ភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យ![]() នៅឆ្នាំ១៩៧៦ បក្សកុម្មុយនិស្តកម្ពុជាបានបែងចែកកម្ពុជាប្រជាធិបតេយ្យទៅជា ៦ ភូមិភាគ ដែលរួមមាន ៣២តំបន់។ ភូមិភាគនីមួយៗយកខេត្តពីរ ឬច្រើនមកបញ្ចូលគ្នា ឬកាត់ស្រុកមួយ ឬច្រើនចេញពីខេត្តនេះខ្លះ ឬខេត្តនោះខ្លះមកបញ្ចូលគ្នា។ ភូមិភាគ និងតំបន់ទាំងអស់សុទ្ធតែដាក់កំណត់សម្គាល់ជាលេខ។ ភូមិភាគនីមួយៗ ចែកចេញជាច្រើនតំបន់ ហើយតំបន់នីមួយៗ ចែកចេញជាស្រុក ឃុំ និងសហករណ៍។ ទី១ ភូមិភាគនិរតី ឬភូមិភាគ៤០៥![]() យោងតាមលោកស្រី អេលីហ្សាបេត បិខខឺ(Elizabeth Becker) ភូមិភាគនិរតីគឺជាភូមិភាគធំជាងគេ មានប្រជាជនក្រីក្រជាងគេ ប៉ុន្តែ មាន កងទ័ពខ្លាំងជាងគេ។ លេខាភូមិភាគនិរតី គឺឈិត ជឿន ហៅតាម៉ុក។ ភូមិភាគនេះរួមមានខេត្តកំពត និងខេត្តតាកែវទាំងមូល ស្រុកពីរក្នុងខេត្តកំពង់ស្ពឺ គឺស្រុកសំរោងទង និងស្រុកគងពិសី និងស្រុកប្រាំក្នុងខេត្តកណ្តាល គឺស្រុកកណ្តាលស្ទឹង ស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ និងស្រុកលើកដែក។ ភូមិភាគនេះចែកចេញជាបួនតំបន់ គឺតំបន់១៣ តំបន់៣៣ តំបន់៣៥ និងតំបន់២៥។ ទី២ ភូមិភាគបូព៌ា ឬភូមិភាគ២០៣ភូមិភាគ នេះដឹកនាំដោយ សោ ភឹម ដែលបានធ្វើអត្តឃាត នៅឆ្នាំ១៩៧៨ នៅពេលដែលប៉ុល ពត បញ្ជូនទាហានឲ្យមកចាប់ខ្លួន។ ភូមិភាគនេះរួមមាន ខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល ស្រុកទាំងអស់ដែលស្ថិតនៅត្រើយខាងកើតទន្លេរមេគង្គ ក្នុងខេត្តកំពង់ចាម ស្រុកឆ្លូងក្នុងខេត្តក្រចេះ និងស្រុកបីទៀតក្នុងខេត្តកណ្តាល គឺស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកមុខកំពូល។ ភូមិភាគនេះចែកចេញជា៥តំបន់ គឺតំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៥។ ទី៣ ភូមិភាគពាយ័ព្យ ឬភូមិភាគ៥៦០លេខា ភូមិភាគពាយ័ព្យ គឺញឹម រស់។ ភូមិភាគនេះរួមមានខេត្តពោធិសាត់ និងបាត់ដំបងទាំងមូល ហើយចែកចេញជា៧តំបន់ ពីតំបន់១ ដល់តំបន់៧។ ទី៤ ភូមិភាគឧត្តរ ឬភូមិភាគ៣០៣ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៦ ភូមិភាគនេះដឹកនាំដោយ កុយ ធួន ហៅ ធុច។ ក្រោយពី កុយ ធួន ត្រូវបានចាប់ខ្លួន និងសម្លាប់នៅគុកទួលស្លែង នៅឆ្នាំ១៩៧៦ កែ ពក ត្រូវបានតែងតាំងជាលេខាភូមិភាគនេះជំនួស កុយ ធួន។ នៅឆ្នាំ១៩៧៧ ភូមិភាគឧត្តរនេះ ត្រូវបានប្តូរឈ្មោះទៅភូមិភាគកណ្តាលវិញ។ ចំណែកភូមិភាគឧត្តរចាស់ត្រូវបានរើ ទីតាំងទៅតាំងនៅខេត្ត ខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារវិញ។ ភូមិភាគឧត្តរថ្មីនេះដឹកនាំដោយ កង ចាប។ ទី៥ ភូមិភាគកណ្តាលគឺ ជាភូមិភាគបង្កើតថ្មី ដោយមានទីតាំងនៅត្រង់ភូមិភាគឧត្តរចាស់ ពោលគឺរួមមានខេត្តកំពង់ធំទាំងមូល ស្រុកទាំងអស់ដែលស្ថិតនៅត្រើយខាងលិចទន្លេរមេគង្គ ក្នុងខេត្តកំពង់ចាម និងស្រុកព្រែកប្រសប់ ក្នុងខេត្តក្រចេះ។ ភូមិភាគនេះត្រូវបានបែងចែកជាបីតំបន់ គឺតំបន់៤១ តំបន់៤២ និងតំបន់៤៣។ លេខាភូមិភាគកណ្តាល គឺ កែ ពក។ ទី៦ ភូមិភាគបស្ចិម ឬភូមិភាគ៤០១ភូមិភាគ នេះដឹកនាំដោយជូ ជេត ហើយរួមមានខេត្តកោះកុង និងខេត្តកំពង់ឆ្នាំងទាំងមូល និងផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ។ ភូមិភាគនេះបែងចែកជា៤តំបន់ គឺតំបន់៣១ តំបន់៣២ តំបន់៣៧ និងតំបន់១១។ ទី៧ ភូមិភាគឥសាន្ត ឬភូមិភាគ១០៨ណៃ សារ៉ាន់ ហៅ យ៉ា បានកាន់តំណែងជាលេខាភូមិភាគឥសាន្តរហូតដល់ខែកញ្ញា ឆ្នាំ១៩៧៦ ពេលដែល ណៃ សារ៉ាន់ ត្រូវបានចាប់ខ្លួនយកទៅដាក់ក្នុងគុកទួលស្លែង។ ម៉ែន សាន ត្រូវបានតែងតាំងជាលេខាភូមិភាគជំនួស ណៃ សារ៉ាន់។ ភូមិភាគឥសាន្តរួមមាន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរីទាំងមូល និងផ្នែកខ្លះនៃខេត្តក្រចេះ។ ភូមិភាគនេះបែងចែកជា៦តំបន់ គឺតំបន់១០១ តំបន់១០២ តំបន់១០៤ តំបន់១០៥ តំបន់១០៧ និងតំបន់៥០៥។ ក្រៅពីនេះ មានតំបន់មួយចំនួនត្រូវបានផ្តាច់ចេញពីភូមិភាគ ឲ្យទៅជាតំបន់ស្វយ័តវិញ។ តំបន់ទាំងនោះរួមមាន តំបន់សៀមរាប-ឧត្តរមានជ័យ ឬតំបន់១០៦ និងតំបន់ព្រះវិហារ ឬតំបន់១០៣ ដែលពីមុនស្ថិតក្នុងភូមិភាគឧត្តរ តំបន់ក្រចេះ ឬតំបន់៥០៥ និងតំបន់មណ្ឌលគិរី ឬតំបន់១០៥ ពីមុនស្ថិតក្នុងភូមិភាគឥសាន្ត។ តំបន់កំពង់សោមក៏ត្រូវបានចាត់ជាតំបន់ស្វយយ័តដែរ៕ ឯកសារយោងដោយ សេង ឌីណា អត្ថបទចុះផ្សាយកាលពីថ្ងៃទី 03/01/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 03/01/2009 14:13 ម៉ោងសកល តំណភ្ជាប់ក្រៅភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យ ដោយសេងឌីណា Archived 2011-06-03 at the វេយប៊ែខ ម៉ាស៊ីន. |
Portal di Ensiklopedia Dunia