សឺង ង៉ុកថាញ់
វីរបណ្ឌិត សឺង ង៉ុកថាញ់ (ភាសាអង់គ្លេសៈSon Ngoc Thanh , ភាសាយួនៈ Sơn Ngọc Thành)កើតឆ្នាំ ១៩០៨ ស្លាប់ ១៩៧៧ នៅក្នុងគុកជីវ៉ា (Chí Hòa) របស់បក្សកុម្មុយនិស្តយួន ។ជាអតីតនាយករដ្ឋមន្រី្តខ្មែរឆ្នាំ ១៩៤៥ និង ១៩៧២ ជាអតីតប្រមុខចលនាខ្មែរសេរី និងកងកម្លាំងពិសេសខ្មែរ និងជាអ្នកបានបង្កើតសារព័ត៌មានជាភាសាខ្មែរមុនដំបូងនៅកម្ពុជាឈ្មោះ«នគរវត្ត»នាឆ្នាំ ១៩៣៦ ។ ប្រវត្តិបណ្ឌិត សឺង ង៉ុក ថាញ់ កើតថ្ងៃច័ន្ទ ១៤ កើត ខែមិគសិរ ឆ្នាំ រកា ឯកស័ក ព.ស.២៤៥២ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ គ.ស.១៩០៨ នៅ ភូមិគគីរក្រៅ ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង (បច្ចុប្បន្នយួនៈẤp Kỳ La xã Hòa Thuận huyện Châu Thành tỉnh Trà Vinh) សម្ព័ន្ធភាពគ្រួសារបណ្ឌិត សឺង ង៉ុក ថាញ់ ជាបុត្ររបស់លោកអភិបាលខេត្តព្រះត្រពាំង សឺង ណែវ និងលោកស្រី ថាច់ ធី តុប ។ បណ្ឌិត សឺង ង៉ុក ថាញ់ មានបងប្អូនប្រុសស្រី រួមផ្ទៃច្រើននាក់ដូចជា៖
![]() ក្រៅពីនេះ បណ្ឌិត សឺង ង៉ុក ថាញ់ នៅមានបងប្រុសស្រីរួមឱពុកម្តាយទីទៃ ៣ នាក់ ទៀត ត្រូវជាកូនរបស់ប្រពន្ធទី ១ នៃលោកអភិបាលខេត្ត សឺងណែវ ។ ក្រោយពីប្រពន្ធទី ១ មានជម្ងឺស្លាប់ ទើបលោកអភិបាលខេត្តសឺងណែវបានរៀបមង្គលការជាមួយលោកយាយ ថាច់ ធី តុប ត្រូវជាម្តាយរបស់បណ្ឌិត សឺង ង៉ុក ថាញ់ ។ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ១៩៣៨ បណ្ឌិត សឺង ង៉ុក ថាញ់ បានរៀបអាពាហ៍ពិពាហ៍នឹងលោកស្រី ឡាំ ធី អ៊ុក (អក្សរយួនៈLâm Thị Út អង់គ្លេសៈ Lam Thi Ut) ត្រូវជាកូនស្រីទី ១០ របស់មហាសេដ្ឋី
ឡាំ ទន់ (១៨៦៣ - ១៩៣៩)(ភាសាយួនៈ Lâm Tòan, អង់គ្លេសៈLam Toan) និងលោកយាយ ត្រឹង ធី ស៊ុក (ភាសាយួនៈTrần Thị Xúc , អង់គ្លេសៈTran Thi Xuc)នៅភូមិបាស្រែ(ក្បែរស្រះគូ) ខេត្តព្រះត្រពាំង ។ លោកតាមហាសេដ្ឋី ឡាំ ទន់ (១៨៦៣ - ១៩៣៩) និង លោកយាយ ត្រឹង ធី ស៊ុក នៅភូមិ បាស្រែ (ក្បែរស្រះគូ) ស្រុកកំពង់ធំ (Châu Thành) ខេត្តព្រះត្រពាំង (Trà Vinh) ដែលត្រូវជាម្តាយឪពុករបស់លោកស្រី ឡាំ ធី អ៊ុក ជាភរិយារបស់បណ្ឌិត សឺង ង៉ុក ថាញ់ មានកូនប្រុសស្រីចំនួន ១២ នាក់គឺ៖
បណ្ឌិត សឺង ង៉ុក ថាញ់ និង លោកស្រី ឡាំ ធីអ៊ុក មានបុត្រប្រុសស្រីចំនួន ៤ នាក់ គឺ៖
ការសិក្សាអប់រំបណ្ឌិត សឺង ង៉ុក ថាញ់ អាយុបាន ១១ ឆ្នាំ លោកអភិបាលខេត្តសឺង ណែវ ជាឪពុកបានស្លាប់ចោលទុកឲ្យនៅក្រោមការបីបាច់ថែរក្សាពីអ្នកម្តាយឈ្មោះ ថាច់ ធី តុប ។ កាលនៅកុមារ លោកបានរៀនអក្សរខែ្មរនៅក្នុងវត្តសិលាជលធី(វត្តគគីរ) ស្រុកកំពង់ ធំ ខេត្តព្រះត្រពាំង។ ក្រោយមក លោកយាយ ថាច់ ធី តុប បានបញ្ជូនលោកឲ្យទៅរៀននៅសាលាបឋមសិក្សាជាន់ដំបូងនៅទីរួមខេត្តព្រះត្រពាំង និងទៅបន្តការសិក្សាថ្នាក់បឋមសិក្សាបំពេញវិជ្ជា នៅសាលា ឌូដាឌឺឡាក្រេ នាទីក្រុងភ្នំពេញ ។ ពេលបានបញ្ចប់ ថ្នាក់បឋមសិក្សាបំពេញវិជ្ជាហើយ លោកក៏បានទៅបន្តការសិក្សានៅទីក្រុងព្រៃនគរ ។ លុះធំពេញវ័យ លោកបានទៅបន្តការសិក្សានាទីក្រុងប៉ារិស ប្រទេសបារាំង ផ្នែកនីតិសាស្ត្រ ។ ពេលនោះ លោក សឺង ថាយ ង្វៀង ជាប្អូនប្រុសរបស់លោក ក៏បានទៅបន្តការសិក្សានៅប្រទេសបារាំងជាមួយលោកផងដែរ។ ការបង្កើតសារព័ត៌មាន «នគរវត្ត» ពីឆ្នាំ ១៩៣៦ដល់ ឆ្នាំ ១៩៤២ឆ្នាំ ១៩៣៦ បណ្ឌិត សឺង ង៉ុក ថាញ់ លោក ប៉ាច ឈឹន និងលោក សឹម វ៉ា បានរួមគ្នាបង្កើតសារព័ត៌មានជាភាសាខ្មែរលើកដំបូងនៅស្រុកខ្មែរ ឈ្មោះ «នគរវត្ត» ដែលមានលោក ប៉ាច ឈឺន ជាចាងហ្វាងនយោបាយសារព័ត៌មានមួយនេះ។ រដ្ឋបុរសទាំងបីរូបនេះ កាលនោះមានវ័យខ្ទង់ ៣០ ឆ្នាំ បានធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយពុទ្ធសាសនបណ្ឌិត្យ និងក្រោយមក គេបានតែងតាំងបណ្ឌិត សឺង ង៉ុកថាញ់ ជាបណ្ណាគារក្សនៃពុទ្ធសាសនបណ្ឌិត្យ ។ ការធ្វើបាតុកម្មទាមទារឲ្យដោះលែងអាចារ្យ ហែម ចៀវ និងការគេចពីការតាមចាប់ខ្លួនថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៤២ បារាំងបានចាប់
អាចារ្យ ហែម ចៀវ ជាសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់។ រឿងនេះបានក្លាយទៅជាព្រឹត្តិការណ៍មួយដែលធ្វើឲ្យមជ្ឈដ្ឋានព្រះសង្ឃ និងនិស្សិតសាលាបាលីជាន់ខ្ពស់និងវត្តអារាមនានាទូទាប្រទេសកម្ពុជាមានការរំជើបរំជួលយ៉ាងខ្លាំង។ ក្រោយមក លោក នួន ឌួង(ធ្វើការនៅក្រុមជំនុំព្រះត្រៃបិតក)ក៏ត្រូវបារាំងចាប់ខ្លួនទៀត។ ដំណឹងស្តីពីការចាប់ខ្លួនព្រះអាចារ្យ
ហែម ចៀវ និងលោក នួន ឌួង ត្រូវបានលេចឮសុះសាយគ្រប់ទិសទី ។ ការឡើងធ្វើជានាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជានៅថ្ងៃទី ០៩ ខែមិនា ឆ្នាំ ១៩៤៥ ជប៉ុនបានធ្វើរដ្ឋប្រហារឥណ្ឌូចិន រួចបានចាត់ទុកសន្ធិសញ្ញា បារាំង ខ្មែរ លាវ យួន ជាមោឃៈ និងបានចាប់ពួក អាជ្ញាធរ បារាំងដាក់គុក ព្រមទាំងប្រកាសឯករាជ្យនៅឥណ្ឌូចិន។ ពេលដែលកងទ័ពជប៉ុនគ្រប់គ្រងនៅប្រទេសកម្ពុជា បណ្ឌិត សឺង ង៉ុក ថាញ់ បានត្រឡប់ចូលស្រុកវិញ ហើយបានធ្វើជាទេសរដ្ឋមន្រ្តីទទួលកិច្ចការបរទេស។ នៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ១៩៤៥ បណ្ឌិត សឺង ង៉ុក ថាញ់ បានឡើងធ្វើជានាយករដ្ឋមន្ត្រី រហូតដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩៤៥ បារាំងបានចូលមកត្រួតត្រាឥណ្ឌូចិនម្តងទៀត ហើយក៏បានចាប់ខ្លួននាយក រដ្ឋមន្ត្រី សឺង ង៉ុក ថាញ់ ទៅដាក់គុកនៅព្រៃនគរ កូសាំងស៊ីន (កម្ពុជាក្រោម) ។ ក្រោយមក បារាំងក៏បាននិរទេស បណ្ឌិត សឺង ង៉ុក ថាញ់ទៅបង្ខាំងទុកនៅ Poitiers ប្រទេសបារាំង ។ រយៈពេលដែលនៅប្រទេសពេលនោះ បណ្ឌិត សឺង ង៉ុក ថាញ់ បានឆ្លៀតរៀនបន្ត រហូតដល់បានប្រលងជាប់បរិញ្ញាប័ត្របណ្ឌិតផ្នែកច្បាប់។ ការបង្កើតសារព័ត៌មាន«ខ្មែរក្រោក»នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ១៩៥១ បណ្ឌិត សឺង ង៉ុក ថាញ់ បានវិលត្រឡប់មកប្រទេសកម្ពុជា ក្រោយពីការនិរទេសខ្លួនទៅនៅប្រទេសបារាំងអស់រយៈពេល ៦ ឆ្នាំ។ ក្រោយពីត្រឡប់ទៅដល់ភ្នំពេញ បណ្ឌិត សឺង ង៉ុក ថាញ់ បានបង្កើតកាសែតមួយដែលមានឈ្មោះថា «ខ្មែរក្រោក» ដោយបានធ្វើការពន្យល់អំពីឈ្មោះកាសែតនេះនៅក្នុងលេខចេញផ្សាយដំបូងថា « យើងដឹងហើយថា ប្រជារាស្ត្រខ្មែរដែលត្រូវបានគេចាក់ថ្នាំសណ្តំអស់រយៈពេលជាយូរមកហើយនោះឡូវនេះដឹងខ្លួនវិញហើយ... ពេលនេះគ្មានឧបសគ្គណាមួយរារាំងការភ្ញាក់រឮកនេះមិនឲ្យវិវត្តទៅមុខបានឡើយ »។ ការចូលរួមជាមួយ «ចលនាខ្មែរឥស្សរៈ»នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ១៩៥២ ដែលជាទិវាខួបលើកទី ៧ នៃពលប្រហាររបស់កងទ័ពជប៉ុន បណ្ឌិត សឺង ង៉ុក ថាញ់ បានភៀសខ្លួនចេញពីរាជធានី ដោយបានយកទៅជាមួយវិទ្យុទាក់ទងមួយគ្រឿង និងរត់ទៅជាមួយបក្សពួកមួយចំនួនតូច ដែលនៅក្នុងនោះមានបញ្ញវន្តឆ្វេង
និយមដ៏ល្បីម្នាក់គឺលោក អៀ ស៊ីចូវ។ ក្នុងរយៈពេលមួយខែ បណ្ឌិត សឺង ង៉ុក ថាញ់ បានចាត់តាំងបញ្ជាការដ្ឋាននៅតាមព្រំដែនថៃ នៅក្នុងតំបន់ភាគខាងជើងនៃខេត្តសៀមរាប ដែលចូលកម្លាំងជាមួយ «ខ្មែរឥស្សរៈ» មួយក្រុមដែលដឹកនាំដោយលោក កៅ តក់ ដើម្បីប្រឆាំងអាណានិគមនិយមបារាំង ។ ការបង្កើត«ចលនាខ្មែរសេរី»ក្រោយពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីបារាំង បណ្ឌិតសឺង ង៉ុក ថាញ់បានត្រឡប់ទៅកម្ពុជាក្រោមវិញនាខែមីនា ឆ្នាំ ១៩៥៧ ហើយបានលក់នូវកេរមត៌កផ្តាល់ខ្លួន ដើម្បីបង្កើតចលនាមួយហៅថា «ចលនាខ្មែរសេរី» ក្នុងគោលបំណង «តស៊ូដើម្បីសេរីភាពខ្មែរក្រោម» ដែលត្រូវបានកំពុងឋិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីយួន ង៉ូ ដិញ យ៉េម នៃរបបសាធារណរដ្ឋយួន និងការ
ឈ្លានពាននៃពួកយួនកុម្មុយនិស្តចូលទឹកដីកម្ពុជាក្រោម។
«ចលនាខ្មែរសេរី» នេះ ត្រូវបានបង្កើតនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩៥៨ជាលើកដំបូងនៅភូមិធំ សង្កាត់ឡុក និញ(Lộc Ninh) ខេត្តនាគគរី(Bình Long) កម្ពុជាក្រោម ដោយមានសមាជិកចូលរួមប្រមាណជា ១៤០ អង្គ និង រូប។ អំពីយុទ្ធសាស្ត្ររបស់ «ចលនាខ្មែរសេរី»ប្រាំខែក្រោយពីបានបង្កើត«ចលនាខ្មែរសេរី» បណ្ឌិត សឺង ង៉ុក ថាញ់ និង សហការីបានបង្កើតមូលដ្ឋានទី ២ ហៅថា មូលដ្ឋាន ខូវណាម សម្រាប់រៀនអំពី គោលនយោបាយ វិជ្ជាយុទ្ធសាស្ត្រ ចារកិច្ច ឃោសនា និង សេដ្ឋកិច្ច។ល។ មូលដ្ឋាននេះមានចម្ងាយពីមូលដ្ឋានភូមិធំ ប្រហែលជា ១០ គីឡូម៉ែត្រនៅខាងទិសពាយព្យ។ ខូវណាម គឺជាឈ្មោះរបស់យុវជនខ្មែរក្រោមមួយរូប ដែលបានស្លាប់បាត់ជីវិតដោយជម្ងឺគ្រុនចាញ់ នៅក្នុងមូលដ្ឋានភូមិធំ ក្រោយពេលបានរៀនវិជ្ជាយុទ្ធសាស្ត្រចប់ភ្លាម។ បណ្ឌិតសឺង ង៉ុកថាញ់ បានប្រសិទ្ធិនាមយុវជនតស៊ូជំនាន់នោះថាសិស្សជំនាន់ខូវណាម និងមូលដ្ឋាន នោះថា មូលដ្ឋានខូវណាម។ ក្រោយមកបណ្ឌិត សឺង ង៉ុក ថាញ់ បានបង្កើតមូលដ្ឋានមួយទៀតនៅទីក្រុងព្រៃនគរ សម្រាប់ហ្វឹកហាត់វិជ្ជាចារកិច្ច ឃោសនាអប់រំ និងបណ្តុះបណ្តាលកម្លាំងស្នូលនៃ«ចលនាខ្មែរសេរី» ដែលមានឈ្មោះថាមូលដ្ឋាន គឹម សេដ្ឋា មានសិស្សប្រមាណ ៥០ រូបដែលស្ម័គ្រចិត្តចូលរៀន។ ក្នុងចំណោមសិស្សទាំងនេះមានសិស្សនារីម្នាក់ឈ្មោះ គឹម សេដ្ឋា ត្រូវបានស្លាប់ក្នុងពេលកំពុងបំពេញសកម្មភាពខាងវិទ្យុ ទើបបណ្ឌិត សឺង ង៉ុក ថាញ់ ជាប្រមុខនៃចលនានេះ បានប្រសិទ្ធិនាមដល់មូលដ្ឋាននេះថាមូលដ្ឋាន គឹម សេដ្ឋា និងសិស្សជំនាន់នោះថា សិស្សជំនាន់ គឹម សេដ្ឋា។មូលដ្ឋាន គឹម សេដ្ឋា គឺជាមូលដ្ឋាននយោបាយខាងធ្វើសង្គ្រាម ដែលបុគ្គលិកជំនាន់នោះបានចុះទៅគ្រប់ខេត្តទាំងអស់នៅដែនដីកម្ពុជាក្រោម ជាពិសេស នៅតំបន់តាមបណ្តោយជាយដែនកម្ពុជា និងកម្ពុជាក្រោម ដើម្បីបណ្តុះបណ្តាលកម្លាំងចលនាខ្មែរសេរីស្នូល។ ចលនាខ្មែរសេរីមានសកម្មភាពរីកឆាប់រហ័ស ណាស់ ដោយបានផ្សព្វផ្សាយសកម្មភាពរបស់ខ្លួនពាសពេញកម្ពុជាក្រោម រហូតឆ្លងចូលដល់ប្រទេសកម្ពុជាទៀតបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរនៅកម្ពុជាមួយចំនួនធំ ភាគច្រើនជាមិត្តភក្តិរបស់លោក បានភៀសខ្លួនពីកម្ពុជាទៅកម្ពុជាក្រោម ដើម្បីរួមសហការជាមួយលោក ក្នុងការជួយបង្រៀនវិជ្ជាភូមិសាស្រ្ត ប្រវត្តិសាស្ត្រប្រវត្តិតស៊ូ និងអប់រំវិន័យទ័ព។ល។ អំពីសង្រ្គាមនៅវៀតណាមចាប់ពីឆ្នាំ ១៩៥៤ ដល់ឆ្នាំ ១៩៧៥ គឺជារយៈពេលមួយដែលឥណ្ឌូចិន ក្នុងនោះមានកម្ពុជាក្រោមផងដែរ ត្រូវបានឋិតនៅក្នុងភ្លើងសង្គ្រាម។ នេះគឺជាសង្គ្រាម ដែលបានកើតឡើងដោយភាគីទាំងពីរ ដែលមានភាគី សាធារណរដ្ឋវៀតណាម (Viet Nam Cong Hoa) និងសហរដ្ឋអាមេរិកនៅវៀតណាមខាងត្បូង (កម្ពុជាក្រោម) រួមជាមួយក្រុមសម្ព័ន្ធមិត្តនៃប្រទេសមួយចំនួនផ្សេងទៀតមានដូចជាអូស្ត្រាលី New Zealand កូរ៉េ ថៃឡង់ និងភីលីភីន ដែលបានចូលរួមផ្ទាល់ ភភាគីម្ខាងទៀតគឺ សាធារណរដ្ឋប្រជាធិបតេយ្យយួន (Việt Nam Dân Chủ Công Hòa) នៅវៀតណាមខាងជើង ក្រោមការដឹកនាំរបស់គណៈបក្ស ពលកម្មវៀតណាម (ឈ្មោះ បក្សកុម្មុយនិស្តយួន ក្នុងសម័យសង្គ្រាមឥណ្ឌូចិន) រួមជាមួយក្រុមបក្សកុម្មុយនិស្តនៅខាងវវៀតណាមខាងត្បូង (កម្ពុជាក្រោម) ហើយមានការគាំទ្រពីប្រទេសសង្គមនិយម (កុម្មុយនិស្ត) មួយចំនួន ជាពិសេសគឺ សូវៀត និងចិន ។ សង្គ្រាមនេះ ពិតមែនតែគេហៅថា
«សង្គ្រាមនៅវៀតណាម» តែវាត្រូវបានរាលដាលទូទាំងតំបន់ឥណ្ឌូចិន ក្នុងនោះ ប្រទេសលាវ និងកម្ពុជា ត្រូវបានចូលរួមនៅក្នុងសង្គ្រាមនេះដែរ ។ ហេតុនេះហើយ បានជាគេចាត់ទុកសង្គ្រាមនេះ គឺជាសង្គ្រាមឥណ្ឌូចិនលើកទីពីរ ។ ការបង្កើតកងកម្លាំងពិសេសខ្មែរក្នុងពេលដែលឥណ្ឌូចិនកំពុងតែឋិតនៅក្នុងភ្លើងសង្គ្រាម លើកទី ២ ដែនដីកម្ពុជាក្រោមត្រូវបានឋិតនៅក្រោមការត្រួរត្រារបស់រដ្ឋាភិបាលសាធារណរដ្ឋវៀតណាម ហើយមានការប្រទាញប្រទង់សង្គ្រាមផ្ទៃក្នុងនៃជនជាតិយួន (សេរី និង កុម្មុយនិស្ត) ខណៈនោះ ខ្មែរក្រោម ម្ចាស់ស្រុកជាច្រើនរួមទាំង ព្រះសង្ឃផង ត្រូវបានរបបសាធារណរដ្ឋវៀតណាម ចាប់ផ្សឹកឲ្យទៅធ្វើជាទាហានកំណែន ខ្មែរក្រោមខ្លះចាញ់បោកយួនកម្មុយនិស្ត ក៏ចូលទៅបំរើឲ្យកងទ័ពរបស់យៀកកុង ដើម្បីប្រឆាំងរបបសាធារណរដ្ឋយួន និងអាមេរិកកាំង។ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៦៣ បណ្ឌិត សឺង ង៉ុក ថាញ់ និងសហ ការីរបស់លោក បានបង្កើតកងកម្លាំងពិសេសខ្មែរនៅមណ្ឌលឡុកនិញ។បន្ទាប់មក កងទ័ពនៃកងកម្លាំងពិសេសខ្មែរ ត្រូវបានដាក់ពង្រាយនៅតាមបណ្តោយព្រំដែនប្រទេសកម្ពុជា និងកម្ពុជាក្រោម (វៀតណាម ខាងត្បូង) សហការជាមួយកងកម្លាំងសម្ព័ន្ធមិត្តរងចាំស្ទាក់ប្រហារពួកកងទ័ពយៀងកុងចូលទឹកដីកម្ពុជា។ កងកម្លាំងពិសេសខ្មែរ មានសហរដ្ឋអាមេរិកជាទីប្រឹក្សា មិនមែនជាទាហាន កំណែនរបស់យួនសេរី នៃរដ្ឋការសាធារណរដ្ឋយួនឡើយ។ គោលជំហររបស់កងកម្លាំងពិសេសខ្មែរ គឺប្រឆាំងនឹងយួនកុម្មុយនិស្ត ដែលចូលឈ្លានពានទឹកដីកម្ពុជាក្រោម និងកម្ពុជាកណ្តាល មិនមែនប្រឆាំងសម្តេច នរោត្តម សីហនុ ឡើយ (សម័យនោះ សម្តេច នរោត្តម សីហនុ បានផ្តល់ឱកាសឲ្យពួកយៀកកុង យកទឹកដីកម្ពុជា ធ្វើជាទីតាំងសម្រាប់វាយកងទ័ពអាមេរិកកាំង និងបានផ្តល់ស្បៀងអាហារជាដើម ដល់កងទ័ពយៀកកុង)។ ទាហានរបស់កងកម្លាំងពិសេសខ្មែរដែលបានពលីជីវិតរួមមានដោយជម្ងឺ
ដោយប្រយុទ្ធជាមួយកងទ័ពយួន![]()
ដោយខ្មាំងលបសម្លាប់
យុទ្ធជនដែលបានពលីជីវិតនៅប្រទេសកម្ពុជា
យុទ្ធជនដែលបានបាត់ខ្លួន
ក្រៅពីនេះនៅមានយុទ្ធជនចលនាពិសេសខ្មែរជាច្រើនរូបទៀត ដែលត្រូវ បានពលីជីវិតក្នុងពេល បំពេញបេសកម្មបំរើជាតិ ។
ការឡើងធ្វើនាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជាលើកទី ២នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ទីក្រុងភ្នំពេញ សភាទាំងពីរ និងរដ្ឋាភិបាលស្រោចស្រង់ជាតិ បានសម្រេចជាឯកច្ឆន្ទទម្លាក់ស្តេចសីហនុចេញពីតំណែង ប្រមុខរដ្ឋខ្មែរ ដោយលោកសេនាប្រមុខលន់នល់ ។ ការទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីតំណែងសម័យនោះ ត្រូវបានគេមើលឃើញថា ដោយស្តេចសីហនុ បានគាំទ្រវៀតកុងុង និងចិនប៉ែកាំង ដោយឲ្យយួនកម្មុយនិស្តយកទឹកដីប្រទេសកម្ពុជា ធ្វើជាទីតាំងសមរភូមិប្រយុទ្ធ ជាមួយយួនខាងត្បូង និងអាមេរិកកាំង។ ក្រោយពីទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីតំណែងប្រទេសកម្ពុជាបានប្តូរឈ្មោះទៅជាសាធារណរដ្ឋខ្មែរ ហើយរបបថ្មីមួយនេះ ត្រូវបានតាំងនៅក្នុងប្រទេសកម្ពុជា
ចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ដល់ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥។ ថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៧២ បណ្ឌិត សឺង ង៉ុក ថាញ់ បានឡើងធ្វើជានាយករដ្ឋមន្ត្រីម្តងទៀតនៅក្នុងរបបសាធារណរដ្ឋខ្មែរនៃប្រទេសកម្ពុជា។ សមសភាពរដ្ឋាភិបាលរបស់លោក នាពេលនោះ រួមមាន រដ្ឋមន្ត្រីទី ១ មួយរូប ទេសរដ្ឋមន្ត្រី ៥ រូបរដ្ឋមន្ត្រី ១១ ហើយរូបលោកផ្ទាល់ត្រូវបានបំពេញតួនាទីជារដ្ឋមន្ត្រីទី ១ ផង និង រដ្ឋមន្ត្រីក្រសួងការបរទេសផង។ ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ១៩៧២ បណ្ឌិត សឺង ង៉ុក ថាញ់ បានសុំលាចេញពីតំណែងនៃរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ហើយបានវិលត្រឡប់មករស់នៅ
កម្ពុជាក្រោមវិញ។ អវសានជីវិតអវសានជីវិតរបស់ បណ្ឌិត សឺង ង៉ុក ថាញ់ គឺនៅក្នុងគុកបក្សកុម្មុយនិស្តយួន។ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ យួនកុម្មុយនិស្តខាងជើងបានទទួលជ័យជំនះ
លើរបបយួនសេរីភាគខាងត្បូង ពួកគេបានចូលធ្វើអាណានិគមលើជនជាតិដើមខ្មែរក្រោម ជំនួសយួនសេរីវិញ ។ យោងតាម លិខិតជូនដំណឹងមរណៈ មួយ ច្បាប់ចេញពីក្រសួងមហាផ្ទៃបក្សកុម្មុយនិស្តយួន ជូនដល់ក្រុមគ្រួសារបណ្ឌិត សឺង ង៉ុក ថាញ់ ចុះថ្ងៃទី ០៨ ខែកក្ដដា ឆ្នាំ ១៩៧៧ ថា បណ្ឌិត សឺង ង៉ុក ថាញ់ត្រូវបានចាប់ខ្លួនថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ១៩៧៥ ចោទពីទោសធ្វើនាយករដ្ឋមន្ត្រីនៅកម្ពុជា ស្លាប់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ១៩៧៧ វេលាម៉ោង ១១ និង ៤០ នាទី ក្នុងគុកជីវ៉ា ( Trại Cải Tạo Chí Hòa ) នៅអាយុ ៦៩ ឆ្នាំ។ សូមបញ្ជាក់ថា បណ្ឌិត សឺង ង៉ុក ថាញ់ កើតក្នុងឆ្នាំ ១៩០៥ តែថ្ងៃខែឆ្នាំជាផ្លូវការគឺថ្ងៃទី ០៧ ខែធ្នូ ១៩០៨៕ ឯកសារយោង
|
Portal di Ensiklopedia Dunia