ធម្មាសោករាជ
ព្រះបាទធម្មាសោករាជ (សំស្ក្រឹត:ធម៌ាឝោករាជន៑) (គ.ស ១៣៤៤-១៤០០ រឺ ?-១៣៨៣) រជ្ជកាល (គ.ស ១៣៧៣-១៣៨៣ រឺ ១៣៧២-១៤០០ ) ព្រះធម្មាសោករាជ ជាព្រះរាជបុត្រសម្ដេច ព្រះមហាឧបរាជ សុរិយោទ័យដែល សុគតក្នុងបន្ទាយមហានគរ ក្នុងគ្រាធ្វើសង្គ្រាមនឹងសៀម។ ព្រះអង្គត្រូវជា ព្រះអនុជជីដូនមួយនឹងព្រះបរមរាមា។ ព្រះអង្គឡើងសោយរាជសម្បត្តិ ក្នុងឆ្នាំឆ្លូវ បញ្ចស័ក គ.ស. ១៩១៧-គ.ស. ១៣៧៣-ម.ស.១២៩៥ - ច.ស. ៧៣៥ ទ្រង់ព្រះនាមជាព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះធម្មាសោករាជ រាជា។ ទ្រង់ធ្វើបុណ្យព្រះបរមសពរួចហើយ ព្រះអង្គគង់ជាសុខរៀងមកបាន៣វស្សា។ បើតាមពង្សាវតារផ្សេងទៀត ព្រះធម្មសោករាជបានទទួលព្រះរាជាភិសេក នៅថ្ងៃ ១១កើត ខែបុស្ស ឆ្នាំជូត ព.ស ១៩១៦ ម.ស១២៩៤ ច.ស ៧៣៤ និងត្រូវជាគ.ស ១៣៧២។ កាលនោះព្រះអង្គបានព្រះជន្ម ២៨ វស្សា។ ព្រះអង្គជាព្រះមហាក្សត្រទី៣១។ ព្រះបរមនាមរបស់ព្រះអង្គ គឺព្រះបាទសម្ដេចព្រះធម្មសោករាជ មហារាជាធិរាជ។ ព្រះអង្គគង់នៅមហានគរដដែល។ សោយរាជសម្បត្តិប្រទេសកម្ពុជាបាន ២៩ ឆ្នាំ ព្រះអង្គទ្រង់មានជំងឺរោគាព្យាធិឈឺជាទម្ងន់។ ត្រូវពេទ្យហ្មដែលមានឈ្មោះល្បីល្បាញពូកែៗ មកពីគ្រប់ទិសទីក្នុងនគរ ខំប្រឹងប្រែងថែទាំដាក់ថ្នាំព្យាបាលរោគគ្រប់វិធីអស់ចំណេះហើយ នៅតែមិនអាចមើលព្រះអង្គឲ្យជាសះស្បើយ។ ព្រះបាទធម្មសោករាជបានចូលទិវង្គតទៅនៅឆ្នាំរោង ក្នុងព្រះជន្ម ៥៦ វស្សា។ បើតាមពង្សាវតារផ្សេង ព្រះស្រីសុរិយោវង្ស ព្រះរាជបុត្រព្រះស្រីសុរិយោទ័យទី១ ព្រះមហាក្សត្រទី២៩ ទេដែលត្រូវបានអស់សព្វមន្ដ្រីតូចធំទាំងឡាយ សុំយាងឲ្យឡើងគ្រប់គ្រងសោយរាជសម្បត្តិជាបន្ដ។ ប្រវត្តិការរំដោះខេត្តមួយចំនួននៅក្នុងរាជ្យព្រះអង្គ គេអាចចាំបានថា ព្រះអង្គបានរៀបចំលើកកងពលសេនា ចេញទៅវាយប្រហារប្រយុទ្ធរំដោះយកខេត្ដច័ន្ទបូរី និងជលបូរី (គឺខេត្តឈុនបូរី ស្ថិតនៅប្រទេសសៀមសព្វថ្ងៃ) ដែលស្ថិតនៅក្រោមការត្រួតត្រាសង្កត់សង្កិនរបស់សៀម។ ព្រះអង្គរំដោះខ្មែរបានប្រាំបីពាន់គ្រួសារ។ គ្រានោះស្ដេចសៀមឈ្មោះ ទងល័ន (ស្ដេចសៀមអង្គនេះ ត្រូវជាកូនរបស់ស្ដេចសៀម ព្រះបរមរាជាទី១ ១៣៧០-១៣៨៨ ហើយមានឈ្មោះថា ទងច័ន្ទ្រ) បានលើកទ័ពមកប្រយុទ្ធទប់ទល់នឹងខ្មែរ។ តែកងទ័ពសៀមត្រូវបរាជ័យដកថយវិលត្រលប់ទៅក្រុងស្រីអយុធ្យាវិញ ដោយបានទាំងកេណ្ឌកៀរខ្មែរចំនួនប្រាំបីពាន់គ្រួសារ ដែលរស់នៅក្នុងខេត្ដច័ន្ទបូរី និងជលបូរី យកទៅជាមួយផង។ ឯកសារខ្មែរទាំងឡាយ មិនបានបញ្ជាក់រៀបរាប់អំពីចំបាំងនឹងសៀមនេះឲ្យបានច្បាស់លាស់ទេ។ ព្រះបាទធម្មសោករាជ ព្រះមហាក្សត្រខ្មែរទី៣១ ព្រះអង្គបានទៅខេត្ដបាទី កសាងវត្តមួយ នៅក្នុងស្រុកកណ្ដាលស្ទឹងសព្វថ្ងៃ ដែលព្រះអង្គដាក់ឈ្មោះថា វត្ដព្រះធាតុ។ គឺដើម្បីរំលឹកឧបការៈគុណ និងអនុស្សាវរីយ៍ ទីកន្លែងនោះ ដែលព្រះអង្គធ្លាប់បានយាងមកសំណាក់រស់នៅ ប្រមែប្រមូលកផ្ដុំទ័ព នាកាលសម័យកងទ័ពសៀមលើកចូលមកវាយប្រហារលុកលុយមហានគរ ហើយដែលព្រះអង្គត្រូវរត់ខ្ចាត់ខ្ចាយ។ ព្រះអង្គមានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមបរមសោករាជ ដែលប្រសូតក្នុងឆ្នាំឆ្លូវ។ ការទន្ទ្រានមហានគរដោយសៀមលើកទីពីរបើតាមឯកសារមហាបុរសខ្មែរ នៅក្រុងទេពបុរី (ប្រទេសសៀម) ព្រះរាមេសូរ សុគតទៅព្រះរាជនត្តោ (ចៅ) សោយរាជ្យតៗមក ទើបចៅសោមពញា បានឡើងសោយរាជ្យ ទ្រង់ព្រះនាមជាព្រះចៅបរមរាជា។ កាលបានឡើងសោយរាជ្យភ្លាម ព្រះរាជាសៀមអង្គនេះ ចង់ឲ្យព្រះនគររបស់ព្រះអង្គ ធំទូលាយឆ្ងាយទៅទៀត ទើបទ្រង់ត្រាស់ឲ្យកេណ្ឌពល ១០០០០ នាក់ មកបង្ហាត់បង្រៀន ហ្វឹកហ្វឺន តាមគ្រឿងចំបាំងគ្រប់ប្រការ។ លុះដល់មកឆ្នាំមមែ ឯកស័ក ព្រះចៅបរមរាជា ត្រាស់ឲ្យព្រះឥន្ទរាជា ជារាជបុត្រធ្វើជាមេទ័ពមុខលើកមកលុកលុយមហានគរ (ស្រុកខ្មែរ)។ ព្រះអង្គឯង ធ្វើជាមេទ័ពហ្លួង លើកទ័ពធំ ព្រមដោយសេនា ពល សេះ ដំរី យាត្រាប្រាបប្រាមស្រុកខ្មែរ តាមរយៈផ្លូវ ចូលមកដល់ក្រុងមហានគរ។ លុះមកដល់មហានគរកម្ពុជាហើយ ព្រះចៅបរមរាជា ក៏បញ្ជាទ័ព ឲ្យចូលចោមវាយបន្ទាយគ្រប់ទិស ឥតបង្អែបង្អង់ឡើយ។ ព្រះបាទធម្មាសោករាជ ព្រះចៅក្រុងកម្ពុជា បានទ្រង់ជ្រាប ថាទ័ពសៀមលើកមកចោម ក្រុងមហានគរគ្រប់ទិសហើយ ទ្រង់ក៏ចាត់ពល ឲ្យឡើងរក្សាទីបន្ទាយ ឲ្យពញាកែវ ជានាយកងទ័ព រក្សាទិសខាងលិច ពញាទ័យ ត្រួតទិសខាងជើង ពញាយ៉ាតត្រួតទិសខាងត្បូង ចៅហ្វាទឡ្ហៈ ត្រួតទិសខាងកើត។ ព្រះបរមរាជវង្សទាំងបីព្រះអង្គ និងសម្ដេចចៅហ្វាទឡ្ហៈ ក៏ចេញយកព្រះទ័យ យកចិត្តទុកដាក់ ត្រួតត្រាតាមនាទីមាំមួន គ្រប់ព្រះអង្គគ្រប់គ្នា ពុំមានធ្វេសប្រហែសឡើយ។ ព្រះចៅបរមរាជា "ស្ដេចសៀម" ឲ្យលើកដីខ្ពស់ស្មើនឹងកំពែងបន្ទាយខ្មែរ ហើយឲ្យអូសកាំភ្លើងធំ ឡើងបាញ់ចូលទៅខាងក្នុងបន្ទាយខ្មែរ។ ទ័ពខ្មែរ ក៏បាញ់ ចេញពីខាងក្នុងបន្ទាយ មកត្រូវរេហ៍ពលសៀម ស្លាប់ជាច្រើនដែរ។ ទ័ពសៀមបាញ់ត្រូវ ទ័ពខ្មែរក៏ស្លាប់ច្រើនដែរ តែពុំបែកបាននគរឡើយ។ ព្រះចៅបរមរាជា ដេញឲ្យទាហានពាន (ពាន = ឡើងពាររំលងលើ) បន្ទាយមកទៀត ទ័ពខ្មែរក៏បាញ់កាប់ចាក់ ពីលើភាគបន្ទាយ និង ចោលដោយ ដុំថ្មទៅលើទ័ពសៀម ស្លុតស្លាប់ជាច្រើន។ សៀមយកព្រះមហានគរពុំបាន។ គិតតាំងពីទ័ពសៀម ចូលចោមព្រះមហានគរ ក្នុងខែមិគសិរ មកដល់ខែជេស្ឋ ត្រូវជា៧ខែ តែយកមហានគរពុំបាន។ ក្រោយនោះមក មានទាហានសៀម ៦នាក់ ឈ្មោះនាយអឿន ១ នាយលាន ១ នាយឆាន់ ១ នាយដេត ១ នាយកៅ ១ នាយឌី ១ គិតកលយល់ឧបាយព្រមគ្នាស្រេច ក៏ចូលក្រាបទូលព្រះបរមរាជាថា:
"ទូលព្រះបង្គំជាខ្ញុំ បានយកអាសាព្រះចៅសៀមមកច្រើនគ្រាហើយ តែពុំបានបំណាច់អ្វីសោះ។ លុះដល់ថ្ងៃម្សិលមិញនេះ ទ្រង់ដាក់អាជ្ញាថា ឲ្យទូលព្រះបង្គំទាំង ៦នាក់នេះ វាយបន្ទាយប៉ែកខាងត្បូងឲ្យបែក។ លុះទូលព្រះបង្គំធ្វើការថ្វាយពុំបានដូចព្រះបង្គាប់ ទើបព្រះបរមរាជា ទ្រង់ត្រាស់ឲ្យធ្វើទោសវាយខ្នងសាប់ថ្ងាស់យ៉ាងនេះ។ មិនតែប៉ុណ្ណោះសោត ទ្រង់មានព្រះតម្រាស់ថា : ព្រឹកនេះ ទ្រង់នឹងឲ្យសម្លាប់ទូលព្រះបង្គំទាំង ៦នាក់នេះទៀត។ អាស្រ័យហេតុនេះហើយ ទើបបានជាទូលព្រះបង្គំទាំងឡាយភិតភ័យណាស់ ហើយរត់មកសូមជ្រកក្រោមព្រះបារមី នៃ ព្រះបរមបពិត្រ ជាអម្ចាស់"។ កាលទាហានសៀមទាំង ៦នាក់ កំពុងក្រាបបង្គំទូលនោះ មានមន្ត្រីខ្មែរម្នាក់ ចូលមកពីទិសខាងលិច ហើយមកក្រាបបង្គំទូលថា : ទូលព្រះបង្គំ បានឃើញទាហានសៀម ១៥នាក់ នាំយកភូឃុំ ១៥នាក់មកសម្លាប់នៅទ្វារបន្ទាយខាងលិច។ ទូលព្រះបង្គំសាកសួរទៅ ទាហានទាំងនោះប្រាប់ថា : នាយភូឃុំទាំងនេះ បានឲ្យរួចមនុស្សទាំង ៦នាក់នេះ។
បរមសោករាជ និង ធម្មាសោករាជក្នុងការប្រៀបធៀប រវាងពង្សាវតារផ្សេង គេថាសៀមឈ្លានពានខ្មែរលើកទីពីរគឺស្ថិតនៅក្នុងរាជ្យស្ដេចធម្មាសោករាជទៅវិញ ហើយព្រឹត្តិការណ៍ឈ្លានពានក៏មានភាពស្រដៀងគ្នា តាមការរៀបរាប់ខាងលើដែរ បើសិនយើងផ្អែកទៅលើការផ្ទឹមនេះយើងអាចសន្និដ្ឋានស្ដេច បរមសោករាជ និង ធម្មាសោករាជក៏អាជជាស្ដេចតែមួយអង្គដូចគ្នាដែរ។ ឯកសារយោង
|
Portal di Ensiklopedia Dunia