វ្រះបាទបុឝ្ករាក្ឝ (គ.ស ?-៧៣០) រជ្ជកាល (គ.ស ៧១៦-៧៣០)។
ក្រោយពីការសោយទិវង្គតនៃវ្រះបាទជយវម៌្មទី១ ក្នុងឆ្នាំ៦៨១ មក ភាពចលាចលបានធ្លាក់ទៅលើនគរ ហើយនិងនៅដើមនៃសតវត្សទី៨ អាណាចក្របានបែកខ្ញែកទៅជាក្សត្របុរី ខ្មែរហៅថា បុរ ជាច្រើន។ នៅខាងដើមស.វ.ទី៨ ព្រះអង្គម្ចាស់បុឝ្ករាក្ឝ ដែលមានដើមកំណើតនៅអនិន្ទិតបុរ រឺ ពាលាទិត្យបុរ (ស្ថិតនៅម្តុំសៀមរាប កសាងដោយវ្រះបាទពាលាទិត្យ នៃត្រកូលរបស់វ្រះបាទបុឝ្ករាក្ឝ នៅពាក់ កណ្តាលសតវត្សរ៍ទី៨ នៃគ.ស។) បានយាងទៅសោយរាជ្យនៅឝម្ភុបុរ (៧២៣) ជាទីដែលព្រះអង្គបានបន្សល់ទុកសិលាចារឹកមួយផ្ទាំង ចុះកាលកំណត់ ៧១៦ នៅត្រង់ប្រាសាទព្រះធាតុកូនពីរ។ ព្រះអង្គបានយាងទៅនេះក្នុងកិច្ចចង់បង្រួបបង្រួមចេនឡាទឹកលិច។ ព្រះអង្គម្ចាស់បុឝ្ករាក្ឝជាអ្នកគ្រប់គ្រងនៅឝម្ភុបុរបានប្រកាសខ្លួនថាជាស្ដេចនៃកម្វុជទាំងមូល។ តែជាការឥតប្រយោជន៍។ ពីព្រោះមិនយូរប៉ុន្មានផង ចេនឡាទឹកលិចត្រូវបែងចែកជានគរតូចៗប្រាំទៀត។ ចំពោះព្រំសីមាកំណត់ទឹកដីនគរនីមួយៗ គេពុំទាន់មានឯកសារអ្វីជាច្បាស់លាស់សម្រាប់បញ្ជាក់ទេ។ ពង្សាវតារចិនបានអះអាងថានៅសតវត្សទី៨ ចេនឡាត្រូវបែកទៅជាចេនឡាដីគោក និងចេនឡាទឹកលិច។ កំឡុងពេលនោះដែរ ឝម្ភុវម៌្ម ជាព្រះរាជបុត្រនៃវ្រះបាទបុឝ្ករាក្ឝ បានកាន់កាប់មួយភាគធំនៃចេនឡាទឹកលិចរហូតដល់សតវត្សទី៨ ដែលពួកម៉ាឡេ និងជ្វាបានត្រួតត្រាលើក្សតបុរីរបស់ខ្មែរខ្លះរួចទៅហើយ។ វ្រះបាទពាលាទិត្យដែលត្រូវជាព្រះអយ្យកោ ដែលបានសោយរាជ្យនៅអនិន្ទិតបុរ ហើយដែលបានអះអាងថាព្រះអង្គជាកូនចៅរបស់វ្រះបាទកៅណ្ឌិន្យទី១ និងព្រះនាងនាគីសោមា មកដល់វ្រះបាទភវវម៌្មទី១ ដែលជាចៅរបស់វ្រះបាទរុទ្រវម៌្ម ព្រះមហាក្សត្រនគរភ្វូណាន។ ម៉្យាងទៀត យើងក៏បានដឹងតាមរយៈសិលាចារឹក (K.៥០៨) នៃប្រាសាទមេបុណ្យខាងកើត ដែលបានចារឡើងនៅឆ្នាំ៩៥២ នៃ គ.ស ថាវ្រះបាទពាលាទិត្យបានសាងនូវសិវលិង្គមួយនៅឯស្វគ៌ទ្វារបុរ និងនៅកន្លែងផ្សេងទៀតក្នុងព្រះនគរ។ ប្រភពសិលាចារឹកក៏បានបញ្ជាក់ទៀតថា ព្រះរាជបុត្រីរបស់ព្រះអយ្យកោទ្រង់គឺ សរស្វតី បានរៀបអភិសេកជាមួយព្រាហ្មណ៍ម្នាក់ឈ្មោះ វិឝ្វរូប ហើយក្នុងចំណោមព្រះរាជបុត្រដែលប្រសូត្រពីគូស្វាមីភរិយានេះ គេឃើញមានវ្រះបាទន្ឫបតីន្ទ្រវម៌្មទី១ ដែលត្រូវជាព្រះបិតារបស់វ្រះបាទបុឝ្ករាក្ឝ។ ត្រង់នេះ យើងអាចយកធ្វើជាអំណះអំណាងមួយសម្រាប់ឆ្លើយតបចំពោះជនណា ដែលបដិសេធថា អាណាចក្រភ្វូណានពុំមែនជារដ្ឋខ្មែរដំបូង។ ដោយហេតុនេះមានន័យថាទ្រង់គឺជាបច្ឆាញាតិចុះពីព្រះរាជនគរភ្វូណានមួយអង្គដែរ។ ទ្រង់មានបច្ឆាមរណនាមថា វ្រះកម្រងតេង អញឝ្រីន្ទ្រលោក។ វ្រះបាទបុឝ្ករាក្ឝ ជាក្សត្រនៃចេនឡាទឹកលិច ដែលជាប់ខ្សែខាងសោមវង្ស (នគរភ្វូណាន) និងជាបុព្វការីជនរបស់វ្រះបាទជយវម៌្មទី២។
ពង្សាវលី
ឯកសារយោង