បាវ ដាយ
បាវ ដាយ (ភាសាវៀតណាម៖ Bảo Đại, ជឺហាន៖ 保大, ២២ តុលា ១៩១៣ – ៣១ កក្កដា ១៩៩៧)[២] ដោយមានព្រះនាមកំណើតថា ង្វៀន ហ្វ៊ូកវិញធ្វី (Nguyễn Phúc Vĩnh Thụy) ទ្រង់ជាព្រះចៅអធិរាជទី១៣ និងចុងក្រោយបង្អស់នៃរាជវង្សង្វៀន ពោលជាខ្សែរាជវង្សវៀតណាមចុងក្រោយបំផុត។[៣] ពីឆ្នាំ១៩២៦ ដល់ឆ្នាំ១៩៤៥ ព្រះអង្គគឺជាចៅអធិរាជនៃអណ្ណាម និងជាព្រះមហាក្សត្រនៃតុងកឹង ដែលកាលនោះសុទ្ធតែស្ថិតនៅក្រោមអាណាព្យាបាលភាពរបស់បារាំង។ ព្រះចៅបាវ ដាយបានឡើងសោយរាជ្យនៅក្នុងឆ្នាំ១៩៣២។ ចក្រភពជប៉ុនបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋបាលបារាំងចេញពីឥណ្ឌូចិននៅអំឡុងខែមីនា ឆ្នាំ១៩៤៥ ហើយបានគ្រប់គ្រងប្រទេសវៀតណាមតាមរយៈស្ដេចបាវ ដាយ ដោយតម្លើងព្រះអង្គជាព្រះអធិរាជនៃចក្រភពវៀតណាម។ ទ្រង់បានដាក់រាជ្យនៅអំឡុងខែសីហា ឆ្នាំ១៩៤៥ នៅពេលដែលជប៉ុនទម្លាក់អាវុធចុះចាញ់សង្គ្រាមលោកលើកទី២។ ពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥៥ បាវ ដាយបានបម្រើការជាប្រមុខរដ្ឋនៃរដ្ឋាភិបាលប្រឆាំងកុម្មុយនីស្តនៅវៀតណាមខាងត្បូង។ បាវ ដាយត្រូវបានប្រជាជនវៀតណាមទូទៅមើលឃើញថាជាមេដឹកនាំអាយ៉ងរបស់បារាំង ព្រោះមកពីព្រះអង្គមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសបារាំង ហើយតែងចំណាយពេលវេលាច្រើននៅក្រៅប្រទេស។ ទីបំផុត ព្រះអង្គត្រូវបានគេដកចេញពីអំណាចដោយលទ្ធផលប្រជាមតិក្នុងឆ្នាំ១៩៥៥ ដែលបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីង៉ូ ឌិញឌៀម ជាមួយការគាំទ្រពីសហរដ្ឋអាមេរិក។ ឯកសារយោង
|
Portal di Ensiklopedia Dunia