វត្តដំណាក់វត្តដំណាក់ (អង់គ្លេស : Wat Domnak) គឺជាវត្តអារាមបែបព្រះពុទ្ធសាសនាថេរវាទមួយដែលមានទីតាំងស្ថិតនៅខាងកើតដងស្ទឹងសៀមរាបនៃក្រុងសៀមរាប ខេត្តសៀមរាប។
ប្រវត្តិសាស្ត្រវត្តនេះពីមុនគឺជាទីតាំងព្រះរាជដំណាក់របស់ព្រះបាទព្រះស៊ីសុវត្ថិនៅក្នុងអំឡុងឆ្នាំ ១៩០៤ ដល់ឆ្នាំ ១៩២៧។លុះក្រោយមក ព្រះរាជដំណាក់របស់ព្រះមហាក្សត្រត្រូវបានប្ដូរទីតាំងទៅនៅជិតអាស្រមព្រះអង្គចេក ព្រះអង្គចមវិញ។ក្រោយពីព្រះរាជដំណាក់ត្រូវបានផ្លាស់ប្ដូរទីតាំងទីធ្លាបរិវេណព្រះរាជដំណាក់ចាស់ត្រូវបានកែប្រែឲ្យក្លាយទៅជាវត្តអារាមព្រះពុទ្ធសាសនាវិញ។ ជាអកុសលនៅក្នុងរបបខ្មែរក្រហមវត្តដំណាក់ត្រូវបានកងទ័ពខ្មែរក្រហមប្រើប្រាស់ជាមូលដ្ឋានយោធារបស់ពួកគេ។[១] ព្រះវិហារបុរាណនៅតាមបណ្តោយដងស្ទឹងសៀមរាបស្ថិតនៅកណ្តាលក្រុងសៀមរាបមានវត្តជាច្រើនដែលទំនងជាកសាងឡើងនៅក្នុងកាលបរិច្ឆេទប្រហាក់ប្រហែលគ្នាហើយមានទឹកដៃសិល្បៈយ៉ាងល្អឯកគួរឲ្យកត់សម្គាល់។វត្តដំណាក់ស្ថិតនៅត្រើយខាងកើតដងស្ទឹងដែលមានព្រះវិហារបុរាណមួយសង់នៅលើខឿនខ្ពស់ ជញ្ជាំងថ្ម ដំបូលប្រក់ក្បឿងស្រកាលេញយ៉ាងល្អឆើត។ព្រះវិហារនេះត្រូវគេមើលឃើញថាគឺជាសំណង់ព្រះពុទ្ធសាសនាល្អប្លែកមួយនៅក្នុងតំបន់ដែលលើកយកអន្លើនានានៅក្នុងទេពកថារាមកេរ្តិ៍ឆ្លាក់នៅលើសន្លឹកទ្វារនិងបង្អួច។ចំណែកនៅលើផ្ទៃជញ្ជាំងខាងក្នុងពុំមានគំនូរដូចបណ្តាព្រះវិហារផ្សេងៗឡើយតែមានសន្លឹកសីមាថ្មធំៗព័ទ្ធជុំវិញល្វែងគ្រឹះ។ បើយោងតាមការសិក្សារបស់ Daniel Guéret និង Dominique-Pierre Guéret បានសន្និដ្ឋានថាព្រះវិហារវត្តដំណាក់កសាងឡើងនៅចុងសតវត្សរ៍ទី ១៩។ប៉ុន្តែបើតាមសំណេររបស់ Peter Olszewski ផ្សាយនៅលើទំព័រកាសែតភ្នំពេញប៉ុស្តិ៍យល់ថាព្រះវិហារវត្តដំណាក់កសាងឡើងនៅរវាងឆ្នាំ ១៩១៩។ការសន្និដ្ឋានរបស់ Peter Olszewski ប្រហែលផ្អែកលើចំណារលេខ ១៩១៩ នៅលើជញ្ជាំងខាងជើងតែអ្នកខ្លះយល់ថាគឺជាឆ្នាំជួសជុលព្រះវិហារលើកដំបូង។ប៉ុន្តែបើផ្អែកលើលក្ខណៈទូទៅនៃសំណង់និងរូបថតឯកសារចាស់បំផុតរបស់បារាំងពាក់ព័ន្ធនឹងវត្តដំណាក់គេអាចសន្និដ្ឋានបានថាព្រះវិហារវត្តដំណាក់ប្រហែលកសាងរវាងមុនទសវត្សរ៍ទី ២០។ប៉ុន្តែយ៉ាងណាក្តីគេមើលឃើញថាព្រះវិហារវត្តដំណាក់គឺជាព្រះវិហារបុរាណដ៏ល្បីល្បាញនៅក្នុងខេត្តសៀមរាបតាំងពីដើមរៀងមក។នៅក្នុងសម័យសង្គមរាស្រ្តនិយមព្រះវិហារវត្តនេះក៏បានស្ថិតនៅលើទំព័រផ្សព្វផ្សាយអំពីអនុស្សាវរីយ៍រីកចម្រើននៃរបបសង្គមរាស្រ្តនិយមផងដែរ។ ព្រះវិហារវត្តដំណាក់ គឺជាប្រភេទព្រះវិហារបុរាណឬគេហៅថាវិហារជហ្វា ០៤។ព្រះវិហារសង់នៅលើខឿនជាថ្នាក់ៗហើយនៅតាមចំហៀងខឿនជុំវិញគេឃើញមានស្លាកស្នាមបញ្ចុះអដ្ឋិធាតុ ដែលជាទំនៀមខ្មែរប្រតិបត្តិមកតាំងពីបុរាណកាល។ចំពោះផ្នែកខាងមុខព្រះវិហារគេសង់បន្តជាដំបូលរានហាលនៅផ្នែកខាងមុខដូចព្រះវិហារវត្តរាជបូណ៌ឬព្រះវិហារវត្តលោមព្រលឹងដែលជាព្រះវិហារបុរាណនៅក្នុងខេត្តសៀមរាបផងដែរ។ព្រះវិហារវត្តដំណាក់គេរៀបចំឲ្យមានជណ្តើរឡើងទាំង ០៤ ទិស ខាងកើតមានទ្វារ ០៣ ខាងលិចមានទ្វារ ០២ ចំហៀងទាំងសងខាងមានបង្អួច ១៤(ជើង ០៧ ត្បូង ០៧)ដំបូលប្រក់ក្បឿងស្រកាលេញជ្រាលចុះ ០២ ថ្នាក់។ចំណែកឯនៅផ្នែកខាងក្នុងមានសសរឈើ ០៨ ជ្រុងចំនួន ១២ ដើមទ្រគ្រឿងបង្គុំឈើផ្នែកខាងលើ។រីឯនៅលើផ្ទៃជញ្ជាំងខាងក្នុងពុំមានគំនូរឬក្បាច់លម្អឡើយពោលគឺជាផ្ទៃលាតលាបពណ៌លឿងស្រាល។រីឯផ្នែកខាងលើជាពិតានឈើហើយផ្ទៃធ្នឹមលម្អដោយក្បាច់ពណ៌ទឹកមាស។ដោយឡែកនៅលើផ្ទៃសន្លឹកទ្វារនិងបង្អួច(ផ្នែកខាងក្រៅ)ទាំងអស់គេឆ្លាក់តួអង្គសំខាន់ៗឬទិដ្ឋភាពនៅក្នុងរឿងរាមកេរ្តិ៍លាបលម្អទឹកមាសយ៉ាងរស់រវើកគួរឲ្យកោតសរសើរ។ ដោយឡែកនៅលើហោជាងទាំងសងខាងនៃព្រះវិហារវត្តដំណាក់ គេឆ្លាក់ជាក្បាច់រចនាអំពីស៊ីម៉ងត៍ដែលបង្ហាញអំពីទិដ្ឋភាពជានិមិត្តរូបពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា។ហោជាងខាងកើតគេឆ្លាក់ព្រះស្តូបចេតិយមួយយ៉ាងធំដែលមានពន្លឺឆពណ្ណរង្សីនៅលើកំពូលខាងលើអមដោយឆ័ត្ររួតមួយគូនិងទេវតា ០២ អង្គហោះហើរប្រោះព្រំ។ចំណែកនៅផ្នែកខាងក្រោមអមព្រះស្តូបចេតិយគេឆ្លាក់ជារូបទេពប្រណម្យ(?)ម្ខាង ០៤ អង្គ។ផ្ទៃខាងក្រោយគេឆ្លាក់ក្បាច់ភ្ញីទេសយ៉ាងរស់រវើក។រីឯនៅនៅលើហោជាងខាងលិចគេឆ្លាក់អន្លើសំខាន់មួយនៅក្នុងរឿងពុទ្ធប្រវត្តិគឺត្រង់ពេលព្រះអង្គចេញបួស។ចម្លាក់ត្រង់នេះគឺមានតួអង្គព្រះសិទ្ធត្ថ(អនាគតព្រះពុទ្ធអង្គ)គង់លើខ្នងសេះទ្រង់គ្រឿងជាក្សត្រមានទេវតា ០៤ អង្គទ្រជើងសេះ ទេពនិករហែហម និង អាមាត្រតោងជាប់កន្ទុយសេះ។ចំណែកឯនៅផ្ទៃហោជាងខាងក្រោយគេឆ្លាក់ក្បាច់ភ្ញីទេសយ៉ាងរស់រវើកដូចហោជាងខាងកើតដែរ។គួរកត់សម្គាល់ដែរថាការរចនាហោជាងធ្វើអំពីស៊ីម៉ងត៍នៅលើព្រះវិហារបុរាណបែបនេះក៏ជាការកម្រនិងបង្ហាញឲ្យឃើញពីភាពទំនើបនៅក្នុងសំណង់ផងដែរដ្បិតភាគច្រើនព្រះវិហារបុរាណគេនិយមឆ្លាក់ហោជាងលើជាឈើ។ ![]() ចំពោះរចនាសម្ព័ន្ធសំណង់ផ្នែកខាងក្រោមដំបូលវិញគេឃើញថាព្រះវិហារនេះសង់ឲ្យមានបាំងសាចខាងក្រៅជញ្ជាំង។មិនត្រឹមតែប៉ុណ្ណោះការលម្អត្រង់ចន្លោះសសរជុំវិញបាំងសាចដោយរចនាជាបន្ទាត់កោងផ្កាប់និងក្បាច់លម្អតូចៗផងនោះហាក់បង្ហាញឲ្យឃើញលក្ខណៈទំនើបមួយផ្នែកទៀតនៅក្នុងស្ថាបត្យកម្មពោលគឺជាទម្រង់សិល្បៈបែបបស្ចឹមប្រទេសប្រើជាផ្នែកតូចមួយក្នុងសំណង់បុរាណខ្មែរ។ប៉ុន្តែទោះជាបែបនេះក្តីគេមើលឃើញថាការលម្អនៅលើសន្លឹកទ្វារនិងបង្អួចនីមួយៗសុទ្ធតែឆ្លាក់បង្ហាញអន្លើផ្សេងៗនៅក្នុងរឿងរាមកេរ្តិ៍ដែលជាលក្ខណៈពិសេសមួយនៃព្រះវិហារវត្តដំណាក់។ប្រសិនបើសង្កេតដោយត្រួសៗនៅលើសន្លឹកទ្វារទាំង ០៣ នៃជញ្ជាំងខាងកើតត្រង់ទ្វារកណ្តាលគេឆ្លាក់បង្ហាញត្រង់ព្រះលក្សណ៍ប្រយុទ្ធនឹងវិរុលមុខកុមារដែលកាឡាខ្លួនជាឥន្រ្ទជិតនៅលើសន្លឹកទ្វារទាំងសងខាង។ចំណែកឯនៅលើទ្វារខាងត្បូងសន្លឹកទ្វារម្ខាងគេឆ្លាក់ឥន្រ្ទជិតបំបាំងខ្លួនក្នុងពពកហើយសន្លឹកទ្វារម្ខាងទៀតគេឆ្លាក់សិម្ពលីគ្រុឌកំពុងឆាបឆក់បំផ្លាញសរនាគបាសរបស់ឥន្រ្ទជិតដែលមានទ័ពស្វាជុំវិញ។ ចំណែកទ្វារខាងលិចលើទ្វារស្តាំគេឆ្លាក់រូបតួអង្គសំខាន់ ០២ គឺហនុមាននិងនាងបុញ្ញកាយ។សន្លឹកទ្វារម្ខាងគឺឆ្លាក់ហនុមានចាប់នាងបុញ្ញកាយហោះចេញពីភ្លើងហើយសន្លឹកទ្វារម្ខាងទៀត ឆ្លាក់រូបហនុមានហោះទ្រនាងបុញ្ញកាយ។ចំពោះឈុតត្រង់នេះ នៅក្នុងសាច់រឿងរាមកេរ្តិ៍រៀបរាប់ថាក្រោយព្រះរាមទតឃើញសពនាងសីតាជាអគ្គមហេសី(នាងបុញ្ញកាយកាឡាខ្លួន)អណ្តែតទឹកនៅចំពោះព្រះភ័ក្រ្តហនុមានបានយកសពនាងសីតាទៅបូជាពិសោធន៍រកការពិតទើបលេចនាងបុញ្ញកាយហោះចេញពីភ្លើង។ប៉ុន្តែពេលដឹងការពិតដូច្នេះព្រះរាមយល់ថានាងជាកូនរបស់ពិភេកក៏ចាត់ឲ្យហនុមានហោះជូននាងទៅក្រុងលង្ការវិញ។រីឯនៅលើទ្វារខាងឆ្វេងនៃទិសខាងលិចនេះដែរប្រហែលគេឆ្លាក់រូបនាងបុញ្ញកាយនិងក្រុងរាពណ៍ជាឪពុកមា។ ក្រៅពីការឆ្លាក់សាច់រឿងនៅលើសន្លឹកទ្វារនៃព្រះវិហារវត្តដំណាក់នេះគេឃើញថានៅលើសន្លឹកបង្អួចទាំង ១៤ ក៏មានការឆ្លាក់បង្ហាញឈុតឆាកចម្បាំងតទល់គ្នារវាងព្រះរាម-ព្រះលក្សណ៍និងក្រុងរាពណ៍-ឥន្រ្ទជិត។នៅលើបង្អួចខាងជើងពលព្រះព្រះរាម ចេញក្បួនពីឆ្វេងទ័ពឥន្រ្ទជិតចេញពីស្តាំ។រីឯលើសន្លឹកបង្អួចខាងត្បូងទ័ពព្រះរាមចេញពីស្តាំទ័ពឥន្រ្ទជិតចេញពីឆ្វេងហើយចូលទល់ទ័ពប្រយុទ្ធគ្នានៅចំត្រង់បង្អួចកណ្តាល។សង្ខេបសេចក្តីមកព្រះវិហារវត្តដំណាក់គឺជាសំណង់មួយដែលបង្ហាញឲ្យឃើញពីការចាប់ផ្តើមភាពទំនើបនៃស្ថាបត្យកម្មនៅក្នុងសំណង់បុរាណខ្មែរ។ចំណែកឯការលើកយកឈុតឆាក ទិដ្ឋភាព និង តួអង្គសំខាន់ៗនៃរឿងរាមកេរ្តិ៍ដូចរៀបរាប់ខាងលើគេអាចសន្និដ្ឋានបានថាគឺសាច់រឿងត្រង់អន្លើចម្បាំងឥន្រ្ទជិត។សាច់រឿងអន្លើនេះផ្តើមពីក្រុងរាពណ៍បង្គាប់នាងបុញ្ញកាយកាឡាខ្លួនជាសាកសពនាងសីតាអណ្តែតទឹកឲ្យព្រះរាមយល់ថានាងសីតាជាអគ្គមហេសីសោយទីវង្គត។ប៉ុន្តែផ្ទុយទៅវិញល្បិចនោះបានក្លាយជាហេតុនៃចម្បាំងកាន់តែខ្លាំងក្លាដែលគេស្គាល់ជាទូទៅថាចម្បាំងឥន្រ្ទជិតហើយល្បីល្បាញរហូតមានលើកមកសម្តែងនៅក្នុងទម្រង់ល្ខោនស្បែកធំទៀតផង។[២] ![]() ការសិក្សាបច្ចុប្បន្នវត្តនេះមិនត្រឹមតែជាទីអារាមរបស់ព្រះពុទ្ធសាសនាសម្រាប់ឲ្យព្រះសង្ឃគង់នៅបដិបត្តិធម៌និងសម្រាប់ឲ្យពុទ្ធបរិស័ទធ្វើបុណ្យទានប៉ុណ្ណោះទេតែវត្តនេះក៏ជាថ្នាលបណ្តុះចំណេះវិជា្ជដល់ព្រះសង្ឃផងដែរដោយសារនៅក្នុងវត្តមានពុទ្ធិកបឋមសិក្សាសម្រាប់ព្រះសង្ឃសិក្សារៀនសូត្រភាសាបាលី ភាសាសំស្ក្រឹត និង ព្រះធម៌វិន័យនានា។លើសពីនេះនៅក្នុងបរិវេណវត្តក៏មានសាលាបឋមសិក្សាសម្រាប់ឲ្យកុមារសិក្សារៀនសូត្រទៀតផង។ បន្ថែមពីលើនេះជារៀងរាល់ថ្ងៃតែងតែមានជនានុជនជាច្រើនបានទៅអានសៀវភៅឬធ្វើកិច្ចការសាលានៅទីនោះផងដែរ។[៣] បណ្ណាល័យខេមរសិក្សានៅក្នុងវត្តនេះក៏មានបណ្ណាល័យមួយហៅថាមជ្ឈមណ្ឌលខេមរសិក្សាដែលបានបើកសម្រាប់ឲ្យសាធារណជនចូលធ្វើការសិក្សា ស្រាវជ្រាវឯកសារ និង អានសៀវភៅនានាយ៉ាងសម្បូរបែប។នៅតាមដងផ្លូវចូលទៅក្នុងវត្តមានរៀបចំនូវពាក្យស្លោកនិងសុភាសិតជាច្រើនសម្រាប់ដាស់តឿនដល់សាធារណជនទាំងឡាយ។[៤] ទេសចរណ៍![]() វត្តដំណាក់ក៏បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនានៅក្នុងវត្តនេះផងដែរដោយសារតែការរៀបចំប្រកបទៅដោយសោភ័ណភាពនៃវត្តនេះនិងអាយុកាលដ៏ចំណាស់ដែលមានពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រផងនោះ។ព្រះវិហារនៃវត្តនេះមានអាយុកាលប្រហែល ១០០ ឆ្នាំមកហើយ។[៥] ម្ហូបអាហារសាច់គោអាំងដែលល្បីនៅម្ដុំវត្តដំណាក់នេះបានបើកលក់ជាង ០២ ទសវត្សរ៍មកហើយគឺតាំងពីអំឡុងឆ្នាំ ១៩៩០ មកម្ល៉េះ។ខុសប្លែកពីសាច់គោអាំងនៅរាជធានីភ្នំពេញដែលមានចង្កាក់ស្ដួចវែង សាច់គោអាំងដែលល្បីនៅម្ដុំវត្តដំណាក់មានចង្កាក់ឬស្សីសំប៉ែតខ្លី។សាច់គោដោតលាយខ្លាញ់នៅខាងចុងត្រូវបានគេប្រែចុះឡើងដោយលាបទឹកគ្រឿងពណ៌ក្រហមបន្ថែមរសជាតិ។រសជាតិសាច់គោអាំងម្ដុំវត្តដំណាក់នេះមិនត្រឹមតែត្រូវចិត្តអតិថិជនខ្មែរប៉ុណ្ណោះទេជារឿយៗគេក៏ឃើញវត្តមានទេសចរបរទេសមកអង្គុយទទួលទានផងដែរ។[៦] ឯកសារយោង
|
Portal di Ensiklopedia Dunia