អាឡិចសាន់ដឺ ហ្យូដូរ៉ូវីច ឃេរិនស្គី (ភាសារុស្ស៊ី៖ Алекса́ндр Фёдорович Ке́ренский, ភាសាអង់គ្លេស៖ Alexander Fyodorovich Kerensky) គឺជាមេធាវី និងអ្នកបដិវត្តន៍ជាតិរុស្ស៊ីម្នាក់ដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងបដិវត្តន៍រុស្ស៊ីក្នុងឆ្នាំ១៩១៧។ បន្ទាប់ពីបដិវត្តន៍ខែកុម្ភៈត្រូវបានបញ្ចប់, លោកបានចុះចូលជាមួយរដ្ឋាភិបាលបណ្តោះអាសន្នរុស្ស៊ីដែលទើបនឹងបង្កើតថ្មី, ដំបូងលោកបានចូលធ្វើជារដ្ឋមន្រ្តីនៃក្រសួងយុត្តិធម៌, បន្ទាប់មកជារដ្ឋមន្រ្តីក្រសួងចម្បាំង និងក្រោយពីខែកក្កដា លោកបានក្លាយជារដ្ឋមន្រ្តី-ប្រធានទីពីររបស់រដ្ឋាភិបាល។ ឃេរិនស្គីក៏ជាមេដឹកនាំទ្រូដូវីក (ក្រុមសង្គមនិយមមជ្ឈន្តិក) ផងដែរ និងជាអនុប្រធាននៃក្រុមប្រឹក្សាសូវៀតពេតូក្រាត។ នៅថ្ងៃទី៧ ខែវិច្ឆិកា, រដ្ឋាភិបាលរបស់លោកត្រូវបានផ្តួលរលំដោយបក្សបុលសេវិកដែលដឹកនាំដោយលេនីនក្នុងបដិវត្តន៍ខែតុលា។ ក្រោយៗមក លោកក៏បាននិរទេសទៅរស់នៅទីក្រុងប៉ារីស ហើយក្រោយមកនៅទីក្រុងញូវយ៉កអស់មួយជីវិតរបស់លោក។