អរិដ្ឋពលពាហនោ
ព្រះបាទអរិដ្ឋពលពាហនោ រឺ កេតុមាលា (គ.ស ៦២-៤៦៨) រជ្ជកាល (គ.ស ៧៨-៤៦៨) ព្រះអង្គគឺជាព្រះមហាក្សត្រខ្មែរទី៧ ដែលបានសោយរាជ្យពីព្រះបាទទេវង្សអស្ចារ្យ ទ្រង់មានព្រះជន្មរហូតដល់ទៅ ៤០៦ វស្សា។ ព្រះនាមបើតាមវចនានុក្រមជួនណាត កេតុមាលា គឺជា ព្រះនាមស្ដេច ១ អង្គសោយរាជ្យនៅនគរធំ គឺព្រះបាទជយវម៌្មទី៣។ ប្រវត្តិការតាំងមហាសករាជពាក្យថា សករាជ (ឬ ស័ក) នេះកើតឡើងអំពីជនមួយពួក ហៅថាពួកតាត៌ នៅក្នុងតំបន់មួយខាងទិសពាយ័ព្យប្រទេសឥណ្ឌា, កាលពុទ្ធសករាជ ៦២១ ឆ្នាំ, ជនពួកនេះបានលុកលុយចូលមកវាតអំណាចក្នុងប្រទេសឥណ្ឌា ប៉ែកខាងលិច បានតាំងក្សត្រិយ៍ជាតិរបស់ខ្លួនមានព្រះនាមថា សកៈ (ឝក) ឬ សាលិវាហនៈ (ឝាលិវាហន) ក៏តាំងការរាប់ឆ្នាំតាំងពីមួយរៀងមក, ហៅរបៀបការរាប់ឆ្នាំនោះជា ស័ក (ឝក) ឬ សករាជ (ឝក--), ដែលចំណេរតមក ហៅថា មហាសករាជ ជាប់មានមកក្នុងប្រទេសយើងរៀងដល់សព្វថ្ងៃនេះ។ ក្នុងព្រះរាជពង្សាវតារខ្មែរថា ព្រះបាទសម្ដេចព្រះអរិដ្ឋពលពាហនោ (ព្រះកេតុមាលា) បានតាំងមហាសករាជ ១ ក្នុងកាលពុទ្ធសករាជ ៦២១; ព្រះបាទសម្ដេចព្រះបទុមសុរិយវង្សបានតាំងចុល្លសករាជ ១ ក្នុងកាលពុទ្ធសករាជ ១១៨៣។ ប្រសូតកាលណោះព្រះមាតាព្រះកេតុមាលា ព្រះអគ្គមហេសីទ្រង់សុបិនឃើញព្រះឥន្ទ្រាធិរាជយាងចុះមកស្ទាបពោះ ព្រះនាង ហើយបានប្រទានកម្រងពេជ្រចរណៃជះចែងចាំងពន្លឺភ្លឺផ្លេកឆ្លុះថ្លា មានប្រាំពីរពណ៌។ ព្រះនាងបានទូលថ្វាយព្រះរាជាអំពីសុបិននោះតាមដំណើរ។ ក្រោយបានសណ្ដាប់សុបិន ព្រះបាទទេវង្សអស្ចារ្យកោះហៅហោរាឲ្យទស្សន៍ទាយ។ ហោរាបានទូលថ្វាយថា ព្រះអគ្គមហេសីនឹងទ្រង់មានគភ៌ មានបុត្រមួយព្រះអង្គ មានឫទ្ធិអំណាច តេជៈបារមីខ្លាំងពូកែឈ្នះអស់មារសត្រូវគ្រប់ទិសទី។ បន្ទាប់មកព្រះនាងក៏មានគភ៌មែន។ គ្រប់ខែថ្ងៃកាលណា ព្រះអគ្គមហេសីប្រសូតបានបុត្រមួយអង្គក្នុងឆ្នាំច ព.ស ៦០៦ ត្រូវជា គ.ស ៦២។ ព្រះរាជបុត្រនោះមានរូបឆោមលោមពណ៌ល្អស្អាតណាស់ ព្រះមាតាបិតាបានដាក់ព្រះនាមឲ្យថា “ព្រះកេតុមាលា” ដើម្បីរំលឹកឲ្យសមទៅតាមសុបិន។ ស្ថានត្រៃត្រឹង្សកាលណោះព្រះ កេតុមាលាព្រះជន្មបាន ៦ វស្សា ព្រះឥន្ទ្រាធិរាជដែលជាឪពុកដើម ដោយសារនឹកស្រណោះកូនខ្លាំងពេកបានបញ្ជាឲ្យទេវបុត្រព្រះនាមមាតុលី រៀបចំរាជរថពេជ្រយន្ដធ្វើដំណើរចុះទៅស្ថានមនុស្សលោក ទៅទទួលយាងយកព្រះរាជបុត្រមកលេងកំសាន្ដនៅស្ថានត្រៃត្រិង្ស។ ពីព្រោះអតីតជាតិ ព្រះកេតុមាលា ត្រូវជាកូនរបស់ព្រះឥន្ទ្រ ព្រះកេតុមាលាបានទទួលបញ្ជា និងបេសកកម្មឪពុក មកចាប់ជាតិជាមនុស្សលោកនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយការពារថែរក្សាព្រះពុទ្ធសាសនា និងស្រុកខ្មែរឲ្យបានជួបតែសេចក្ដីសុខសន្ដិភាពក្សេមក្សាន្ដ ប្រកបទៅដោយជោគជ័យ សេរីមង្គល សម្បូណ៌សប្បាយចម្រុងចម្រើនជានិច្ចនិរន្ដ។ ពេល ព្រលប់យប់រាត្រី ឈានជើងមកដល់កាលណា ទេវបុត្រព្រះមាតុលី ក៏បរព្រះរាជរថចុះមកលើផែនពសុធា អនុវត្ដទៅតាមព្រះឥន្ទ្រាធិរាជ។ ព្រឹកព្រហាមស្រាងៗ ដោយដឹងថាបាត់ព្រះរាជបុត្រ ក្សត្រាក្សត្រីទាំងពីរអង្គកើតទុក្ខសោកសង្រេង ភ័យព្រួយបារម្ភឥតឧបមា ព្រះមហាក្សត្របានកោះហៅក្រុមហោរាសាស្ដ្របុរោហិតឲ្យមកប្រជុំជំនុំ គិតគូរពិចារណាទស្សន៍ទាយមើលអស់គ្រប់ជើងលេខ ដើម្បីឲ្យបានដឹងអំពីហេតុផលការពិត ហោរាបានទស្សន៍ទាយទូលព្រះរាជាថា មនុស្សម្នាទាំងអស់ក្នុងព្រះមហានគរត្រូវតែសមាទានកាន់សីលធម៌ តាមក្រឹត្យក្រមវិន័យព្រះពុទ្ធឱវាទចំនួនប្រាំពីថ្ងៃ ពេលនោះគេនឹងរកឃើញព្រះកេតុមាលាជាមិនខាន។ ចំណែក ព្រះឥន្ទ្រាធិរាជវិញ កាលបើបានជួបព្រះរាជបុត្រ បានខំបង្ហាត់បង្រៀនកូនឲ្យចេះចងចាំដឹង ឮ យល់នូវអស់គ្រប់ចំណេះវិជ្ជាសិល្បសាស្ដ្រ និងពាក្យប្រៀនប្រដៅអប់រំច្បាប់វិន័យទសពិធរាជធម៌ ក្នុងការគ្រប់គ្រងដឹកនាំប្រទេសជាតិ ក្នុងឋានៈជាព្រះមហាក្សត្រ ព្រះឥន្ទ្របានយកព្រះកេតុមាលា ទៅឧទ្យានព្រះអង្គផ្ទាល់ ឲ្យមុជទឹកក្នុងអាងអប់ផ្កា ក្នុងមួយថ្ងៃប្រាំពីរដង ក្នុងរយៈពេលប្រាំពីរថ្ងៃ ឱកាសនោះទេវតាព្រាហ្មណ៍ម្នាក់ ត្រូវបានព្រះឥន្ទ្រាធិរាជ យាងឲ្យមកសូត្រវេទមន្ដ ចម្រើនព្រះជន្មព្រះកេតុមាលា ឲ្យអាយុវែងច្រើនរយវស្សា មិនតែប៉ុណ្ណោះ ព្រះកេតុមាលាបានដើរកំសាន្ដទៅស្ពានត្រៃត្រិង្ស មើលអស់វាំងប្រាសាទគ្រប់ធុនគ្រប់ធី រហូតទៅដល់ក្រោលគោសួគ៌ទៀត។ ប្រាំពីរថ្ងៃ ក្រោយមក ដោយសារកម្លាំងអំណាចធម៌ និងឧបោសថសីលរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ព្រះឥន្ទ្រាធិរាជក៏បញ្ជាឲ្យទេវបុត្រមាតុលី ដង្ហែនាំព្រះកេតុមាលាចុះទៅស្ថានកណ្ដាល ដាក់ក្នុងព្រះបរមរាជវាំងព្រះមហានគរវិញ។ ព្រះបាទទេវង្សអស្ចារ្យ និងព្រះអគ្គមហេសី ទ្រង់សប្បាយរីករាយក្នុងព្រះហឫទ័យឥតឧបមា ក្រោយដែលបានជួបមុខ រកឃើញព្រះរាជបុត្រ។ ប្រាសាទនគរវត្តក្នុង ខណៈជាមួយគ្នានោះដែរ ព្រះឥន្ទ្រាធិរាជបានចាត់ចែង បញ្ជាឲ្យវិស្សកម្មទេវបុត្រ ឬព្រះពិស្ណុការ និងទេវបុត្រចំនួនប្រមាណ ៥០០ អង្គទៀត ចុះមកចាប់ជាតិមានកំណើតជាមនុស្សលោកលើទឹកដីខ្មែរ ដើម្បីធំដឹងក្ដីឡើងកាលណាត្រូវតែនាំគ្នារៀបចំកសាងប្រាង្គ ប្រាសាទថ្វាយព្រះកេតុមាលា។ ចាប់ជាតិកើតជា មនុស្សកាលណា ព្រះវិស្សកម្មទេវបុត្រ មានឈ្មោះចៅចិត្ដកុមារ ព្រះអង្គមានប្រាជ្ញាភ្លឺមោះមុត ចេះចងចាំគ្រប់តម្រិះវិជ្ជាទាំងអស់គ្មានភ្លេចភ្លាត់ភាន់ច្រឡំ ឡើយ។ អាយុបាន ៨ ឆ្នាំ ព្រះវិស្សកម្មទេវបុត្រ ឬព្រះពិស្ណុការ ឬចៅចិត្ដកុមារបានសុំខ្លួនចូលទៅបម្រើព្រះមហាក្សត្រព្រះបាទ ទេវង្សអស្ចារ្យ។ ដោយយល់ឃើញថា ចៅចិត្ដកុមារជាក្មេងម្នាក់មានចំណេះវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាវាងវៃ ឆ្លៀវឆ្លាតពូកែអស្ចារ្យ ព្រះអង្គក៏ចាត់ចែងតាំងជាមេជាងប្រចាំក្នុងព្រះបរមរាជវាំង ព្រះអង្គបានបញ្ជាព្រះពិស្ណុការឲ្យសាងវាំងប្រាសាទ និងកំពែងនគរនានាជាច្រើន។ ក្នុងឆ្នាំច ព.ស ៦១៨ ត្រូវជា គ.ស ៧៤ ចៅចិត្ដកុមារ និងមេជាងឯទៀតបានសាងធ្វើប្រាសាទ និងបូជនីយដ្ឋានអំពីថ្មដោយមានទាំងជីកបារាយណ៍ សង់ស្ពាន និងថ្នល់ផង។ តែបើតាម “ប្រជុំរឿងព្រេងខ្មែរភាគទី៥” របស់ពុទ្ធសាសនបណ្ឌិត្យវិញ ព្រះពិស្ណុការមិនមែនចុះមកពីឋានសួគ៌តាមបញ្ជាព្រះឥន្ទ្រាធិរាជ ទេ។ ព្រះពិស្ណុការជាកូនប្រុសរបស់ទេពធីតាទិព្ធសុតាច័ន្ទ និងចិក លឹមសេង ដែលរស់នៅក្រុងសៀងហៃ នៃប្រទេសចិន។ តាមរឿងព្រេងនិទាននោះ ថ្ងៃមួយ នាងទិព្ធសុតាច័ន្ទ និងទេពធីតាបួនអង្គទៀតបាននាំគ្នាចុះមកលេងឋានកណ្ដាល នៅចំពោះមុខផ្កាគ្រប់ពណ៌ រីកចម្រុះស្គុះស្គាយព្រោងព្រាត ជះក្លិនពិដោរឈ្ងុយឈ្ងប់សុះសាយក្នុងសួនច្បារចិក លឹមសេង ទេពធីតាទិព្ធសុតាច័ន្ទ ដែលខំទប់ចិត្ដអារម្មណ៍មិនបាន ក៏លូកដៃទៅលួចកាច់បេះផ្កាបានប្រាំមួយទង ដោយសារកំហុសនេះ នាងត្រូវទទួលកម្មពៀរវេរាចុះមករស់នៅធ្វើជាប្រពន្ធបម្រើចិក លឹមសេង ចំនួន៦ឆ្នាំ គឺមួយទងផ្កាស្មើនឹងមួយឆ្នាំ។ ទេពធីតាបានបម្រើចិក លឹមសេងដោយគ្មានហ្មង។ មួយឆ្នាំក្រោយមក នាងប្រសូត្របានកូនប្រុសមួយ ហើយដាក់ឈ្មោះថាពិស្ណុការ។ ព្រះពិស្ណុការត្រូវបានម្ដាយនាំយកទៅសិក្សារៀនសូត្រគ្រប់អស់ វិជ្ជាជាងជ្រៅជ្រះនៅឋានសួគ៌។ ព្រះពិស្ណុការ ឬចៅចិត្ដកុមារ បានសាងប្រាង្គប្រាសាទ ជាច្រើនថ្វាយដល់ព្រះមហាក្សត្រមានជាអាទិ ប្រាសាទបាយ័ន បាពួន ភិមានអាកាស រំលេចដោយក្បូរក្បាច់រចនាល្អប្រណិត អមទៅដោយរូបសត្វដូចជា នាគ គ្រុឌ ក្រពើ សិង្ហ តោ ដំរី៘ ថ្ងៃមួយព្រះបាទសម្ដេចទេវង្សអស្ចារ្យ បានបង្គាប់ឲ្យព្រះពិស្ណុការរៀបចំសាងប្រាសាទមួយទៀតសម្រាប់ថ្វាយ ដល់ព្រះកេតុមាលា ប្រាសាទដ៏សែនល្អប្រណិតនេះ ថ្ងៃក្រោយមកមានឈ្មោះថា នគរវត្ដ ដោយសារព្រះកេតុមាលាបានដាក់ថ្វាយឧទ្ទិសចំពោះព្រះពុទ្ធសាសនា។ ប្រាសាទនគរវត្ដមានទម្រង់ទ្រង់ទ្រាយដូចក្រោលគោសួគ៌របស់ព្រះឥន្ទ្រ ពីព្រោះកាលព្រះអង្គបានយាងទៅស្ថានត្រៃត្រិង្ស ព្រះកេតុមាលាបានទតឃើញប្រាសាទធំៗ ល្អល្អះជាច្រើនមានទាំងក្រោលគោសួគ៌ផង។ ដោយហេតុព្រះអង្គមិនហ៊ានមានចិត្ដលោភលន់ ប្រាថ្នាចង់បានប្រាសាទដូចព្រះឥន្ទ្រាធិរាជហើយដើម្បីជៀសវាងកុំឲ្យក្លាយជាការប្រមាថកាតទានដល់ចេស្ដាព្រះឥន្ទ្រ ទើបបានជាព្រះកេតុមាលាទ្រង់សម្រេចចិត្ដ ចង់បានត្រឹមតែក្រោលគោព្រះឥន្ទ្រប៉ុណ្ណោះ។ សម្ដេច ទេវង្សអស្ចារ្យក្សត្រខ្មែរទី៦ សោយរាជសម្បត្ដិនគរកម្ពុជាបាន៧៨ឆ្នាំ ព្រះអង្គសុគតក្នុងព្រះជន្ម១០៨វស្សាដោយជំងឺជរាពាធ។ ព្រះកេតុមាលាត្រូវឡើងសោយរាជសម្បត្ដិបន្ដពីព្រះបិតា ពិធីអភិសេកត្រូវបានរៀបចំប្រារព្ធធ្វើយ៉ាងអធិកអធមគគ្រឹកគគ្រេងនៅថ្ងៃ ១០កើត ខែផល្គុន ឆ្នាំឆ្លូវ ព.ស ៦២១ ត្រូវជា គ.ស ៧៨ នៅវេលាម៉ោង៧ព្រឹក កាលនោះព្រះអង្គបានព្រះជន្ម១៦វស្សា។ ព្រះកេតុមាលាជាក្សត្រខ្មែរទី៧។ ព្រះនាមព្រះអង្គជាក្សត្រគឺ ព្រះអរិដ្ឋពលពាហនោ។ ព្រះអង្គបានគ្រប់គ្រងផែនដីដោយសន្ដោសធម៌ប្រោសប្រណី និងទសពិធរាជធម៌។ ការភ្លេចរាជកិច្ចដោយព្រះអង្គមានរូបឆោមលោម ពណ៌ សម្ផស្សឆើតឆាយលើសបុរសនានា ស្ដ្រីគ្រប់ទិសទី មានស្នំភីលៀងមីនុំមីនាងនាំគ្នាចោមរោមព័ទ្ធ ចង់ប្រតិព័ទ្ធរួមតម្រេកកៀកកើយដាក់ស្នេហ៍មន្ដអាគមធ្វើឲ្យព្រះអង្គ ឆ្កួតវង្វេងភ្លេចភាន់ភាំងស្មារតី ចិត្ដអារម្មណ៍ ហើយលុះទៅដោយភ្លើងតណ្ហាកាមតម្រេក ស្រវឹងវក់វី សប្បាយភ្លើតភ្លើនត្រេកត្រអាល លែងមានវិចារណញ្ញាណ ដែលមានសតិសម្បជញ្ញៈ ភ្លេចអស់ត្រូវ ភ្លេចអស់ខុស ភ្លេចអស់ថាខ្លួនជាស្ដេច ភ្លេចអស់អ្វីៗជាប្រជាជាតិ អ្វីដែលជាផលប្រយោជន៍នគរ ភ្លេចអស់អ្វីជាសីលធម៌ ភ្លេចអស់អ្វីជាទសពិធរាជធម៌ ភ្លេចអស់ព្រះពុទ្ធសាសនា។ ព្រះកេតុមាលា ឆ្កួតវង្វេងវង្វាន់បាត់ស្មារតីក្នុងរយៈពេលមួយឆ្នាំ។ បើតាមពង្សាវតារវត្ដទឹកវិល ការឆ្កួតវង្វេងឡប់សតិរបស់ព្រះបាទកេតុមាលា បណ្ដាលមកអំពីការដាក់ស្នេហ៍ស្នូក ធ្វើមន្ដវិជ្ជាការរបស់ម្ចាស់ក្សត្រីសោយសមន្ថា បុត្រីស្ដេចប្រទេសលាវនៅទីក្រុងវៀងច័ន្ទ ដែលមានស្រីស្នំពីរនាក់ឈ្មោះកែវថង និងកែវពេជ្រ ចូលដៃជើងរួមគំនិតជាមួយផង (ព្រះនាងសយសមន្ថាត្រូវធ្លាក់ឋានៈទៅជាស្រីស្នំចុងផុតក្រោយគេ ទាំងអស់ ព្រះនាងបានចូលទិវង្គតដោយសារក្ដីទុក្ខព្រួយរីងរៃ។ ចំណែកឯពួកមីនុំមីនាង កែវថង និងកែវពេជ្រវិញត្រូវទទួលខ្លួនទៅជាទាសាទាសី ធ្វើការបម្រើនៅឯជើងក្រានបាយ)។ ឧប្បត្តិហេតុ នេះ បានធ្វើឲ្យក្ដៅទៅអាសនៈព្រះឥន្ទ្រាធិរាជ ធ្វើឲ្យព្រះអង្គក្រហល់ក្រហាយគង់នៅស្ងៀមស្ងាត់មិនកើត ព្រះអង្គក៏បើកទិព្វចក្ខុក្រឡេកមើលមកឃើញច្បាស់ប្រត្យក្សថាបុត្រ ព្រះអង្គ ព្រះកេតុមាលា បានដើរឃ្លៀងឃ្លាតចាកចេញពីគន្លងធម្មវិន័យ និងក្បួនតម្រាកាតព្វកិច្ចជាស្ដេចផែនដី។ ក្នុងគ្រាអាសន្ននេះ ព្រះឥន្ទ្របានចាត់ព្រះវិស្សកម្មទេវបុត្រឲ្យទៅនិមន្ដព្រះអានន្ទ និងព្រះសង្ឃប្រាំពីរអង្គទៀត នៅកោះសេរីលង្កា ដែលមានវិជ្ជាខ្ពង់ខ្ពស់ខ្លាំងពូកែទៅមហានគរ ចំណែកព្រះឥន្ទ្រខ្លួនឯងវិញ ព្រះអង្គទៅសុំយាងព្រះព្រហ្មឲ្យចុះមកជួយដែរ។ រដ្ឋបាលនគរយាងចុះ មកដល់ទឹកដីមហានគរកាលណា ព្រះឥន្ទ្រាធិរាជក៏ចាប់ផ្ដើមរៀបចំធ្វើពិធីអភិសេក ព្រះកេតុមាលាជាថ្មីម្ដងទៀត ព្រះរាជាភិសេកម្ដងនេះ បានប្រព្រឹត្ដទៅក្នុងបរិយាកាសយ៉ាងសែនធំអឹកធឹកឧត្ដុង្គឧត្ដម អស្ចារ្យ ដោយមានទេវតា ទេពធីតា ទេវបុត្រ ពីគ្រប់ទិសទី យាងចុះមកចូលរួមក្នុងពិធីបុណ្យជាកិត្ដិយស ។ ដំបូង ព្រះព្រហ្ម និងព្រះឥន្ទ្រ សូត្រស្វាធ្យាយធម្មទេសនាថ្វាយព្រះពរ ស្រោចស្រព និងស្រង់ទឹកមន្ដលើព្រះកេស និងរូបរាងកាយព្រះកេតុមាលា ដើម្បីដេញកម្ចាត់អស់មន្ដអាគមស្នេហ៍ស្នូកទាំងប៉ុន្មាន ដែលមានជោកជាំនៅក្នុងខ្លួនព្រះអង្គ ព្រមទាំងប្រសិទ្ធិពរជ័យឲ្យបានសុខ សេរីមង្គលឡើងវិញ។ បន្ទាប់មកព្រះឥន្ទ្រាធិរាជ ព្រះព្រហ្ម និងព្រះសង្ឃឯទៀតនាំគ្នាប្រជុំនិយាយទូន្មានប្រដែប្រដៅផ្ដាំផ្ញើ ដល់ព្រះកេតុមាលាឲ្យចេះស្គាល់យល់អំពីធម្មវិន័យ ក្នុងមាគ៌ាព្រះពុទ្ធសាសនា។ បន្តមក ព្រះឥន្ទ្រាធិរាជធ្វើពិធីស្រង់ទឹកអភិសេកព្រះកេតុមាលា ជាព្រះមហាក្សត្រខ្មែរជាថ្មីតាមប្រពៃណី។ គឺនៅវេលាម៉ោង៩ព្រឹក ថ្ងៃ ១១កើត ខែពិសាខ ឆ្នាំជូត ព.ស ៦២៣ ត្រូវជា គ.ស ៨០។ ពិធីអភិសេកដោយព្រះឥន្ទ្រាធិរាជ ត្រូវបានគេដាក់ឈ្មោះថា ព្រះឥន្ទ្រភិសេក។ ដូច្នេះហើយ ចាប់ពីថ្ងៃនោះមក ទីក្រុងមហានគរមានឈ្មោះថា ឥន្ទបត្តបុរី។ គ្រានោះ ព្រះឥន្ទ្រាធិរាជទ្រង់ព្រះតម្រិះគិតឈ្វេងយល់ឃើញថា បើប្រគល់អំណាចនគរមួយទាំងមូលទៅឲ្យស្ដេចតែមួយអង្គឯង ឬមនុស្សម្នាក់គត់ ហើយបើស្ដេចអង្គនោះ ឬមនុស្សនោះបែរជាប៉ោឡែឆ្កួតវង្វេងស្រវឹងអំណាច បុណ្យសក្ដិ លុយកាក់ សម្បត្ដិទ្រព្យ ស្រាស្រីល្បែងអំពើពាលា មិនស្គាល់ខុសស្គាល់ត្រូវ យកអាក្រក់ជាល្អយកល្អជាអាក្រក់ គិតតែសប្បាយត្រេកត្រអាលភ្លើតភ្លើន គ្មានសីលធម៌ គ្មានសតិសម្បជញ្ញៈ គ្មានទសពិធរាជធម៌ មិនយកចិត្ដទុកដាក់ មិនស្គាល់អំពីផលប្រយោជន៍អាយុជីវិតជាតិ នោះប្រជាពលរដ្ឋតូចធំ និងនគរមុខតែជួបប្រទះមហន្ដរាយ គ្រោះថ្នាក់កំណាចកាចចង្រៃ វិនាសរលាយរលត់ សាបសូន្យជីវិតជាមិនខាន។ ទ្រង់យល់ដូច្នេះហើយ ទើបព្រះឥន្ទ្រាធិរាជ ព្រះអង្គកំណត់តែងតាំងឲ្យមានក្រុមប្រឹក្សាមួយសម្រាប់ជួយធ្វើការអមស្ដេច។ ក្នុងគណៈក្រុមប្រឹក្សាស្ដេចនេះមាន ៖
មិនតែប៉ុណ្ណោះ ដើម្បីឲ្យបានឆាប់ដឹង ឆាប់បានយល់អំពីហេតុការណ៍ផ្សេងៗដែលនឹងកើតមានឡើង ព្រះឥន្ទ្រាធិរាជព្រះអង្គបានសុំឲ្យព្រះមហាអានន្ទ កម្រិតកំណត់ទីកន្លែងសំខាន់មួយទុកសម្រាប់កន្លែងមើលប្រផ្នូលនគរ ព្រះអង្គអានន្ទបាននិមន្ដទៅភ្នំបាណន់ រៀបចំធ្វើឲ្យមានស្រះទឹកបី មួយសម្រាប់ព្រះមហាក្សត្រ មួយសម្រាប់នាម៉ឺនមុខមន្ដ្រី និងមួយទៀតសម្រាប់ប្រជានុរាស្ដ្រ គឺទុកធ្វើជាឧបករណ៍មើលប្រផ្នូលដល់ដំណើរវិវត្ដនគរ រៀងរាល់ឆ្នាំក្រុមបុរោហិត ត្រូវតែដួសទឹកក្នុងស្រះទាំងបីយកទៅដាក់ជិតជាប់នឹងព្រះខ័ន រាជរតនមង្គល ដើម្បីសង្កេតមើលប្រផ្នូលទឹក ៖
បើទឹកត្រូវរីងស្ងួត នោះព្រះមហាក្សត្រនឹងត្រូវអស់ព្រះជន្ម បើទឹកនោះចោលក្លិនមិនល្អនោះ នឹងកើតមានចម្បាំងក្នុងនគរ បើ ទឹកក្នុងស្រះនោះល្អក់កខ្វក់ខ្វល់ នោះជម្ងឺរោគាពាធនឹងកើតពាសពេញនគរ ហើយបើទឹកនោះធុំក្លិនស្អុយអសោច នោះនៅក្នុងនគរនឹងមានភ័យអន្ដរាយ កើតមានរាំងស្ងួតមានទុរ្ភិក្ស និងមានចោរលួចប្លន់កាប់សម្លាប់ ។
បើទឹកត្រូវរីងស្ងួត នោះនាម៉ឺនមុខមន្ដ្រីត្រូវអស់បុណ្យបារមី លែងមានសមត្ថភាពទៀតហើយ បើ ទឹកនោះចោលក្លិនអាក្រក់ ល្អក់ខ្វល់នោះ នាយករដ្ឋមន្ដ្រី និងមន្ដ្រីតូចធំទាំងឡាយខ្វល់ខ្វាយពិបាកចិត្ដ បែកបាក់សាមគ្គីឈ្លោះប្រកែកគ្នា ប្រសិនបើទឹកនោះថ្លាល្អត្រចង់ទេ នោះនាយករដ្ឋមន្ដ្រី និងនាម៉ឺនឯទៀត បានសុខសប្បាយជាធម្មតា
បើទឹកក្នុងស្រះរីងស្ងួត នោះប្រជាពលរដ្ឋនឹងត្រូវស្លាប់ពាសពេញ បើទឹកនោះឡើងល្អក់ ពេលនោះប្រជានុរាស្ដ្រនឹងរងទុក្ខវេទនា ត្រូវព្រាត់ប្រាស់ប្ដីប្រពន្ធកូនចៅប្រសិនបើ ទឹកនោះធុំក្លិនអាក្រក់ស្អុយអសោចឆ្អេះឆ្អាប នោះប្រជារាស្ដ្រ មុខជានឹងជួបការរីងរាំងស្ងួតគ្មានភ្លៀង ជួបនឹងចោរហារយលួចប្លន់កាប់សម្លាប់ និងមានឧក្រិដ្ឋកម្មជាមិនខាន ។ ដូច្នេះ ហើយ ទើបបានជាមានស្រះទឹកទាំងបីនោះជាប់ឈ្មោះតមកជា ភ្នំព្រះអានន្ទ បន្ទាប់មកក្លាយជាភ្នំបានន្ទ ហើយរហូតដល់សព្វថ្ងៃ ឈ្មោះក៏ប្រែទៅជា ភ្នំបាណន់ដែលស្ថិតនៅខេត្ដបាត់ដំបង ។ ក្នុងកិច្ចការរៀបចំទឹកដីខ្មែរឲ្យល្អប្រពៃ ព្រះឥន្ទ្រាធិរាជ ព្រះអង្គទ្រង់បានបញ្ជាឲ្យស្លលោហធាតុធ្វើដាវជ័យសេរីមង្គល (ដាវបួនទៀតត្រូវបានស្លធ្វើដែរ ហើយត្រូវបានព្រះឥន្ទ្រប្រគល់ឲ្យព្រហ្មជ័យយកទៅទុកថែរក្សានៅឯ ភូមិប្រាសាទ ក្នុងខេត្ដបារាយណ៍។ ចំពោះពង្សាវតារវត្ដទឹកវិល គឺជាលំពែងទេ ដែលព្រះឥន្ទ្រាធិរាជបានបង្គាប់ឲ្យធ្វើ។ លំពែងទាំង៤ ត្រូវចែកទៅឲ្យស្ដេចត្រាញ់ទាំង៤ នៅ ទ្រាំង ត្បូងឃ្មុំ បាភ្នំ និងភ្នំកំពង់ស្វាយ កាន់កាប់ថែរក្សា។ កាំបិតស្ដាំ និងកាំបិតឆ្វេង ពីរទៀតក៏ត្រូវបានស្លធ្វើដែរ។ កាំបិតស្ដាំត្រូវយកទៅតម្កល់ទុកឯខេត្តពោធិ៍សាត់ កាំបិតឆ្វេងត្រូវយកទៅតម្កល់ទុកឯខេត្ដជើងព្រៃ។) ដែលត្រូវតម្កល់ទុកដោយក្រុមបុរោហិត ទន្ទឹមគ្នាជាមួយនឹងបញ្ចក្សត្រ (ក្នុងបញ្ចក្សត្រ ឬប្រដាប់ប្រដាសម្រាប់សំគាល់សេ្ដចទាំង៥ជំពូកនោះ មានជាអាទិ ព្រះខ័នរាជ រតនមង្គល សរព្រហ្មណ៍មាស គ្រឿងសក្ការៈបូជារបៀបព្រហ្មញ្ញសាសនា រូបសំណាកតំណាងព្រះពុទ្ធទាំង៥ព្រះអង្គ ព្រមទាំងចម្លាក់ព្រះកច្ចាយនៈ និងរូបសំណាកព្រះអាទិទេពទាំង៣៥អង្គទៀត។) ក្នុងប្រាសាទមួយដាច់ដោយឡែកក្នុងព្រះមហានគរ។ សក្ដិសេនាបតី និងចៅហ្វាយស្រុក សក្ដិ ១០ ហ៊ូពាន់ ពីបុរាណរៀងមក គឺតាំងពីផែនដីព្រះបាទអរត្តពលពាលោនោះ ទ្រង់តាំងឡើង សុទ្ធតែជាទី "សម្ដេចចៅពញា" ព្រោះចៅហ្វាយស្រុកទាំងនោះ សុទ្ធតែជាសម្ដេចព្រះរាជត្រកូល ដែលចេញទៅគ្រងស្រុក សក្ដិ ១០ ហ៊ូពាន់ ក៏មាន ៩ ហ៊ូពាន់ ក៏មានដល់មកផែនដី ព្រះបាទធនញ្ជ័យកោរព្យរាជនោះ ចៅហ្វាយស្រុកទាំងនោះ ពុំសូវកោតខ្លាចសេនាបតី ទើបព្រះបាទកោរព្យរាជទម្លាក់ចៅហ្វាយស្រុកទាំងនោះមកនៅត្រឹមតែទី "ចៅពញា" វិញ។ បើសក្ដិ ៨ ហ៊ូពាន់ចុះមក តាំងជាទី "ពញា"។ ឯសេនាបតី និងមន្ត្រីសក្ដិ ៩ ហ៊ូពាន់ ក្នុងវង្សមន្ត្រីរត្ននោះ ពីមុនមក បានតែងតាំងជា "សម្ដេចចៅពញា" ដល់មកផែនយើងនេះ យើងពិនិត្យទៅក៏ឃើញថា នៅតែច្រឡូកច្រឡំនៅឡើយ។ ដូច្នេះ យើងត្រូវគិតរៀបចំជាថ្មី គឺថា នាម៉ឺនក្រៅពីខ្នងពស់ទាំង៤ សំរាប់បើតាំងឡើង ឱ្យតាំងជាទី "ឧកញ៉ា"។ ឯចៅហ្វាយស្រុកសក្ដិ ៩ ឬ ១០ ហ៊ូពាន់នោះឱ្យតាំងជាទី "ចៅពញា"។ បើ៧ ឬ ៨ ហ៊ូពាន់ឱ្យតាំងជាទី "ពញា"។
គ្មានយសសក្ដិទេឱ្យហៅថា ............................................................. នាយ មហេសី
កូនចៅ
ក្នុង បញ្ហាបុត្រាបុត្រីព្រះកេតុមាលា ពង្សាវតារខ្មែរទាំងអស់មិនបានយល់ស្របចុះសម្រុងគ្នាទេ។ ឯកសារនីមួយៗសុទ្ធតែកត់ត្រាប្រវត្ដិផ្សេងៗខុសអំពីគ្នា ពង្សាវតារសម្ដេចវាំងជួនបានបញ្ជាក់ថា ព្រះកេតុមាលា និងព្រះនាងពិនសុវណ្ណបានបុត្រច្បងមួយឈ្មោះ ទេវង្សកុមារ អង្គព្រហ្មជាបុត្រទីពីរ បន្ទាប់មកគឺ ព្រះអង្គទេវេស ជាបុត្រទីបីរបស់ព្រះកេតុមាលា ជាមួយនឹងព្រះអង្គម្ចាស់ក្សត្រី កោសុមកេស្សរា ដែលបានប្រសូតក្នុងឆ្នាំម្សាញ់។ ដូចដែល យើងបានអធិប្បាយពីខាងដើមរួចមកហើយ អង្គព្រហ្មមានបងប្រុសម្នាក់ និងប្អូនប្រុសម្នាក់ដែលមានម្ដាយខុសគ្នា តែមានឪពុកតែមួយ គឺព្រះកេតុមាលា។ ក្នុងចំណោមបុត្រទាំងបីអង្គនេះ គ្មានអង្គណាមួយបានសោយរាជ្យបន្ដពីព្រះបិតា ព្រះបាទកេតុមាលាឡើយ។ ព្រះអង្គទេវង្សកូនច្បង បានប្រសូតក្នុងឆ្នាំជូត ហើយសុគតនៅឆ្នាំរកា ក្នុងព្រះជន្ម ៨២ ឆ្នាំ។ ដោយព្រះអង្គអារឹសកូន ព្រះអង្គគ្មានកូនចៅសម្រាប់បន្ដព្រះរាជវង្សទេ។ ព្រះអង្គទេវេសបុត្រពៅបានប្រសូតក្នុងឆ្នាំម្សាញ់ ហើយបានសុគតនៅឆ្នាំជូត ក្នុងព្រជន្ម៩៥វស្សា។ ចំពោះ ប្រវត្ដិព្រះកេតុមាលា ពង្សាវតារវត្ដទឹកវិល បានសរសេររៀបរាប់បន្ថែមយ៉ាងក្បោះក្បាយជាច្រើនទៀត។ ព្រះកេតុមាលា ដោយសារព្រះឥន្ទ្រាធិរាជបានធ្វើអន្ដរាគមន៍យាងចុះមកស្រោចទឹកអភិសេក ថ្វាយ មានព្រះជន្មយឺនយូរណាស់ (ថ្ងៃព្រះឥន្ទ្រអភិសេក ត្រូវបានគេចាត់ទុកជាឆ្នាំទី១ក្នុងមហាសករាជ ប៉ុន្ដែចំណោទស្ថិតនៅត្រង់ឯកសារផ្សេងៗមិនបានចុះសម្រុងគ្នាក្នុង ការកំណត់ថ្ងៃអភិសេក។ បើតាមអ្នកស្រាវជ្រាវបរទេស ដូចជាលោក F. Gfaraut មហាសករាជចាប់ផ្ដើមនៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំថោះ ព.ស ៦២៣ ត្រូវជាថ្ងៃ ១៧មីនា គ.ស ៧៩) ដែលជាហេតុមិនអនុញ្ញាតឲ្យព្រះរាជបុត្រព្រះអង្គណាមួយអាចនឹង សោយរាជ្យបន្តពីព្រះអង្គបានឡើយ។ ម្យ៉ាងវិញទៀតដោយសារព្រះជន្មវែងយឺនយូរដ៏អស្ចារ្យនេះ ព្រះកេតុមាលាត្រូវមានមហេសី ស្រីស្នំ មីនុំមីនាងភីលៀងទាំងអស់ប្រាំជំនាន់ ជំនាន់ទីមួយ ក្នុងឆ្នាំឆ្លូវ និងខាល ត្រូវជាឆ្នាំ១០២-១០៣ មហាសករាជ ជំនាន់ទី២ ក្នុងឆ្នាំរកាត្រូវជាឆ្នាំ ១៥៧ ម.ស និងបន្ទាប់មកក្នុងឆ្នាំ ១៥៨-១៥៩ម.ស ជំនាន់ទី៣ ក្នុងឆ្នាំមមែត្រូវជាឆ្នាំ ២០៤ម.ស និងក្នុងឆ្នាំ ២០៥-២០៦ម.ស ជំនាន់ទី៤ ក្នុងឆ្នាំថោះត្រូវជាឆ្នាំ ២៦០ម.ស និងក្នុងឆ្នាំ ២៦១-២៦២ម.ស និងជំនាន់ទី៥ ជាជំនាន់បង្ហើយ ក្នុងឆ្នាំមមែ ត្រូវជាឆ្នាំ ៣០០ម.ស និង ៣០១-៣០២ម.ស។ ព្រះអង្គមានព្រះរាជបុត្រាបុត្រីជាច្រើន ដែលព្រះអង្គចែកចាយឲ្យមានងារតំណែង និងប្រគល់បេសកកម្មឲ្យទៅត្រួតត្រាទឹកដីខេត្ដខណ្ឌ ក្នុងព្រះរាជាណាចក្រផ្សេងៗពីគ្នា។ ការបះបោរក្នុងរាជ្យព្រះអង្គ គេកត់សំគាល់ដឹងថា ស្ដេចចាមដែលចំណុះព្រះមហាក្សត្រខ្មែរ ហើយដែលគ្រប់គ្រងខេត្ដបាទី បាយ៉ង់កោ លើកដែក បាសាត ស្លាកែត និងត្បូងឃ្មុំ បានបះបោរប្រឆាំងមិនព្រមគោរពតាមបទបញ្ជាកូនព្រះកេតុមាលា។ ចម្បាំងរាំងជល់រវាងខ្មែរ និងចាមក៏កើតផ្ទះឡើងយ៉ាងខ្លាំងក្លា។ ស្ដេចចាមទាំងប៉ុន្មាន ត្រូវបរាជ័យ ហើយត្រូវក្សត្រខ្មែរសម្លាប់ដេញកម្ចាត់ចោលអស់ លើកលែងតែស្ដេចចាមស្រុកបាសាត និងស្រុកស្លាកែត ដែលបានគេចរត់រួចខ្លួន។ អព្ភូតហេតុព្រឹត្ដិការណ៍មួយទៀត ដែលគេអាចចងចាំបាននោះ គឺនៅឆ្នាំ ១៥ ម.ស ព្រះកេតុមាលាបាននាំពលរេហ៍ និងទ័ពដំរីទៅក្រសាលលេងនៅភ្នំដងរែក។ ព្រះអង្គបានទទួលដំណឹងមកថា មានដំរីពីរធំៗ មានភ្លុកវែងល្អ ហើយមានសម្បុរពណ៌សទៀត។ ដំរីនីមួយៗមានដំរីស្ដប្រាំបីឥតភ្លុកចាំបម្រើរកចំនីអាហារយកមកឲ្យ។ ក្រៅពីនេះ មានហ្វូងដំរីពីរផ្សេងទៀតចាំថែរក្សាការពារដំរីសទាំងពីរ។ ព្រះកេតុមាលាទ្រង់សព្វព្រះទ័យឲ្យហ្មដំរីខ្មែរ លាវ ព្នង រៀបចំចេញទៅទាក់ដំរីសទាំងពីរ។ ក្នុងគ្រាដែលចាប់បានដំរីសទាំងពីរ ស្រាប់តែមានដំរីព្រៃមួយយ៉ាងធំ កំពស់ ១២ ហត្ថ មានភ្លុកវែង បោលសម្រុកយ៉ាងលឿនស្លេវសំដៅទៅបុកដំរីជំនិះព្រះកេតុមាលា ក្នុងខណៈនោះព្រះអង្គក៏ដកព្រះខ័នរាជរតនមង្គល កាប់សម្លាប់ដំរីនោះដាច់ជាបីកំណាត់។ អព្ភូតហេតុដ៏ចម្លែកក្នុងឱកាសនោះ គឺព្រះខ័នរាជ ដែលធ្វើដោយព្រះឥន្ទ្រាធិរាជសម្រាប់ទុកមើលប្រផ្នូលប្រទេសជាតិ ត្រូវកោងរេចរឹល។ ទតឃើញដូច្នោះ ព្រះកេតុមាលា ព្រះអង្គកើតមានសេចក្ដីសោកសង្រេងមានទុក្ខព្រួយក្នុងចិត្ដជាខ្លាំង។ ពីព្រោះព្រះអង្គយល់ថា តទៅអនាគត ស្ដេចខ្មែរដែលសោយរាជ្យបន្ដពីព្រះអង្គមិនសូវមានបុណ្យបារមី និងសមត្ថភាពគ្រប់គ្រាន់ឡើយ។ ភាពចលាចល ច្របូកច្របល់ អន្ដរកប្ប នឹងកើតមានពាសពេញស្រុកខ្មែរ។ ប្រទេសជិតឆ្ងាយនឹងឆ្លៀតឱកាសនេះ លួចប្លន់យកទឹកដីខ្មែរជាមិនខាន។ ដោយការឈឺចុកចាប់ ព្រួយបារម្ភខ្លាំងពេកចំពោះអាយុជីវិតអនាគតប្រទេសជាតិ ដែលទឹកដីនឹងត្រូវរួមតូចទៅៗ និងបណ្ដារាស្ដ្រដែលនឹងត្រូវជួបប្រទះទុក្ខព្រួយ មហន្ដរាយ ព្រាត់ប្រាស់ក្រុមញាតិគ្រួសារ ក្ដៅក្រហាយ ស្លាប់មិនចេះចប់មិនចេះហើយ ព្រះកេតុមាលាក៏ធ្លាក់ខ្លួនមានជំងឺជាទម្ងន់។ ក្សត្រជាន់ក្រោយព្រះកេតុមាលា ឬ ព្រះអរិដ្ឋពលពាហនោ ព្រះអង្គមានព្រះជន្មវែងណាស់។ ព្រះអង្គសោយរាជសម្បត្ដិប្រទេសកម្ពុជាបាន ៣៩០ ឆ្នាំ។ ព្រះអង្គបានចូលទិវង្គតនៅឆ្នាំមមី ក្នុងព្រះជន្ម ៤០៥ វស្សា។ ព្រះកេតុមាលា ដែលមានបរមនាម អរិដ្ឋពលពាហនោដោយមានការប្រោសប្រណីប្រទានអំពីព្រះឥន្ទ្រាធិរាជ បានមានព្រះជន្មយូរអង្វែង វែងរហូតដល់៤០៥វស្សា ព្រះអង្គបានគ្រប់គ្រងសោយរាជសម្បត្ដិប្រទេសកម្ពុជា ៣៩០ ឆ្នាំ។ ដោយមានអាយុវែងពេក ព្រះកេតុមាលាមានមហេសី និងស្រីស្នំច្រើនជំនាន់ដែរ។ ក្រោយដែលព្រះអង្គបានចូលទិវង្គត គ្មានព្រះរាជបុត្រអង្គណាបានស្នងរាជ្យបន្ដអំពីព្រះអង្គឡើយ។
ឯកសារយោង
|
Portal di Ensiklopedia Dunia