បូរីស ចនសុន
អាឡិចសាន់ដឺ បូរីស ដេ ហ្វហ្វេល ចនសុន (ភាសាអង់គ្លេស៖ Alexander Boris de Pfeffel Johnson)[៥] គឺជាអ្នកនយោបាយអង់គ្លេសម្នាក់ ដែលធ្លាប់បានបម្រើការជានាយករដ្ឋមន្រ្តីអង់គ្លេស និងជាមេដឹកនាំគណបក្សអភិរក្សនិយមពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២២។ លោកក៏ធ្លាប់បានបម្រើការជារដ្ឋមន្រ្តីក្រសួងការបរទេសពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៨ និងជាអភិបាលទីក្រុងឡុងដ៍ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦។ ចនសុនធ្លាប់ជាសមាជិកសភាប្រចាំហ៊ិនលីពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៨ ហើយជាសមាជិកសភាប្រចាំអ៊ុកប៊្រីក និងរ៉ូស៍លីពខាងត្បូងតាំងពីឆ្នាំ២០១៥។ ចនសុនបានកើតនៅទីក្រុងញូវយ៉កទៅគ្រួសារវណ្ណៈជាន់ខ្ពស់មួយហើយបានសិក្សានៅវិទ្យាល័យអ៊ីតុន។ ពេលមកដល់អង់គ្លេស លោកបានចាប់ផ្តើមអានសៀវភៅនិងឯកសារបុរាណៗនៅវិទ្យាល័យបាលីអូល, អកហ្វត ហើយក៏ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសហភាពអកហ្វតក្នុងឆ្នាំ១៩៨៦។ លោកបានចាប់ផ្តើមអាជីពជាអ្នកសារព័ត៌មាននៅកាសែតដឺថែមស៍ ហើយក្រោយមកក៏ត្រូវបានបណ្តេញចេញព្រោះមានគេចោទលោកថាបានបន្លំប្រភពឯកសារ។ ក្រោយមក លោកក៏បានក្លាយជាអ្នកសារព័ត៌មានប្រចាំក្រុងព្រុចសែលសម្រាប់កាសែតតេឡេក្រាហ្វ ហើយលោកត្រូវបានតំឡើងឋានៈជាជំនួយការអ្នកនិពន្ធរវាងឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៩។ ចនសុនក៏បានក្លាយជាអ្នកនិពន្ធសរសេរព័ត៌មានឱ្យកាសែតស្ពិថេតធឺពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៥។ ក្រោយពីគេបានបោះឆ្នោតជ្រើសរើសលោកជាសមាជិកសភាប្រចាំហ៊ិនលីនៅឆ្នាំ២០០១ ចនសុនបានបម្រើការជារដ្ឋមន្រ្តីស្រមោលជាន់ខ្ពស់ក្រោមការដឹកនាំរបស់មេដឹកនាំបក្សអភិរក្សនិយមគឺលោកម៉ៃឃឺល ហោវ៉ាត និងលោកដេវីត កាមេរូន។ នៅក្នុងឆ្នាំ២០០៨ លោកត្រូវបានគេបោះឆ្នោតជ្រើសរើសជាអភិបាលក្រុងឡុងដ៍ដោយបានយកឈ្នះលើឃេន លីវីងស្តូន (ជាអ្នកកំពុងកាន់តំណែង) ហើយមួយខែក្រោយមក ចនសុនក៏បានលាឈប់ពីសភា។ លោកត្រូវបានគេបោះឆ្នោតឱ្យម្តងទៀត (អាណត្តិទីពីរ) នៅក្នុងឆ្នាំ២០១២។ ក្នុងនាមជាអភិបាលនៃរាជធានី ចនសុនគឺជាអ្នករៀបចំទទួលខុសត្រូវលើកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០១២ ការណែនាំនូវឡានក្រុងទេសចរណ៍ថ្មី សាងសង់ខ្សែរថយន្តកាបរត់កាត់ទន្លេថេមស៍ និងហាមឃាត់ការប្រើប្រាស់គ្រឿងស្រវឹងនៅតាមយានយន្តសាធារណៈ។ នៅឆ្នាំ២០១៥ ចនសុនត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកសភាប្រចាំអ៊ុកប៊្រីក និងរ៉ូស៍លីពខាងត្បូង។ លោកក៏បានលាចេញពីតំណែងជាអភិបាលក្រុងឡុងដ៍នៅឆ្នាំបន្ទាប់ ហើយក្រោយមក ចនសុនក៏ក្លាយជាបុគ្គលដ៏សំខាន់មួយនៃការបោះឆ្នោតចេញនៅក្នុងប្រជាមតិសមាជិកភាពសហភាពអឺរ៉ុបនៅក្នុងឆ្នាំ២០១៦។ បន្តិចមក ចនសុនក៏បានបម្រើការជារដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចការសហធនរដ្ឋឱ្យនាយករដ្ឋមន្រ្តីថ្មីគឺលោកស្រីតេរេសា មេ ហើយពីរឆ្នាំក្រោយមក លោកក៏លាចេញពីតំណែងដោយសារមានការរិះគុណជាខ្លាំងមកលើកិច្ចការប៊្រិស៊ីតនិងផែនការឆែកឺរបស់មេ។ បន្ទាប់មេបានលាលែងពីតំណែងក្នុងឆ្នាំ២០១៩ លោកបូរីស ចនសុនក៏ត្រូវបានគេបោះឆ្នោតជ្រើសរើសជាមេដឹកនាំគណបក្សអភិរក្សនិយមនិងតែងតាំងជានាយករដ្ឋមន្រ្តីថ្មី។ ការពន្យារសភារបស់លោកនៅខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានកាត់ក្តីដោយតុលាការកំពូលថា"ផ្ទុយពីច្បាប់"។[៦] នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០១៩ ចនសុនបានដឹកនាំគណបក្សអភិរក្សនិយមឈានទៅរកជ័យជម្នះដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៨៧ ដោយទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគេបំផុតពីគណបក្សណាមួយចាប់តាំងពីឆ្នាំ១៩៧៩។ ទីបំផុត សហរាជាណាចក្រក៏បានដកខ្លួនចេញពីសហភាពអឺរ៉ុបក្រោមលក្ខខណ្ឌនៃកំណែទម្រង់ថ្មីនៃកិច្ចព្រមព្រៀងប៊្រិស៊ីត។ ចនសុនគឺជាកិត្តិមជនដ៏ចម្រូងចម្រាសម្នាក់ទាំងខាងនយោបាយនិងសារព័ត៌មាន។ អ្នកគាំទ្រជាច្រើនបានសរសើរលោកថាជា បុគ្គលដ៏គួរឱ្យពេញចិត្ត ចូលចិត្តលេងសើច និងមានប្រជាប្រិយភាពខ្ពស់ ហើយមានសមត្ថភាពនយោបាយលើសលប់ពីនាយករដ្ឋមន្រ្តីមុនៗ។ ចំណែកបុគ្គលមួយចំនួនវិញបានរិះគុណលោកថាជា មនុស្សមិនស្មោះត្រង់ អ្នកនិយមវរជន និងបក្សពួកនិយម ហើយចេះប្រើពាក្យឈ្លើយៗ។ ដើមជីវិតឯកសារយោងលេខយោង
ប្រភពកំណត់សម្គាល់
|
Portal di Ensiklopedia Dunia