អគ្គលេខាធិការបក្សកុម្មុយនីស្តចិន
អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (ភាសាចិន៖ 中国共产党中央委员会总书记) គឺជាមេដឹកនាំកំពូលនៃប្រទេសចិន។ អគ្គលេខាធិការគឺជាប្រមុខដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងជាមន្ត្រីនយោបាយខ្ពស់បំផុតនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន។ អគ្គលេខាធិការក៏ជាសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងជាប្រធានលេខាធិការដ្ឋានផងដែរ។ យោងតាមធម្មនុញ្ញនៃបក្សកុម្មុយនីស្តចិនបានបញ្ជាក់ថា អគ្គលេខាធិការបក្សមានតួនាទីជាមន្ត្រីសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ ដែលជាស្ថាប័នសម្រេចចិត្តកំពូលប្រចាំប្រទេសចិន។[២] ចាប់តាំងពីឆ្នាំ១៩៨៩ មក អ្នកកាន់មុខតំណែងជាអគ្គលេខាធិការបក្សនេះ (លើកលែងតែសម័យអន្តរកាល) គឺសុទ្ធតែជាប់ជាប្រធាននៃគណៈកម្មាធិការយោធាកណ្តាលពោលគឺតំណែងជាមេបញ្ជាការយោធាកំពូលនៃកងទ័ពរំដោះប្រជាជន។[lower-alpha ១] អគ្គលេខាធិការបក្សកុម្មុយនីស្តចិនគឺជាតំណែងអាជ្ញាធរខ្ពស់បំផុតដែលដឹកនាំសមាជជាតិប្រជាជនចិន ក្រុមប្រឹក្សារដ្ឋ សន្និសីទប្រឹក្សានយោបាយ តុលាការប្រជាជនកំពូល និងអយ្យការប្រជាជនកំពូលនៅក្នុងរដ្ឋបាលរបស់លោកស៊ី ជីនពីង។ អគ្គលេខាធិការត្រូវបានជ្រើសរើសដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ នៅក្នុងការអនុវត្តជាក់ស្តែង វិធីសាស្ត្រជ្រើសរើសអគ្គលេខាធិការមានការប្រែប្រួលតាមពេលវេលា។ អគ្គលេខាធិការថ្មីបំផុតទាំងពីរគឺលោកហ៊ូ ជីនតាវ និងស៊ី ជីនពីងត្រូវបានតម្លើងឋានៈជាលេខាទីមួយនៃលេខាធិការដ្ឋានជាមុនដើម្បីកំណត់សមាជិកភាព និងតួនាទីរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយបក្សកុម្មុយនីស្ត។ នៅក្រោមដំណើរការក្រៅផ្លូវការនេះ លេខាទីមួយនឹងត្រូវបានជ្រើសរើសនៅអំឡុងពេលពិភាក្សារវាងសមាជិកការិយាល័យនយោបាយដែលកំពុងកាន់អំណាច និងរួមទាំងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយដែលចូលនិវត្តន៍ដើម្បីបន្តនាំទៅសមាជបក្ស។ លេខាទីមួយនឹងឡើងបន្តតំណែងជំនួសអគ្គលេខាធិការចូលនិវត្តន៍ដែលវាត្រូវជាផ្នែកមួយនៃការផ្លាស់ប្តូរជំនាន់ថ្នាក់ដឹកនាំនៅសមាជបក្សជាបន្តបន្ទាប់។ អគ្គលេខាធិការដែលកំពុងកាន់អំណាចគឺលោកស៊ី ជីនពីង ដែលបានចូលកាន់តំណែងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ ហើយត្រូវបានបោះឆ្នោតជ្រើសរើសម្តងទៀតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មាធិការកណ្តាលបានអនុម័តសេចក្តីសម្រេចមួយដែលអនុញ្ញាតឱ្យលោកស៊ីបន្តដឹកនាំគណបក្ស និងប្រទេសបន្ទាប់ពីសមាជជាតិលើកទី២០ នៅក្នុងឆ្នាំ២០២២ ពោលគឺដករយៈពេលកំណត់ពីរអាណត្តិចោល។ បុគ្គលចុងក្រោយដែលបានដឹកនាំប្រទេសចិនលើសពីពីរអាណត្តិឡើងគឺលោកម៉ៅ សេទុង ដែលបានបម្រើការជាប្រធានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចាប់ពីឆ្នាំ១៩៤៥ រហូតដល់ពេលមរណភាពរបស់គាត់នៅឆ្នាំ១៩៧៦។ អំណាច និងមុខងារចាប់តាំងពីការលុបចោលមុខតំណែងប្រធានបក្សកុម្មុយនីស្តចិនដោយគណៈកម្មាធិការមជ្ឈិមបក្សលើកទី១២ នៅក្នុងឆ្នាំ១៩៨២ មក តំណែងអគ្គលេខាធិការបក្សក៏បានក្លាយជាតំណែងខ្ពស់បំផុតនៅក្នុងបក្ស និងជាប្រធានដឹកនាំលេខាធិការដ្ឋានកណ្តាល ការិយាល័យនយោបាយ និងគណៈកម្មាធិការអចិន្ត្រៃយ៍។[៤] ចាប់តាំងពីបានស្ថាបនិកឡើងវិញនៅឆ្នាំ១៩៨២ តំណែងជាអគ្គលេខាធិការបក្សគឺជាការិយាល័យខ្ពស់បំផុតនៅក្នុងបក្សកុម្មុយនីស្តចិន ប៉ុន្តែដំបូងវាមិនទាន់បានក្លាយជាតំណែងដ៏មានឥទ្ធិពលខ្លាំងបំផុតទេ លុះដល់ពេលលោកតេង សៀវពីងចូលនិវត្តន៍នៅក្នុងឆ្នាំ១៩៩០ ទើបឥទ្ធិពលតំណែងនេះចាប់ផ្តើមឡើងខ្ពស់ជាងតំណែងផ្សេងៗ។ ដោយសារតែប្រទេសចិនជារដ្ឋឯកបក្ស ដូចនេះទើបអគ្គលេខាធិការបក្សមានសិទ្ធិអំណាចផ្តាច់មុខលើរដ្ឋ និងរដ្ឋាភិបាល[៥] ហើយជាធម្មតាត្រូវបានចាត់ទុកថាជា"មេដឹកនាំកំពូល"របស់ប្រទេសចិន។[៦] ទោះបីជាយ៉ាងណា បុគ្គលសភាគច្រើនដែលបានឡើងកាន់តំណែងមុនលោកស៊ី ជីនពីងសុទ្ធតែមានអំណាចតិចជាងលោកប្រធានម៉ៅ សេទុង។[៧] ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ មក អគ្គលេខាធិការបក្សគឺតម្រូវឱ្យកាន់តំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ ខណៈដែលតំណែងប្រធានាធិបតីគឺជាមុខតំណែងនិមិត្តរូប វាគឺជាទម្លាប់ទៅហើយសម្រាប់អគ្គលេខាធិការបក្សគ្រប់រូបក្នុងការទទួលតំណែងជាប្រធានាធិបតីដើម្បីបញ្ជាក់ពីឋានៈរបស់ពួកគាត់ជាប្រមុខរដ្ឋ។ ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងលោកស៊ី ជីនពីងមក ស្ថាប័នថ្មីៗចំនួនពីររបស់បក្សកុម្មុយនីស្តត្រូវបានបង្កើតឡើងមាន គណៈកម្មការសន្តិសុខជាតិ និងក្រុមឈានមុខមជ្ឈិមសម្រាប់កំណែទម្រង់ស៊ីជម្រៅទូលំទូលាយ ដែលទំនងជាមានបំណងប្រមូលផ្តុំនិងពង្រីកអំណាចនយោបាយរបស់"មេដឹកនាំកំពូល"ដល់កម្រិតធំខ្ពស់ជាងបុគ្គលណាទាំងអស់លើកលែងតែម៉ៅសេទុង។[៨] ស្ថាប័នទាំងពីរនេះមានភារកិច្ចចង្អុលបង្ហាញទិសដៅគោលនយោបាយទូទៅដើម្បីរក្សាសន្តិសុខជាតិ ក៏ដូចជារបៀបវារៈសម្រាប់កំណែទម្រង់សេដ្ឋកិច្ចផងដែរ។ ក្រុមស្ថាប័នទាំងនេះក៏ត្រូវបានដឹកនាំដោយអគ្គលេខាធិការបក្សដែរ ដូច្នេះអំណាចរបស់អគ្គលេខាធិការបក្សគឺកាន់តែផ្តុំគ្នាច្រើនបន្ថែមទៀត។[៩] បញ្ជីអគ្គលេខាធិការបក្សគន្លឹះនៃគោរមងារការិយាល័យ៖
មើលផងដែរកំណត់សម្គាល់ឯកសារយោងអាគតដ្ឋាន
|
Portal di Ensiklopedia Dunia