ស័ង្ខចក្រ
ព្រះបាទស័ង្ខចក្រ ស្ដេចគំលង់ (សំស្ក្រឹត: ឝង្ខចក្រ) (គ.ស ៩០២-៩៧២) រជ្ជកាល (គ.ស ៩១៦-៩៧២) ព្រះរាជបុត្ររបស់ព្រះជេដ្ឋាជ័យ ព្រះនាម ស័ង្ខកុមារ ដែលបានប្រសូតឆ្នាំកុរ ច.ស ២៦៥ នេះបើតាមពង្សាវតារសម្ដេចវាំងជួន។ បន្ទាប់ពីព្រះមហាក្សត្រជេដ្ឋាជ័យ គ្រានោះ ព្រះរាជបុត្រ ព្រះស័ង្ខចក្រដែលទើបតែបានអាយុ ១៤ វស្សា បានឡើងគ្រងរាជសម្បត្ដិបន្ដពីព្រះបិតា នៅថ្ងៃ ១កើត ខែផល្គុន ឆ្នាំជូត ព.ស ១៤៦០ ម.ស ៨៣៩ ច.ស ២៧៩ ត្រូវជា គ.ស ៩១៦។ ព្រះអង្គមានព្រះបរមរាជនាម ព្រះបាទសម្ដេចព្រះស័ង្ខចក្រព័ត្រ រាជាធិរាជ។ ព្រះស័ង្ខចក្រជាក្សត្រខ្មែរទី១៥ ដែលគេបានដាក់ឈ្មោះថា ស្ដេចគម្លង់ ព្រះអង្គបានលើកឋានៈព្រះនាងកើត ដែលជាព្រះរាជវង្ស ជាព្រះអគ្គមហេសី ដែលមានព្រះនាមថ្មីជាសម្ដេចព្រះភគវត្ដីស្រីចក្រព័ត្រ ក្នុងច.ល ៣១៤ ជាមួយនឹងព្រះនាងកើត ព្រះអង្គបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមចក្រពង្ស។ រីព្រះស័ង្ខចក្រ ឬ ស្ដេចគំលង់វិញ រហូតដល់អវសានជីវិត នៅតែមានជំងឺឃ្លង់ភ្លើងជាប់ខ្លួនជានិច្ច ព្រះអង្គសោយរាជ្យបាន ៥៦ ឆ្នាំ ហើយសុគតនៅឆ្នាំមមែ ក្នុងព្រះជន្ម ៦៩ វស្សា។ ក្នុងពេលនោះដែរ នគរចំណុះតូចធំ ១៤ ដែលស្ថិតនៅក្រោមអំណាចត្រួតត្រារបស់ប្រទេសខ្មែរ បាននាំគ្នាប្រកាសឯករាជ្យភាព ផ្ដាច់ខ្លួនចេញពីសង្គមជាតិ។ កាលដែលព្រះបាទស័ង្ខចក្រ ឬស្ដេចគំលង់ ព្រះមហាក្សត្រខ្មែរទី១៥ ចូលទិវង្គត ព្រះចក្រព័ត្រ ព្រះរាជបុត្រព្រះអង្គ បានឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជាជាបន្ដពីព្រះបិតា។ ព្រះអង្គមានព្រះជន្ម ១៤ វស្សា។ សាវតារក្នុងរាជ្យព្រឹត្ដិការណ៍សំខាន់ដែលពង្សាវតារខ្មែរបានកត់សំគាល់ក្នុងរាជព្រះអង្គ បានកើតផ្ទុះឡើងក្រោយដែលព្រះអង្គសោយរាជសម្បត្ដិបាន៤៤ឆ្នាំ។ កាលនោះព្រះអង្គមានព្រះជន្ម ៥២ វស្សា នេះបើតាមពង្សាវតារវត្ដទឹកវិល។ ដើមហេតុធំនោះគឺបណ្ដាលមកពីព្រះបាទស័ង្ខចក្រមិនបានគ្រប់គ្រង ផែនដី ដោយសុចរិតយុត្ដិធម៌ត្រឹមត្រូវតាមទសពិធរាជធម៌។ ដែលជាប្រភពធ្វើឲ្យប្រជាពលរដ្ឋ និងនាម៉ឺនមុខមន្ត្រីគ្រប់ជាន់ថ្នាក់រងទុក្ខវេទនា ក្ដៅក្រហាយមិនសប្បាយចិត្ដ ជាពិសេសនាម៉ឺនដែលមានដើមកំណើតជានាគ។ នាម៉ឺននាគទាំងនេះ ដែលធ្លាប់ចូលមកបម្រើទឹកដីខ្មែរ តាំងពីសម័យរាជ្យព្រះថោងនាងនាគ សុទ្ធតែមានបុណ្យបារមីឫទ្ធិតេជៈខ្លាំងពូកែ។ ថ្ងៃមួយ នាឱកាសព្រះអង្គយាងចុះមករោងជុំនុំ ស្រាប់តែព្រះអង្គទតឃើញពួកនាម៉ឺននាគប្រកាន់អាកប្បកិរិយា ច្រឡើសបើស មិនសមរម្យឈរទ្រឹងនៅស្ងៀម មិនព្រមលុតជង្គង់ថ្វាយបង្គំព្រះអង្គដូចប្រក្រតី ព្រះស័ង្ខចក្រទ្រង់ពិរោធខឹងក្រេវក្រោធយ៉ាងខ្លាំង ដកដាវដេញតាមប្រហារជីវិតនាម៉ឺននាគទាំងនោះ។ នាម៉ឺននាគមិននៅស្ងៀម បណ្ដោយឲ្យព្រះមហាក្សត្រពិឃាតឡើយ។ គេនាំគ្នាព្រួសពិសដាក់មុខព្រះស័ង្ខចក្រ ហើយនាំគ្នារត់បាត់អស់ទៅ ចាប់តាំងពីថ្ងៃនោះមក នាម៉ឺន និងពពួកនាគឈប់ចេញមកជួយគ្រប់គ្រង កសាង ថែរក្សាស្រុកខ្មែរដូចដើមទៀតហើយ។ ចំណែកព្រះស័ង្ខចក្រវិញ ដែលមានពិសនាគប្រឡាក់ជាប់ពេញមុខ ខំជូតដុសលាង និងប្រើអស់គ្រប់មធ្យោបាយដែរ តែនៅតែមិនជ្រះស្អាត។ មិនយូរប៉ុន្មាន ព្រះភ័ក្ភ្រព្រះអង្គកើតមានជំងឺឃ្លង់ភ្លើង គ្មានគ្រូពេទ្យហ្មណាមួយអាចមើលព្យាបាលជំងឺព្រះអង្គបានជាសះស្បើយ ឡើយ។ ព្រះអង្គត្រូវបានប្រជានុរាស្ដ្រទូទាំងប្រទេសដាក់ឈ្មោះថា ស្ដេចគំលង់ ជារៀងរហូតមក។ ដំណឹងនេះបានឮទៅដល់ព្រះសង្ឃ រុក្ខមូល ដែលគង់នៅលើភ្នំគូលែន ដោយក្ដីអាណិតមេត្ដាធម៌ប្រោសប្រណី ព្រះអង្គបានបង្គាប់ប្រើសិស្សជំនិតមួយអង្គ ឲ្យចុះពីភ្នំធ្វើដំណើរទៅព្រះមហានគរ យកថ្នាំទៅព្យាបាលជំងឺព្រះរាជា។ ព្រះធុតុង្គរុក្ខមូលនេះ បើតាមពង្សាវតារវត្ដទឹកវិល គ្មាននរណាក្រៅពីព្រះអង្គបទុមរាជា បុត្រច្បងព្រះជេដ្ឋាជ័យ និងត្រូវជាបងបង្កើតរបស់ព្រះបាទស័ង្ខចក្រនោះទេ។ ទៅដល់គាល់ជួបព្រះមហាក្សត្រកាលណា ព្រះសង្ឃជាសិស្សបានទូលថ្វាយអំពីបេសកកម្ម និងពិធីព្យាបាលជំងឺរបស់ព្រះអង្គ។ ព្រះសង្ឃបង្គាប់ឲ្យគេដាំទឹកថ្នាំមួយថ្លាង កាលណាទឹកពុះ ស្ដេចត្រូវយាងចុះក្នុងទឹកពុះ ពេលនោះ លោកចាក់រោយថ្នាំមួយមុខថ្មីទៀតបញ្ចូលជាបញ្ចប់ ខណៈនោះ ព្រះមហាក្សត្រនឹងជាសះស្បើយ លែងមានជំងឺឃ្លង់ភ្លើងជាមិនខាន។ តែព្រះស័ង្ខចក្រមិនជឿតាមសង្ឃដិកានេះឡើយ ព្រះអង្គសុំឲ្យព្រះសង្ឃចុះក្នុងទឹកក្ដៅបង្ហាញជាមុខសិន ទើបព្រះអង្គជឿជាក្រោយ។ គ្រានោះ ព្រះសង្ឃក៏ចាប់យកឆ្កែមួយបោះទៅក្នុងទឹកពុះក្ដៅគគុក បន្ទាប់មក លោកបង់ថ្នាំធ្វើឲ្យឆ្កែនោះរស់ជីវិតឡើងវិញ ហើយជាចុងបញ្ចប់ ព្រះសង្ឃបង់ថ្នាំមួយមុខផ្សេងទៀតថែមទៅក្នុងទឹកក្ដៅពុះ ធ្វើឲ្យឆ្កែមានជីវិតដឹងខ្លួនហើយមានរូបរាងល្អស្អាតជាងមុន (នេះ ជាកំណត់ពង្សាវតារវត្ដទឹកវិលក្នុងស្រុកស្អាង ខេត្តកណ្ដាល) ទោះបីជាបានឃើញជាក់ស្ដែងនឹងភ្នែកក៏ដោយ ក៏ព្រះស័ង្ខចក្រនៅតែមិនជឿហើយ ទាមទារឲ្យព្រះសង្ឃចុះក្នុងទឹកក្ដៅពុះដោយផ្ទាល់ខ្លួន ដើម្បីបញ្ជាក់ភាពស្មោះត្រង់ ធ្វើឲ្យស្ដេចជឿ មានទំនុកទុកចិត្ដ ព្រះសង្ឃសិស្សព្រះបទុមរាជ ក៏យល់ព្រមចុះក្នុងទឹកពុះ ព្រះអង្គបានផ្ដាំផ្ញើនឹងព្រះមហាក្សត្រស្ដេចគម្លង់អំពីរបៀបវិធី បង់ថ្នាំគឺ ដំបូងត្រូវបង់ថ្នាំដែលធ្វើឲ្យរាងកាយឡើងរឹង បន្ទាប់មកត្រូវដាក់ថ្នាំធ្វើឲ្យចេញមានជារូបរាង និងជាបញ្ចប់ ត្រូវដាក់ថ្នាំធ្វើឲ្យមានជីវិតរស់មកវិញ (នេះជាកំណត់ពង្សាវតារ ព្រះអម្ចាស់នុព្វរតន៍ កូនព្រះបាទអង្គឌួង) មានសង្ឃដិកាចប់ ព្រះសង្ឃក៏និមន្ដចុះភ្លាមទៅក្នុងថ្លាងដែលទឹកពុះក្ដៅហុយទ្រលោម។ ជាមួយគ្នានោះដែរ នៅពេលដែលព្រះអង្គបានឃើញរូបរាងកាយព្រះសង្ឃកំពុងតែរលាយព្រះបាទស័ង្ខចក្រ ឬស្ដេចគម្លង់នឹកគិតឃើញថា «ព្រះគ្រូឧបជ្ឈាយ៍សង្ឃនេះ ត្រូវជាបងរបស់យើង មានដើមកំណើតឈាមជ័រជាស្ដេច សុភាសិតមួយបានដំណាលថា «កាលណាកើតជាខ្លា ខ្លានោះតែងតែចង់ស៊ីសាច់ កាលណាកើតមកមានឈាមជាស្ដេច មនុស្សនោះតែងតែចង់សោយរាជ្យជានិច្ច» បើយើងបង់ថ្នាំនេះឲ្យសង្ឃនេះមានជីវិតមកវិញ លោកអាចនឹងតម្រូវឲ្យយើងចុះក្នុងទឹកពុះនោះជាមិនខាន ហើយក្នុងឱកាសដ៏ល្អនោះ លោកក៏អាចឆ្លៀតធ្វើឃាតយើង ហើយដណ្ដើមយករាជបល្ល័ង្កថ្វាយបងយើងបានងាយស្រួលបំផុត»។ គិត ឃើញដូច្នេះ ស្ដេចគំលង់ក៏ចាប់យកថ្នាំគ្រប់មុខគ្រវែងគ្រវាត់ចោលបាត់អស់ ហើយបញ្ជាឲ្យសេនាអាមាត្យយកថ្លាង និងសំណែសំណល់សពព្រះសង្ឃទៅចាក់ចោល ត្រង់ភ្នំបាខែង ដែលបន្ដិចម្ដងៗ គេនិយមហៅ «ភ្នំបាក់ខែង»។ ដំណឹងអកុសលដែលស្ដេចគម្លង់បានធ្វើឃាតទៅលើរូបព្រះសង្ឃ បានលេចឮទៅដល់ព្រះគ្រូដែលគង់នៅឯភ្នំគូលែនព្រះអង្គនឹកស្រណោះ សោកស្ដាយយ៉ាងខ្លាំងដល់សិស្ស ដែលត្រូវបាត់បង់ជីវិត ដោយសារស្នាដៃស្ដេចមួយអង្គដ៏សាហាវយង់ឃ្នង ព្រះអង្គទ្រង់ខឹងខ្ញាល់ ហើយដាក់បណ្ដាសាប្រទេចដល់ស្ដេចគម្លង់ និងប្រទេសខ្មែរ ហេតុដូច្នេះហើយបានជាបណ្ដាជនខ្មែរមួយភាគធំមានជំនឿថាកម្មពៀរវេរា ទុក្ខព្រួយវេទនា ស្លាប់ព្រាត់ប្រាស់បែកបាក់គ្រួសារ ដែលខ្មែរទាំងនគរធ្លាប់បានជួបប្រទះរហូតមកដល់បច្ចុប្បន្ន គឺបណ្ដាលមកអំពីពាក្យបណ្ដាសានេះ។ ការវិភាគ
ដើម្បីព្យាបាល ជំងឺឃ្លង់មហារីកសង្គមឲ្យបានជាសះស្បើយដូចដើម ក្នុងប្រវត្ដិស្ដេចគម្លង់ បុព្វបុរសយើងបានពន្យល់ប្រាប់វិធីដោះស្រាយរួចស្រេចមកហើយ ៖
ដោយមានការផ្លាស់ប្ដូរទៅតាមទីកន្លែងភូមិស្ថាន ការវិវត្ដរបស់សង្គមកាលសម័យទៅតាមកាលវេលា និងទៅតាមការពោលនិយាយស្ដីពាក្យ «គន្លង» បានក្លាយបន្ដិចម្ដងៗទៅជាពាក្យ ក្លោង ឬមេ ឬកន្លោង ឬមេក្លោង ឧទាហរណ៍ ដូចជាពាក្យ សសរកន្លោងជាដើម៘ ចំណែកពាក្យ គម្លង់ ដែលគេប្រើសម្រាប់សម្គាល់ ស្ដេចគម្លង់ ឬព្រះគម្លង់វិញ គឺជាការភាន់ច្រឡំ បណ្ដាលមកពីអ្នកប្រាជ្ញស្រាវជ្រាវបារាំងដែលស្គាល់ពាក្យពេចន៍ខ្មែរ មិនច្បាស់លាស់ ហើយសំអាងតែទៅលើការស្ដាប់សូរសព្ទភាសានិយាយ បានបកប្រែ និងសរសេរពាក្យ គន្លង ខុសន័យដើម ហើយធ្វើឲ្យក្លាយទៅជា គន្លង់ ឬគម្លង់ ។ ដល់គេនាំគ្នាប្រែជាភាសាបារាំង ពាក្យគន្លង ក៏ក្លាយទៅជា «Lépreux» ដូច្នេះហើយក្នុងការបកប្រែភាសាបារាំង បើតាមលោកអូ-ឈាង ពាក្យ «ស្ដេចកន្លោង» បានក្លាយទៅជា Roi Lépreux ហើយពាក្យបារាំងដដែលនេះ កាលណាគេបកប្រែទៅជាភាសាខ្មែរវិញត្រលប់ជាមានន័យថា «ស្ដេចគម្លង់»។
មួយផ្នែកទៀត មនុស្សសម័យបារាំងធ្វើការស្រាវជ្រាវនៅប្រទេសខ្មែរ បដិមាករដែលគេនាំគ្នាប្រសិទ្ធិនាមដាក់ឈ្មោះថា ស្ដេចគម្លង់នោះ មិនដែលមានឈ្មោះអ្វីពិតប្រាកដដែរ គឺគ្រាន់តែជាព្រះបដិមាករមួយអង្គ ដែលគេតែងតែនាំគ្នាទៅគោរពបូជាប៉ុណ្ណោះ ព្រះបដិមាករនេះ ក៏អាចជារូបសំណាកវីរៈបុរសខ្មែរស្នេហាជាតិម្នាក់ ដែលបានកសាងអង្គរដែរ។
មួយ គឺព្រះមហាក្សត្រខ្មែរទី១៥ ព្រះស័ង្ខចក្រ ជាស្ដេចអយុត្ដិធម៌ គ្មានសន្តោស មេត្ដាធម៌ គ្មានទសពិធរាជធម៌ ដែលគេស្អប់ខ្ពើមជាទីបំផុត និងពីរ គឺព្រះគន្លង ឬព្រះកន្លោង ឬព្រះធម៌ ឬព្រះទ្រង់ធម៌ ដែលល្អបរិសុទ្ធ មានឬទ្ធិអំណាចតេជបារមី ចេះស្រឡាញ់ការពារថែរក្សាផ្ដល់សេចក្ដីសុខក្សេមក្សាន្ដ និងចម្រើនលូតលាស់ដល់ប្រជាពលរដ្ឋខ្មែរ ព្រះអង្គត្រូវបានខ្មែរទូទាំងនគរ ស្រឡាញ់ចូលចិត្ដ គោរពបូជា សុំសុខ ជ្រកកោនក្រោមម្លប់បារមី។ ដោយ សំអាងទៅលើហេតុការណ៍ និងហេតុផលដូចបានរាប់រៀបរួចមកស្រាប់ ខ្ញុំយល់ និងជឿជាក់ថា មានតួអង្គទាំងអស់ដល់ទៅពីរ ដែលមានលក្ខណៈផ្ទុយខុសគ្នាទាំងស្រុង គឺមិនមែនមានតួអង្គតែមួយគត់នោះទេ ក្នុងឈ្មោះស្ដេចគម្លង់ ឬព្រះគម្លង់ ឬព្រះកន្លោង ឬព្រះគន្លង តួអង្គទីមួយគឺស្ដេចគម្លង់ ឬព្រះស័ង្ខចក្រ ក្សត្រខ្មែរទី១៥ ក្នុងប្រវត្ដិសាស្ដ្រខ្មែរ និងទីពីរ គឺព្រះគន្លង ឬព្រះកន្លោងដែលជាព្រះធម៌ ជាអ្នកការពារ ជាវីរៈបុរសស្នេហាជាតិ និងជាមេកើយគ្រប់គ្រងណែនាំប្រជាពលរដ្ឋខ្មែរ ឲ្យឆ្ពោះទៅរកសេចក្ដីចម្រើន សុខសិរីសួស្ដីតាមផ្លូវគតិធម៌។
ឯកសារយោង
|
Portal di Ensiklopedia Dunia