នុងពេលនោះរត់រួច ហើយទៅរួមនឹងចៅហ្វាយស្រុកបាសាក់មួយ ព្រះត្រពាំងមួយ ក្រមួនសមួយ ឪម៉ៅមួយ តាំងបន្ទាយមាំមួននៅខេត្ដនោះ។ ដល់រដូវទ្វារទសមាសអកអំបុកនោះ អស់មុខមន្ដ្រីខាងសម្ដេចចៅពញាចន្ទរាជា ជាព្រះបរមបពិត្រអម្ចាស់ផែនដីត្រើយខាងចតុមុខទៅធ្វើប្រាសាទគ្រឿង ឈើ ប្រក់ស្បូវ នៅកំពង់ខេត្តលង្វែក។ លុះដល់សំរេចហើយក៏អញ្ជើញស្ដេចទៅប្រថាប់ទតប្រណាំងទូក និងលយកន្ទោងធំ ទូក ប្រទីប ថ្វាយទៅព្រះចង្កូមកែវ ដែលតំកល់នៅពិភពនាគ និងអុជកាំជ្រួចរន្ទាថ្វាយទៅចូឡាមណីចេតិយដែលតំកល់ព្រះចង្កូមកែវនៅឋានត្រៃត្រិង្ស ៣ ថ្ងៃ។ ទ្រង់ប្រោសប្រទានឈ្មោះភូមិជ័យសូរដែលព្រះអង្គតាំងបន្ទាយនោះឲ្យហៅថា “ភូមិសូរវង្ស”។ ឯភូមិកំពង់សែតនោះទ្រង់ឲ្យហៅថា កំពង់ប្រាសាទ។ ហេតុនេះហើយបានជាមានឈ្មោះហៅថា ភូមិសូរវង្ស កំពង់ប្រាសាទរៀងមក។ លុះ ការបុណ្យទ្វារទសមាសហើយ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គត្រាស់បង្គាប់ឧកញ៉ាចក្រីកែវ ឧកញ៉ាវង្សាអគ្គរាជកែ និងឧកញ៉ាក្រឡាហោមគាំឃុំពលរេហ៍ ៣០០០០ នាក់លើកទៅចោមបន្ទាយខេត្ដភ្នំពេញ។ ឧកញ៉ាទាំង ៣ នាក់ក៏ថ្វាយបង្គំលាចេញទៅចាត់ចែងកងទ័ព ព្រមទាំងគ្រឿងសាស្ដ្រាវុធស្រេចហើយក៏លើកចេញទៅចោមវាយបន្ទាយនោះតាមត្រាស់បង្គាប់។ ខណៈនោះមេទ័ពខាងស្ដេចកន គឺចៅហ៊្វាកៅ ចៅពញាលំពាំង ចៅពញាស្រាល ចៅពញាតេជោ ចៅហ្វាយស្រុកសំរោងទង ចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញ ជាមេទ័ពម្ចាស់ផែនដីត្រើយខាងកើតចេញច្បាំងនឹងមេទ័ពនៃអម្ចាស់ត្រើយខាងលិចជួនឈ្នះជួនចាញ់ម្ដងម្នាក់ជាច្រើនដង។ លុះដល់រដូវភ្លៀងរាស្ដ្រអត់ឃ្លានបាយ គ្មានស្រូវ វេទនាណាស់ ក៏សន្យាបើកកងទ័ពទាំងសងខាងឲ្យឈប់ច្បាំងរហូតដល់ធ្វើស្រែហើយ។ លុះមកដល់ឆ្នាំខាល ទោស័ក ព.ស ២០៧៤, គ.ស ១៥១៨, ម.ស ១៤៥២, ច.ស ៨៩២ តាំងពីខែមិគសិរ បុស្ស រៀងទៅមន្ដ្រីត្រើយខាងកើត (ស្ដេចកន) ចេញកេណ្ឌមនុស្សចុះក្បួនទ័ពលើកច្បាំងគ្នាដណ្ដើមយកខេត្តត្រើយខាងលិចទៀត។ ច្បាំងគ្នាជាច្រើនគ្រា លុះផុតវេលាក៏ឲ្យទ័ពឈប់ទាំងសងខាង។ “សង្គ្រាមលើកក្រោយនេះតាំងពីឆ្នាំឆ្លូវ ដល់ ឆ្នាំខាល មេទ័ពទាំង ៣ យកជ័យជំនះពុំបានសោះ។ ទើបទ្រង់ត្រាស់ប្រើឃុនវិជិតតរង្គពៅឲ្យទៅប្រាប់ឧកញ៉ាចក្រី និងឧកញ៉ាវង្សាអគ្គរាជថា ច្បាំងរារត់ថយក្រោយរហូតទៅជួបនឹងទ័ពឧកញ៉ាក្រឡាហោមថា ឲ្យឧកញ៉ាក្រឡាហោមក្លែងទង់ជ័យជារូបមនុស្សថាបើឃើញកងទ័ពសត្រូវបាក់រត់មកឲ្យធ្វើជាភ្ញាក់ផ្អើលរត់ទៅជាមួយនឹងកងទ័ពឧកញ៉ាចក្រី ឧកញ៉ាវង្សាអគ្គរាជត្រង់រហូតទៅដល់ស្រុកឧដុង្គ។ ឃុនវិជិតតរង្គពៅក៏ប្រាប់ទៅមេទ័ពទាំង ៣ កងតាមព្រះរាជបន្ទូលពិសេស។ ក្រោយព្រះរាជបំរើទៅនោះ ទ្រង់អនុញ្ញាតឲ្យឧកញ៉ាយមរាជព្រំជាមេទ័ពធំ ឧកញ៉ាមហាសេនាសុខជាមេទ័ពមុខ ឧកញ៉ាយោធាសង្គ្រាមជាប៉ែកឆ្វេង ឧកញ៉ាយោធាសង្គ្រាមទេព ជាប៉ែកស្ដាំទៅឃុំពល ២០០០០ នាក់បង្កប់នៅក្នុងព្រៃមួយខាងជើងបឹងពោងពាយ។ ទ្រង់ផ្ដាំថា បើឃើញកងទ័ពសត្រូវនៅបន្ទាយដេញកងទ័ពយើង ៣ កងទៅហើយនោះឲ្យដេញកងទ័ពយើងឲ្យលើកជណ្ដើរកាន់គប់ភ្លើងយកទៅចោមអុជបន្ទាយនោះឲ្យបាន។ ទើបទ្រង់ចាត់ឧកញ៉ាវិបុលរាជគាំ ឧកញ៉ាប្រទេសរាជសួរឲ្យកេណ្ឌទូករាស្ដ្រផ្សំនឹងទូកចំបាំងរបស់ខ្លួនទៅបោះនឹងជ្រោយពន្លាថា បើឃើញកងទ័ពសត្រូវលើកចេញមកឲ្យរាថយមកដល់ព្រែកព្នៅ។ ទ្រង់ចាត់សម្ដេចចៅហ៊្វាទឡ្ហៈទេព ជាកូនទី ៣ ចៅពញាមឿង ឲ្យលើកទ័ពទូកទៅបង្កប់នៅព្រែកតាទែនដោយផ្ដាំថា បើឃើញទ័ពសត្រូវដេញតាមឧកញ៉ាវិបុលរាជ និងឧកញ៉ាប្រទេសរាជមកឲ្យព័ទ្ធពីក្រោយព្រួតគ្នាច្បាំងដណ្ដើមយកជ័យជំនះឲ្យបាន។ មេទ័ព មេកង ទាំងជើងទឹកជើងគោក ក៏ថ្វាយបង្គំលាឃុំកងទ័ពលើកទៅធ្វើតាមព្រះរាជបញ្ជាការ។ លុះមកដល់ថ្ងៃ ១២ កើត ខែមិគសិរ ឆ្នាំខាល ទោស័កនេះ ឧកញ៉ាចក្រី ឧកញ៉ាវង្សាអគ្គរាជ លើកកងទ័ពចូលចោមបន្ទាយភ្នំពេញបានមួយស្របក់ក៏ថយរត់ទៅវិញ។ ចៅពញាតេជោ និងចៅពញារាជាមេត្រី ឃើញហើយពុំដឹងកល ក៏បើកទ្វារបន្ទាយនាំកងទ័ពរបស់ខ្លួន ២០០០ នាក់នោះ ដេញតាមទ័ពដែលចោមព័ទ្ធខ្លួនដល់អូរផ្អរ ក៏ប្រទះទង់ជ័យទ័ពហ្លួងមួយកងទៀតបែកទ័ពរត់ទៅវិញ ដូច្នេះទ័ពខាងស្ដេចកន ក៏កំរើកចិត្ដពន់ប្រមាណ។ លុះឃើញទង់រូបមេទ័ពទាំងពីរនោះ ក៏សំគាល់ថា ជាទ័ពហ្លួងចាញ់បែកទ័ពរត់ទៅហើយ ទើបឲ្យលើកកងទ័ពដេញតាមទៅទៀត។ លុះទៅដល់ដំបូកមានលាក់ទ័ពសត្រូវដេញតាមឧកញ៉ាចក្រីហួសទៅ។ ខណៈនោះឧកញ៉ាក្រឡាហោម ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ានរិន្ទ្រាធិបតី (ទ័ពខាងសម្ដេចព្រះចន្ទរាជា) ត្រឡប់ទ័ពបានពីក្រោយឡោមចោមច្បាំងផ្ទប់មក។ ឧកញ៉ាចក្រី (ខាងសម្ដេចព្រះចន្ទរាជា) ក៏រាទ័ពត្រឡប់មកវិញ ចូលបាញ់ចាក់កាប់សំលាប់ទ័ពសត្រូវដែលនៅជាកណ្ដាលសត្រូវក៏បែកទ័ពរត់ទៅ មេទ័ពខាងសម្ដេចព្រះចន្ទរាជាចាប់បានចៅហ្វាយស្រុកទាំងពីរ និងក្រុមសេនាទាហានទាំង ២៣ នាក់ ព្រមទាំងគោ ក្របី ដំរី សេះ ហើយនាំខ្លួនឈ្លើយទាំងនោះទៅក្រាបបង្គំទូលថ្វាយ។ សម្ដេចព្រះមហាខត្តិយាចន្ទរាជា ទ្រង់ឲ្យដាក់ក្ដីទាំងនោះទុកចាំជួបមេទ័ពគ្រប់កង។ ឯកសារយោង
|
Portal di Ensiklopedia Dunia