ភពសៅរ៍
ភពសៅរ៍ត្រូវបានផ្សំឡើង ដោយមានស្នូលតូចជាវត្ថុរឹងរុំព័ទ្ធដោយស្រទាប់ឧស្ម័នដូចជា អាម៉ូញាក់ និងមេតាន ហើយក៏មានទឹកតិចតួចផងដែរ។ សម្រាប់ស្រទាប់ក្រៅរបស់ភពនេះវិញ គឺសុទ្ធសឹងតែជាឧស្ម័នអេល្យូម និងអ៊ីដ្រូសែន ដែលឧស្ម័នភាគច្រើនរបស់វាទាំងនេះ គឺមានម៉ាស់មាឌ (ដង់ស៊ីតេ) ទាបជាងទឹក។ ដូច្នេះបើមានមហាសមុទ្រធំណាមួយ យើងអាចបណ្តែតភពសៅរ៍នៅលើនោះបាន។ ដោយសារតែវាស្រាលជាងទឹក ដូច្នេះវាអាចអណ្ដែតលើទឹកបាន មិនខុសពីវត្ថុជាច្រើនលើផែនដីដែលអាចអណ្តែតលើទឹកនោះឡើយ។ គ្មានភពផ្សេងណាមួយ នៃប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលអាចធ្វើដូច្នេះបានឡើយ ព្រោះភពទាំងនោះមានដង់ស៊ីតេធ្ងន់ ជាងទឹក។ ភពសៅរ៍មានដង់ស៊ីតេទាបជាងភពណាៗទាំងអស់ ដែលនេះមានន័យថា វាមិនមែនមានទម្ងន់ធ្ងន់ដូចទំហំខ្លួនរបស់វា ដូចជាភពដទៃទៀតនោះទេ។ ភពសៅរ៍មានមុខកាត់ ១១៦,៤៦៤គីឡូម៉ែត្រ ដូច្នេះវាអាចផ្ទុកវត្ថុប៉ុនភពផែនដីបានរហូតដល់ទៅ ៧៦០ ឯណោះ។ ភពមានលេខរៀងទី ៦ ពីព្រះអាទិត្យនេះគឺមានគម្លាតពីព្រះអាទិត្យ ១.៤៣៣ពាន់លានគីឡូម៉ែត្រ និងប្រើពេល ២៩ឆ្នាំផែនដី ទើបគោចរបានមួយជុំព្រះអាទិត្យ ខណៈភពព្រហស្បតិ៍ត្រូវការពេល ១២ឆ្នាំ និងភពអង្គារត្រូវការ ៦៨៧ថ្ងៃផែនដី។ ចំណុចចុងក្រោយ គឺភពសៅរ៍ជាភពមានព្រះច័ន្ទច្រើនបំផុតលំដាប់ទីពីរ ដោយមានព្រះច័ន្ទសរុប ៥៣ (បើមិនរាប់ដុំថ្មធំៗមួយចំនួន ដែលស្ថិតនៅក្នុងខ្សែក្រវាត់ភព) ហើយមួយថ្ងៃនៅលើភពនេះ គឺមានរយៈពេល ១០ម៉ោង និង ៤២នាទី។ ព្រះច័ន្ទដែលស្ថិតនៅក្នុងគោលដៅស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ គឺ Titan និង Enceladus៕ មើលផងដែរ
|
Portal di Ensiklopedia Dunia