អង់ដ្រេ ម៉ារី អំពែរ
អង់ដ្រេ ម៉ារី អំពែរ (André-Marie Ampère) (២០ មករា ១៧៧៥ - ១០ មិថុនា ១៨៣៦) ជារូបវិទូនិងគណិតវិទូបារាំង ដែលបានរួមចំនែកក្នុងរបកគំហើញអេឡិចត្រូម៉ាញ៉េទិច។ គាត់ជាស្ថាបនិកទូរលេខអគ្គីសនី និងអេឡិចត្រូមេដែក(សហការគ្នាជាមួយហ្វ្រង់ស័រ អារ៉ាហ្គោ(François Arago))។ អំពែរដែលជាខ្នាតរបស់ចរន្តអគ្គីសនីនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ ត្រូវបានដាក់ឈ្មោះតាមលោក។ ជីវប្រវត្តិ![]() អំពែរចាប់កំនើតនៅថ្ងៃទី២០ មករា ១៧៧៥ នៅក្រុងលីយ៉ុង ប្រទេសបារាំង និងបានរស់នៅភូមិក្បែរនោះឈ្មោះ Poleymieux-au-Mont-d'Or ពីឆ្នាំ១៧៧៥ដល់ឆ្នាំ១៧៩៦។ តាំងពីកុមារភាព អំពែរជាមនុស្សស្រេកឃ្លានការរៀនសូត្រ។ គេនិយាយថាគាត់ចេះធ្វើការគណនាវែងៗដោយប្រើគ្រាប់ក្រួសនិងកំទេចនំប៊ីស្គីត នៅមុនពេលគាត់ស្គាល់លេខទៅទៀត។ ឪពុករបស់លោកបានបង្រៀនអក្សរឡាតាំងដល់លោក និងបានរកឃើញថាអំពែរមានចំនាប់អារម្មណ៍និងនិស្ស័យនឹងគណិតវិទ្យា។ កុមារអំពែរបានប្រើប្រាស់ភាសាឡាតាំងរបស់ខ្លួន ក្នុងការសិក្សាពីស្នាដៃរបស់អឺលែរ និង ប៊ែរនុយយី។ នៅសម័យបដិវដ្តន៍បារាំង ឪពុករបស់អំពែរត្រូវពួកបដិវដ្តន៍ចាប់ខ្លួននិងកាត់ទោសប្រហារជីវិតដោយម៉ាស៊ីនកាត់ក ដោយសារគាត់បានរិះគន់ដល់បដិវដ្តន៍ថាបានធ្វើជ្រុលហួសហេតុ។ មរណភាពរបស់ឪពុកជាភាពតក់ស្លុតមួយសំរាប់អំពែរ រហូតដល់គាត់លែងមានចិត្តចង់ធ្វើអ្វីៗទាំងអស់។ មានពេលមួយគាត់បានទទួលនូវពង្រាងនិក្ខេបបទស្ដីពីរុក្ខជាតិ ហើយគាត់ក៏មានចំនាប់អារម្មណ៍ឡើងវិញជាមួយវិទ្យាសាស្ត្រ។ នៅឆ្នាំ១៧៩៦ អំពែរបានជួបជាមួយនាង ហ្សូលី ការរ៉ុង (Julie Carron) ដែលជាកូនស្រីរបស់ជាងដែកម្នាក់នៅក្បែរក្រុងលីយ៉ុង ហើយបានរៀបការជាមួយនាងនៅឆ្នាំ១៧៩៩។ ចាប់ពីឆ្នាំ១៧៩៦ អំពែរធ្វើជាគ្រូឯកជននៅលីយ៉ុង ដោយបង្រៀនមុខវិជ្ជា គណិតវិទ្យា គីមីវិទ្យា និង ភាសា។ ប៉ុន្តែនៅឆ្នាំ១៨០១ គាត់បានរើទៅក្រុងបួក(Bourg) ទៅធ្វើជាសាស្ត្រាចារ្យរូបវិទ្យានិងគីមីវិទ្យា ដោយទុកចោលភរិយាកំពុងមានជំងឺព្រមទាំងកូនប្រុសឈ្មោះហ្សង់ហ្សាក់ អំពែរ (Jean-Jacques Ampère)នៅលីយ៉ុង។ ភរិយារបស់លោកបានទទួលមរណភាពនៅឆ្នាំ១៨០៣ ដែលប្រការនេះធ្វើអោយអំពែរមានវិបត្តិក្នុងចិត្តពេញមួយជីវិតរបស់គាត់។ នៅឆ្នាំ១៨០៤ អំពែរត្រូវបានគេតែងតាំងជាសាស្ត្រចារ្យគណិតវិទ្យានៅវិទ្យាល័យលីយ៉ុង។ នៅថ្ងៃទី១ សីហា ១៩០៦ គាត់បានរៀបការជាថ្មីជាមួយនាង ហ្សង់ ហ្វ្រង់ស័រ ប៉ូតូ(Jeanne-Françoise Potot) (ភរិយាទី២នេះទទួលមរណភាពនៅឆ្នាំ១៨៦៦នៅវ៉ែកសៃ នៅអាយុ៨៨ឆ្នាំ)។ ពួកគេទាំង២នាក់មានកូនស្រីម្នាក់ឈ្មោះ អាល់ប៊ីន(Albine) (១៨០៧ - ១៨៤២)។ នៅឆ្នាំ១៩០៩ អំពែរក្លាយជាសាស្ត្រាចារ្យគណិតវិទ្យានៅសាលាពហុបច្ចេកទេសនៅប៉ារីស។ នៅទីនោះ គាត់បានបន្តការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនិងប្រឹងប្រែងសិក្សាជាច្រើនផ្នែកទៀតដោយឥតស្រាកស្រាន។ គាត់ត្រូវបានគេទទួលស្គាល់ជាសមាជិកនៃវិទ្យាស្ថាននេះនៅឆ្នាំ១៨១៤។ កេរ្តិ៍ឈ្មោះរបស់អំពែរបានពីការណ៍ដែលគាត់បានរកឃើញទំនាក់ទំនងរវាងអគ្គីសនីនិងម៉ាញ៉េទិច ដែលបានពង្រីកតទៅទៀតជាអេឡិចត្រូម៉ាញ៉េទិច (តាមអំពែរគាត់ហៅថាអេឡិចត្រូឌីណាមិច)។ នៅថ្ងៃទី១១ សីហា ១៨២០ គាត់បានលឺពីរបស់គំឃើញរបស់អឺស្តែដ អំពីទ្រនិចត្រីវិស័យដែលងាកដោយសារចរន្តអគ្គីសនី។ រយៈពេលមួយសប្ដាហ៍ក្រោយមក គឺនៅថ្ងៃទី១៨ សីហា អំពែរបានបង្ហាញនិក្ខេបបទមួយនិយាយបកស្រាយកាន់តែជ្រៅពីបាតុភូតស្រដៀងគ្នានោះ ទៅកាន់បណ្ឌិតសភា។ នៅថ្ងៃដដែល អំពែរបានបកស្រាយនៅចំពោះមុខសមាជិកបណ្ឌិតសភា ថាខ្សែចំលងស្របគ្នាឆ្លងកាត់ដោយចរន្តអគ្គីសនី ទាញគ្នាចូលឬច្រានគ្នាចេញ (អាស្រ័យលើទិសដៅចរន្ត៖ បើដូចគ្នាទាញចូល បើផ្ទុយគ្នាច្រានគ្នាចេញ)។ នេះជាគ្រឹះរបស់អេឡិចត្រូឌីណាមិច។ ផ្នែកអេឡិចត្រូឌីណាមិចត្រូវបានបើកទ្វារឡើង។ អំពែរបានរកឃើញទ្រឹស្ដីគណិតវិទ្យាដែលអាចពន្យល់ពីបាតុភូតអេឡិចត្រូម៉ាញ៉េទិចដែលត្រូវបានគេសង្កេតឃើញហើយ និងបានប្រមើលឃើញពីបាតុភូតថ្មីៗទៀតផង។ ![]() ស្នាដៃចុងក្រោយរបស់អំពែរ(ដែលបោះពុម្ភក្រោយមរណភាពរបស់គាត់)មានចំនងជើងថា Essai sur la philosophie des sciences, ou exposition analytique d'une classification naturelle de toutes les connaissances humaines ("អត្ថបទសាកល្បងស្ដីពីទស្សនវិជ្ជារបស់វិទ្យាសាស្ត្រ ឬការបង្ហាញបែបវិភាគនៃចំនាត់ថ្នាក់ជាធម្មជាតិនៃចំនេះដឹងមនុស្សជាតិ")។ អំពែរទទួលមរណភាពនៅម៉ាកសីនៅឆ្នាំ១៨៣៦ ហើយសពរបស់គាត់ត្រូវបានបញ្ចុះនៅឈាបនដ្ឋានម៉ុងម៉ារត្រឹ នៅប៉ារីស។ ស្នាដៃ![]()
តំនភ្ជាប់ក្រៅ
|
Portal di Ensiklopedia Dunia