វិទ្យានន្ទន៍
ក្ឝត្រសូយ៌្យវម៌្មទេវ (អានថា:សូរ្យៈ-វ-រ៉ាក់-មៈទេវៈ) រឺ ឝ្រីវិទ្យានន្ទន៍ (អានថា:វិ-ទ្យា-នន់) រជ្ជកាល (គ.ស ១១៩០-១២០៣)[១] គឺជាព្រអង្គម្ចាស់ចាមនៅកម្វុជទេឝ ដែលនៅឆ្នាំ ១១៨២ បានបង្ក្រាបការបះបោរមួយដែលបានផ្ទុះឡើងនៅមល្យងប្រឆាំងនឹងជយវម៌្មទី៧ ត្រូវបានជួយយ៉ាងច្រើនដោយជំនាញយោធានៃ ព្រះអង្គម្ចាស់ឝ្រីវិទ្យានន្ទន៍ដែលបានមករស់នៅប្រទេសខ្មែរតាំងពីក្មេង ដែលទ្រង់ក៏បានដើរតួជាផ្នែកមួយនៅក្នុងការបំផ្លិចបំផ្លាញ និងសញ្ជ័យចាម្ប៉ាជាបន្តបន្ទាប់មក (១១៩០-១១៩១) ដោយចាប់បានស្ដេចជ័យឥន្ទ្រវម៌្មទី៤។ ឯនគរចាម្ប៉ាវិញ ស្ដេចចាមជ័យឥន្ទ្រវម៌្មទី៤បានលើកទ័ពមកឈ្លានពានកម្វុជទេឝសាជាថ្មី។ ព្រះអង្គក៏បានបញ្ជូនកងទ័ពវាយបង្ក្រាបរហូតដល់ទីបំផុតរឹបយកនគរចាម្ប៉ាដាក់ជាអាណាខេត្តរបស់ប្រទេសខ្មែរបានតាំងពីឆ្នាំ ១២០៣ រហូតដល់ឆ្នាំ ១២២៦ នៃគ្រិស្ដសករាជ។ ជាក្សត្រមួយអង្គ ទ្រង់បានតែងតាំងព្រះអនុជថ្លៃនៃជ័យវម៌្មទី៧ ស្ថិតក្រោមព្រះនាមថា សូយ៌្យជ័យវម៌្ម។ វិទ្យានន្ទន៍បានបង្កើតនគរមួយសំរាប់ខ្លួនព្រះអង្គបណ្ឌុរង្គក្រោមព្រះនាមសូយ៌្យវម៌្មទេវ។ នៅឆ្នាំ ១១៩១ ការបះបោរមួយនៅវិជ័យបានបណ្ដេញសូយ៌្យជយវម៌្មឱ្យយាងត្រឡប់ទៅកម្វុជទេឝវិញ និងបានឱ្យព្រះបាទជ័យឥន្ទ្រវម៌្មទី៥ឡើងសោយរាជ្យ។ វិទ្យានន្ទន៍បានបះបោរប្រឆាំងកម្វុជទេឝ និងក្ដាប់បានវិជ័យដោយធ្វើគត់ជ័យឥន្ទ្រវម៌្មទី៥។ នៅឆ្នាំ ១២០៣ ព្រះអង្គត្រូវនិរទេសចេញពីចាម្ប៉ា និងបាត់ព្រះកាយដោយគ្មានស្លាកស្នាម។ ព្រះរាជជីវប្រវត្តិកុមារភាពគួរបញ្ជាក់ថា ក្សត្រចាមអង្គនេះបានមករស់នៅអង្គរតាំងពីកេ្មងម៉េ្លះ សិលាចារឹកចាមនៅមីសឺន បានសរសេរថា « កាលពីកុមារភាពរបស់ព្រះអង្គនៅគ.ស. ១១៨២ ព្រះអង្គម្ចាស់វិទ្យានន្ទន៍ បានយាងមកគង់នៅកម្វុជទេឝ។ ព្រះមហាក្សត្រប្រទេសកម្ពុជា (គឺព្រះបាទជយវម៌្មទី៧ បានឡើងសោយរាជ្យមួួយឆ្នាំមុន) បានទតឃើញលក្ខណៈ ៣៣ យ៉ាងរបស់ព្រះអង្គម្ចាស់។ ក៏មានព្រះទ័យស្រឡាញ់សព្វព្រះរាជហ្ឫទ័យ ហើយព្រះអង្គបង្រៀនវិទ្យាសាស្រ្ត និងក្បួនយុទ្ធសាស្រ្តដល់ព្រះអង្គម្ចាស់។ ដល់ពេលធំឡើងស្ដេចអង្គនេះក្លាយជាមេទ័ពបង្ក្រាបកលយុគក្នុងនគរខ្មែរយើង។ ការបង្ក្រាបកលយុគនៅពេលដែលព្រះអង្គម្ចាស់វិទ្យានន្ទន៍គង់នៅកម្វុជទេឝ រាជាណាចក្រនេះមានតំបន់មួយឈ្មោះ មល្យង (បាត់ដំបង) ដែលមានមនុស្សអាក្រក់រស់នៅ ហើយបានងើបបះបោរឡើង ប្រឆាំងនឹងព្រះមហាក្សត្រខ្មែរ។ ព្រះរាជាបានទតឃើញព្រះអង្គម្ចាស់នេះពូកែខាងសឹកសង្រ្គាម ក៏បញ្ជាឲ្យដឹកនាំកងទ័ពខ្មែរ ដើម្បីទៅបង្រ្កាបការបះបោរ នៅមល្យងនេះបានទទួលជោគជ័យ។ ដោយសារគុណបំណាច់ ព្រះមហាក្សត្រខែ្មរទ្រង់ព្រះរាជទានកិត្តិយស និងទ្រព្យសម្បត្តិ ដែលមានតំលៃខ្ពស់ដល់ទ្រង់វិទ្យានន្ទន៍។ នៅ គ.ស. ១១៩០ ព្រះបាទជយវម៌្មទី៧ បានធ្វើឲ្យមហាវៀត (នៃអធិរាជលីកៅទន់) នៅអព្យាក្រឹតដើម្បីឲ្យងាយស្រួលក្នុងការវាយចាមក្នុងឆ្នាំដដែល ឱកាសល្អហុចឲ្យដោយសេ្តចចាមជយឥន្រ្ទវម៌្មទី៤ លើកកងទ័ពមកវាយខែ្មរម្តងទៀត។ តើព្រះបាទជយវម៌្មទី៧ ទ្រង់លើកទ័ពប្រឆាំងនឹងការវាយលុករបស់ចាម ឬយ៉ាងណា? សិលាចារឹកនៅពោធិនគរ (ឯញ៉ាត្រាង) បានសរសេរទុកថា « ព្រះអង្គវាយយកបានរាជធានីនៃប្រទេសចាម្ប៉ា និងប្រមូលយកលិង្គទាំងអស់ »។ ជោគជ័យនេះបាន ដោយសារព្រះអង្គបញ្ជាទ្រង់វិទ្យានន្ទន៍លើកទ័ពទៅទប់ទល់។ ទ្រង់វិទ្យានន្ទន៍វាយយកបានក្រុងវិជយ (ប៊ិញឌិញ) ហើយចាប់សេ្តចចាមជយឥន្រ្ទវម៌្មទី៤ ជាឈ្លើយមកថ្វាយព្រះបាទជយវម៌្មទី៧។ ព្រះអង្គបានលើកព្រះអនុជថៃ្លរបស់ព្រះបាទជយវម៌្មទី៧ ព្រះនាម អិន (អនុជព្រះនាងជយរាជទេវី) ឲ្យឡើងសោយរាជ្យនៅវិជយដោយមានព្រះបរមនាមថា សូយ៌្យជយវម៌្មទេវ រួចព្រះអង្គលើកទ័ពបង្ហួសទៅវាយយកបណ្ឌុរង្គ (ផានរ៉ាង) ហើយឡើងសោយរាជ្យនៅទីនោះ ដោយមានព្រះរាជបរមនាមថា សូយ៌្យវម៌្មទេវ។ ប្រទេសចាម្ប៉ាបានចែកជាពីរផែ្នក មួយផែ្នកគ្រប់គ្រងដោយព្រះរាជាខែ្មរ និងមួយផែ្នកទៀតដោយក្សត្រចាម វិទ្យានន្ទន៍។ ក្សត្រនៃចាម្ប៉ាមិនយូរប៉ុន្មាន ពួកចាមនៅវិជយបានបះឡើង ដោយបណេ្តញព្រះអង្គម្ចាស់អិន រត់ចូលមកស្រុកខែ្មរវិញ ហើយលើកសេ្តចចាម ព្រះនាមស៌ុបតិ ឲ្យឡើងសោយរាជ្យជាជំនួសវិញ។ ឆ្លៀតឱកាសនេះ ព្រះរាជាវិទ្យានន្ទន៍បានបង្រួបបង្រួមប្រទេសចាមឲ្យមានឯកភាពឡើងវិញ ក្រោយពីបានធ្វើគុតព្រះជយឥន្រ្ទវម៌្មទី៥ (ស៌ុបតិ) ហើយឡើងសោយរាជ្យប្រទេសចាម្ប៉ាទាំងមូល ពី គ.ស. ១១៩២ ដល់ ១២០៣។ នៅ គ.ស. ១១៩៣ និង ១១៩៤ ព្រះបាទជយវម៌្មទី៧ ទ្រង់បានសាកល្បងឲ្យព្រះវិទ្យានន្ទន៍ទទួលស្គាល់អំណាចព្រះអង្គវិញ តែឥតប្រយោជន៍រហូតដល់គ.ស ១២០៣ ព្រះអង្គបានបញ្ជាសេ្តចចាមមួយអង្គទៀត ព្រះនាម អុងធនបតិក្រាម ដែលត្រូវជាព្រះបិតុលារបស់ទ្រង់វិទ្យានន្ទន៍ ឲ្យលើកទ័ពទៅវាយកំចាត់ក្មួយព្រះអង្គទាល់តែបាន។ ចាប់ពី គ.ស ១២០៣ ដល់ ១២២០ ប្រទេសចាម្ប៉ាក៏ក្លាយទៅជាអាណាខេត្តរបស់ខែ្មរ។ ម្យ៉ាងទៀត សិលាចារឹកមួយនៃប្រាសាទព្រះខ័នបានឲ្យដឹងថា ទឹកមន្តត្រូវបានផ្តល់ ដោយព្រាហ្មណ៍សូយ៌្យភក្ត និងព្រាហ្មណ៍ឯទៀតទាំងអស់ក្នុងព្រះបរមរាជវាំង ព្រះរាជានៃយ្វន និងព្រះរាជាពីរអង្គនៃប្រទេសចាម្ប៉ា។ ព្រាហ្មណ៍សូយ៌្យភក្ដ ប្រហែលជាមេនៃព្រាហ្មណ៍ទាំងអស់ក្នុងព្រះបរមរាជវាំង។ ព្រះរាជានៃយ្វន គឺជាអធិរាជលីអាញ់តុងដែលសោយរាជ្យនៅគ.ស ១១៧៥ មានព្រះបរមនាមសំរាប់រាជ្យថាលីកាវតុង និងសោយរាជ្យរហូតដល់គ.ស ១២១០។ ព្រះរាជាពីរអង្គនៃប្រទេសចាម្ប៉ាគឺព្រះរាជាសោយរាជ្យនៅក្រុងវិជយ (ប៊ិញឌិញ) ដែលត្រូវជាព្រះអនុជថៃ្លនៃព្រះបាទជយវម៌្មទី៧ និងព្រះរាជាដែលសោយរាជ្យនៅបណ្ឌុរង្គ (ផានរ៉ាង) គឺទ្រង់វិទ្យានន្ទន៍ ដែលការពារដោយព្រះជយវម៌្មទី៨។
ជីវលេខន៍
ឯកសារយោង
|
Portal di Ensiklopedia Dunia