ឧកញ៉ាព្រះឃ្លាំងនងឧកញ៉ា ព្រះឃ្លាំងនង អ្នកនិពន្ធខ្មែរ ស.វទី១៨ (ឧកញ៉ា គឺជាស័ក ព្រះឃ្លាំង គឺជាងារ (តំណែង) និង នង គឺជាឈ្មោះគាត់ ) ។ ប្រវត្តិតាមឯកសារខ្លះ មានព្រះរាជពង្សាវតារនៃប្រទេសកម្ពុជា និងឯកសារបរទេសខ្លះបានពោលត្រួសៗនូវជីវប្រវត្តិនៃអ្នកនិពន្ធរូបនេះ។ អ្នកឧកញ៉ា ពិទូឈឹមក្រសេមបានពោលថា ឧកញ៉ាវង្សា ពេជ្ញ នង ជាប្អូនបង្កើតរបស់ព្រះមាតានៃព្រះបាទនរោត្ដម។ ប្រវត្តិសិក្សាឧកញ៉ា ព្រះឃ្លាំងនង បានបួសរៀនបរិយត្តិធម៌ដែរ តែមិនឃើញមានឯកសារណានិយាយបញ្ជាក់ឲច្បាស់ថាលោកបានសិក្សាដល់ថ្នាក់ណានោះទេ។ ព្រះឃ្លាំងនងដែលស្ថិតក្នុងភាពជាភិក្ខុ បានធ្វើជាចៅអធិការវត្តចតុទិសក្រុងឧត្តុង្គ។ លោកបានទទួលសមណសក្តិជា មហាព្រហ្មមុនី។ នៅពេលដែលលោកបានទទួលសមណសក្តិ លោកបានធ្វើជាព្រះរាជគ្រូនៃព្រះរាជបុត្ររបស់ សម្តេចព្រះនរាយណ៍រាមាធិបតី ៤ព្រះអង្គគឺ ព្រះអង្គចន្ទ ព្រះអង្គស្ងូន ព្រះអង្គអឹម និងព្រះអង្គឌួង។ លោកមិនត្រឹមតែជាគ្រូប៉ុណ្ណោះទេ ថែមទាំងបានធ្វើជាព្រះរាជឧបជ្ឈាយ៍បំបួសព្រះអង្គឌួង ជាសាមណេរនៅឆ្នាំមមែ ត្រីស័ក គ.ស១៨១០។ នៅឆ្នាំវក ចត្វាស័ក គ.ស១៨១១ ព្រះអង្គអឹម និងព្រះអង្គឌួងយាងទៅបាងកក ព្រះមហាព្រហ្មមុនីនង បាននិមន្តជូនដំណើរព្រះរាជបុត្រា ទាំង២ ហើយគង់នៅបាងកកជាមួយព្រះបុត្រាទាំង២រហូតដល់ត្រលប់មកវិញ លោកក៏និមន្តត្រលប់មកវិញដែរ។ លោកមកគង់នៅស្រុកមង្គលបុរី ខេត្តបាត់ដំបង។ លោកមិនដឹងជាចាក សិក្ខាបទនៅឆ្នាំណានោះទេ តែនៅក្នុងពង្សាវតារក្រុងកម្ពុជាធិបតី ឃើញមានងារ មហាព្រហ្មមុនី បានទៅលើភិក្ខុ១អង្គផ្សេងទៀតព្រះនាម ភិក្ខុ ម៉ា(ម៉ាង?)នៅឆ្នាំខាល ឆស័ក គ.ស១៨៥៤។
ប្រវត្តិការងារបេសកកម្មនៅឆ្នាំវក ទោស័ក គ.ស១៨៦០ ស្តេចនរោត្ដមបានបញ្ជាឲឧកញ៉ាព្រះឃ្លាំងនង ដែលក្នុងងារជាឧកញ៉ាធិរាជមន្ត្រី។ ធើ្វជាប្រតិភូជាមួយឧកញ៉ាស្រីធម្មរាជ ហែម និងឧកញ៉ាសន្ធររចនា សៅ ឲទៅបាងកក ដើម្បីនាំរាជសារក្រាបបង្គំទូលព្រះចៅ ចមក្លាវ អំពីការចូលទីវង្គតនៃព្រះអង្គឌួង។ ងារស័កកាលនៅភិក្ខុ ឧកញ៉ា ព្រះឃ្លាំងនងបានធើ្វជាចៅអធិការវត្តចតុទិស, ឧត្តុង្គ។
កាលនៅជាគ្រហស្ថ មានងារស័ក៖
ស្នាដៃឧកញ៉ា ព្រះឃាំ្លងនង ជាកវីឯកនៅក្នុងរាជព្រះអង្គអេង និងព្រះអង្គចន្ទ។ ពិតមែនតែលោកជាកវីនៅសម័យនោះ តែស្នាដៃរបស់លោកមានកេរ្តិ៍ឈ្មោះល្បីសុះសាយមកក្នុងរាជកាលស្តេច ហរិរក្សរាមាឥស្សារាធិបតីព្រះអង្គឌួង។ លោកបានផ្ចិតផ្ចង់រៀបរៀងខាងអក្សរសាស្រ្តជាច្រើនរហូតដល់បានឡើងងារជាឧកញ៉ា ព្រះឃ្លាំង គឺងារជាក្រុមព្រះរាជបណ្ឌិត ហើយលោកក៏ជាកវី របស់ស្តេចផងដែរ។ ស្នាដៃរបស់លោកដែលឆើតខាងអក្សរសាស្ត្រមានច្រើន។ ឧកញ៉ា ព្រះឃ្លាំងនង បានបន្សល់ទុកនូវស្នាដៃរបស់លោកដែលយើងបានរកឃើញគឺ៖ ច្បាប់សុភាសិត គ.ស១៧៩០ លោបនេយ្យជាត៌ក គ.ស១៧៩៤ ប៉ុញ្ញាសាសិរសារ គ.ស១៧៩៧ ភោគកុលកុមារ គ.ស១៨០៤ វរនុជវរនេត្រ គ.ស១៨០៦ ព្រះសមុទ្រ គ.ស១៨០៨ ពង្សាវតារ គ.ស១៨១៨ ឯកសារពិគ្រោះក្នុងអត្ថបទស្រង់ចេញពីសៀវភៅ ឧកញ៉ាព្រះឃាំ្លងនង អ្នកនិពន្ធខ្មែរ ជីវប្រវត្តិនិងស្នាដៃ បោះពុម្ពដោយបណ្ណាគារ សេង ងួនហួត ឯកសារយោងសៀងភៅ ជីវប្រវត្តិអ្នកនិពន្ធខ្មែរ, ជ័យ ចាប, ១៩៨៨ |
Portal di Ensiklopedia Dunia