ទឹកជន់ទឹកចិត្តទឹកអើយទឹកជន់ពន់ប្រមាណ លិចអស់ភូមិឋានលិចផ្លូវថ្នល់ ទឹកជន់សែនធំនាំកង្វល់ ជីវិតរែងខ្វល់ត្បិតជំនន់។ ប៉ុន្តែ......... ថ្វីបើទឹកជន់ធ្ងន់អំណាច សែនកាចក៏មិនអាចផ្តាច់បុណ្យ ទឹកចិត្តជ្រះថ្លាល្អពេកពន់ នៃសប្បុរសជនជាតិខេមរា។ ទឹកចិត្តពលរដ្ឋពេញដោយធម៌ ចិត្តល្អអង្គាសថវិកា រត់រៃប្រមូលយកជួយគ្នា អស់ពលប្រជាដែលរងគ្រោះ។ ទឹកចិត្តបងប្អូនពិតថ្លៃថ្លា គ្រប់គ្នាស្រវាហុចដៃបោះ ស្រោចស្រង់ចែវចូកងើបស្ទារស្ទុះ ជួយគ្នាផុតអស់គ្រោះអប្រិយ។ ទឹកជន់មិនអាចពន្លិចលង់ ទឹកចិត្តផូរផង់ញាតិប្រុសស្រី ខ្លះផ្តល់ជម្រកខ្លះហុចដៃ ខ្លះផ្តល់ចំណីចែកបាយទឹក។ ទឹកជន់មិនធ្ងន់ស្មើទឹកចិត្ត លោកនេះប្រណីតពេកពន្លឹក ត្បិតយើងជួយគ្នាយ៉ាងគគ្រឹក មិនថាទឹកជន់ពន់ប៉ុនណា។ ប្រជារស់រានក្សេមក្សាន្តក្រៃ ក្នុងសង្គមថ្មីយ៉ាងសុខា ដោយកម្លាំងចិត្តដ៏ជ្រះថ្លា នៃពលរដ្ឋាសែនប្រសើរ។
|
Portal di Ensiklopedia Dunia