សូ សាវឿន
អ្នកស្រីសូ-សាវឿន (កើត ១ មិថុនា ១៩៤៥-បច្ចុប្បន្ន) ជាតារាចម្រៀងខ្មែរមួយរូបដែលមានកេរ្តិ៍ឈ្មោះក្នុងសម័យមុនអាពត។ ជីវប្រវត្តិសង្ខេបអ្នកស្រីសូ-សាវឿន ជាអតីតអ្នកចម្រៀងដ៏មានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងប្រទេសកម្ពុជា កាលពីអំឡុងទសវត្សរ៍ទី៦០និងដើមទសវត្សរ៍ទី៧០។ អ្នកស្រីកើតនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ១៩៤៥ ក្នុងឃុំបឹងងោក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ឪពុកឈ្មោះសូ-ប៉ុក ជាទាហានសម័យខ្មែរឥស្សរៈ ម្តាយឈ្មោះតាត-វិល។ អ្នកស្រីមានបងប្អូនបង្កើតតែ២នាក់ប៉ុណ្ណោះ។ អ្នកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកកែវ-ឯម ដែលជាតន្រ្តីករដ៏ល្បីម្នាក់ប្រចាំក្រុមតន្រ្តីយោធាភិរម្យ។ អ្នកទាំងពីរទទួលបានចំណងដៃបុត្របីនាក់ក្នុងនោះមានស្រី ១ នាក់ និង ប្រុស ២ នាក់ ។ ក្នុងសម័យប៉ុលពត គឺនៅចុងឆ្នាំ១៩៧៦ អ្នកស្រីមានភ័ព្វសំណាងបានភៀសខ្លួនពីមាតុភូមិទៅរស់នៅប្រទេសបារាំង។ សព្វថ្ងៃនេះ អ្នកស្រីសូ-សាវឿន កំពុងរស់នៅទីក្រុងប៉ារីស ប្រទេសបារាំង។
![]() ជីវិតសិល្បៈ និង ស្នាដៃអ្នកស្រីបានចាកចេញពីស្រុកកំណើតមករស់នៅទីក្រុងភ្នំពេញជាមួយឪពុកធំដែលនៅដំណាក់លោកឃុន តាត។ ដើមឡើយ អ្នកស្រីបានចូលច្រៀងនៅក្នុងក្រុមល្ខោនផ្សារស៊ីលិប។ លុះក្រោយមក លោក កែវ ឯម ដែលត្រូវជាស្វាមីអ្នកស្រីបានមកឃើញអ្នកស្រីច្រៀងហើយចាប់អារម្មណ៍ពេញចិត្តចំពោះទឹកដមសម្លេងរបស់អ្នកស្រីក៍បានយកអ្នកស្រីមកបង្ហាត់បង្រៀនឱ្យចេះច្រៀងរហូតទាល់តែមានឈ្មោះបោះសម្លេងទទួលការគាំទ្រពីសំណាក់មហាជន។ កាលពីសម័យទៅដល់សង្គមរាស្រ្តនិយម អ្នកស្រីសូ សាវឿន បានច្រៀងនៅក្នុងក្រុមតន្រ្តីយោធាភិរម្យដង្ហែអង្គព្រះករុណាដំណាលនឹងអ្នកចម្រៀងស្រីដទៃទៀតដូចជា អ្នកម្នាងសៀង ឌី, អ្នកស្រីម៉ៅ សារ៉េត ,អ្នកស្រីឈុន វណ្ណា និងអ្នកស្រីឈួន ម៉ាឡៃ។ គេតែងឃើញវត្តមានអ្នកស្រីឡើងច្រៀងជាកិត្តិយសក្នុងការប្រគំតន្រ្តីរបស់ក្រុមយោធាភិរម្យនៅពេលសមាជជាតិនៅវាលមេរុម្ដងៗ ដែលមាន កវីសេកមាសម៉ា ឡៅពី ជាអ្នកធ្វើអត្ថាធិប្បាយយ៉ាងពិរោះរណ្ដំ។ អ្នកស្រីសូ សាវឿនត្រូវបានកវីសេកមាសម៉ា ឡៅពីប្រសិទ្ធិនាមឱ្យថាជាតារាចម្រៀងសម្លេងរៃកណ្ដឹង ដោយសារអ្នកស្រីមានអំណោយផលទឹកដមសម្លេងពិរោះគ្រលួចស្រួយស្រេះដែលពិបាកឱ្យអ្នកចម្រៀងដទៃទៀតត្រាប់តាមអ្នកស្រី ។ គួរបព្ជាក់ផងដែរថា អ្នកស្រីសូ សាវឿន ជាតារាចម្រៀងដំបូងបង្អស់ដែលច្រៀងបទចង្វាក់សារ៉ាវ៉ាន់នៅប្រទេសកម្ពុជាគឺបទឱពពេជចៀប ដែលជាស្នាដៃនិពន្ធរបស់កវីវ៉ែន សុនថតផ្សាយដោយក្រុមតន្រ្តី រាជតម្រួតភិរម្យ នៅពេលដង្ហែព្រះករុណាព្រះប្រមុខរដ្ឋទៅដល់ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។កវីដែលធ្លាប់និពន្ធបទចម្រៀងឱ្យតារាចម្រៀងរៃកណ្ដឹងរូបនេះមានដូចជាកវីម៉ា ឡៅពី,កវីគង្គ ប៊ុនឈឿន,កវីវ៉ែន សុន,កវីស្វាយ សំអឿ ជាដើម។ទន្ទឹមនឹងជោគជ័យក្នុងអាជីពជាតារាចម្រៀង អ្នកស្រីសូ សាវឿន ធ្លាប់បានចូលរួមសម្ដែងជាតារាកិត្តិយសក្នុងរឿងស្លៀកខ្យល់ដណ្ដប់មេឃ របស់ផលិតកម្មឃ្លាំងមឿងភាពយន្តដែលដឹកនាំរឿងដោយលោកគង្គ ប៊ុនឈឿន ដាក់បញ្ចាំងនៅឆ្នាំ១៩៧៤ និងរឿងមួយទៀតគឺរឿងមុខមួយភ្នែកបួន របស់ផលិតកម្មឃ្លាំងមឿងភាពយន្តដែលដឹកនាំរឿងដោយលោកគង្គ ប៊ុនឈឿនដដែលតែរឿងនេះមិនទាន់បានបញ្ចាំងនៅឡើយទេ ព្រឹត្តិការណ៍ថ្ងៃទី១៧ មេសា ១៩៧៥ បានចូលមកដល់។ដោយឡែកក្រោយពេលដែលអ្នកស្រីភៀសខ្លួនទៅរស់នៅប្រទេសបារាំង អ្នកស្រីបានចាប់អាជីពជាតារាចម្រៀងឡើងវិញបំពេរអារម្មណ៍អាណិកជនខ្មែរគ្រប់រូបដែលរស់នៅទីនោះគឺនៅឆ្នាំ១៩៧៨ ពីរឆ្នាំក្រោយពេលទៅដល់ទីនោះ។ លុះដល់ឆ្នាំ១៩៨២ ទើបអ្នកស្រីចូលច្រៀងតាមភោជនីយដ្ឋាន និង កម្មវិធីប្រគំតន្រ្តីនានានៅក្នុងទីក្រុងប៉ារីស។ ក្រោយរបបប៉ុលពតដួលរលំ អ្នកស្រីសូ សាវឿនបានមកប្រទេសកម្ពុជាជាលើកដំបូងនៅឆ្នាំ១៩៨៦ នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក។ បទចម្រៀងល្បីៗរបស់អ្នកស្រីសូ សាវឿន មានដូចជាបទ៖ បទចម្រៀងទោល(បទមនោសញ្ចេតនា)
បទចម្រៀងទោល(បទប្រជាប្រិយ)
បទចម្រៀងឆ្លងឆ្លើយ
ឯកសារយោង |
Portal di Ensiklopedia Dunia