សំណួរដែលសួរជារឿយៗ(FAQ)អំពីរបៀបកែប្រែទំព័រ
edit
|
ទំព័រដើម
|
- Q:តើធនធានប្រវត្តិសាស្រ្តនៅកម្ពុជាមានអ្វីខ្លះ?
- A:
|
តើវិគីភីឌាខ្មែរជាអ្វី?
វិគីភីឌាខ្មែរ គឺជាសព្វវចនានុក្រមជាភាសាខ្មែរដំបូងគេបង្អស់ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បានដោយសេរី គ្រប់ពេលវេលា គ្រប់ទីកន្លែងនៅលើប្រព័ន្ធអ៊ិនធឺណេត ហើយត្រូវបានសរសេរឡើងដោយការសហការរួមគ្នានៃអ្នកអានទាំងអស់ រួមទាំងអ្នកផង។ អត្ថបទទាំងឡាយនៃវិគីភីឌាខ្មែរត្រូវបានកែលំអជាប្រចាំដោយការរួមចំណែកនៃមនុស្សជាច្រើន។ អ្នកអាចដឹងអំពីបំលាស់ប្តូរថ្មីៗជាទូទៅទាំងមូលនៅក្នុងវិគីភីឌាខ្មែរដោយចុចលើបំលាស់ប្តូរថ្មីៗ និងបំលាស់ប្តូរនៃទំព័រអត្ថបទនីមួយៗដោយចុចលើប្រវត្តិ នៃទំព័រអត្ថបទនោះ។
អ្នកណា ក៏អាចកែបានលើទំព័រនានានៃវិគីភីឌាខ្មែរដែរ ហើយយើងក៏ជំរុញលើកទឹកចិត្តអ្នកយ៉ាងខ្លាំង ឲ្យមានសេចក្តីក្លាហានក្នុងការកែ។ សូមអ្នកសាកល្បងរកនូវចំណុចខ្វះខាតនានាលើទំព័រផ្សេងៗ ហើយសូមកែនូវចំណុចខ្វះខាតទាំងនោះដោយរួមមានដូចជាខ្លឹមសារ អក្ខរាវិរុទ្ធ វេយ្យាករណ៍ ទម្រង់នៃទំព័រ និងអ្វីៗផ្សេងទៀតដែលអ្នកយល់ថាត្រូវការកែលំអជាចាំបាច់។ ក្នុងការកែទំព័រផ្សេងៗក្នុងវិគីភីឌាខ្មែរ ត្រូវចាំបាច់ធ្វើឡើងក្នុងលក្ខណៈអភិវឌ្ឍន៍ ស្ថាបនាធ្វើឲ្យប្រសើរឡើង។ ចំពោះការកែដោយមិនត្រឹមត្រូវនៅលើទំព័រណាមួយ នឹងត្រូវបានលុបចោល ហើយជនណាដែលប្រព្រឹត្តល្មើសបែបនេះជាញឹកញាប់នឹងត្រូវបានហាមឃាត់មិនឲ្យចូលវិគីភីឌាខ្មែរជាលើកទី២ឡើយ។
រាល់ការកែរបស់អ្នក នឹងមិនអាចធ្វើឲ្យខូចដល់វិគីភីឌាខ្មែរទេ ព្រោះរាល់អ្វីៗទាំងអស់អាចធ្វើការស្តារមកវិញបាន។ ហេតុដូចនេះហើយ សូមអ្នកកុំរួញរាក្នុងការកែអត្ថបទណាមួយ ដើម្បីធ្វើឲ្យវិគីភីឌាខ្មែរ ក្លាយជាប្រភពនៃព័ត៌មានដ៏សម្បូរបែប សម្រាប់ជនជាតិខ្មែរយើងទាំងអស់គ្នា។
ប្រសិនបើអ្នកមានបញ្ហាអ្វីផ្សេងទៀត ឬត្រូវការជំនួយ សូមទាក់ទងជាមួយអ្នកអភិបាលវិគីភីឌាខ្មែរ។
ស្វែងយល់បន្ថែមអំពីវិគីភីឌា
តើវិគីភីឌាខ្មែរជារបស់អ្នកណា?
វិគីភីឌាខ្មែរជារបស់កូនខ្មែរទាំងអស់គ្នា។ វាមិនមែនជារបស់បុគ្គលណាម្នាក់ឡើយ។
តើវិគីភីឌាខ្មែរមានច្បាប់អ្វីខ្លះ?
សូមចូលមើលច្បាប់របស់វិគីភីឌា
តើហេតុអ្វីខ្ញុំចាំបាច់ចូលរួមចំណែកក្នុងវិគីភីឌាខ្មែរ?
ការចូលរួមចំណែកក្នុងវិគីភីឌាខ្មែរ ផ្តល់នូវផលប្រយោជន៍ជាច្រើនដូចជា៖
- ការសរសេរអត្ថបទដោយសេរីទៅតាមចំណង់ចំណូលចិត្ត
- ពោរពេញដោយការសប្បាយ
- គ្មានរឿងធុញទ្រាន់
- ជាការអប់រំ ធ្វើឲ្យអ្នករីកចម្រើននូវចំណេះដឹងផ្សេងៗ
- ដើម្បីសង្គម ដើម្បីកូនខ្មែរទាំងអស់ ទាំងពេលបច្ចុប្បន្ននិងទៅអនាគត
- អ្នកនឹងក្លាយជាបុគ្គលម្នាក់ដែលជួយស្ថាបនា អភិវឌ្ឍន៍សព្វវចនានុក្រមខ្មែរដែលផ្តល់ឲ្យនូវការប្រើប្រាស់ដោយសេរី ដល់មនុស្សទូទៅ
- អ្នកអាចកែប្រែអត្ថបទភ្លាមៗ ដោយមិនចាំបាច់សុំការអនុញ្ញាត តែក្នុងលក្ខណៈស្ថាបនា ឲ្យកាន់តែល្អប្រសើរ
- វិគីភីឌាខ្មែរមានលក្ខណៈរស់រវើក រាល់កំណែប្រែរបស់អ្នកនឹងបង្ហាញឲ្យឃើញភ្លាមៗ
- ជាកន្លែងចែករំលែកនូវចំណេះដឹង ជាពិសេសអ្នកនឹងអាចទទួលការផ្តល់យោបល់ភ្លាមៗអំពីសំណេររបស់អ្នក
- បង្កើតទំនាក់ទំនងជាមួយសមាជិកដទៃទៀត
- ជាកន្លែងបណ្តុះនូវគំនិត
- ជាកន្លែងរៀនធ្វើការដែលមានប្រយោជន៍សម្រាប់សង្គម
- រៀនធ្វើអំពើល្អ
- អ្នកនឹងទទួលបានផលមកវិញនូវអ្វីៗដែលអ្នកបានចែករំលែក
- វិគីភីឌាខ្មែរគឺជារបស់អ្នក
- ជាកន្លែងហ្វឹកហាត់សរសេរអត្ថបទដោយអព្យាក្រឹត្យ គ្មានលំអៀង ព្រោះអ្នកអាចរៀនស្តាប់ និងទទួលនូវយោបល់ផ្សេងៗរបស់អ្នកដទៃ
- វិគីភីឌាខ្មែរគឺសហគមន៍មួយដែលផ្តល់ប្រយាជន៍លើសលុបដល់សង្គម; រៀនធ្វើការនៅទីនេះនឹងផ្តល់បទពិសោធន៍ដ៏មានតម្លៃ សម្រាប់ធ្វើការនៅកន្លែងផ្សេងទៀត
- អ្វីដែលសំខាន់បំផុតនោះ គឺ យើងតែងតែលឺកូនខ្មែរម្នាក់ៗថាស្រលាញ់ជាតិ ចង់ជួយជាតិ ចង់ឲ្យជាតិរីកចម្រើន នេះហើយជាកន្លែងជួយជាតិដោយផ្តើមចេញពីការងារតូចតាច តាមរយៈការជួយសរសេរអត្ថបទមួយ ឬពីរ។
តើខ្ញុំអាចចូលរួមចំណែកក្នុងវិគីភីឌាខ្មែរដោយវិធីណា?
គោលបំណងសំខាន់របស់វិគីភីឌាខ្មែរគឺ ប្រមូលផ្តុំនូវរាល់ចំណេះដឹងរបស់មនុស្សជាតិ ជាពិសេសជនជាតិខ្មែរទាំងអស់បញ្ចូលទៅក្នុងសព្វវចនានុក្រមខ្មែរ ដែលអាចប្រើដោយសេរី គ្រប់ពេលវេលាគ្រប់ទីកន្លែងនៅលើប្រព័ន្ធអ៊ិនធឺណិត។ អ្នកអាចជួយវិគីភីឌាខ្មែរឲ្យសម្រេចគោលបំណងនេះ តាមរយៈការចូលរួមចំណែកដូចតទៅ៖
- អត្ថបទ នៅក្នុងវិគីភីឌាខ្មែរមានអត្ថបទជាច្រើន។ ប៉ុន្តែគោលបំណងធំសំខាន់បំផុតនោះ គឺធ្វើឲ្យអត្ថបទនីមួយៗក្លាយជាអត្ថបទពិសេស ដែលមានន័យខ្លឹមសារល្អត្រឹមត្រូវ អាចទុកចិត្តបាន។ អត្ថបទពិសេសទាំងឡាយនឹងត្រូវបានបញ្ចូលទៅក្នុងបញ្ជីនៃអត្ថបទពិសេស។ នៅក្នុងបញ្ជីអត្ថបទទាំងនោះមានចំនាត់ក្រុមផ្សេងៗជាច្រើន។ ជ្រើសរើសចូលក្នុងចំណាត់ថ្នាក់ក្រុមណាមួយដែលអ្នកចេះ ឬមានចំណាប់អារម្មណ៍។ រួចជ្រើសរើសអត្ថបទមួយក្នុងចំណាត់ថ្នាក់ក្រុមនោះ ហើយព្យាយាមកែប្រែអត្ថបទនោះឲ្យពេញលក្ខណៈជាអត្ថបទពិសេស។
- រូបភាព និងសំឡេង អ្នកអាចជួយបញ្ចូលរូបភាព ឬសំឡេងទៅក្នុងអត្ថបទណាមួយ ដើម្បីឲ្យអត្ថបទនោះមានលក្ខណៈកាន់តែល្អប្រសើរឡើង។
តើខ្ញុំអាចបង្កើតអត្ថបទថ្មីតាមវិធីណា?
ដើម្បីបង្កើតអត្ថបទថ្មី៖
- ត្រូវបង្កើតគណនីនៅក្នុងវិគីភីឌាខ្មែរ។
- គួរតែខិតខំកែប្រែអត្ថបទដែលមានស្រាប់។
- ចាំបាច់ត្រូវរាវរកអត្ថបទនោះជាមុនសិន ដើម្បីឲ្យច្បាស់ថាអត្ថបទដែលអ្នកចង់បង្កើតនោះ មិនទាន់មានក្នុងវិគីភីឌាខ្មែរ ព្រោះជួនកាលអត្ថបទដែលអ្នកចង់បង្កើតនោះមានរួចស្រេចទៅហើយ គ្រាន់តែមានចំណងជើងផ្សេង។
- ប្រសិនបើមានរួចស្រេចហើយ អ្នកអាចកែបានដោយសេរីបាន តែក្នុងលក្ខណៈស្ថាបនាឲ្យកាន់តែល្អឡើង។
- ប្រសិនបើមិនទាន់មានទេ អ្នកអាចបង្កើតបាន ដោយចុចលើបង្កើតទំព័រនេះ បន្ទាប់រាវរកមិនឃើញ។
- គួរតែប្រមូលឯកសារយោងជាមុន ព្រោះដើម្បីជាព័ត៌មានក្នុងការសរសេរអត្ថបទរបស់អ្នក ហើយយើងត្រូវការព័ត៌មានពីឯកសារដែលគួរឲ្យទុកចិត្តបាន។
- គួរតែសាកបង្កើតនៅក្នុងទំព័រអ្នកប្រើប្រាស់របស់អ្នកជាមុនសិនៈ នៅពេលដែលអ្នកចុះឈ្មោះបង្កើតគណនីក្នុងវិគីភីឌាខ្មែរ អ្នកនឹងទទួលបានទំព័រអ្នកប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នក។ អ្នកអាចសាកល្បងបង្កើតអត្ថបទនៅទំព័រនោះ។ បើអ្នកមានបញ្ហា អ្នកអាចសួរអភិបាលនៃវិគីភីឌាខ្មែរ ឬ សមាជិកដទៃទៀត។
នៅពេលបង្កើតចំណងជើងអត្ថបទនិងសរសេរអត្ថបទ តើខ្ញុំគួរសរសេរជាប់គ្នា ឬគួរផ្តាច់ពាក្យនីមួយៗដោយប្រើចន្លោះមើលមិនឃើញ?
តាមរយៈការស្រាវជ្រាវបានឲ្យដឹងថា ការសរសេរដោយផ្តាច់ពាក្យនីមួយៗដោយប្រើចន្លោះមើលមិនឃើញផ្តល់នូវគុណប្រយោជន៍ជាច្រើនដូចជា៖
- អាចឲ្យដឹងពាក្យនីមួយៗរបស់ខ្មែរ
- បង្ហាញនូវទម្រង់បានស្អាតល្អ ព្រោះមានការតម្រឹមចុះបន្ទាត់ដោយស្វ័យប្រវត្តិរបស់កុំព្យូទ័រ
- អាចផ្ទៀងផ្ទាត់នូវកំហុសអក្ខរាវិរុទ្ធ ពេលចម្លងចូលម៉ាស៊ីនផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធ
- អ្វីដែលសំខាន់ជាងគេបំផុត គឺងាយស្រួលក្នុងការរាវរកតាមGoogle។
ប្រសិនបើអ្នកសរសេរជាប់គ្នាដោយមិនបានផ្តាច់ពាក្យនីមួយៗដោយប្រើចន្លោះមើលមិនឃើញទេ កុំព្យូទ័រនឹងចាត់ទុកថាវាជាពាក្យតែមួយដែលពិបាកក្នុងការរាវរកតាមGoogle។ ឧទាហរណ៍អ្នកចង់បង្កើតចំណងជើងអត្ថបទមួយដែលមានឈ្មោះថា បុណ្យភ្ជុំបិណ្ឌ។ ក្នុងករណីនេះ អ្នកគួរសរសេរបុណ្យ ដំនកឃ្លាមើលមិនឃើញ ភ្ជុំបិណ្ឌ។ ប្រសិនបើអ្នកសរសេរបែបនេះ ចំពោះអ្នកប្រើប្រាស់ដទៃដែលទៀតចង់រកអត្ថបទដែលអ្នកបានបង្កើតតាមGoogle គេគ្រាន់តែបញ្ចូលពាក្យភ្ជុំបិណ្ឌ គេអាចរកឃើញអត្ថបទរបស់អ្នកដោយគ្មានបញ្ហា។ ផ្ទុយទៅវិញ ប្រសិនបើអ្នកសរសេរដោយជាប់គ្នាដោយមិនបានផ្តាច់ពាក្យនីមួយៗដោយចន្លោះមើលមិនឃើញនោះទេ ដើម្បីឲ្យរកឃើញអត្ថបទរបស់អ្នក គេត្រូវបញ្ចូលពាក្យឲ្យត្រឹមត្រូវពេញលេញតាមការសរសេររបស់អ្នក។ ជាពិសេស ចំពោះពាក្យដែលវែងជាងនេះ រឹតតែពិបាករកថែមទៀត។ ជារួម រាល់ចំណងជើងអត្ថបទ និងអត្ថបទនានា អ្នកគួរតែសរសេរដោយផ្តាច់ពាក្យនីមួយៗដែលមានន័យខ្លឹមសារគ្រប់គ្រាន់ ដោយប្រើចន្លោះមើលមិនឃើញ។
តើហេតុអ្វីបានជាខ្ញុំរកអត្ថបទដែលខ្ញុំសរសេរហើយ មិនឃើញ?
មូលហេតុដែលរកមិនឃើញ អាចមកពីអ្នកវាយចំណងជើងអត្ថបទខុស។ ជាពិសេសនៅក្នុងយូនីកូដខ្មែរ ការសរសេរដោយជាប់គ្នា ឬដោយដាច់គ្នាដោយដកឃ្លាមើលមិនឃើញ ជារបស់ពីរផ្សេងគ្នា ទោះបីយើងមើលទៅដូចគ្នាក៏ដោយ។ ដូច្នេះហើយប្រសិនបើអ្នកបង្កើតចំណងជើងអត្ថបទដោយសរសេរជាប់គ្នា ហើយនៅពេលរាវរក សរសេរដោយដាច់គ្នាប្រើចន្លោះមើលមិនឃើញ នោះអ្នកនឹងមិនអាចរកឃើញអត្ថបទរបស់អ្នកឡើយ។
មូលហេតុមួយទៀត អាចមកពីអ្នកបង្កើតអត្ថបទនៅលើទំព័រពិភាក្សា ឬទំព័រអ្នកប្រើប្រាស់របស់អ្នកផ្ទាល់។ ប្រសិនបើអ្នកបង្កើតអត្ថបទនៅលើទំព័រទាំងនោះ អ្នកនឹងមិនអាចរកអត្ថបទរបស់អ្នកឃើញឡើយ។ ប្រសិនបើមានបញ្ហាផ្សេងទៀត សូមទាក់ទងជាមួយអភិបាលវិគីភីឌាខ្មែរ។
ហេតុដូចម្តេចបានជាអត្ថបទរបស់ខ្ញុំត្រូវបានគេលុប?
អត្ថបទរបស់អ្នកអាចត្រូវបានលុបដោយមូលហេតុចំនួន៖
- អត្ថបទជាភាសាបរទេស
- អត្ថបទដែលបានសមាជិកដទៃទៀតស្នើសុំឲ្យលុប
- អត្ថបទដែលទទួលការពិភាក្សាថាគួរឲ្យលុប។
ខ្ញុំប្រទះឃើញកំណែប្រែក្នុងបំណងបំផ្លាញ ឬ ខ្ញុំបានលុបដោយអចេតនា តើខ្ញុំត្រូវធ្វើដូចម្តេច?
សូមជួយទាក់ទងផ្តល់ព័ត៌មានដល់អភិបាលវិគីភីឌាខ្មែរភ្លាម ដោយប្រាប់នូវឈ្មោះទំព័រ ឬចំណងជើងនៃអត្ថបទនោះ។ អភិបាលនឹងធ្វើការស្តារអត្ថបទ ឬទំព័រទាំងនោះឡើងវិញ។
តើទំព័រ និងអត្ថបទខុសគ្នាដូចម្តេចទៅ?
ទំព័រ មានន័យទូលំទូលាយលក្ខណៈទូទៅជាងអត្ថបទ។ ទំព័ររួមមាន ទំព័រដើម ទំព័រពិភាក្សា ទំព័រចំណាត់ថ្នាក់ក្រុម ទំព័រអ្នកប្រើប្រាស់ជាដើម ។ល។ រីឯអត្ថបទ គឺសំដៅតែទៅលើទំព័រណាដែលមានផ្ទុកខ្លឹមសារនៃចំណងជើង គឺថាវាជាទំព័រដែលបកស្រាយនិយមន័យនៃពាក្យគន្លឹះណាមួយ។ ដូច្នេះអត្ថបទទាំងអស់ជាទំព័រ រីឯ ទំព័រទាំងអស់មិនមែនសុទ្ធតែជាអត្ថបទទេ។
តើខ្ញុំអាចប្តូរចំណងជើងអត្ថបទតាមវិធីណា?
- អ្នកអាចប្តូរចំណងជើងនៃទំព័រណាមួយក្នុងវិគីដោយប្រើប្រាស់ប៊ូតុងប្តូរទីតាំងនៅរបារខាងលើ ក្បែរប៊ូតុងកែប្រែ។ អ្នកចាំបាច់ត្រូវមានគណនីសម្រាប់ប្រើប្រាស់ក្នុងវិគីនេះ ទើបអាចមានប៊ូតុងនេះបង្ហាញនៅរបារខាងលើនៃទំព័រ។ ចំពោះអ្នកប្រើប្រាស់អនាមិក (បង្ហាញជាអាសយដ្ឋាន IP ) មិនមានប៊ូតុងនេះសម្រាប់ប្រើទេ។
តើខ្ញុំអាចប្តូរឈ្មោះគណនីរបស់ខ្ញុំតាមវិធីណា?
- ដើម្បីប្តូរឈ្មោះអ្នកប្រើប្រាស់របស់អ្នក អ្នកចាំចាច់ត្រូវធ្វើការស្នើសុំនៅ វិគីភីឌា:សុំប្តូរឈ្មោះអ្នកប្រើប្រាស់!
តើនរណាជាអ្នកសរសេរអត្ថបទ«ក»ក្នុងវិគីភីឌាខ្មែរ?
សុទ្ធសឹងតែអត្ថបទទាំងអស់ត្រូវបានសរសេរឡើងដោយការចូលរួមពីមនុស្សជាច្រើន មិនមែនដោយមនុស្សតែម្នាក់នោះទេ។ ប្រសិនបើអ្នកចង់ដឹងអំពីអ្នកដែលចូលរួមសរសេរអត្ថបទណាមួយ សូមអ្នកចុចលើប្រវត្តិ នៃទំព័រនោះទៅ។
តើនរណាជាអ្នកទទួលខុសត្រូវនូវអត្ថបទដែលមាននៅក្នុងវិគីភីឌាខ្មែរ?
គឺរូបអ្នកផ្ទាល់!!! តាមពិតទៅអ្នកក៏អាចកែសូម្បីតែទំព័រសំណួរជារឿយៗនេះ ឲ្យតែអ្នកយល់ថាល្អ ហើយចាំបាច់ត្រូវតែកែ។ វិគីភីឌាខ្មែរ កើតឡើងដោយការចូលរួមសហការគ្នានៃកូនខ្មែរទាំងអស់។ មនុស្សជាច្រើនបានចូលរូមចំណែកកសាងផ្នែកផ្សេងៗនៃវិគីភីឌាខ្មែរ ទៅតាមអ្វីៗដែលគេអាចធ្វើបាន ដោយរួមទាំងរូបអ្នកផង។ អ្វីដែលចាំបាច់នោះគឺ អ្នកត្រូវចេះអំពីរបៀបកែប្រែអត្ថបទ និងមានអត្ថបទល្អៗចង់ចែករំលែកគ្រាន់ជាប្រយោជន៍នៃកូនខ្មែរទាំងអស់គ្នា។
អ្នកអាចដឹងថាតើអ្នកណាជាអ្នកទទួលខុសត្រូវនូវកំណែប្រែថ្មីៗនៃអត្ថបទ ដោយការចុចលើប្រវត្តិនៃអត្ថបទនីមួយៗ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកប្រទះឃើញនូវកំហុសឆ្គងផ្សេងៗនៅក្នុងអត្ថបទណាមួយ អ្នកនឹងត្រូវទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំងក្នុងការជួយកែតម្រូវ។ ការធ្វើបែបនេះជាមូលដ្ឋានគ្រឹះដែលសំខាន់បំផុតក្នុងការកសាងនូវសេចក្តីជឿទុកចិត្តចំពោះសព្វវចនានុក្រមខ្មែរនេះ។
នៅពេលដែលអ្នកយល់មិនច្បាស់ រឺប្រទះឃើញការប្រើពាក្យដែលនាំឲ្យភ័ន្រ្តច្រឡំក្នុងអត្ថបទណាមួយ អ្នកត្រូវបានលើកទឹកចិត្តឲ្យលើកយកបញ្ហាទៅពិភាក្សាក្នុងទំព័រពិភាក្សានៃអត្ថបទនោះ។ នេះជាការជួយលុបបំបាត់នូវកំហុសឆ្គង ពាក្យដែលនាំឲ្យភ័ន្រ្តច្រឡំដោយមានប្រសិទ្ធភាពនិងឆាប់រហ័ស ហើយត្រូវបានអោយតម្លៃយ៉ាងខ្ពស់ពីសមាជិកទាំងអស់។
តើខ្ញុំពិតជាអាចកែប្រែអ្វីៗបានទាំងអស់នៅក្នុងវិគីភីឌាខ្មែរមែនទេ?
មែន!!! អ្នកអាចកែប្រែបានលើទំព័រនានាសឹងតែទាំងអស់ លើកលែងតែទំព័រមួយចំនួនដែលត្រូវបានការពារ ហើយមានតែអភិបាលនៃវិគីភីឌាខ្មែរប៉ុណ្ណោះដែលអាចផ្លាស់ប្តូរបាន។ ទំព័រទាំងនោះរួមមានទំព័រដើមដែលត្រូវបានការពារជាអចិន្ត្រៃយ៍ និងទំព័រខ្លះមានការពារពាក់កណ្ដាល ដែលរារាំងមិនឱ្យជនអនាមិក រឺអ្នកប្រើប្រាស់ថ្មីកែបានទេ ក្នុងការកាត់បន្ថយការបំផ្លិចបំផ្លាញអត្ថបទ។ ទោះបីជាយ៉ាងណាក៏ដោយ ទំព័រភាគច្រើននៃវិគីភីឌាខ្មែរអាចកែដោយនរណាគេក៏បានគ្រប់ពេលវេលា ហើយការកែនោះនឹងអាចបង្ហាញឲ្យមើលឃើញបានភ្លាមៗ។
ប្រសិនបើនរណាគេក៏ដោយ ក៏អាចកែប្រែអ្វីៗបានទាំងអស់នៅក្នុងវិគីភីឌាខ្មែរមែននោះ តើវិគីភីឌាខ្មែរមានវិធានការទប់ស្កាត់ជនខិលខូច ដែលមានបំណងលុបបំផ្លាញអត្ថបទផ្សេងៗឬទេ?
ប្រសិនបើមានជនខិលខូលដូចពោលខាងលើមែននោះ អភិបាលវិគីភីឌាខ្មែរនឹងហាមឃាត់ជននោះមិនឲ្យចូលក្នុងវិគីភីឌាខ្មែរជាលើកទី២ឡើយ ហើយអភិបាលអាចមានលទ្ធភាពស្តារឡើងវិញ នូវអត្ថបទដែលបានលុប ឬកែប្រែនោះដោយគ្មានបញ្ហាឡើយ។
តើហេតុអ្វីខ្ញុំត្រូវបានគេហាមឃាត់?
មានមូលហេតុជាច្រើនចំពោះបញ្ហានេះ តែប្រសិនបើអ្នកយល់ថាអ្នកត្រូវបានហាមឃាត់ដោយកំហុសបច្ចេកទេសណាមួយនោះ សូមអ្នកសរសេរក្នុងទំព័រពិភាក្សានូវ {{unblock|ហេតុផល}}។ អភិបាលនឹងមកពិនិត្យមើល រួចដោះស្រាយ។
តើអភិបាលនៃវិគីភីឌាខ្មែរមានប៉ុន្មាននាក់ នរណាខ្លះ?
អភិបាលនៃវិគីភីឌាខ្មែរបច្ចុប្បន្នមានទាំង១០នាក់គឺ៖
ប្រភព៖ ពិសេស:បញ្ជីឈ្មោះអ្នកប្រើប្រាស់
ខ្ញុំមានបំណងចង់ក្លាយជាអភិបាលវិគីភីឌាខ្មែរមួយរូបដែរ តើខ្ញុំត្រូវធ្វើដូចម្តេច?
ដើម្បីក្លាយខ្លួនជាអភិបាលវិគីភីឌាខ្មែរ ជាដំបូងតម្រូវឲ្យអ្នកចូលរួមចំណែកយ៉ាងសកម្មក្នុងការសរសេរ និងកែអត្ថបទផ្សេងៗ កសាងនូវស្នាដៃរបស់អ្នកឲ្យបានច្រើន។ រួចហើយទើបធ្វើការស្នើសុំ ដោយសរសេរឈ្មោះរបស់់អ្នកក្នុង វិគីភីឌា:សុំជាអ្នកគ្រប់គ្រង។ បន្ទាប់មកអ្នកនឹងត្រូវបានបោះឆ្នោតសម្រេចដោយអភិបាលវិគីភីឌាខ្មែរបច្ចុប្បន្ន។ ប្រសិនបើមានការគាំទ្រអ្នកដោយសំឡេងភាគច្រើន នោះអ្នកនឹងក្លាយទៅជាអភិបាលវិគីភីឌាខ្មែរ។
ជាក់ស្តែងពិសិដ្ឋទើបតែបានក្លាយជាអភិបាលវិគីភីឌាខ្មែរតាមរយៈការបោះឆ្នោតថ្មីៗនេះ។
នៅពេលខ្ញុំមានបញ្ហាផ្សេងៗទាក់ទងនឹងវិគីភីឌាខ្មែរ តើខ្ញុំអាចរកទាក់ទងនរណាបាន?
អ្នកអាចទាក់ទងទៅសមាជិកដទៃទៀត ឬអភិបាលទាំង១០រូបខាងលើ។
|