រឿង ពិតរបស់ខ្ញុំ ភាគ២សូមជូនរឿងពិតរបស់ខ្ញុំ ភាគទីពីរ។ នៅខែមេសាឆ្នាំ១៩៩៤ ខ្ញុំបានទៅលេងស្រុកខ្មែរ។ នៅថ្ងៃទីពីរ ពេលខ្ញុំឈប់សម្រាក នៅភ្នំពេញ ខ្ញុំឃើញគេនាំក្មេងស្រីម្នាក់ ចូលទៅក្នុងផ្ទះ អ្នកជិតខាងខ្ញុំ ដោយមានយួរកន្រ្តកធូបទៀន ផ្លែឈើមកតាមផង។ លុះខ្ញុំសួរគេទៅ គេឆ្លើយថា - ខ្ញុំកំពុងនាំយកកូនស្រីមក អោយគ្រូចូលរូប ឈ្មោះ ស្តេចស្វាស ព្យាបាលជម្ងឺ។ ឭដូច្នេះ ខ្ញុំក៏កើតមានភាពពិភាល់ក្នុងចិត្ត ចង់ដឹង ចង់ស្គាល់ សេ្តចស្វាសនោះណាស់ ក៏សុំគេចូលទៅតាម ក៏បានប្រទះឃើញ លោកតាម្នាក់ ស្លៀកស ពាក់ស អង្គុយលើ កម្រាលព្រំ មានតាំងហ៊ឹងគ្រូ មានរូបពុទ្ធបដិមារ កំប៉ុងធូបទៀន និងជើនពាន ដាក់តម្លៃជោម។ នៅពេល អ្នកជម្ងឺ កំពុងរៀបចំខ្លួន ក្នុងបន្ទប់ ខ្ញុំក៏រំកិល ទៅជិតលោកតា ហើយសួរថា៖ - ស្តេចស្វា ស! តើលោកជាមនុស្ស ឬជាស្វា? ស្តេចស្វា ស ភ្ញាក់ក្រញាង ទ្រង់ភាំងស្រឡាំងកាំង ក៏ស្រែកខ្លាំងៗថា ៖ - អញជាមនុស្ស ម៉េចក៏ថាអញស្វា? ស្រាប់តែអ្នកស្រុក អង្គុយជិតនោះ ស្រែកវឹងឡើងថា ៖ - ចុះក្រែងលោកតាឯង ថាខ្លួនឯង ជាស្តេចស្វា ហ្អី? ស្វាដល់ទៅស្តេចហើយថាមិនស្វាទៀត!! ឭដូច្នោះ លោកតាក៏ក្រេវក្រោធ កាន់តែខ្លាំង រួចសម្លុតថា៖ - នែ៎! បិទមាត់ ប្រយត្ន័អញផ្លុំអាគម អោយឯងងាប់! អ្នកស្រុករូបនោះ ខ្លាចលោកតា ក៏នៅស្ងៀមទៅវិញ។ ខ្ញុំក៏សួរទៀតថា៖ - បើលោកតា ជាមនុស្ស ហេតុអ្វីក៏មានងារជាស្វា? ស្តេចស្វា ស ងើបមើលមុខខ្ញុំ ហើយសួរខ្ញុំវិញថា ៖ - ម៉ោពីណា បានមិនស្គាល់អញ? ខ្ញុំឆ្លើយថា ៖ - ព្រោះតែមិនស្គាល់ ទើបចង់រៀនអំពីប្រវត្តិ ដែលលោកតា ក្លាយជាស្តេចស្វា។ សេ្តចស្វាឆ្លើយថា ៖ - អញគ្មានពេលនិយាយ ប្រាប់ឯងទេ! ដាក់ជោមសិន ទើបនិយាយគ្នាបាន! ខ្ញុំក៏ដាក់ជោមតាមលោកតាកំណត់ រួចហើយទាញកាម៉ារ៉ាមកថតលោកតា ស្រាប់តែគាត់ហាមថា - នែ៎វើយ! ថតស្អី រន្ទះភ្លើងឆ្វេចឆ្វាច ខូចរាសីគ្រូ អញអស់ហើយ! ខ្ញុំក៏សួរថា ៖ - បើស្តេចស្វា មានមហិទ្ធិរិទ្ធិ មែន ហេតុម្តេចក៏ខ្លាចរន្ទះភ្លើងកាម៉ារ៉ា? ស្រាប់តែលោកតាស្រែកឡូឡា កាន់តែខ្លាំង ហើយក្រោកឡើង ជេរថា ៖ - នែ៎វើយ! អាណាគេ ហៅភ្ញៀវម្នាក់នេះម៉ោ? ឆាប់នាំខ្លួនវា ចេញទៅ! វារំខានអញ អោយអស់ សមាធិអាលីង តាម៉ងវើយ ថ្ងៃនេះ! រួចលោកតាក៏បោក ជើងពានផាំង ទៅលើក្តារ ងើបគេចខ្លួនបាត់ ទៅក្រោយផ្ទះ យ៉ាងលឿន។ នៅថ្ងៃបន្ទាប់ ស្រាប់តែមានអ្នកស្រុក នាំកូននាំចៅ មកសំពះខ្ញុំ សុំអោយជួយមើល ជម្ងឺកូនចៅរបស់គេ។ ដោយឆ្ងល់ពេក ខ្ញុំសួរថា ៖ - ហេតុអ្វីក៏គិតថា ខ្ញុំជាគ្រូព្យាបាលជម្ងឺ? អ្នកស្រុកទាំងឡាយ ឆ្លើយថា ៖ - ព្រោះអ្នកស្រីមានឬទ្ធិ មានអំណាចខ្លាំងក្លា អាចធ្វើអោយស្តេចស្វាស រត់ផាស់ក្រញាំបាន។ លុះឃើញអ្នកស្រុក មានជំនឿងងិតងងល់ដូច្នោះ ខ្ញុំក៏ធ្វើពើ ដើរតួប្រាប់ អ្នកស្រុកថា ៖ - បារមីសក្តិសិទ្ធិ នៅស្ថានលើ ផ្តាំមកថា ពេលកូនចៅឈឺអោយទៅរកពេទ្យ មិនមែនរក គ្រូចូលរូបទេ ព្រោះ លោកគ្រូពេទ្យមានថ្នាំ មានការព្យាបាល ល្អសក្តិសិទ្ធិ ជាងលោកគ្រូចូលរូប ឆ្ងាយណាស់។ ហើយម៉្យាងទៀត សូមកុំអោយកូនស្រី ចូលបន្ទប់តែពីរនាក់ ជាមួយលោកគ្រូចូលរូប ព្រោះជាបញ្ជា ដែលស្ថានលើកំណត់មក។ បើមិនធ្វើតាមទេ កូនចៅមិនអាចជា សះស្បើយបានឡើយ។
|
Portal di Ensiklopedia Dunia