រាជធានីឧដុង្គមានជ័យ
រាជធានីឧដុង្គមានជ័យ (អង់គ្លេស : Oudong Mean Chey) គឺជាអតីតរាជធានីរបស់ខ្មែរមួយនៅក្នុងសម័យឧដុង្គដែលសព្វថ្ងៃមានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺនិងចន្លោះទិសពាយ័ព្យនិងទិសឧត្តរនៃរាជធានីភ្នំពេញ។បច្ចុប្បន្នអតីតរាជធានីខ្មែរនេះត្រូវបានបំបែកចេញជា ០២ ពីស្រុកឧដុង្គក្លាយជាក្រុងឧដុង្គម៉ែជ័យនិងស្រុកសាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺវិញ។រាជធានីឧដុង្គមានជ័យគឺជាទីកន្លែងប្រវត្តិសាស្ត្រស្នូលនៃសម័យឧដុង្គ។នៅលើភ្នំឧដុង្គដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាលមានព្រះចេតិយនៃអតីតព្រះមហាក្សត្រនិងព្រះរាជរង្សានុវង្សមួយចំនួនព្រមទាំងវិហារព្រះពុទ្ធសាសានាផងដែរ។នៅក្នុងឆ្នាំ ១៩១៧ ព្រះបាទស៊ីសុវត្ថិទ្រង់បានត្រាស់បង្គាប់ឲ្យកសាងសិលាចារឹកដាក់នៅមុខព្រះចេតិយយ៉ាងតិចចំនួន ០២ នៅទីនោះ។ព្រះបាទនរោត្ដម សីហនុទ្រង់បានដង្ហែរព្រះបរមសារីរឹកធាតុនៃព្រះសម្មាសម្ពុទ្ធមកដាក់នៅលើភ្នំនេះផងដែរ។ អំពីឈ្មោះរាជធានីមានមតិខ្លះយល់ថាឈ្មោះក្រុងឧដុង្គក្លាយមកពីពាក្យសំស្ក្រឹតថាឧត្ដុង្គ ឬ ឧដុង្គ(សំស្ក្រឹត : उत्तुङ्ग)ដែលមានន័យថាខ្ពស់ ខ្ពង់ខ្ពស់ ប្រសើរ ថ្លៃថ្លា។ ប្រវត្តិសាស្ត្រព្រះបាទស្រីសុរិយោពណ៌ទ្រង់បានកសាងក្រុងកោះស្លាកែតល្វាឯមនៅក្នុងឆ្នាំ ១៦០១ ក្រោយពីព្រះអង្គបានបោះបង់ក្រុងលង្វែកចោល។ចាប់ពីឆ្នាំ ១៦១៨ ដល់ឆ្នាំ ១៨៦៦ ឈ្មោះផ្លូវការរបស់រាជធានីថ្មីគឺក្រុងឧដុង្គមានជ័យហើយជារាជធានីរបស់មហាក្សត្រខ្មែរជាច្រើនព្រះអង្គគង់នៅ។នៅក្នុងរាជ្យព្រះបាទអង្គឌួងព្រះអង្គទ្រង់បានកសាងប្រឡាយ កំពែង ស្ពាន និង វត្តអារាមជាច្រើននៅក្នុងតំបន់នេះ។នាឆ្នាំ ១៨៦៦ ព្រះបាទនរោត្ដមបានបោះបង់រាជធានីឧដុង្គមានជ័យចោលក្រោយពីទ្រង់សព្វព្រះរាជហឫទ័យត្រឡប់មកកសាងរាជធានីចតុមុខមង្គលសារជាថ្មីដែលជារាជធានីភ្នំពេញបច្ចុប្បន្ន។នៅក្នុងឆ្នាំ ១៩៧៧ របបខ្មែរក្រហមបានបំផ្លិចបំផ្លាញសំណង់ជាច្រើននៅក្នុងតំបន់ឧដុង្គនេះយ៉ាងដំណំ។[១] បើតាមឯកសារប្រជុំរឿងព្រេងខែ្មរភាគទី ០៥ របស់ក្រុមជំនុំទំនៀមទម្លាប់ខែ្មរបានបញ្ជាក់ថារាជធានីឧដុង្គមានជ័យបានចាប់ផ្ដើមកសាងឡើងនៅក្នុងសតវត្សរ៍ទី ១៧ នៅក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី ២។នៅក្នុងពុទ្ធស័ករាជ ២១៦៤ នៃគ្រិស្តស័ករាជ ១៦២០ ព្រះបាទជ័យជេដ្ឋាទី ២ សេ្តចគង់នៅព្រះរាជវាំងល្វាឯមទ្រង់បាននាំសេនាបតីនិងនាមឺនសព្វមុខមន្រ្តីចុះព្រះរាជទីនាំងនាវាសេ្តចយាងទៅប្រពាតនៅតំបន់អូរក្រុងលាយនៅក្នុងខេត្តសំរោងទងទ្រង់ប្រថាប់នៅព្រះពន្លាជាយូរថៃ្ងរួចសេ្តចយាងទៅក្រសាលនៅតាដុងយាយជ័យទ្រង់ក៏ទតឃើញទីទួលមួយនៅតំបន់ស្រះកែវជាទីមានទេសភាពល្អក៏ទ្រង់ចាប់ព្រះទ័យហើយទ្រង់មានព្រះតម្រាស់ជាមួយមន្រ្តីមានហោធិបតីជាដើមថា“យើងចង់សាងព្រះរាជវាំងគង់នៅទីនេះតើអស់អ្នកទាំងពួងយល់ថាមេ្តច?”ឧកញ្ញ៉ាហោរាធិបតីមុំគន់គូរពិនិត្យមើលទីដីនោះដោយក្បួនហោរាសាស្រ្តហើយក្រាបបង្គំទូលថា“ទីនេះជាទីជ័យភូមិល្អណាស់ត្រូវតាមក្បួនទាយថានឹងមានឬទ្ធីតេជៈឈ្នះអស់សត្រូវទាំង ០៨ ទិស”ព្រះរាជាទ្រង់ជ្រាបដូច្នោះហើយក៏ចាត់ឲ្យឧកញ៉ាក្រឡាហោមកែវជានាយកចាត់ការកសាងព្រះរាជវាំងនៅតំបន់ស្រះកែវនេះនៅថៃ្ង ០៥ កើត ខែផល្គុន ឆ្នាំវក ទោស័ក ពុទ្ធស័ករាជ ២១៦៤ នៃគ្រិស្តស័ករាជ ១៦២០ សេ្តចបានតាំងព្រះនាមព្រះនគរ(ទីក្រុង)ថ្មីនោះថាព្រះបរមរាជវាំងមហានគរឧដុង្គមានជ័យបុរីរម្យឧត្តមរាជនិវេសនដ្ឋានដែលហៅខ្លីៗថាក្រុងឧដុង្គមានជ័យហើយសព្វថ្ងៃនៅត្រឹមឧដុង្គដែលជាឈ្មោះរបស់ស្រុកមួយនៅក្នុងខេត្តកំពង់ស្ពឺគឺស្រុកឧដុង្គ(បំបែកចេញជាក្រុងឧដុង្គម៉ែជ័យនិងស្រុកសាមគ្គីមុនីជ័យ)។ រឿងដំណាលតាមពាក្យតំណាលថាព្រះពុទ្ធរូបនៅក្នុងព្រះវិហារអដ្ឋរស្សនេះបែរព្រះភ័ក្ត្រទៅទិសខាងជើងគឺមិនបែរទៅទិសខាងកើតតាមទម្លាប់ដែលជាតំណាងឲ្យប្រវត្តិនៃភាពរុងរឿងនិងរឹងមាំនៃចក្រភពខ្មែរនោះមានជាប់ពាក់ព័ន្ធនឹងរឿងតំណាលដូចតទៅ ៖ នៅក្នុងសតវត្សរ៍ទី ១៨ ប្រជាជននៅក្នុងតំបន់និយាយថាមានអធិរាជចិនមួយព្រះអង្គបានបញ្ជូនកងកម្លាំងរបស់ព្រះអង្គទៅទូទាំងអាស៊ីដើម្បីពិនិត្យមើលនគរផ្សេងៗដែលអាចបង្កគ្រោះមហន្តរាយដល់នគរព្រះអង្គ។នៅពេលដែលកងកម្លាំងចិននោះមកដល់ក្រុងឧដុង្គមានជ័យពួកគេបានឃើញភ្នំមួយដែលមានរាងដូចនាគ(ភ្នំឧដុង្គ)ដែលមានរូងមួយហើយនៅក្នុងរូងនោះមានសត្វមកររស់នៅហើយពួកគេសង្កេតឃើញថាខ្មែរធ្លាប់ជាប្រទេសថ្កុំថ្កើងរុងរឿងមានឫទ្ធានុភាពតែបានចុះអាប់ឱនជាងមុន។យ៉ាងណាមិនយូរប៉ុន្មាននគរនេះមុខជាប្រសព្វនឹងសេចក្ដីថ្កុំថ្កើងរុងរឿងឡើងវិញលើសដើម។កងកម្លាំងចិននោះក៏បានទៅទូលព្រះអធិរាជចិនវិញថាជាតិខ្មែរធ្លាប់មានអំណាចខ្លាំងក្លាណាស់តាមក្បួនចិនសែមើលឃើញទម្រង់ភ្នំដូចសត្វមករដែលមានតួខ្លួននៅត្រង់ចេតិយស្ថានត្រៃត្រិង្សក្បាលនិងពុកមាត់នៅត្រង់ចេតិយទន្ទឹមរីឯកន្ទុយនៅត្រង់ព្រះពុទ្ធបដិមាចូលនិព្វាន។នៅកំពូលភ្នំមានរូងមួយធំជ្រៅចុះទៅក្រោមដែលពួកចិនយល់ឃើញថាមិនយូរប៉ុន្មានសត្វមករនឹងកម្រើកចេញតាមរូងនេះហើយពេលសត្វមករផុសឡើងខ្មែរនឹងមានអំណាចខ្លាំងក្លានិងថ្កុំថ្កើងរុងរឿងអស្ចារ្យ។ការព្យាករណ៍របស់ពួកចិនសែធ្វើឲ្យនាម៉ឺននិងអធិរាជចិនមិនសប្បាយចិត្តនោះឡើយក៏បានរកមធ្យោបាយសន្ធប់រូងបិទឲ្យជិតដើម្បីកុំឲ្យសត្វមករផុសឡើងបាន។ដោយនគរខ្មែរកាន់ព្រះពុទ្ធសាសនាទើបចិនយល់ថាមានតែសាងសង់វិហារតម្កល់ព្រះពុទ្ធបដិមាឲ្យធំនៅទីនោះទេទើបខ្មែរមិនគាស់រំលីងព្រះពុទ្ធបដិមានោះបានដោយហេតុថាប្រជាជនមានជំនឿខ្លាំងទៅលើព្រះពុទ្ធសាសានា។ដូច្នេះព្រះអង្គបានសាកសួរទៅព្រះមហាក្សត្រខ្មែរថា“តើព្រះអង្គអាចសង់វិហារមួយនៅភ្នំនេះបានទេ?”ដោយមានការយល់ព្រមពីព្រះមហាក្សត្រខ្មែរចិនក៏បានសាងសង់វិហារមួយនៅលើរូងមករនេះដោយឲ្យព្រះពុទ្ធរូបបែរព្រះភ័ក្ត្រទៅទិសខាងជើងតម្រង់ទៅនគរចិនដើម្បីការពារនគរចិន។វិហារនេះឈ្មោះអដ្ឋរស្សដែលមានន័យថា ១៨ ដ្បិតសណ្ឋានវិហារនោះមាន ១៨ ជ្រុងពោលគឺ ១៨ ហត្ថដែលជាខ្នាតទំហំនៃព្រះពុទ្ធរូបតម្កល់នៅក្នុងនោះ។ បេតិកភ័ណ្ឌពិភពលោកទីតាំងរាជធានីឧដុង្គមានជ័យជាប់ឈ្មោះនៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកបម្រុងរបស់អង្គការយូនីស្កូ(UNESCO)នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ១៩៩២ ក្រោមចំណាត់ថ្នាក់បេតិកភ័ណ្ឌវប្បធម៌។[២] ឯកសារយោង
តំណភ្ជាប់ខាងក្រៅ
|
Portal di Ensiklopedia Dunia