ទិត្យ វិជ្ជរ៉ាដានីតារាភាពយន្តដ៏ល្បីល្បាញ ទិត្យ វិជ្ជរ៉ាដានី ដែលលោកអ្នកនាងកញ្ញាបានឃើញនេះជារូបថតពណ៍ធម្មជាតិពិតៗ ដែលក្រុមព្រះសុរិយាស្រាវជ្រាវឃើញថា រូបនេះបានថតនៅក្នុងស្ទើឌីយ៉ូនាហាងថតរូប បញ្ចពណ៍ ក្បែររោងភាពយន្តគិរីរម្យ ក្នុងឆ្នាំ១៩៧៤។ អ្វីដែលជាសំណាងនោះ រូបថតពីរសន្លឹកនេះអាចរក្សាទុកនៅសល់ដល់សព្វថ្ងៃ ក្នុងគុណភាពល្អ ដោយមានការរក្សាពីកំពូលតារាភាពយន្ត វីរៈ តារា ដែលលោកស្រីមានរូបថតពីរសន្លឹកនេះតាំងពីឆ្នាំ១៩៧៤ម្ល៉េះ ហើយលោកស្រីបានយករូបមិត្តសិល្បកររូបនេះទុកក្នុងអាល់ប៊ុមរូបថតមួយ ដែលបានរក្សាទុកជាមួយកូនៗលោកស្រី នៅគេហដ្ឋានបណ្តុះអាសន្នមួយនាទីក្រុងបាងកក ប្រទេសថៃ មុនពេលខ្មែរក្រហមវាយឡើងកាន់អំណាច។ រូបថតពីរសន្លឹកនេះ បានបង្ហាញនូវសម្រស់ដ៏ស្រស់ត្រកាលនៃតារាភាពយន្ត ទិត្យ វិជ្ជរ៉ាដានី ដែលជាកំពូលតារាភាពយន្តដ៏ល្បីល្បាញមួយរូបនៃកម្ពុជា។ ជីវប្រវត្តិសង្ខេបអ្នកស្រី ទិត្យ វិជ្ជរ៉ាដានី (Tith Vichara Dany) ជាតារាឯកភាពយន្តដ៏មានឈ្មោះល្បីល្បាញដាច់គេនាអំឡុងចុងទសវត្សរ៍ទី ៦០ និង ដើមសតវត្សរ៍ទី ៧០ ដែលមានវង់ភក្ត្រស្រស់ផូរផង់ ថ្ពាល់ខួចទាំងសងប្រកបដោយស្នាមញញឹមដ៏មានមន្តស្នេហ៍ ហើយមានទេពកោសល្យសម្តែងយ៉ាងរស់រវើកសក្តិសមឥតខ្ចោះ។ អ្នកស្រីមានកម្ពស់ត្រឹមតែ១,៥០ម៉ែត្រប៉ុណ្ណោះ តែរាងដ៏តូចច្រលឹងមានអានុភាពទាក់ទាញរបស់អ្នកស្រីធ្វើឱ្យអ្នកស្រីបានវាយផ្តាច់តារាភាពយន្តស្រីដទៃទៀតនាសម័យនោះ ។ អ្នកស្រី ទិត្យ វិជ្ជរ៉ាដានី កើតនៅឆ្នាំ ១៩៤៨ នៅទីក្រុងភ្នំពេញ។ គាត់ជាបុត្រីរបស់លោក សារឹម និងអ្នកស្រី អុក ស៊ន។ លោក សារឹម ជាកូនអ្នកមានម្នាក់ និងជានិស្សិតរៀនចប់មហាវិទ្យាល័យនៅក្រុងភ្នំពេញ។ ឪពុកម្តាយបានតម្រូវឱ្យលោកទៅរៀនបន្តនៅប្រទេសបារាំង។ លោកបានឃ្លាតពីភរិយាក្រៅច្បាប់ ដោយចិត្តអាឡោះអាល័យហើយសន្យាថាបីឆ្នាំក្រោយលោកនឹងវិលត្រឡប់មកវិញ។ បីឆ្នាំដែលបានសន្យាក៏កន្លង ហួសទៅ ទោះបីជាអ្នកស្រី អុក ស៊ន ប្រសូតនាងវិជ្ជរ៉ាដានី បានអាយុ៤-៥ឆ្នាំហើយ ក៏នៅតែមិនទាន់ឃើញរូបលោកសារឹមវិលត្រឡប់មកវិញទៀត។ អ្នកស្រីអុកស៊នក៏បានរៀបការជាមួយ លោក សាន ទិត្យ ជាទាហានសង្គមរាស្ត្រនិយមតាមការណែនាំរបស់ឪពុកម្តាយ។ លោកសាន ទិត្យ ជាបុរសពោះម៉ាយមានកូន២នាក់។ លោកស្រឡាញ់ ថ្នាក់ថ្នមនិងថែទាំអ្នកស្រី ទិត្យ វិជ្ជរ៉ាដានី ដូចជាកូនបង្កើត។ អ្នកស្រីវិជ្ជរ៉ាដានី មានប្អូន ពីរនាក់ក្រោយទៀត គឺនាងវិជ្ជរ៉ារង្សី និងប្អូនប្រុសអ័រគីដេ។ នាងវិជ្ជរ៉ារង្សីហៅស្រីពៅ ក៏ជាតារាថ្មីម្នាក់ទៀតដែរ តែថតបានពីរ-បីរឿងមិនទាន់បានបញ្ចាំងផង ទទួលស្រុកទេស ផ្លាស់ប្តូរនយោបាយ នាងក៏ត្រូវស្លាប់ក្នុង ជំនាន់ប៉ុលពតទៅ។ អ្នកស្រី វិជ្ជរ៉ាដានី រៀនដល់ថ្នាក់ទី៣ទំនើបនៅវិទ្យាល័យយុគន្ធរ ហើយមានស្វាមីនៅឆ្នាំ ១៩៦៧ ក៏ឈប់រៀនទៅ។ ប្តីឈ្មោះ ប្រាក់ ប៊ុនថន អ្នកស្រុកបាត់ដំបង កូនថីរំចេក គ្រូបង្រៀន នៅខត្តកំពង់ឆ្នាំង បង្រៀននៅសាលារៀន គោគបន្ទាយ ក្រោយមក សាលារៀនដំណាក់កី។ អ្នកស្រីនិងស្វាមីទទួលបានកូនប្រុសម្នាក់ឈ្មោះនី ណូរ៉ា។ ប៉ុន្តែដោយសារគ្រួសារខាងស្វាមី អ្នកស្រីមិនពេញចិត្តចំពោះអាជីពសិល្បៈរបស់អ្នកស្រីបានធ្វើឱ្យកើតជាក្តីក្តាំលែងលះគ្នារវាងអ្នកស្រី និង លោកប្រាក់ ប៊ុនថៃ ជាស្វាមី។ ពេលនោះលោកប៉ិច សាលឿន ពាក់សក្តិ២ខាងក្រុមតន្ត្រីយោធាភិរម្យស្គាល់ អ្នកស្រីតាមរយៈការថតកុន បានជួយរត់ការអ្នកស្រីលុបអេតាស៊ីវិល។ លុះចប់សព្វគ្រប់ ក៏ដណ្តឹងការជាមួយអ្នកស្រីតែម្តង ហើយទទួលបានបុត្រម្នាក់ឈ្មោះប៉ិច ដានីញ៉ែល។ នៅឆ្នាំ ១៩៧៥ អ្នកស្រីត្រូវជម្លៀសទៅកាន់ខេត្តបាត់ដំបង ហើយបានទទួលមរណភាពក្នុងឆ្នាំ ១៩៧៩ ពេលរបបខ្មែរក្រហមដួលរលំដោយសារសម្រាលបុត្រតាមផ្លូវពេលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ។ ជីវិតសិល្បៈ និង ស្នាដៃនៅពេលដែលអ្នកស្រីមានផ្ទៃពោះកូនដំបូងបាន៣ខែ មានចាងហ្វាងផលិតកម្មមួយបានមកស្នើឱ្យអ្នកស្រីសាកល្បងថតកុន។ មូលហេតុដែលធ្វើឱ្យគេស្គាល់អ្នកស្រី គឺនៅពេលអ្នកស្រីទៅថតរូបនៅក្នុងហាងជាមួយនឹងស្វាមីអ្នកស្រីនៅហាងថតរូបកំពង់ឆ្នាំង។ ហាងថតរូបនោះក៏បានសុំរូបថតអ្នកស្រីដាក់ តាំងលំអហាង។ ចាងហ្វាងកុនបានឃើញក៏ចាប់អារម្មណ៍ ហើយក៏ស៊ើបសួររហូតដល់បានរកឃើញអ្នកស្រី។ ដើមឡើយស្វាមីនិងគ្រួសារ មិនឱ្យអ្នកស្រី ទៅថតកុនឡើយ តែដោយលក្ខណៈជាក់ស្តែងនៅពេលរៀបមង្គលការគេទាំងពីរ គេអញ្ជើញភ្ញៀវចូលរួមចំនួន១០០តុ។ លុះដល់ថៃ្ងនោះជាសំណាងអាក្រក់ ភ្លៀងធ្លាក់ដូចគេចាក់ទឹក មង្គលការអ្នកស្រីគ្មានភ្ញៀវត្រូវខាតលិចលង់។ ទន្ទឹមនឹងនោះថៅកែកុនដឹងរឿងក៏បានសន្យាថា ឱ្យតែអ្នកស្រីព្រមទៅថតកុនឱ្យគេ គេនឹងចេញប្រាក់សងបំណុលពេលរៀបការរបស់អ្នកស្រី។ ដោយហេតុផលនោះ ស្វាមីអ្នកស្រី និងឪពុកម្តាយក្មេក ក៏សុខចិត្តយល់ព្រមឱ្យអ្នកស្រីទៅថត ដោយកំណត់ថា ថតតែមួយរឿងរួចបំណុលហើយឈប់។ រឿងដំបូងដែលអ្នកស្រីសម្តែងគឺរឿង “លោហិតវាសនា” ដែលមានលោកជា យុទ្ធថន និងណុប ណែម ជាតួឯកប្រុស គឺអ្នកស្រីចេញថតទាំងទម្ងន់កូនក្នុងពោះ៣ខែក្នុងឆ្នាំ១៩៦៧។ ក្រោយមក ក៏ចេះតែមានម្ចាស់ផលិតកម្មមក ទាក់ទងឱ្យអ្នកស្រី ថតភាពយន្តជាបន្តបន្ទាប់។ រឿងដែលអ្នកស្រីសម្តែងមានរាប់រយរឿង ហើយភាគច្រើនសុទ្ធតែជារឿងដែលទទួលការនិយមចូលចិត្តពីទស្សនិកជនយ៉ាងខ្លាំងក្លា។ អ្នកស្រីថតរឿងបានច្រើនជាងគេទាំងអស់ក្នុងចំណោមតួឯកកុនខ្មែរនាសម័យនោះ។ តួប្រុសដែលអ្នកស្រីធ្លាប់សម្ដែងជាមួយគឺលោកគង់ សំអឿន, លោកជា យុទ្ធថន, លោកវណ្ណ វណ្ណៈ, លោកសូ ហ៊ាន ជាដើម។ ភាពយន្តដែលអ្នកស្រីបានសម្ដែងចាប់តាំងពីឆ្នាំ ១៩៦៧ ដល់ឆ្នាំ ១៩៧៥ មាន ១២៧ រឿងជាអាទិ៍រួមមាន ៖
ឯកសារយោង
|
Portal di Ensiklopedia Dunia