ប្រទេសនេប៉ាល់ (ភាសានេប៉ាល់៖ नेपाल, បញ្ចេញសម្លេង៖ ណេ–ប៉ាល) មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ (सङ्घीय लोकतान्त्रिक गणतन्त्र नेपाल) គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងត្បូង។ ទឹកដីភាគច្រើននៃប្រទេសនេះបានលាតសន្ធឹងតាមជួរភ្នំហិម៉ាល័យដោយមានព្រំប្រទល់ខាងជើងជាប់តំបន់ទីបេនៃប្រទេសចិន នៅភាគខាងត្បូង កើត និងលិចជាប់ប្រទេសឥណ្ឌាដោយមានផ្ទៃក្រឡាសរុប ១៤៧,៥១៦ គម២ និងមានប្រជាជនជាង ២៨ លាននាក់។ ប្រទេសនេប៉ាល់មានទឹកដីភូមិសាស្ត្រចម្រុះដែលគ្របដណ្តប់ដោយតំបន់វាលទំនាប កូនភ្នំនិងព្រៃភ្នំជាច្រើន និងព្រមទាំងភ្នំខ្ពស់ជាងគេបំផុតទាំង ៨ នៅលើពិភពលោករួមទាំងភ្នំអេវើរ៉េសទៀតផងដែលត្រូវជាចំណុចខ្ពស់បំផុតនៅលើភពផែនដី។ នេប៉ាល់គឺជារដ្ឋពហុជនជាតិ ពហុភាសា ពហុសាសនា និងពហុវប្បធម៌ដែលមានភាសានេប៉ាល់ជាភាសាផ្លូវការរបស់ប្រទេស។ កដ្ឋមណ្ឌូគឺជារដ្ឋធានីនិងជាទីក្រុងធំបំផុតនៅក្នុងប្រទេស។
ឯកសារយោង