ទូច ស៊ុននិច
នាងកញ្ញា ទូច ស៊ុននិច (អង់គ្លេស: Touch Sunnix) ជាតារាចម្រៀងដែលមានសំឡេងពីរោះលំដាប់ជួរមុខ និងមានប្រជាប្រិយភាពបំផុតនៅក្នុងសង្គមសិល្បៈខ្មែរ ។ មិនត្រឹមតែមានសម្លេងផ្អែមពីរោះរណ្ដំចិត្តអ្នកស្ដាប់តែម្យ៉ាងទេ ទូច ស៊ុននិច ក៏ជាតារាមួយរូបដែលមានរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិដែរ។ នាងកញ្ញាត្រូវបានគេមើលឃើញថា ជាតារាខ្មែរមួយរូបដែលតែងតែប្រកាន់ប្រពៃណីខ្ជាប់ខ្ជួនក្នុងការស្លៀកពាក់តាមបែបប្រពៃណីខ្មែរ ព្រោះគេកម្រឃើញនាងស្លៀកពាក់បែបសិចស៊ីណាស់។ កញ្ញាបានប្រឡូកចូលក្នុងវិស័យសិល្បៈចម្រៀងតាំងពីនាងមានអាយុ ១៣ ឆ្នាំ បន្ទាប់ពីនាងបានប្រឡងជាប់លេខ ១ ផ្នែកចម្រៀងសម័យទូទាំងប្រទេសនៅក្នុងឆ្នាំ ១៩៩៣។ នាងកញ្ញា ទូច ស៊ុននិច ជាតារាចម្រៀងដែលមានទេពកោសល្យផ្នែកប្រើប្រាស់សម្លេងបានស្ទើរតែគ្រប់ចង្វាក់ដូចជា៖ ចង្វាក់ប្រពៃណី បុរាណ ប្រជាប្រិយ និងសម័យជាដើម។ កញ្ញាទទួលបានការស្រឡាញ់ និងកោតសរសើរពីសំណាក់ប្រជារាស្រ្ដខ្មែរដែលស្រឡាញ់វិស័យសិល្បៈចម្រៀងស្ទើរតែគ្រប់វ័យទាំងអស់។ ប្រជានជនខ្មែរដែលស្រឡាញ់សិល្បៈផ្នែកចម្រៀងតែងតែពោលសរសើរថា៖ នាងជាតារាចម្រៀងដែលមានសម្លេងផ្អែមពីរោះសណ្ដំចិត្តប្រជាជនខ្មែរ។ ក្រៅតែពីអាជីពជាអ្នកចម្រៀងដ៏ល្បីល្បាញ នាងកញ្ញា ទូច ស៊ុននិច ក៏ជាបញ្ញវន្តដែលទទួលបានការសិក្សារៀនសូត្រជ្រៅជ្រះ រហូតបានបញ្ជប់ការសិក្សានៅសាលកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកអក្សរសាស្រ្ដខ្មែរ និងបានប្រឡងជាប់សាស្រា្ដចារ្យអក្សរសាស្រ្ដខ្មែរផងដែរ។[១] ជាអកុសល នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៣ កញ្ញាត្រូវបានជនមិនស្គាល់មុខបាញ់ប្រហារលើរូបនាង។ បច្ចុប្បន្ននេះនាងកញ្ញា ទូច ស៊ុននិច កំពុងរស់នៅក្នុងទីក្រុងសាក្រាមេនតូ (Sacramento) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក (USA)។ ជីវប្រវត្តិនាងទូច ស៊ុននិចកើតនៅថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៩៨០ នៅក្នុងរដ្ឋធានីភ្នំពេញ ដោយមានឪពុកឈ្មោះ សៀង ទូច ជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងម្ដាយឈ្មោះកឹម ស៊ីនួន ជាគ្រូពេទ្យបម្រើការដូចឪពុកនាងដែរ។ នៅក្នុងវ័យកុមារភាព កុមារី ទូច ស៊ុននិច បានចូលរៀងនៅក្នុងសាលាបឋមសិក្សាវត្តកោះនារាជធានីភ្នំពេញ។ នៅក្នុងវ័យកុមារនោះ នាងត្រូវបានគេមើលឃើញថា ជាកុមារីមួយរូបដែលទេពកោសល្យខ្ពស់ខាងវិស័យសិល្បៈ ជាពិសេលគឺសិល្បៈផ្នែកចម្រៀងតែម្ដង។ បន្ថែមពីទេពកោសល្យដែលមានពីកំណើតស្រាប់ហើយនោះ នាងកញ្ញា ទូច ស៊ុននិច បានទទួលការបណ្ដុះបណ្ដាលពីអ្នកគ្រូ គង់ ណារី ដែលជាគ្រូបង្រៀនផ្នែកសិល្បៈដ៏ល្បីល្បាញប្រចាំសាលា និងប្រចាំរាជធានីនាសម័យនោះ។[២] ការចូលក្នុងវិស័យសិល្បៈដោយទេពកោសល្យសម្លេងដ៏លេចធ្លោរបស់នាង បានធ្វើឲ្យនាងក្លាយជាអ្នកចម្រៀងវ័យក្មេងមួយរូប ដែលបានបង្ហាញវត្តមានលើកញ្ជក់ទូរទស្សន៍ និងតាមរលកសម្លេងវិទ្យុជាតិជារឿយៗ។ ចម្រើនវ័យវឌ្ឍនាការ នាងក៏បានបន្តវិស័យសិល្បៈចម្រៀងនេះ រហូតដល់នាងបានប្រឡងចម្រៀងជាប់ចំណាត់ថ្នាក់លេខ ១ ថ្នាក់ជាតិនាឆ្នាំ ១៩៩៣។ តាំងពីពេលនោះមក នាងកញ្ញា ទូច ស៊ុននិច ត្រូវបានផលិតកម្មចម្រៀងល្បីជាច្រើងដូចជាផលិតកម្មរស្មីហង្សមាស ផលិតកម្មស្ទឹងសង្កែ ផលិតកម្មបក្សីចាំក្រុង ផលិតកម្មឆ្លងដែន ផលិតកម្មអង្គរវត្ត ផលិតកម្មសាន់ដេ ផលិតកម្មព្រះវិហារ ផលិតកម្មសាយណ្ហរ៉ា ផលិតកម្មឈូករ័ត្ន ផលិតកម្មកុលាបក្រហម និងផលិតកម្មចម្រៀងជាច្រើនទៀត បានហៅនាងឲ្យច្រៀងចម្រៀងរបស់គេជាបន្តបន្ទាប់។[៣]
បទចម្រៀងដែលទទួលបានការពេញនិយមខ្លាំងចាប់តាំងពីនាងកញ្ញា ទូច ស៊ុននិច បានប្រឡូកក្នុងវិស័យសិល្បៈចម្រៀងមក នាងត្រូវម្ចាស់ផលិតកម្មធំៗ កវីនិពន្ធល្បីៗមានដូចជា៖ លោកគង់ ប៊ុនឈឿន លោកសង អក្ខរា លោក ហ្វៃ សំអាង លោក ឯល ប៊ុណ្ណា និងកវីនិពន្ធល្បីជាច្រើនរូបទៀតបាននិពន្ធបទចម្រៀងថ្មីៗ ជាច្រើនរយបទឲ្យនាងច្រៀង។ ដោយសារតែស្រឡាញ់សម្លេងដ៏ពីរោះរណ្ដំរបស់នាង ម្ចាស់ផលិតកម្ម និងកវីនិពន្ធខ្មែរទាំងនោះក៏បានសំណូមពរឲ្យនាងកញ្ញាច្រៀងស្នាដៃនិពន្ធរបស់ពួកគេសារឡើងវិញដែរ។ បទចម្រៀងដែលកញ្ញាច្រៀងហើយទទួលបានល្បីល្បាញខ្លាំងនោះរួមមាន៖ ការស្រឡាញ់ការសិក្សានៅក្នុងកិច្ចសម្ភាសមួយជាមួយទស្សនាវដ្ដីប្រជាប្រិយ លេខ ៤ ចុះថ្ងៃទី ១ ដល់ ១៥ ខែមករា ឆ្នាំ១៩៩៥ នាងកញ្ញា ទូច ស៊ុននិច បានលើកឡើងថា៖ «ទោះបីជាខ្ញុំបានក្លាយជាអ្នកចម្រៀងល្បីក៏ដោយ ខ្ញុំក៏មិនបោះបង់ការសិក្សាចោលដែរ នៅពេលដែលបញ្ចប់ការសិក្សានៅវិទ្យាល័យ ខ្ញុំមានបំណងចូលរៀននៅមហាវិទ្យាល័យច្បាប់ទៀត ព្រោះខ្ញុំចង់ក្លាយជាអ្នកច្បាប់ទៅអនាគត រីឯចម្រៀង ខ្ញុំនឹងយកវាធ្វើជាមុខរបរទីពីរវិញ» ។ ក្នុងខណៈពេលដែលនាងកំពុងតែមានឈ្មោះល្បីល្បាញខ្លាំងផ្នែកវិស័យសិល្បៈចម្រៀង នាងក៏នៅបន្តការសិក្សារហូតទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរ។ ហើយនាងក៏ប្រឡងចូលទៅក្នុងសាលាគរុកោសល្យ និងត្រៀមចេញបង្រៀនទៀតផង។[៦] ការបាញ់ប្រហារឆ្នាំ ២០០៣កាលពីថ្ងៃទី២១ តុលា ឆ្នាំ២០០៣ អ្នកនាង និងម្ដាយត្រូវបានខ្មាន់កាំភ្លើងបួននាក់បាញ់ប្រហារ។ ម្ដាយអ្នកនាងស្លាប់នៅនឹងកន្លែង។ ឯអ្នកនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ជាសំណាងក្នុងគ្រោះ អ្នកនាងនៅមានជីវិតរស់រានដល់សព្វថ្ងៃ។[៧] មូលហេតុពីក្រោយការបាញ់ប្រហារនេះមិនច្បាស់លាស់ទេ។ មានអ្នកលើកឡើងថាជាបញ្ហាស្នេហា និងអ្នកខ្លះទៀតលើកឡើងថាជាបញ្ហានយោបាយ។ ពាក់ព័ន្ធនឹងការស៊ើបអង្កេតចាប់ខ្លួននេះ លោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក បានប្រាប់វិទ្យុអាស៊ីសេរីថា តុលាការកំពុងតែដំណើរការនៅឡើយ ៖ «ករណីនេះគេកំពុងតែដំណើរការ…បានន័យថា គេកំពុងធ្វើការអង្កេតបន្ត ហើយករណីរាប់ឆ្នាំដូចកញ្ញា ទូច ស៊ុននិច ហ្នឹងហាក់បីដូចជានៅងងឹតឈឹងមិនទាន់មើលឃើញកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីតាមរកជនដៃដល់ដែលបានប៉ុនប៉ងផ្ដាច់អាយុជីវិតកញ្ញា ទូច សូនិច ហ្នឹងទេ រហូតដល់ថ្ងៃនេះមិនទាន់មានទេ»។ ចំណែកឪពុកនាង ទូច ស៊ុននិច ក៏បានអះអាងដែរថា កន្លងមក លោកធ្លាប់បានឮប្រពន្ធលោក ហេង ពៅ ប្រាប់លោកថា ប្តីរបស់គាត់ដឹងអ្នកសម្លាប់ ទូច ស៊ុននិច ហើយថានៅក្នុងប្រទេសកម្ពុជា មាននារីវ័យក្មេងមួយចំនួនរងការបាញ់ប្រហារ ឬធ្វើឃាតពីគ្រួសារមន្ត្រីជាន់ខ្ពស់ ដោយចោទថាបានលួចស្នេហាជាមួយប្ដីគេ។ លោកក៏បន្ថែមថា៖ «ហើយសម្លាប់នោះរឿងស្អី? អ៊ីចឹងបានថា ក្នុងពេលនេះខ្ញុំមានអារម្មណ៍មួយចង់ជម្រាបដល់បងប្អូនទាំងអស់កុំឲ្យយល់ច្រឡំថា ទូច ស៊ុននិច យកប្ដីគេឲ្យសោះ អាហ្នឹងមួយ គឺថា ទូច ស៊ុននិច អត់មានអត្តចរិតរបៀបទៅយកប្ដីគេ ហើយប្រពន្ធគេមកសម្លាប់ទេ មានតែគេយកនាងតែនាងមិនព្រម មិនលក់កិត្តិយសបាទ ដូចខ្ញុំជម្រាបអ៊ីចឹង នៅស្រុកខ្មែរបើសិនមានស្រីម្នាក់មានអ្នកធំទៅយក អ្នកធំហ្នឹងយកមិនបាន អ្នកធំហ្នឹងទៅសម្លាប់នាងហ្នឹង តែបើអ្នកធំហ្នឹងយកនាងហ្នឹងបាន ប្រពន្ធអ្នកធំហ្នឹងទៅសម្លាប់នាងហ្នឹងទៀត នេះជាបញ្ហា។ តើសម្ដេចតេជា លោកទ្រង់ជ្រាបទេរឿងហ្នឹង? តើរដ្ឋាភិបាលខ្មែរលោកជ្រាបទេ? អ៊ីចឹងនារីដែលគេមានបំណងចង់យកនោះ មិនយកគេ ក៏ងាប់ យកគេក៏ងាប់ តើអយុត្តិធម៌ទេរឿងហ្នឹង»។ ទាក់ទងនឹងការរកយុត្តិធម៌ដល់ជនរងគ្រោះ និងប្រព័ន្ធតុលាការនៅកម្ពុជានេះ លោក ចាន់ សុវ៉េត មានប្រសាសន៍បន្ថែមថាប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចមានឆន្ទៈចង់រកនោះ វាមិនពិបាកទេបើទោះបីជានៅកន្លែងណាក៏រកឃើញដែរ ៖ «យើងឃើញថា ស្ថាប័នតុលាការក៏ដូចជាស្ថាប័នមានសមត្ថកិច្ចដែរ ព្រោះថាអ្នកទាំងអស់គ្នាជាអ្នកមានសមត្ថកិច្ចនោះ គឺមិនបានបង្ហាញអំពីសញ្ញាណឲ្យបានច្បាស់លាស់អំពីសមត្ថភាពរបស់ខ្លួន ដែលធ្វើការខិតខំប្រឹងប្រែងដើម្បីរកយុត្តិធម៌ គឺពិបាករកយុត្តិធម៌ណាស់ ក្នុងស្រុកខ្មែរនោះ... ហើយពាក់ព័ន្ធជាមួយកញ្ញា ទូច ស៊ុននិច នេះ យើងគិតថា មិនអាននឹងរកឃើញទេ បើសិនជាអាជ្ញាធរមានសមត្ថកិច្ចគាត់មានឆន្ទៈរក ដើម្បីឲ្យឃាតកនោះមកកាត់ទោស គឺងាយស្រួលទេ ទោះដល់ក្រហែងណាក៏ចាប់បានមកវិញដែរ។ ដូចជាលោក ហេង ពៅ ជាដើម នៅពេលដែលគេដឹងថា គាត់បានប្រព្រឹត្ត ហើយរាជរដ្ឋាភិបាលតម្រូវការចាំបាច់នោះ ធ្វើអីក៏បានដែរ អាចចាប់នាំខ្លួនលោក ហេង ពៅ មកផ្ដន្ទាទោសចាំបាច់នៅក្នុងស្រុកខ្មែរយើង»។ កញ្ញា ទូច ស៊ុននិច ជាជនរងគ្រោះដែលត្រូវបានជនមិនស្គាល់មុខ បានលួចបាញ់កាលពីថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០០៣ ខណៈដែលនាងកំពុងដើរចេញពីហាងទំនិញមួយជាមួយម្ដាយនាង។ ម្ដាយនាងត្រូវបានជនដៃដល់បានសម្លាប់នៅនឹងកន្លែងកើតហេតុនោះ។ ការត្រឡប់មកបំពេរអារម្មណ៍ប្រជារាស្រ្ដខ្មែរវិញដោយឡែកកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ប្រជារាស្រ្ដខ្មែរដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម YouTube មានការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំងក្រោយតារាចម្រៀងលំដាប់ជួរមុខរូបនេះ ដែលអវត្តមានពីវិស័យសិល្បចម្រៀងអស់ជាច្រើនឆ្នាំហើយនោះ បានទម្លាក់បទចម្រៀងថតថ្មីមួយបទដែលមានចំណងជើងថា «ពាក្យមិនពិត» ដែលជាសំនៀងដើម អ្នកស្រី ប៉ែន រ៉ន ចូលទៅក្នុងឆាណែល YouTube របស់នាងផ្ទាល់។ នាងកញ្ញានៅតែមានទឹកដមសំនៀងពីរោះដដែល ទោះបីមិនដូចពីមុនទាំងស្រុងក្ដី។[៨] ជាមួយគ្នានោះដែរ នាងកញ្ញា ទូច ស៊ុននិច ក៏បានសរសេររៀបរាប់ដោយបង្ហាញក្តីនឹករលឹកទៅកាន់បងប្អូនខ្មែរដែលគាំទ្ររូបនាងថា៖ «សូមបងប្អូនចូលរួមស្ដាប់កម្សាន្តជាមួយបទចម្រៀងថតថ្មីដំបូងរបស់នាងខ្ញុំឆ្នាំ ២០២០ នេះ បន្ទាប់ពីនាងខ្ញុំបានអាក់ខានថតអស់រយៈពេលជិត ១៧ឆ្នាំ។ មិនពីរោះទេបងប្អូន តែនេះគឺជាការបង្ហាញពីទឹកចិត្តរបស់នាងខ្ញុំ ដែលតែងតែមានការនឹករលឹកទៅដល់បងប្អូនខ្មែរ យើងទាំងអស់គ្នា។ ដើម្បីឆ្លើយតបទៅនឹងការនឹករលឹករបស់បងប្អូនមកដល់ខ្ញុំ និងទឹកចិត្តរបស់បងប្អូន ដែលតែងតែស្រលាញ់ចូលចិត្ត និងគាំទ្រសំនៀងចំរៀងនាងខ្ញុំរហូតមក ហើយចង់ស្ដាប់បទថ្មីៗរបស់ខ្ញុំ។ ឥឡូវនេះនាងខ្ញុំសូមជូនបទថតថ្មី (ដែលបទនេះ ខ្ញុំមិនដែលថតពីមុនមកទេ) ទៅដល់បងប្អូនជាការសណ្ដាប់ និងបញ្ជាក់ថា នាងខ្ញុំមានការនឹករលឹក និងស្រលាញ់បងប្អូនអ្នកគាំទ្រគ្រប់ៗគ្នាណា៎»។[៩] ការអំពាវនាវរកពន្លឺយុត្តិធម៌នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២២ កញ្ញា ទូច ស៊ុននិច បានសរសេរសារបង្ហោះនៅក្នុងទំព័រគណនីហ្វេសប៊ុកផ្ទាល់របស់នាងដែលមានឈ្មោះ Touch Sunnix ដើម្បីស្នើរសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាជួយរកយុត្តិធម៌ជូនរូបនាង និងគ្រួសាររបស់នាងថា៖ «២១ តុលា ២០០៣ មកដល់ ថ្ងៃនេះ ២១ តុលា ២០២២ គឺ១៩ឆ្នាំកន្លងមកហើយដែលខ្ញុំនិងក្រុមគ្រួសារនាងខ្ញុំចងចាំមិនភ្លេចឡើយនូវឧក្រិដ្ឋកម្មបាញ់ប្រហារដ៏សាហាវព្រៃផ្សៃ អយុត្តិធម៌មកលើអ្នកម្ដាយនាងខ្ញុំនិងរូបនាងខ្ញុំដែលបណ្ដាលអោយអ្នកម្ដាយនាងខ្ញុំទទួលមរណៈភាពយ៉ាងអាណោចអាធ័មមជាទីបំផុត ហើយរូបនាងខ្ញុំត្រូវរស់ក្នុងភាពពិការដល់សព្វថ្ងៃនេះ។ តាំងពីពេលនោះមកនាងខ្ញុំលោកឳពុកនាងខ្ញុំព្រមទាំងក្រុមគ្រួសារនាងខ្ញុំមិនទាន់ឃើញមានក្រសួងពាក់ព័ន្ធនិងទទួលខុសត្រូវណាមួយវែកមុខរកពួកឃាតករនិងពួកក្រុមមេឃាតករឈាមថោកនរកអវិចីអស់ទាំងនោះឃើញ ហើយផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ! តើឯណាទៅយុត្តិធម៌សំរាប់មនុស្សបរិសុទ្ធស្លូតត្រង់ដូចជាអ្នកម្ដាយនាងខ្ញុំ រូបនាងខ្ញុំនិងក្រុមគ្រួសារនាងខ្ញុំនោះ? សូមសម្ដេចហ៊ុនសែនជួយរកយុត្តិធម៌ វែកមុខរកពួកក្រុមឃាតករដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ អោយអ្នកម្ដាយនាងខ្ញុំនិងរូបនាងខ្ញុំព្រមទាំងក្រុមគ្រួសារនាងខ្ញុំបានទទួលយុត្តិធម៌ពិតផង»។[១០] បញ្ជីចម្រៀងដែលច្រៀងដោយនាងកញ្ញា ទូច ស៊ុននិចខាងក្រោមនេះគឺជាបញ្ជីបទចម្រៀងដែលបានច្រៀងដោយកញ្ញា ទូច ស៊ុននិច តាមលំដាប់អក្សរខ្មែរ។ សូមចូលរួមជួយដាក់បញ្ចូលបន្ថែមចំណងជើងបទចម្រៀងដែលនាងបានច្រៀងនៅក្នុងបញ្ជីខាងក្រោមនេះ៖ ចម្រៀងដែលផ្ដើមដោយអក្សរ | ក |
ចម្រៀងដែលផ្ដើមដោយអក្សរ | ខ |
ចម្រៀងដែលផ្ដើមដោយអក្សរ | គ |
ចម្រៀងដែលផ្ដើមដោយអក្សរ | ឃ |
ចម្រៀងដែលផ្ដើមដោយអក្សរ | ច |
ចម្រៀងដែលផ្ដើមដោយអក្សរ | ឆ |
ចម្រៀងដែលផ្ដើមដោយអក្សរ | ជ |
ចម្រៀងដែលផ្ដើមដោយអក្សរ | ឈ |
ចម្រៀងដែលផ្ដើមដោយអក្សរ | ដ |
ចម្រៀងដែលផ្ដើមដោយអក្សរ | ឋ|ថ |
ចម្រៀងដែលផ្ដើមដោយអក្សរ | ឌ |
ចម្រៀងដែលផ្ដើមដោយអក្សរ | ណ |
ចម្រៀងដែលផ្ដើមដោយអក្សរ | ត |
ចម្រៀងដែលផ្ដើមដោយអក្សរ | ទ |
ចម្រៀងដែលផ្ដើមដោយអក្សរ | ធ |
ចម្រៀងដែលផ្ដើមដោយអក្សរ | ន |
ចម្រៀងដែលផ្ដើមដោយអក្សរ | ប |
ចម្រៀងដែលផ្ដើមដោយអក្សរ | ផ |
ចម្រៀងដែលផ្ដើមដោយអក្សរ | ព |
ចម្រៀងដែលផ្ដើមដោយអក្សរ | ភ |
ចម្រៀងដែលផ្ដើមដោយអក្សរ | ម |
ចម្រៀងដែលផ្ដើមដោយអក្សរ | យ |
ចម្រៀងដែលផ្ដើមដោយអក្សរ | រ |
ចម្រៀងដែលផ្ដើមដោយអក្សរ | ល |
ចម្រៀងដែលផ្ដើមដោយអក្សរ | វ |
ចម្រៀងដែលផ្ដើមដោយអក្សរ | ស |
ចម្រៀងដែលផ្ដើមដោយអក្សរ | ហ |
ចម្រៀងដែលផ្ដើមដោយអក្សរ | ឡ |
ចម្រៀងដែលផ្ដើមដោយស្រៈ | អ|អា|ឥ|ឦ|ឧ|ឩ|ឪ|ឯ |
ឯកសារយោង
លេខយោង
មើលផងដែរ||រស់ សេរីសុទ្ធា|| ប៉ែន រ៉ន|| សុិន ស៊ីសាមុត|| ពិសិដ្ឋ ពីលីកា|| ពៅ បញ្ញាពេជ្រ[តំណភ្ជាប់ខូច]|| គង់ ណារី|| |
Portal di Ensiklopedia Dunia