ប្រាសាទកំពង់ព្រះ
ទីតាំងភូមិសាស្រ្តក្រុមប្រាសាទកំពង់ព្រះមានទីតាំងស្ថិតនៅក្នុង ភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ដើម្បីទៅដល់ទីទួលប្រាសាទ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចធ្វើដំណើរស្របតាមបណ្ដោយផ្លូវជាតិលេខ៥ ចេញពីក្រុងកំពង់ឆ្នាំង មានចម្ងាយ ៤១គីឡូម៉ែត្រ។មកដល់ចំណុចផ្សារពន្លៃ មានផ្លូវបំបែកមួយ(ច្រមុះជ្រូក)នៅខាងស្ដាំដៃ ឃើញសាលាស្រុកបរិបូណ៌ រួចបត់តាមផ្លូវនោះជិះទៅត្រង់ ប្រមាណ ៣គីឡូម៉ែត្រ។យើងនឹងទៅដល់ទីតាំងជាក់ជាមិនខាន។សូមបញ្ជាក់ផងដែរ នៅរដូវវស្សាយើងអាចធ្វើដំណើរតាមផ្លូវទឹក ដោយជិះទូកឬកាណូត នៅរដូវប្រាំងទឹកស្រកវិញ យានយន្តគ្រប់ប្រភេទអាចបើកទៅដល់កន្លែងប្រាសាទបានយ៉ាងងាយស្រួលតែម្ដង។ប្រាសាទកំពង់ព្រះកសាងឡើងនៅលើដីកោះមួយកន្លែង ក្នុងបរិវេណវត្ត ទួលព្រះស្រីពិជ័យសូរ្យវង្សកំពង់ព្រះ ឬវត្តកំពង់ព្រះ។នៅទីនោះយើងឃើញមានតួប្រាសាទពីរឈរទន្ទឹមគ្នា យ៉ាងសង្ហា ដែលប្រាសាទទាំងពីរនេះ អ្នកស្រុកហៅថា ប្រាសាទប្រុស ប្រាសាទស្រី និងគ្រឹះប្រាសាទទីបីមួយទៀតនៅក្បែរនោះដែលរលំបាក់កប់ទៅក្នុងដីបាត់រូបរាងស្ទើរតែស្រុងអស់ទៅហើយ។ ស្ថាបត្យកម្មក្រុមប្រាសាទកំពង់ព្រះសាងសង់អំពីថ្មភក់និងឥដ្ឋក្រហម បែរមុខទៅទិសខាងជើង ពោលគឺបែរមុខទៅរកបឹងទន្លេសាប ដែលនៅជិតនោះប្រមាណតែ ១គីឡូម៉ែត្រប៉ុណ្ណោះ។ បើយើងពិនិត្យទៅលើផ្នែកស្ថាបត្យកម្មប្រាសាទ យើងអាចសន្និដ្ឋានបានថា ក្រុមប្រាសាទកំពង់ព្រះ កសាងនៅក្នុងសម័យមុនអង្គរ នៅចុងសតវត្សទី៧ ដើមសតវត្សទី៨ ក្នុងរាជព្រះមហាក្សត្រិយ៍ ព្រះនាងជ័យទេវី ដែលគេដឹងថា ព្រះនាងឡើងសោយរាជ្យពីឆ្នាំ ៦៨១ ដល់ ៧១៣ នៃគ្រិស្តសករាជ ត្រូវជាបុត្រីរបស់ព្រះបាទជ័យវរ្ម័នទី១ (គ.ស ៦៥៧-៦៨១) ស្ថិតក្នុងរចនាប័ទ្មកំពង់ព្រះ សម្រាប់ឩទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនា[១]៖
រូបភាពឯកសារយោង |
Portal di Ensiklopedia Dunia