ព្រះនាងឝ្រីន្ទ្រភូបេឝ្វរចូឌា (អានថា:ស្រឹន-ទ្រាក់-ភូ-បេស-ស្វៈ-រៈ-ចូឌា) រជ្ជកាល (១២៩៥-១៣០៧) ព្រះនាងមានប្រវត្តិប្រាកដក្នុងព្រឹត្តិការណ៍មួយដែលកើតឡើងនៅឆ្នាំ ១២៩៥ បាននិយាយថាព្រះនាងបានលួចព្រះខ័នមាសដែលជាតំណាងអំណាចព្រះរាជា យកទៅអោយស្វាមីនាង បានបង្ខំអោយព្រះបាទជយវម៌្មទី៩ ជាព្រះបិតាចុះចេញពីរាជបល្លង្ក ហើយប្រគល់រាជ្យនេះទៅអោយព្រះបាទឝ្រីន្ទ្រវម៌្មទី២ជារាជធីតុបតីសោយរាជ្យស្នងព្រះអង្គក្នុងឆ្នាំនោះ។
សមាជិកអ្នកការទូតចិនម្នាក់របស់ព្រះចៅអធិរាជតេមួរខាន់ ដែលបានមកដល់កម្វុជទេឝក្នុងឆ្នាំ ១២៩៦ ឈ្មោះ ជីវតាក្វាន់ ក៏បានផ្តល់សក្ខីកម្មចំពោះព្រឹត្តិការណ៍នេះដែរ។ លោកបានសរសេរបញ្ជាក់ថា ការផ្លាស់ប្ដូររជ្ជកាលនេះមានភាពឃោរឃៅ គឺស្ដេចដែលឡើងសោយរាជ្យថ្មីជាកូនប្រសារបស់ស្ដេចមុន។ លោកបន្តថា កូនស្រីរបស់ស្ដេចអង្គនេះ បានលួចយកព្រះខ័នមាសរបស់ព្រះបិតា ទៅអោយស្វាមីនាង។ លោកជីវតាក្វាន់ បានអះអាងថា កូនប្រុសរបស់ព្រះបាទជយវម៌្មទី៩ ដែលត្រូវទទួលរាជ្យបន្តពីព្រះបិតា ទ្រង់មិនទទួលយកស្ដេចថ្មីដណ្ដើមរាជ្យនេះទេ ហើយបានចេញពីព្រះបរមរាជវាំង ដើម្បីទៅកេណ្ឌទ័ព។ ស្ដេចថ្មីចាប់បាន ក៏យកទៅកាត់ម្រាមជើងចោល និងយកទៅឃុំទុកក្នុងបន្ទប់ងងឹត។ [៤]