នរេន្ទ្រវម៌្ម (វ្យាធបុរ)
វ្រះបាទនរេន្ទ្រវម៌្ម ព្រះអង្គមានបុត្រីមួយព្រះអង្គ ព្រះនាមហ្វារេន្ទ្រលក្ឝ្មីដែលព្រះនាងជាមហេសីនៃវ្រះបាទរាជបតិវម៌្ម ជាក្សត្រនៃវ្យាធបុរ។ ពង្សាវតារតាមសិលាចារឹកវ្រះបាទ បានបញ្ជាក់ថាវ្រះបាទមហីបតិវម៌្មទ្រង់មានបុត្រីមួយព្រះអង្គ គឺព្រះនាងឥន្ទ្រទេវី ដែលត្រូវជាព្រះមាតារបស់វ្រះបាទយឝោវម៌្មទី១ ក៏ប៉ុន្ដែមិនបានបញ្ជាក់ថា តើព្រះអង្គមានរាជបុត្រមួយអង្គដែរឬក៏អត់ទេ? ដូច្នេះ គ្មានរជ្ជទាយាទមួយអង្គណាទេនៅរាជបល្លង្កកម្ពុជាពេលដែលវ្រះបាទជយវម៌្មទី២យាងមកពីកោះជ្វា។ ប្រាកដណាស់ថារាជវង្សវ្យាធបុរ និងឝម្ភុបុរ ជាគ្រួសារតែមួយ ជាងសាច់តាមខ្សែព្រះមាតា ហើយមានទំនាក់ទំនងល្អរវាងគ្នានិងគ្នា តាំងតែពីពេលដែលបែកគ្នាជាពីរមកម៉្លេះ។ ដោយហេតុនេះយើងអាចសន្និដ្ឋានថា ប្រទេសទាំងពីរបែកគ្នាអាចជាការបែងចែកទឹកដីគ្នា គ្រប់គ្រងដោយមានការយោគយល់គ្នាទៅវិញទៅមករវាងបងប្អូន ហើយបើទោះជាការបែកបាក់គ្នានេះ បណ្តាលមកពីអំពើហិង្សា ណាមួយក្តី ក៏អំពើហិង្សានោះឆាប់រលត់បាត់ទៅវិញ ព្រោះមិនបាន ២៥ ឆ្នាំផង ក្រោយពីបែកគ្នា ក្សត្រប្រទេសទំាងពីរបានរៀបចំភ្ជាប់ ចំណងអាពាហ៍ពិពាហ៍នឹងគ្នា។ សិលាចារឹកវ្រះបាទបានឲ្យដឹងថា វ្រះបាទឝ្រីបុឝ្ករាក្ឝដែលជាប់ខ្សែស្រឡាយជាមួយនឹងស្តេចនៃអនិន្ទិតបុរ បានក្លាយជាព្រះរាជានៃឝម្ភុបុរ ហើយទ្រង់ត្រូវជាព្រះបិតារបស់វ្រះបាទរាជេន្ទ្រវម៌្មទី១។ វ្រះបាទរាជេន្ទ្រវម៌្មទី១ បានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងន្ឫបតីន្ទ្រទេវីទី១ ជាព្រះរជ្ជទាយាទរបស់ព្រះរាជានៃវ្យាធបុរ ដែលប្រសូត្របានព្រះរាជឱរស មួយអង្គព្រះនាមមហីបតិវម៌្ម។ ព្រះមហីបតិវម៌្មបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងរាជេន្ទ្រទេវី និងត្រូវជាព្រះបិតា ព្រះនាងឥន្ទ្រទេវី (ស.វ.ទី៩) ដែលជាព្រះមាតារបស់វ្រះបាទយឝោវម៌្មទី១។ ដូច្នេះព្រះនាងឥន្ទ្រទេវីជាបច្ឆាញាតិរបស់រាជវង្សវ្យាធបុរផង និងឝម្ភុបុរផង ហើយទ្រង់ក៏ជាបច្ឆាញាតិរបស់ស្តេចអនិន្ទិតបុរ ថែមទៀត។ ព្រះនាងជាប់ខ្សែស្រឡាយខាងព្រះមាតាជាមួយនឹង ព្រាហ្មណ៍អគ្គស្សត្យ ដែលចេះចាំគម្ពីរវេទ និងវេទង្គ ព្រាហ្មណ៍នោះមានដើមកំណើតចេញមកពីអារ្យប្រទេស នៅឥណ្ឌាភាគខាងជើង ជាមួយនឹងព្រះនាងយសោមទិ ជាព្រះរាជអគ្គមហេសីនៃត្រកូលខ្ពង់ខ្ពស់ ដែលមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមថាឝ្រីនរេន្ទ្រវម៌្ម។ ព្រះរាជាជាម្ចាស់ពិភពលោកនេះមានបុត្រីមួយអង្គព្រះនាមថា ហ្វារេន្ទ្រលក្ឝ្មី។ រាជបុត្រីនេះបានរៀបអភិសេកជាមួយវ្រះបាទរាជបតិវម៌្ម ហើយប្រសូត្របានព្រះនាងរាជេន្ទ្រទេវី។ នៅក្នុងគភ៌របស់ព្រះនាងរាជេន្ទ្រទេវី ជាគភ៌ដែលផ្តល់កំនើតដល់វង្ស ស្តេចសិង្ហទាំងឡាយនេះហើយដែលវ្រះបាទមហីបតិវម៌្មបានបង្រួបបង្រួមទឹកដីទាំងពីរមកក្នុងអំណាចរបស់ព្រះអង្គ គឺបានផ្តល់កំណើតដល់ព្រះនាងឥន្ទ្រទេវីដែលល្អឥតផ្ទឹម និងមានកិត្តិនាមមូលបីដូចសមុទ្រទឹកដោះ៤។ ពង្សាវលី
ឯកសារយោង
|
Portal di Ensiklopedia Dunia