ត្រឹង ងា
លោកសាស្ត្រាចារ្យត្រឹង ងា គឺជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រខ្មែរ (ភាគទី១ និងភាគទី២) ដែលបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ១៩៧៣ (សម័យសាធារណរដ្ឋខ្មែរ) ។ លោកត្រូវបានពួកខ្មែរក្រហមយកទៅសម្លាប់នៅគុកទួលស្លែង (ភ្នំពេញ) នៅខែវិច្ឆិកា ឆ្នាំ១៩៧៥ ពេលដែលគាត់និងក្រុមគ្រួសារកំពុងស្ថិតនៅ ភូមិក្បាលដំរីក្រោម ស្រុកកោះធំ ខេត្តកណ្តាល ។ អំពីប្រវត្តិផ្ទាល់ខ្លួនលោក ត្រឹង ងា (Tran Ngea) កើតនៅថ្ងៃទី ២ ខែមករា ឆ្នាំ១៩៣៧ នៅស្រុកយីងចូវ ខេត្តពលលាវ កម្ពុជាក្រោម ។ ឪពុករបស់លោកឈ្មោះឡាំ ស៊ុង (ជនជាតិខ្មែរ) និងម្តាយរបស់លោកឈ្មោះទិន សៀម (ជនជាតិខ្មែរ) ។ លោកជាជនជាតិខ្មែរម្នាក់ដែលរស់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាមខាងត្បូង ។ លោកត្រឹង ងាបានសិក្សាថ្នាក់បឋមសិក្សានៅស្រុកយិងចូវ ខេត្តពលលាវ កម្ពុជាក្រោម ។ ដោយសារតែមានការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលវៀតណាមខាងត្បូងមកលើប្រជាពលរដ្ឋខ្មែរនៅទីនោះ លោកត្រឹង ងាក៏បានសម្រេចចិត្តភៀសខ្លួនចូលមកនៅទីក្រុងភ្នំពេញនៅក្នុងឆ្នាំ១៩៥៦ លុះដល់ឆ្នាំ១៩៦៥ទើបឪពុកម្តាយរបស់លោកមករស់នៅទីក្រុងភ្នំពេញតាមលោកដែរ ។ លោកត្រឹង ងាបានបន្តការសិក្សារបស់លោកនៅទីក្រុងភ្នំពេញរហូតដល់ទទួលបានសញ្ញាប័ត្រមធ្យមសិក្សាភាគទី១ (សញ្ញាប័ត្រ Bac I) ក្នុងឆ្នាំ១៩៥៦ ។ ក្រោយពីប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាភាគទី២ (សញ្ញាប័ត្រ Bac II) នៅក្នុងឆ្នាំ១៩៥៧ លោកក៏បានចាប់យកអាជីពជាគ្រូបង្រៀន ហើយបានផ្លាស់ទៅធ្វើការនៅទីរួមខេត្តបាត់ដំបង ។ នៅឆ្នាំ១៩៥៨ លោកត្រឹង ងាបានរៀបអពាហ៍ពិពាហ៍ជាមួយអ្នកគ្រូបង្រៀនម្នាក់ឈ្មោះឡាយ ហ៊ុនគីដែលមានដើមកំណើតនៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង (បច្ចុប្បន្នជាខេត្តបន្ទាយមានជ័យ) ។ អ្នកស្រីឡាយ ហ៊ុនគី ក្រោយមកក៏បានផ្លាស់ឈ្មោះជាអ្នកស្រីត្រឹង ងា ។ ការផ្លាស់ឈ្មោះតាមស្វាមីនេះគឺជាការធ្វើតាមទម្លាប់បារាំងរបស់អ្នករដ្ឋការខ្មែរសម័យនោះ ។ អ្នកស្រីឡាយ ហ៊ុនគីបាននិពន្ធសៀវភៅអរិយធម៌ខ្មែរ សម្រាប់ថ្នាក់ទីបញ្ចប់ ដែលបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ១៩៧៤ និង១៩៧៥ ។ កាលណោះអ្នកស្រីឡាយ ហ៊ុនគីបានដាក់ឈ្មោះអ្នកនិពន្ធថា «អ្នកស្រីត្រឹង ងា» ។ មានមនុស្សមួយចំនួនមានការភ័ន្តច្រឡំស្មានថាអ្នកស្រីត្រឹង ងា និងលោកត្រឹង ងាជាមនុស្សតែម្នាក់ ។ ក្រោយពីធ្វើការមួយរយៈនៅទីរួមខេត្តបាត់ដំបង នៅក្នុងឆ្នាំ១៩៦១ លោកត្រឹង ងានិងអ្នកស្រីឡាយ ហ៊ុនគីបានផ្លាស់ប្តូរទីលំនៅមកកាន់ទីក្រុងភ្នំពេញវិញ ។ នៅពេលនោះលោកត្រឹង ងាក៏បានចូលបម្រើការងារនៅក្រសួងអប់រំ ហើយលោកក៏បានបន្តការសិក្សានៅមហាវិទ្យាល័យអក្សរសាស្ត្រ ។ ដោយការខិតខំព្យាយាមសិក្សា លោកត្រឹង ងាបានប្រឡងជាប់បរិញ្ញាប័ត្រផ្នែកវប្បធម៌ និងអរិយធម៌អាស៊ីនៅក្នុងឆ្នាំ១៩៦៥ ។ នៅក្នុងឆ្នាំ១៩៧៣ លោកត្រឹង ងាបានចាប់ផ្តើមនិពន្ធសៀវភៅប្រវត្តិសាស្ត្រខ្មែរ ដែលមាន២ភាគ (ភាគទី១និងភាគទី២) ។ ស្នាដៃរបស់លោកត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ក្នុងចំណោមសិស្ស និស្សិត បញ្ញាវ័ន្តទាំងក្នុងនិងក្រៅប្រទេស ។ ដោយសារតែភាពល្បីល្បាញនេះទើបក្រសួងអប់រំនាសម័យនោះ (សាធារណរដ្ឋខ្មែរ) បានយកអត្ថបទនៅក្នុងសៀវភៅប្រវត្តិសាស្ត្រខ្មែរ ដាក់ចូលទៅក្នុងកម្មវិធីសិក្សារបស់ជាតិ ។ ចាប់តាំងពីការបោះពុម្ពផ្សាយលើកដំបូងនាឆ្នាំ១៩៧៣ សៀវភៅនេះត្រូវបានមជ្ឈដ្ឋានទូទៅចាប់អារម្មណ៍និងឲ្យតម្លៃរហូតដល់សម័យបច្ចុប្បន្ន ។ ឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៤ លោកត្រឹង ងា ត្រូវបានតែងតាំងជាអគ្គលេខាធិកានៃវិទ្យាស្ថានខ្មែរ-មន លុះក្រោយមកទៀតលោកត្រូវបានតម្លើងឋានៈជានាយកនៃវិទ្យាស្ថានខ្មែរ-មន ។ នៅទីនោះលោកត្រឹង ងាបានបន្តការងាររបស់លោកក្នុងការងារបម្រើប្រទេសជាតិរហូតដល់ឆ្នាំ១៩៧៥ ។ លុះដល់ថ្ងៃទី១៧ មេសា ១៩៧៥ ពេលដែលពួកខ្មែរក្រហមចូលកាន់កាប់ភ្នំពេញ លោកត្រឹង ងានិងក្រុមគ្រួសារត្រូវបានជម្លៀសចេញពីផ្ទះទៅកាន់ភូមិក្បាលដំរីក្រោម ស្រុកកោះធំ ខេត្តកណ្តាល ដូចប្រជាជនដទៃទៀតដែរ ។ នៅក្នុងរបបខ្មែរក្រហម មានការតាមដាន ស៊ើបរកមន្ត្រីទាហាន ប៉ូលីស និងរដ្ឋការដែលបម្រើការងារក្នុងរបបសាធារណរដ្ឋខ្មែរ ។ ដោយសារតែខ្វះបទពិសោធន៍ជាមួយពួកកុម្មុយនីស្តនិងខ្វះការប្រុងប្រយ័ត្នលោកត្រឹង ងានិងអ្នកស្រីឡាយ ហ៊ុនគីមិនបានកែឈ្មោះឫុលាក់ប្រវត្តិពិតដែលជាសាស្ត្រាចារ្យនៅក្នុងរបបសាធារណរដ្ឋខ្មែរឡើយ ។ លុះដល់ខែវិច្ឆិកា ឆ្នាំ១៩៧៥ មានកម្មាភិបាលខ្មែរក្រហមម្នាក់បានមកជួបលោកត្រឹង ងា ហើយបាន«ស្នើ»ឲ្យលោកត្រឹង ងាទៅជួយរៀបរៀងទស្សនាវត្តីរបស់កម្ពុជាប្រជាធិបតេយ្យ ដោយស្អែកឡើងឲ្យទៅជាមួយវា ។ ពេលនោះលោកត្រឹង ងាហាក់ដូចជាបានដឹងខ្លួនជាមុនដែរថាពួកខ្មែរក្រហមគ្មានបំណងល្អជាមួយលោកទេ តែបើលោកសម្រេចចិត្តថារត់គេច តើក្រុមក្រួសារលោកនឹងទៅជាយ៉ាងណា? ដូច្នេះហើយទើបលោកត្រឹង ងាសម្រេចចិត្តថាត្រូវទៅតាមកម្មាភិបាលខ្មែរក្រហមរូបនោះ ។ យោងតាមសៀវភៅកំណត់ត្រារបស់អ្នកជាប់ឃុំឃាំងនៅគុកទួកស្លែង ដែលខ្មែរក្រហមហៅថា«មន្ទីរស២១» លោកត្រឹង ងាត្រូវបានបញ្ជូនទៅដល់គុកទួលស្លែងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៧៥ ។ អ្នកស្រីឡាយ ហ៊ុនគីជាភរិយាបានរកឃើញថាកាលបរិច្ឆេទនៃការសម្លាប់លោកត្រឹង ងាគឺមិនបានដាក់ចូលក្នុងសៀវភៅនេះទេ គឺមិនដឹងមកពីមូលហេតុអ្វី ។ ប៉ុន្តែក្រុមគ្រួសារលោកត្រឹង ងាដែលសល់ពីការស្លាប់ បានសន្និដ្ឋានថាលោកត្រឹង ងាពិតជាត្រូវបានខ្មែរក្រហមធ្វើទារុណកម្ម និងសម្លាប់នៅទីនោះយ៉ាងសាហាវដូចជាអ្នកជាប់ឃុំឃាំងដទៃទៀតដែរ ។ លោកត្រឹង បញ្ចារុណ ដែលជាកូនប្រុសទី៣ របស់លោកត្រឹង ងាបានស្រាវជ្រាវរកឃើញឯកសារសារភាពរបស់លោកត្រឹង ងានៅគុកទួលស្លែងដែលមាន៨ទំព័រ ពីមជ្ឈមណ្ឌលឯកសារកម្ពុជា ។ នៅក្នុងនោះលោកត្រឹង ងាត្រូវបានពួកខ្មែរក្រហមបង្ខំឲ្យសារភាពថាលោកគឺជាភ្នាក់ងារCIA មួយរូប ដែលប៉ុនប៉ងប្រឆាំងនឹងរបបខ្មែរក្រហម ។ យោងតាមសម្តីអ្នកស្រីឡាយ ហ៊ុនគីជាភរិយា បានបញ្ជាក់ថាលោកត្រឹង ងា ជាមនុស្សមិនសូវចូលចិត្តធ្វើនយោបាយទេ គាត់មិនបានចូលរួមជាមួយសកម្មភាពនយោបាយណាមួយរបស់របបសាធារណរដ្ឋខ្មែរឡើយ ដូច្នេះចម្លើយសារភាពរបស់លោកត្រឹង ងានៅគុកទួលស្លែងទាក់ទងនឹងសកម្មភាពនយោបាយ ជាពិសេសភ្នាក់ងារCIA គឺជាចម្លើយសារភាពដោយសាររងទារុណកម្មតែប៉ុណ្ណោះ គេមិនអាចយកជាការពិតបានទេ ។ សូមបញ្ជាក់ថានៅក្នុងរបបខ្មែរក្រហម ឪពុក ម្តាយ កូនប្រុសទី១ និងកូនស្រីទី២ របស់លោកត្រឹង ងាក៏បានបាត់បងជីវិតដោយសារជំងឺគ្មានថ្នាំព្យាបាលដែរ ។ កូនប្រុសទី៣ឈ្មោះត្រឹង បញ្ចារុណបច្ចុប្បន្នរស់នៅទីក្រុងភ្នំពេញ ឯកូនប្រុសទី៤ ឈ្មោះត្រឹង សុន្ថារ៉ា បច្ចុប្បន្នរស់នៅប្រទេសអូស្ត្រាលី ។ ចំពោះអ្នកស្រីឡាយ ហ៊ុនគីដែលជាភរិយាសព្វថ្ងៃរស់នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ទស្សនាកិច្ចសម្ភាសន៍របស់អ្នកស្រីត្រឹង ងាជាមួយអ្នកយកពត៌មាន CNC អំពីប្រវត្តិអ្នកស្រីត្រឹង ងា និងលោកត្រឹង ងា ទស្សនាកិច្ចសម្ភាសន៍របស់លោកត្រឹង សុន្ថារ៉ា (កូនប្រុសទី៤) ជាមួយ Khmer Queensland Media អំពីប្រវត្តិលោក ត្រឹង ងា ។ ទស្សនាវីដេអូ YouTube ដែលរៀបរាប់អំពីប្រវត្តិលោក ត្រឹង ងា ។ ទស្សនាវីដេអូរឿង«អង្គការនរក» ដែលរៀបរាប់អំពីប្រវត្តិរបស់គ្រួសាររបស់លោកត្រឹង ងា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជីវប្រវត្តិសង្ខេបរបស់លោកត្រឹង ងា
ភរិយាលោកត្រឹង ងាភរិយាលោកត្រឹង ងា ឈ្មោះឡាយ ហ៊ុនគី ដែលប្រជាជនខ្មែរ ជាពិសេសអ្នករដ្ឋការស្គាល់ថា អ្នកស្រីត្រឹង ងា ។ អ្នកស្រីឡាយ ហ៊ុនគីបាននិពន្ធសៀវភៅអរិយធម៌ខ្មែរ ដែលបោះពុម្ពផ្សាយនៅក្នុងឆ្នាំ១៩៧៤ ។ សៀវភៅអ្នកស្រីឡាយ ហ៊ុនគីក៏ល្បីល្បាញដូចជាសៀវភៅរបស់ស្វាមីអ្នកស្រីដែរ គឺត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាថ្នាក់ទីបញ្ចប់ក្នុងសម័យសាធារណរដ្ឋខ្មែរ ។
ឪពុកម្តាយឪពុកឈ្មោះ ឡាំ ស៊ុង ជនជាតិខ្មែរ កើតនៅឆ្នាំ១៩១៤ ក្នុងស្រុកថាញ់ហ៊ឹង ខេត្តពលលាវ កម្ពុជាក្រោម ។ កាលនៅកម្ពុជាក្រោមធ្លាប់ធ្វើទាហានបារាំង ក្រោយមកធ្វើប៉ូលីសវៀតណាមខាងត្បូង។ គាត់មករស់នៅភ្នំពេញ ឆ្នាំ១៩៦៥ ស្លាប់នៅឆ្នាំ ១៩៧៧ ក្នុងរបបខ្មែរក្រហម ដោយសារភាពអត់ឃ្លាន និងជំងឺគ្មានថ្នាំព្យាបាល ។ ម្ដាយឈ្មោះ ទិន សៀម ជនជាតិខ្មែរ កើតនៅឆ្នាំ១៩១៥ ក្នុងស្រុកថាញ់ហ៊ឹង ខេត្តពលលាវ កម្ពុជាក្រោម ។ ធ្វើជាមេផ្ទះតាំងពីដើមមក គាត់មករស់នៅភ្នំពេញ ឆ្នាំ១៩៦៥ ស្លាប់នៅឆ្នាំ ១៩៧៧ ក្នុងរបបខ្មែរក្រហម ដោយសារភាពអត់ឃ្លាន និងជំងឺគ្មានថ្នាំព្យាបាល ។ បងប្អូនបង្កើតលោកត្រឹង ងាមានបងប្អូនបង្កើតបីនាក់គឺ ត្រឹង-ធីហ៊ូន ត្រឹង-ងា និង ត្រឹង-ថាច់៖
កូនបង្កើតលោកត្រឹង ងា មានកូនចំនួន៤នាក់៖
សេចក្តីបញ្ចប់ដោយបានឃើញថាកន្លងមកមានការផ្សព្វផ្សាយជាច្រើនអំពីប្រវត្តិលោកត្រឹង ងា នៅតាមបណ្តាញសង្គម និងវេបសាយនានាមានលក្ខណៈមិនត្រឹមត្រូវដូចការពិតទើប អ្នកស្រីឡាយ ហ៊ុនគី លោកត្រឹង បញ្ចារុណ និងលោកត្រឹង សុន្ថារា បានរៀបចំចងក្រងជាអត្ថបទនេះឡើងដើម្បីកុំឲ្យកូនខ្មែរជំនាន់ក្រោយមានការភ័ន្តច្រឡំអំពីប្រវត្តិលោកត្រឹង ងាដែលមានចុះនៅក្នុងវេបសាយផ្សេងៗ ។ និងម៉្យាងទៀតដើម្បីពន្យល់អំពីការយល់ច្រឡំរវាងលោកត្រឹង ងា និងអ្នកស្រីឡាយ ហ៊ុនគី ថាតើអ្នកណានិពន្ធសៀវភៅអ្វី ។ សូមបញ្ជាក់ថាប្រវត្តិលោកត្រឹង ងា នៅក្នុងវេបសាយ និងនៅតាមបណ្តាញសង្គមមួយចំនួន គឺមិនមែនជាប្រវត្តិពិតប្រាកដនោះទេ ជាពិសេសចម្លើយសារភាពរបស់លោកត្រឹង ងា ដែលពួកខ្មែរក្រហមធ្វើទារុណកម្មគាត់ ។ ដូច្នេះសូមវេបសាយទាំងឡាយ និងបណ្តាញសង្គមនានាដែលចុះផ្សាយអំពីប្រវត្តិលោកត្រឹង ងា សូមមេត្តាកែតម្រូវតាមប្រវត្តិលោកត្រឹង ងានៅក្នុងវិគីភីឌានេះផង ។ សូមអរគុណ ។ ឯកសារយោង
|
Portal di Ensiklopedia Dunia