ប្រព័ន្ធខ្នាតអន្តរជាតិប្រព័ន្ធខ្នាតអន្តរជាតិ (អង់គ្លេស៖ International System of Units) គឺជាទ្រង់ទ្រាយទំនើបមួយនៃប្រព័ន្ធម៉ែត្រ។ ឈ្មោះប្រព័ន្ធនេះអាចហៅកាត់ថា SI មកពីពាក្យបារាំង Système International d'unités ។ ប្រព័ន្ធខ្នាតអន្តរជាតិ គឺជាប្រព័ន្ធរង្វាស់មួយដែលផ្អែកលើខ្នាតគោលចំនួន៧ ដូចជា៖ ម៉ែត្រ (ប្រវែង), គីឡូក្រាម (ម៉ាស), វិនាទី (ពេលវេលា), អំពែរ (ចរន្តអគ្គិសនី), កែលវិន (សីតុណ្ហភាព), ម៉ូល (បរិមាណ), និង កង់ដេឡា (ពន្លឺ)។ គេអាចប្រើខ្នាតគោលទាំងនេះ ដើម្បីផ្សំគ្នាទៅវិញទៅមក។ ការផ្សំបែបនេះបង្កើតឲ្យមានជា ខ្នាតកម្លាយ ដែលគេអាចយកទៅបកស្រាយបរិមាណដទៃទៀតដូចជា កម្រិតសំឡេង, ថាមពល, អានុភាព, និង ល្បឿន។ ប្រព័ន្ធនេះត្រូវបានគេយកទៅប្រើជាសាកល ក៏ប៉ុន្តែមានប្រទេសមួយចំនួនមិនប្រើប្រព័ន្ធនេះជាខ្នាតរង្វាស់ផ្លូវការឡើយ ដូចជា មីយ៉ាន់ម៉ា, លីបេរៀ, និង សហរដ្ឋអាមេរិក។[១] នៅក្នុងប្រទេសទាំងនេះ គេតែងប្រើប្រព័ន្ធខ្នាតអន្តរជាតិនៅក្នុងវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ។ ប្រវត្តិនិងការប្រើប្រព័ន្ធម៉ែត្រ ត្រូវបានបង្កើតឡើងនៅប្រទេសបារាំង ក្រោយ បដិវត្តន៍បារាំង ក្នុងឆ្នាំ១៧៨៩។ ប្រព័ន្ធដើមនេះមានតែខ្នាតគំរូពីរប៉ុណ្ណោះគឺគីឡូក្រាម និងម៉ែត្រ។ ប្រព័ន្ធម៉ែត្រនេះមានភាពពេញនិយមនៅក្នុងចំណោមអ្នកវិទ្យសាស្ត្រជាច្រើន។ នៅក្នុងទសវត្សរ៍ឆ្នាំ១៨៦០ James Clerk Maxwell និង William Thomson (ដែលក្រោយមកត្រូវគេស្គាល់ថាជា Lord Kelvin) បានស្នើប្រព័ន្ធមួយទៀតដែលមានខ្នាតគោលចំនួនបី មានប្រវែង ម៉ាស និងពេលវេលា។ ចំណែកខ្នាតដទៃទៀត គេបានធ្វើកម្លាយចេញពីខ្នាតគោលទាំងបីនោះ។ ក្រោយមកទៀត គេបានប្រើសំណើនោះ ដើម្បីប្រព័ន្ធថ្មីមួយទៀតមានឈ្មោះថា ប្រព័ន្ធខ្នាតសង់ទីម៉ែត្រ-ក្រាម-វិនាទី (centimetre–gram–second system of units ) ហៅកាត់ថា CGS។ ខ្នាតមួយនេះប្រើសង់ទីម៉ែត្រជាខ្នាតគោលសម្រាប់ប្រវែង, ក្រាមជាខ្នាតគោលសម្រាប់ម៉ាស និងវិនាទីជាខ្នាតគោលសម្រាប់ពេលវេលា។ ក្នុងនោះក៏មានរួមបញ្ចូលខ្នាត ឌីន (dyne) ជាខ្នាតគោលសម្រាប់ កម្លាំងច្រាន និង អឺហ្កង់ ជាខ្នាតគោលសម្រាប់ថាមពល។ នៅពេលអ្នកវិទ្យាសាស្ត្របានសិក្សាទៅលើ អេឡិចត្រូនិក និង ដែនម៉ាញេទិក ពួកគេក៏បាននឹកឃើញថាត្រូវមានខ្នាតគោលដទៃទៀត ដែលត្រូវការចាំបាច់ ដើម្បីបកស្រាយលើប្រធានបទទាំងនោះ។ នៅពាក់កណ្ដាលសតវស្សទី២០ កំណែផ្សេងៗនៃប្រព័ន្ធម៉ែត្រត្រូវបានប្រើ ដែលជាហេតុនាំឲ្យមានការយល់ច្រឡំច្រើន។ នៅក្នុង សន្និសីទសាកលស្ដីពីទម្ងន់និងរង្វាស់ (CGPM) ឆ្នាំ១៩៥៤ គេបានបង្កើតឡើងនូវកំណែដំបូងនៃប្រព័ន្ធខ្នាតអន្តរជាតិ។ គេបានប្រើខ្នាតគោលចំនួនប្រាំមួយរួមមានម៉ែត្រ គីឡូក្រាម វិនាទី អំពែរ កែលវិន និងកង់ដេឡា។[២] ខ្នាតគោលទីប្រាំងពីរ គឺម៉ូល ត្រូវបានបន្ថែមនៅឆ្នាំ១៩៧១។[៣] បច្ចុប្បន្ននេះ គេបានប្រើប្រព័ន្ធខ្នាតគោលអន្តរជាតិស្ទើរគ្រប់ទីកន្លែងនៅលើពិភពលោក លើកលែងតែ សហរដ្ឋអាមេរិក, លីបេរៀ និង មីយ៉ាន់ម៉ា ប៉ុណ្ណោះ ដែលគេនៅប្រើខ្នាតចាស់។ ប្រទេសមួយចំនួនដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រទៅនឹង ចក្រភពអង់គ្លេស មានភាពយឺតយ៉ាវក្នុងការជំនួសប្រព័ន្ធចាស់ដោយប្រព័ន្ធម៉ែត្រ ឬក៏ប្រើទាំងពីរក្នុងពេលតែមួយ។ ខ្នាតរង្វាស់ខ្នាតគោលខ្នាតគោលនៃប្រព័ន្ធខ្នាតអន្តរជាតិ គឺជារង្វាស់ ដែលអ្នកវិទ្យាសាស្ត្រ និងមនុស្សជុំវិញពិភពលោកយកទៅប្រើប្រាស់។ គេក៏អាចសរសេរខ្នាតផ្សេងទៀត ដោយរួមផ្សំខ្នាតគោលទាំងប្រាំពីរនេះក្នុងវិធីផ្សេងៗ។ ខ្នាតផ្សេងទាំងនោះ ហៅថា ខ្នាតកម្លាយ។
ខ្នាតកម្លាយខ្នាតកម្លាយត្រូវបានបង្កើតដោយការផ្សំរវាងខ្នាតគោល។ គេអាចធ្វើកម្លាយ គុណ ឬលើកជាស្វ័យគុណ។ ខ្នាតកម្លាយខ្លះមានឈ្មោះពិសេស។ ជាធម្មតា គេខ្នាតកម្លាយទាំងនេះ ដើម្បីឲ្យមានការគណនាងាយស្រួល។
បុព្វបទមិនថារង្វាស់ធំឬតូច សុទ្ធតែអាចសរសេរបានដោយប្រើបុព្វបទ។ គេប្រើសុព្វបទនៅពីមុខខ្នាត ដើម្បីបង្កើតខ្នាតថ្មីមួយ។ ឧទាហរណ៍ថា គីឡូ មានន័យថា "១០០០" ដងនៃខ្នាតដើម ហើយ មីល្លី មានន័យថា "០.០០១" ដងនៃខ្នាតដើម។ ដូចច្នេះ មួយគីឡូក្រាម ស្មើនឹង ១០០០ ម៉ែត្រ ហើយមួយមីល្លីក្រាម ស្មើនឹងទី ១០០០ នៃមួយក្រាម។
មើលផងដែរ
ឯកសារយោង
|
Portal di Ensiklopedia Dunia