សម្ដេចព្រះមហាឃោសានន្ទមហាឃោសានន្ទ (ព្រះនាមពេញ សម្តេចព្រះមហាឃោសានន្ទ) (២៣ ឧសភា ១៩១៣ - ១២ មីនា ២០០៧) ជាសម្តេចសង្ឃរាជដែលទទួលស្គាល់ដោយប្រជាជនកម្ពុជានិរទេស ដោយព្រះអង្គបានគង់នៅក្រៅប្រទេសកម្ពុជា ក្នុងអំឡុងពេលសម័យខ្មែរក្រហម និងសម័យកុម្មុយនិស្តនៅប្រទេសកម្ពុជា ។ ព្រះនាមរបស់ព្រះអង្គជាភាសាបាលី គឺ « ឃោសានន្ទ » ដែលមានន័យថា ជា « អ្នកឃោសនាដោយរីករាយ » (ឃោស ៖ សំឡេងប្រកូក, សម្រែកខ្លាំង, ការបន្លឺសំឡេង + អានន្ទ ៖ សេចក្តីសប្បាយ, សេចក្តីរីករាយ, សេចក្តីសុខសាន្ត, ប្រាមោទ្យ[១]) ។ ព្រះអង្គប្រសូតនៅខេត្តតាកែវ នៅប្រទេសកម្ពុជានាឆ្នាំ ១៩១៣ នៅក្នុងគ្រួសារអ្នកស្រែនៅទន្លេចតុមុខ ។ កាលនៅពីក្មេង ព្រះអង្គមានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើព្រះពុទ្ធសាសនា និងបានចូលបម្រើជាក្មេងវត្ត កាលពីអាយុ ៨ ឆ្នាំ ។ ព្រះសង្ឃក្នុងវត្តស្ងើចក្មេងវត្តរូបនោះណាស់ ហើយនៅអាយុ ១៤ ឆ្នាំ ព្រះអង្គបានបួសជាលោកនេន[២] ។ ព្រះអង្គបានសិក្សាភាសាបាលីនៅពុទ្ធិកសាលាក្នុងវត្ត ហើយបន្ទាប់មកទៀត បាននិមន្តទៅបំពេញការសិក្សានៅពុទ្ធិកវិទ្យាល័យ នៅភ្នំពេញនិងខេត្តបាត់ដំបង មុននឹងនិមន្តទៅប្រទេសឥណ្ឌា ដើម្បីស្វែងរកការសិក្សាបន្ថែមទៅលើភាសាបាលីនៅវិទ្យស្ថាន « នវនាលន្ទាមហាវិហារ » ឯរដ្ឋពិហារ ប្រទេសឥណ្ឌា[៣] ។ ការអប់រំព្រះមហាឃោសានន្ទ បានទទួលការហ្វឹកហាត់ពីគ្រូជាច្រើនអង្គក្នុងសាសនាព្រះពុទ្ធ ដូចជាព្រះសង្ឃ ១ អង្គពីប្រទេសជប៉ុន ព្រះនាម ហ៊្វូជិអ៊ិ និឈិដាត់ស៊ឺ (藤井 日達)[៤] និងសម្តេចព្រះសង្ឃរាជ ជួន ណាត ជាដើម ។ នៅឆ្នាំ ១៩៦៥ ព្រះមហាឃោសានន្ទ បានចាកចេញពីប្រទេសកម្ពុជា ទៅភាវនាធម៌នៅក្នុងវត្តរបស់ព្រះអាចារ្យ ប៉ែន ធម្មធរោ (พระอาจารย์แป้น ธมฺมธโร) គឺ វត្តឆាយណា (วัดชายนา) នៅក្នុងព្រៃមួយ ជិតទីរួមខេត្តនគរស្រីធម្មរាជ នៅភាគខាងត្បូងនៃប្រទេសថៃ[៥] ។ បួនឆ្នាំក្រោយមក ពោលគឺក្នុងអំឡុងពេលដែលព្រះអង្គនៅតែកំពុងសិក្សានៅក្នុងវត្តព្រៃរបស់ព្រះអាចារ្យធម្មធរោនោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចាប់ផ្តើមទម្លាក់គ្រាប់បែកនៅប្រទេសកម្ពុជា ក្នុងគោលបំណងកាត់ផ្ដាច់ផ្លូវលំហូជីមិញ និងបញ្ចប់សង្គ្រាមវៀតណាម ។ ប្រទេសកម្ពុជាត្រូវរងការបំផ្លិចបំផ្លាញខ្ទេចខ្ទី ហើយប្រជាជនត្រូវបែកខ្ញែកព្រាត់ប្រាសគ្នា ។ សម័យខ្មែរក្រហមពួកខ្មែរក្រហមបានរឹបអូសយកប្រទេសទាំងមូល ហើយវាសនានៃព្រះពុទ្ធសាសនាខ្មែរ ត្រូវស្ថិតក្នុងភាពមិនទៀង ។ ប៉ុល ពត ដែលធ្លាប់រស់នៅក្នុងវត្តអារាមកាលនៅក្មេង បានប្រកាសថា ព្រះសង្ឃ ជាបញ្ញើក្អែគ គ្មានប្រយោជន៍អ្វីនោះទេ ហើយជាវណ្ណៈមួយក្នុងរបបសក្តិភូមិចាស់ ។ ដោយសារការឃោសនាដ៏គួរឲ្យរន្ធត់បែបនោះ ពួកខ្មែរក្រហមបានផ្សឹកព្រះសង្ឃ ហើយបញ្ជូនទៅធ្វើស្រែចម្ការដូចប្រជាជនដទៃទៀតដែរ ឬក៏ពួកខ្មែរក្រហមបានធ្វើទារុណកម្មលើព្រះសង្ឃ ឬបញ្ជូនទៅរៀនសូត្រ និងធ្វើគត់ចោលទៀតផង ។ ព្រះសង្ឃខ្លះទៀត ត្រូវបានបង្ខំឲ្យប្រព្រឹត្តខុសនឹងវិន័យរបស់ព្រះសង្ឃ ដោយត្រូវបានគេភ្ជង់កាំភ្លើង ។ ចាប់តាំងពីពេលនោះមក រហូតដល់ពេលរបបខ្មែរក្រហមត្រូវរលំ លែងមានព្រះសង្ឃនៅក្នុងប្រទេសកម្ពុជា ហើយនិងវត្តជាច្រើន បានត្រូវគេកម្ទេចចោល ។ នៅគ្រានោះ មានជនជាតិខ្មែរជាច្រើន បានចាប់ផ្តើមរត់ចេញពីប្រទេសកម្ពុជា ទៅផ្តុំគ្នាតាមបណ្តោយព្រំប្រទល់ប្រទេសថៃ ដោយតំណាលទាំងរឿងរ៉ាវដែលអ្នកក្រៅ ពិបាកជឿ ស្តីពីរបបប្រល័យពូជសាសន៍ដ៏គួរឲ្យភ័យរន្ធត់នោះ ។ នៅឆ្នាំ ១៩៧៨ ព្រះមហាឃោសានន្ទ បានចាកចេញពីអាស្រមបទក្នុងព្រៃ ហើយបាននិមន្តទៅដល់ជំរំជនភៀសខ្លួននៅតាមព្រំប្រទល់ប្រទេសថៃនិងខ្មែរ និងបានចាប់ផ្តើមជួយផ្គត់ផ្គង់ដល់ជនភៀសខ្លួនដែលរត់មកប្រទេសថៃនោះ ។ នៅតាមជំរំនានា ជនភៀសខ្លួន ដែលខានបានជួបព្រះសង្ឃជាច្រើនឆ្នាំមកនោះ ពេលឃើញមុខព្រះមហាឃោសានន្ទ ក៏រំភើបចិត្តយ៉ាងក្រៃលែង ហើយក៏ស្រក់ទឹកភ្នែកស្រែកយំ កាលណាព្រះមហាឃោសានន្ទសូត្រមន្ត្រ ដែលជនជាតិខ្មែរធ្លាប់ឮធ្លាប់សូត្រជាច្រើនជំនាន់ច្រើនតំណមុនឆ្នាំសូន្យនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម ។ ព្រះអង្គបានចែករំលែកនូវអត្ថបទព្រះធម៌ដល់ជនភៀសខ្លួនជាធម្មទាន សម្រាប់ចម្រើនព្រះបរិត្ត និងបំផុសគំនិត ដើម្បីលើកទឹកចិត្តរបស់ជនភៀសខ្លួនដ៏វេទនាទាំងនោះ[៦] ។ ការស្ថាបនាឡើងវិញព្រះមហាឃោសានន្ទ បានជួយដល់ប្រទេសជាតិ និងជួយឲ្យព្រះពុទ្ធសាសនាខ្មែរ កើតឡើងវិញ នៅឆ្នាំ ១៩៨០ ។ ព្រះអង្គបានធ្វើជាអ្នកតំណាងប្រជាជនខ្មែរក្នុងជំរំជនភៀសខ្លួន និងតំណាងរដ្ឋាភិបាលខ្មែរនិរទេសកម្ពុជា នៅឯអង្គការសហប្រជាជាតិ ។ នៅពេលដែលរបប ប៉ុល ពត រលំនាឆ្នាំ ១៩៧៩ ព្រះមហាឃោសានន្ទ គឺជាព្រះសង្ឃ ១ អង្គ ក្នុងចំណោមព្រះសង្ឃខ្មែរ ៣០០០ អង្គ ដែលបានផុតពីស្លាប់ ក្នុងចំណោមព្រះសង្ឃចំនួន ៦ ម៉ឺនអង្គនៅប្រទេសកម្ពុជាមុនឆ្នាំ ១៩៧៦ ។ ក្នុងឆ្នាំ ១៩៧៩ នៅតាមជាយដែនខ្មែរ-ថៃ ព្រះអង្គបានកសាងវត្តក្នុងជំរំជនភៀសខ្លួនទាំងឡាយ ហើយបានបំបួសព្រះសង្ឃជាតិខ្មែរ ទោះបីជាមានការហាមប្រាមពីអាជ្ញាធរយោធាថៃក៏ដោយ[៧] ។ នៅឆ្នាំ ១៩៨០ ព្រះមហាឃោសានន្ទ និងបព្វជិតសាសនាគ្រីស្ទាន ១ រូប គឺគ្រូគង្វាល ភីធ័រ ឡរ៉ែន្ស ផនដ៍ (Peter L. Pond) បានបង្កើត « បេសកកម្មអន្តរសាសនាដើម្បីសន្តិភាពនៅកម្ពុជា » ។ លោកទាំងពីរ បានរកឃើញអតីតព្រះសង្ឃនិងដូនជី រាប់រយអង្គ និងរាប់រយនាក់ ដែលបានរួចពីស្លាប់ ដើម្បីឲ្យពួកអតីតសង្ឃនិងដូនជីទាំងនោះ អាចបួសឬកាន់សីល ១០ ឡើងវិញ និងកាន់កាប់មុខងារឡើងវិញ ក្នុងវត្តអារាមខ្មែរទូទាំងពិភពលោកផងដែរ ។ នៅខែមិថុនា ឆ្នាំ ១៩៨០ រដ្ឋាភិបាលថៃសម្រេចចិត្តបង្ខំជនភៀសខ្លួនរាប់ពាន់នាក់ឲ្យធ្វើមាតុភូមិនិវត្តន៍ ។ លោកគ្រូគង្វាល ផនដ៍ និងព្រះមហាឃោសានន្ទ ក៏បានរៀបចំការតវ៉ាប្រឆាំងនឹងការធ្វើមាតុភូមិនិវត្តន៍ទាំងបង្ខំនូវជនភៀសខ្លួនពីជំរំស្រះកែវ (សាកែវ)[៨] ។ នៅឆ្នាំ ១៩៨៨ ព្រះសង្ឃខ្មែរមួយក្រុម ដែលបាននិរទេសខ្លួនចាកចេញពីប្រទេសកម្ពុជា បានជ្រើសតាំងព្រះមហាឃោសានន្ទ ជាសង្ឃរាជ ។ ព្រះមហាឃោសានន្ទ បានយល់ព្រមទទួលឋានៈនេះជាបណ្តោះអាសន្ន ដរាបដល់ប្រទេសកម្ពុជានឹងមានសន្តិភាពឡើងវិញ[៩] ។ នៅជំនាន់នោះ គឺនៅទសវត្សរ៍ឆ្នាំ ១៩៨០ សម្តេចព្រះមហាសង្ឃរាជនៅប្រទេសកម្ពុជា គឺ សម្តេច ទេព វង្ស ដែលរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោមការគាំទ្រពីសាធារណរដ្ឋសង្គមនិយមវៀតណាម បានតែងតាំងកាលពីឆ្នាំ ១៩៨១[១០] ។ ធម្មយាត្រានៅឆ្នាំ ១៩៩២ ជាឆ្នាំដំបូង ដែលអង្គការសហប្រជាជាតិបានអនុវត្តសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនៃឆ្នាំ ១៩៩១ ទើបព្រះមហាឃោសានន្ទ ដឹកនាំធម្មយាត្រានៅថ្នាក់ជាតិជាលើកដំបូង សម្រាប់ផ្តល់នូវសន្តិភាពដល់ប្រទេសខ្មែរទាំងមូល ដើម្បីឲ្យជនជាតិខ្មែរមានសេចក្តីសង្ឃឹមនិងសន្តិភាពឡើងវិញ[១១] ។ ធម្មយាត្រានេះ បានធ្វើដំណើរនិងចំណាយពេលអស់រយៈពេល ១៦ ថ្ងៃ និង ២០០ គ.ម. ឆ្ពោះទៅកាន់តំបន់ខ្មែរក្រហម ដោយឆ្លងកាត់ដី ដែលពួកខ្មែរក្រហមបានបង្កប់គ្រាប់មីន ។ បន្ទាប់មក ព្រះអង្គនាំធម្មយាត្រាជាច្រើន ឆ្ពោះមកប្រទេសកម្ពុជាទាំងមូល ជាមួយមនុស្សចំនួនប្រមាណ ២០០ ទៅ ៣០០ នាក់រៀងរាល់ឆ្នាំ (មានទាំងព្រះសង្ឃ ដូនជី និងឧបាសកឧបាសិកា) ។ នៅឆ្នាំ ១៩៩៥ មានរហូតដល់ ៥០០ នាក់ ដែលធ្វើធម្មយាត្រា ។ នៅឆ្នាំ ១៩៩៥ នោះ មានពួកខាង « បូជនីយេសចរណ៍អន្តរជំនឿដើម្បីសន្តិភាពនិងជីវិត » បានទៅជួបនិងរួបរួមគ្នាជាមួយពួកអ្នកធ្វើធម្មយាត្រានោះ ។ ក្រុមទាំង ២ បានដើរឆ្លងកាត់ប្រទេសកម្ពុជា ពីព្រំប្រទល់ថៃ រហូតដល់ព្រំប្រទល់វៀតណាម ដោយបានដើរកាត់តំបន់ដែលពួកខ្មែរក្រហមកាន់កាប់ អស់រយៈពេលច្រើនថ្ងៃ ។ ដោយហេតុតែបានបង្រៀននូវភាពអហិង្សា និងកសាងវត្តអារាមខាងពុទ្ធសាសនាទូទាំងពិភពលោក ដើម្បីជួយជ្រោមជ្រែងដល់ជនជាតិខ្មែរ ដែលត្រូវនិរទេស ឲ្យឋិតនៅក្នុងសាសនាប្រកបដោយសន្តិភាពរបស់ខ្លួននេះ បានជាព្រះមហាឃោសានន្ទ បានទទួល « រង្វាន់នៃសេចក្តីក្លាហាននិងមនសិការ ពីមូលនីធិ ភីស អាប្បេយ៍ (អាស្រមបទសន្តិភាព) » (Peace Abbey Courage of Conscience Award) ។
|
Portal di Ensiklopedia Dunia