នីការ៉ាក្វា
ប្រទេសនីការ៉ាក្វា ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋនីការ៉ាក្វា[ស ២] គឺជាប្រទេសមួយស្ថិតនៅតំបន់អាមេរិកកណ្តាល។ ដោយមានក្រឡាផ្ទៃសរុប ១៣០,៣៧០ គីឡូម៉ែត្រការ៉េ នីការ៉ាក្វាគឺជាប្រទេសដែលធំជាងគេបង្អស់នៅក្នុងតំបន់។ គិតមកត្រឹមឆ្នាំ២០២៤ ប្រទេសនីការ៉ាក្វាមានប្រជាជនរស់នៅសរុបចំនួន ៦,៨៥០,៥៤០ នាក់[១២] ដែលនាំឱ្យខ្លួនក្លាយជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតទីបីនៅក្នុងតំបន់អាមេរិកកណ្តាលបន្ទាប់ពីប្រទេសក្វាតេម៉ាឡា និងហុងឌូរ៉ាស។ នីការ៉ាក្វាមានព្រំដែនជាប់នឹងប្រទេសហុងឌូរ៉ាសនៅភាគខាងជើង សមុទ្រការាអ៊ីបនៅប៉ែកខាងកើត ប្រទេសកូស្តារីកានៅទិសខាងត្បូង ហើយចំពោះប៉ែកសមុទ្រវិញគឺមានជាប់ជាមួយប្រទេសអែលសាល់វ៉ាឌ័រនៅមហាសមុទ្រប៉ាស៊ីហ្វិកត្រង់ភាគខាងលិច និងជាមួយប្រទេសកូឡុំប៊ីនៅខាងកើត។ រដ្ឋធានី និងទីក្រុងធំបំផុតក្នុងប្រទេសគឺមានឈ្មោះថា ម៉ាណាក្វា ហើយក៏ត្រូវជាទីក្រុងធំបំផុតទីបួននៅប្រចាំតំបន់អាមេរិកកណ្តាលផងដែរជាមួយនឹងប្រជាជនរស់នៅសរុបចំនួន ១,០៥៥,២៤៧ គិតត្រឹមឆ្នាំ២០២០។ នីការ៉ាក្វាជាប្រទេសមានប្រជាជនចម្រុះជាតិសាសន៍ច្រើនដូចជា ក្រុមជនជាតិមេស្ទីហ្សូ ជនជាតិដើមម្ចាស់ស្រុក និងជនជាតិមានដើមកំណើតពីទ្វីបអឺរ៉ុប និងអាហ្វ្រិក។ ភាសាគេនិយាយច្រើនជាងគេបំផុតក្នុងប្រទេសគឺ ភាសាអេស្ប៉ាញ ខណៈក្រុមកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅតំបន់ឆ្នេរសត្វមូសច្រើននិយាយភាសាស្រុកដើមរបស់ពួកគេ បូករួមទាំងភាសាអង់គ្លេសខ្លះផងដែរ។ ដើមឡើយពីបុរាណ ទឹកដីនៃប្រទេសនីការ៉ាក្វាត្រូវបានជនជាតិដើមជាច្រើនក្រុមរស់នៅប្រកបដោយភាពសាមញ្ញ តែមកដល់សតវត្សរ៍ទី១៦ តំបន់មួយនេះក៏ត្រូវអាណាចក្រអេស្ប៉ាញចូលមកកាន់កាប់។ នៅក្នុងឆ្នាំ១៨២១ នីការ៉ាក្វាក៏បានទទួលឯករាជ្យពេញលេញពីប្រទេសអេស្ប៉ាញ។ តំបន់ប៉ែកខាងកើតនៃប្រទេសដែលគេនិយមហៅថាឆ្នេរសត្វមូសនោះបានឆ្លងកាត់គន្លងប្រវត្តិសាស្ត្រខុសពីតំបន់ដទៃទៀត ព្រោះវាបានធ្លាក់ក្រោមអាណានិគមអង់គ្លេសនៅក្នុងសតវត្សរ៍ទី១៧។ នៅឆ្នាំ១៨៦០ តំបន់ឆ្នេរសត្វមូសរបស់អង់គ្លេសក៏បានក្លាយជាដែនដីស្វយ័តរបស់នីការ៉ាក្វា ខណៈផ្នែកខាងជើងបំផុតត្រូវបានផ្ទេរទៅឱ្យប្រទេសហុងឌូរ៉ាសនៅក្នុងឆ្នាំ១៩៦០។ ចាប់តាំងពីទទួលបានឯករាជ្យមក នីការ៉ាក្វាបានប្រឈមនឹងវិបត្តិនយោបាយជាច្រើនដំណាក់កាល ដូចជា របបផ្តាច់ការ ការកាន់កាប់ដោយបរទេស និងវិបត្តិសារពើពន្ធជាដើម។ ព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់ក្នុងសម័យកាលនោះរួមមាន បដិវត្តនីការ៉ាក្វានៃទសវត្សរ៍ឆ្នាំ១៩៦០ និងឆ្នាំ១៩៧០ និងសង្គ្រាមកុនត្រានៃទសវត្សរ៍ឆ្នាំ១៩៨០។ ទោះបីមានឈ្មោះជាសាធារណរដ្ឋអាស្រ័យប្រធានាធិបតីក៏ពិតមែន ប៉ុន្តែក្នុងពេលថ្មីៗនេះ លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសបានកំពុងជួបនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ពិសេសបន្ទាប់ពីបាតុកម្មប្រឆាំងរដ្ឋាភិបាលឆ្នាំ២០១៨ បានរងនឹងការបង្ក្រាបយ៉ាងចាស់ដៃពីកម្លាំងរដ្ឋាភិបាលលោកអ័រតេហ្កា។ ក្រោយពីការបោះឆ្នោតឆ្នាំ២០២១ ប្រទេសនេះក៏បានធ្លាក់ក្រោមរបបផ្ដាច់ការទាំងស្រុង។[១៣][១៤][១៥] បច្ចុប្បន្ន នីការ៉ាក្វាជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយបើប្រៀបក្នុងចំណោមបណ្ដាប្រទេសអាមេរិកឡាទីន និងការ៉ាអ៊ីប នីការ៉ាក្វាមានផលិតផលក្នុងស្រុកសរុបទាបបំផុតទីពីរក្នុងមនុស្សម្នាក់ៗ (ជាមធ្យម) និងផលិតផលក្នុងស្រុកសរុបទាបបំផុតទីបីសម្រាប់មនុស្សម្នាក់ៗ (ជា យអទ)។ នៅក្នុងឆ្នាំ២០២៣ នីការ៉ាក្វាបានជាប់ចំណាត់ថ្នាក់ជាប្រទេសពុករលួយបំផុតទីពីរនៅអាមេរិកឡាទីន បន្ទាប់ពីប្រទេសវេណេស៊ុយអេឡា។ នីការ៉ាក្វាជារដ្ឋសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ[១៦] និងជាសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធ សម្ព័ន្ធភាពបូលីវ៉ារីដើម្បីប្រជាជនអាមេរិកាំងយើង និងសហគមន៍រដ្ឋអាមេរិកឡាទីន និងការ៉ាអ៊ីបជាដើម។ កំណត់សម្គាល់
ឯកសារយោង
|
Portal di Ensiklopedia Dunia