សំនៀងខ្សែដៀវខ្សែដៀវផ្ទាត់ឮរន្ទឺឆ្លងភូមិ ប្រលែងប្រលោមអន្ទងអារម្មណ៍ សំនៀងទឹកដមពិរោះរងំ គ្រប់គ្នាសំងំស្តាប់សៀងខ្សែដៀវ។ ផ្លិកផ្លក់ភ្លិងភ្លង់អោយលង់ទ័យា តន្ត្រីរមនាផ្ទាត់សារច្រៀងនាវ ហាកចម្រៀងទុំស្មូត្រផ្ញើស្រីទាវ សំនៀងខ្សែដៀវនាវចិត្តលង់ស្នេហ៍។ សព្ទសៀងស្រទន់សណ្តំកាមា ពិរោះសោតាឧិរាល្ហើយល្ហែ អនិច្ចាថ្ងៃថ្មីខេមរាយើងប្រែ បោះខ្សែដៀវបែរឆក់ភ្លេងបរទេស។ ជាតិគេរក្សាអត្តសញ្ញាណ ខ្មែរយើងវឹងថ្កានប្រាណលង់ទ្រនេស(១) សម្បត្តិដូនតាអាត្មាបែរធ្វេស តន្ត្រីបរទេសទើបមានតម្លៃ។ ខ្សែដៀវអាណិតធាតុពិតខេមរា ធ្លាប់មានសក្តាអស្ចារ្យស្កឹមស្កៃ ហេតុអីបុត្រខ្មែរបង្អាប់ស្មើដី រួចផ្តល់តម្លៃបរទេសស្មើមេឃ? ខ្សែដៀវនាវចិត្តអស់បុត្រខេមរា ឧិ!បុត្រធិតាគប្បីត្រងត្រេក រក្សាសម្បត្តិជាតិយើងល្អឯក ទោះបរទេសប្លែក សូមកុំជាន់ខ្លួនឯង!!!
លង់ទ្រនេស៖ លង់ + ទ្រនេស ទ្រនេស មកពីពាក្យ ទ្រនេសធ្វំ ទ្រនំធ្វេស លង់ទ្រនេស មានន័យថា ដេកលង់ក្នុងក្តីធ្វេសប្រហែស
|
Portal di Ensiklopedia Dunia