ទីរ៉ាណា
ទីក្រុង ទីរ៉ាណា (ភាសាអាល់បានី៖ Tirona ឬ Tiranë) គឺជារដ្ឋធានី និងទីក្រុងធំបំផុតនៃប្រទេស អាល់បានី។ វាមានទីតាំងស្ថិតនៅភាគកណ្តាលនៃប្រទេស ហើយត្រូវព័ទ្ធជុំវិញដោយភ្នំដូចជា ភ្នំដៃទីនៅប៉ែកខាងកើត និងជ្រលងភ្នំរាងទាបមួយនៅភាគពាយព្យដែលមាន សមុទ្រអាទ្រីអាទិក នៅម្ខាងទៀត។ ទីរ៉ាណាគឺជាទីក្រុងដ៏សើមបំផុត និងមានពន្លឺថ្ងៃខ្លាំងបំផុតនៅអឺរ៉ុប ដែលទទួលពន្លឺព្រះអាទិត្យប្រមាណ ២,៥៤៤ ម៉ោងក្នុងមួយឆ្នាំ។[១១][១២] ទីតាំងនៃទីក្រុងទីរ៉ាណាបច្ចុប្បន្ននេះត្រូវបានមនុស្សចូលមកតាំងទីលំនៅនៅចាប់តាំងពីយុគសម័យដែកមកម៉្លេះ ហើយត្រូវបានគេចាត់ទុកជាទីតាំងស្នូលនៃអាណាចក្រអ៊ីលីរីរបស់កុលសម្ព័ន្ធទូឡុងធី។ បន្ទាប់ពីសង្គ្រាមអ៊ីលីរីបានបញ្ចប់ ទីក្រុងមួយនេះក៏ត្រូវបានកាត់បញ្ចូលទៅក្នុងទឹកដីនៃចក្រភពរ៉ូម ហើយបានក្លាយជាទីក្រុងដ៏សំខាន់មួយនៃចក្រភពនោះ។ បន្ទាប់ពីចក្រភពរ៉ូម៉ាំងខាងលិចបានដួលរលំនៅក្នុងសតវត្សរ៍ទី៤ ទឹកដីប្រទេសអាល់បានីបច្ចុប្បន្នភាគច្រើនបានធ្លាក់នៅក្រោមការគ្រប់គ្រងនៃចក្រភពប៊ីហ្សង់តាំងខាងកើត ដូចដែលបានឃើញនៅក្នុងភស្តុតាងជាប្រាសាទឈ្មោះពីទ្រីលី ដែលបានសាងសង់ឡើងនៅក្នុងរជ្ជកាលព្រះបាទជូស្ទីនានទី១។ ទីរ៉ាណាត្រូវបានស្ថាបនាជាផ្លូវការនៅក្នុងឆ្នាំ១៦១៤ ដោយឧត្តមសេនីយ៍អូតូម៉ង់-អាល់បានីម្នាក់ឈ្មោះស៊ូលីម៉ាន បាងជីនី។ ទីក្រុងនេះមិនសូវមានសារៈសំខាន់ប៉ុន្មានទេសម្រាប់អាណាចក្រអូតូម៉ង់តួកគី ប៉ុន្តែមកដល់សតវត្សរ៍ទី២០ សមាជលូស្យនីក៏បានប្រកាសវាជារដ្ឋធានីរបស់ប្រទេសអាល់បានីដែលទើបតែទទួលឯករាជ្យថ្មីៗនៅក្នុងឆ្នាំ១៩១២។ ទីរ៉ាណាត្រូវបានគេចាត់ទុកថាជាទីក្រុងពិភពលោក[១៣] ខណៈក្នុងប្រទេស វាគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ នយោបាយ និងពាណិជ្ជកម្មដ៏សំខានក៏ព្រោះតែទីតាំងរបស់វាស្ថិតនៅចំកណ្តាលនៃប្រទេស ហើយមានប្រព័ន្ធដំណឹកជញ្ជូនផ្លូវអាកាស ផ្លូវសមុទ្រ ផ្លូវដែក និងផ្លូវគោកទាន់សម័យ។[១៤] ក្នុងនាមជាទីអាសនៈនៃរដ្ឋាភិបាលអាល់បានី ទីរ៉ាណាគឺជាទីក្រុងនិវាសដ្ឋានផ្លូវការរបស់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីអាល់បានី និងសភាតំណាងរាស្ត្រប្រទេសអាល់បានី។ ទីក្រុងនេះត្រូវបានគេប្រកាសថាជាធានីយុវជនអឺរ៉ុបសម្រាប់ឆ្នាំ២០២២។ កំណត់សម្គាល់
ឯកសារយោង
|
Portal di Ensiklopedia Dunia