អ្នកម្នាងជាលែង
ព្រះម្នាងជាលែង (រជ្ជកាលស្ដេចកន-គ.ស ១៥២៩) ជាព្រះម្នាងរបស់ព្រះបាទស្រីជេដ្ឋា ហើយបានសោយទិវង្គតរួម និងព្រះបាទស្រីជេដ្ឋាទៅ។ ប្រវត្តិព្រះស្ដេចកន កាលតាំងខ្លួនសោយរាជ្យជាសម្ដេចព្រះស្រីជេដ្ឋាក្នុងក្រុងស្រីសឈររួចហើយ ទ្រង់ព្រះតំរិះថា៖ គួរគិតរកជ័យភូមិសាងនគរជាថ្មី ដ្បិតផ្លាស់វង្សថ្មី។ ទ្រង់ព្រះតំរិះតែម្ល៉ោះហើយ ក៏លើកពួករាជសេវកាមហាយោធាតាមមាគ៌ារង្គាត់គន់រកទីជ័យភូមិពុំត្រូវព្រះរាជហឫទ័យក្នុងខេត្តស្រីសឈរសោះ។ ស្ដេចទៅឯខេត្ដព្រៃវែង ក៏ពុំត្រូវព្រះរាជហឫទ័យលុះប្រាំបីថ្ងៃដល់ស្ទឹងពាមមេត្រេក ខេត្ដបាភ្នំទើបមានទីទំនួលស្រួលល្អ ទ្រង់ក៏ឲ្យតាំងបន្ទាយ វាំងនៅទីនោះបានជាជាប់ឈ្មោះនៅទីកន្លែងបឹងកំពង់ចៅហ៊្វា១ កំពង់យមរាជ១ កំពង់ក្រឡាហោម១ កំពង់ចក្រី១នៅទីនោះឯអ្នកស្រុកអំពីស្រុកកណ្ដាលជ្រុំ១ ជើងបាក់ដែង១ រោងដំរី១ ព្រៃនគរ១ គ្រប់ទិសតែងត្រេកមេត្រីមកចុះចូលទៅថ្វាយបណ្ដាការច្រើនជាអនេក ទើបទ្រង់ប្រែឈ្មោះទីភូមិនោះថា មេត្រេកវិញ។ ទ្រង់សាងព្រះនគរបាន ៨ ខែពុំទាន់សំរេច ស្ដេចទ្រង់ព្រះតំរិះយល់ជាថ្មីថា៖ តាំងព្រះនគរនេះជិតដែនយួនណាស់ បើយួនលើកមកនឹងពិបាកកេណ្ឌពលតច្បាំងឲ្យរួសរាន់មិនទាន់ការណ៍ ទ្រង់ជំនុំព្រះសេនាបតីហើយ ព្រមទាំងរាជសេវកាមាត្យ មុខមន្ដ្រី ព្រះស្នំក្រមការសេនាយោធាទៅរកទីទៃភូមិក្នុងខេត្តត្បូងឃ្មុំ។ លុះដល់ទីមួយអន្លើវាយគងហៅគ្នាវាស់នាទីជីកដីជាស្នាមភ្លោះកបន្ទាយតែ ៥ សិនបួនជ្រុង។ កន្លែងនោះមានខ្លះមិនពេញចិត្ដថា ដ្បិតតូចខ្លះថាទីនោះមិនមានជ័យភូមិល្អទេតែវាយគងហៅប្រជុំគ្នាកាលណាស្ដីដោលគ្នាថា ព្រោះគំនិតអ្នកនេះយ៉ាងនេះអ្នកនោះយ៉ាងនោះកើតជាជំលោះឈ្លោះចេញដោលគ្នាវឹកវរ។ លុះមានរាស្ដ្រទៅនៅជាប់ឈ្មោះហៅភូមិអាដោលគងជ័យ បន្ទាយវរតាមហេតុដែលជេរដោលគ្នា និងវាយគងរៀងមក។ កាលធ្វើបន្ទាយនៅទីនោះមិនស្រុះស្រួលហើយ ទើបទ្រង់ពិនិត្យទៅឃើញថាត្រូវទៅរកទីកន្លែងមួយទៀតឲ្យជីកដីធ្វើបន្ទាយ ៤ សិនបួនជ្រុងតែមិនទាន់ហើយទេ ទ្រង់ឲ្យឈ្មោះហៅបន្ទាយស្រឡប់ពិជ័យនគរធ្វើជិតនឹងរួចហើយពិគ្រោះទៅយល់ថាតូចទាបណាស់មិនសមជាក្រុងធំមិនល្មមនឹងពលប្រាំពីរប្រាំបីស្បែកនៅបានឡើយ ហើយទីនោះទឹកក៏ពុំសូវបរិបូណ៌ឃើញមានទីខាងត្បូងទីនោះមានចំងាយប្រមាណប្រាំមួយ ប្រាំពីរសិនមានដីទំនាបជ្រាបមានទឹកមានទួលល្អ ជំនុំព្រមទើបរើពិធីនោះទៅតាំងបន្ទាយនៅទីនោះបណ្ដោយ ២៥ សិន ទទឹង ១៥ សិន កំពស់ ១៥ ហត្ថជាបន្ទាយស្ដេចគង់។ ទ្រង់ឲ្យធ្វើបន្ទាយមួយទៀតនៅខាងលិចបន្ទាយស្ដេចគង់នោះចំងាយពីរសិន បន្ទាយសំរាប់ចំបាំង ទទឹងបួនសិន បណ្ដោយប្រាំមួយសិន បន្ទាយទាំងពីរនោះកំពស់ខាងលើបីព្យាម កំរាស់ជើងទេប្រាំមួយព្យាមកំពស់ម្ភៃហត្ថ ស្នាមភ្លោះអមបន្ទាយដែលស្ដេចគង់នោះទទឹងពីរសិនជុំវិញ។ ស្នាមភ្លោះបន្ទាយចំបាំងនោះ ទទឹងមួយសិន បីជ្រុងគិតតែជ្រុងខាងជើងត្បូង ឯក្នុងបន្ទាយស្ដេចគង់ទិសខាងលិច ទិសខាងកើតបន្ទាយចំបាំងនេះដាក់រោងដំរី រោងសេះ រោងព្រះរាជយានក្នុងបន្ទាយចំបាំងនោះមានរោងទាហាន ២២ ខ្នងព័ទ្ធជុំវិញក្នុងបន្ទាយដែលស្ដេចគង់នោះ មានកំពែងកែវបីព័ទ្ធជុំវិញ ហើយឲ្យសាងប្រាសាទពីរសាងព្រះចន្ទឆាយា ១ ដំណាក់ព្រះស្នំ ២២ ក្នុងព្រះរាជមន្ទីរធំនោះមានក្រឡាព្រះបន្ទុំធំមួយ ក្រឡាព្រះបន្ទុំតូច ៧ សំរាប់តែងព្រះអង្គទ្រង់គ្រឿងតាមថ្លៃទាំង ៧។ ប្រាសាទដំណាក់ទាំងប៉ុន្មានសឹងតែឲ្យលាបម្រ័ក្សណ៍ជាតិហិង្គលបិទមាសឆ្លុះរន្ទាលច្រាលឆ្អៅ។ ទ្រង់ឲ្យជីកស្រះស្រង់ សួនច្បារ ផ្កាស៊ុមខាងក្នុងសំរាប់ស្រង់ និងសំរាប់ព្រះស្នំក្រមការងូតទឹកខាងមុខកំពែងកែវនោះ។ ទ្រង់ឲ្យជីកស្រះធំមួយឲ្យចៅពញាវៀងជីកខាងត្បូង ចៅពញាវាំងជីកខាងជើង ចៅពញាស្រាលជីកខាងកើត ចៅពញាលំពាំងជីកខាងលិច ទំហំស្រះនោះមួយសិនប្រាំព្យាមបួនជ្រុង ហើយទ្រង់ត្រាស់បង្គាប់ចៅពញាស្រាលគឺទីក្រឡាហោមឲ្យចាប់ត្រីព្រួល រ៉ស់ ឆ្ដោរទៅលែងក្នុងស្រះខាងក្នុងខាងក្រៅតាមស្នាមភ្លោះបន្ទាយនោះ។ ស្រុកនោះសំបូណ៌ត្រីមិនឲ្យខ្ញុំរាជការអត់ឃ្លាន ហើយក្នុងព្រះរាជវាំងនោះ ទ្រង់ឲ្យធ្វើថែវជុំវិញ និងរោងផ្លូវដើរទៅមកមិនឲ្យត្រូវថ្ងៃត្រូវភ្លៀងទេ។ ខាងក្រៅបន្ទាយទាំងពីរនោះ ទ្រង់ត្រាស់ឲ្យធ្វើបន្ទាយទាំង ៨ ទិសសំរាប់ចំបាំង ហើយធ្វើឃ្លាំងតាំងទុកក្នុងបន្ទាយ ១៥ ខ្នងសំរាប់ដាក់ស្រូវអង្ករ ត្រីងៀត ត្រីឆ្អើរ និងភោជនាហារសំរាប់ចែកចាយសេនាទាហានរេហ៍ពលមិនឲ្យអត់ឃ្លាន។ សម្ដេចព្រះស្រីជេដ្ឋាអង្គនេះ ព្រះអង្គពុំមានអគ្គមហេសីទេ ព្រះអង្គមានព្រះនាងជាលែងជាកូនសម្ដេចចៅពញាហែងលើកឡើងជាស្នំឯក។ ទ្រង់សព្វព្រះទ័យនឹងព្រះស្នំឯកណាស់ ហើយតាំងប្អូនព្រះស្នំឯកជាស្នងធ្នឹមព្រះនគរ។ ឯបន្ទាយនោះមានទ្វារធំ ៤ ទ្វារតូចតាមជ្រុងបន្ទាយ ៤។ ទ្វារធំខាងកើតឲ្យឈ្មោះ ហៅថា ទ្វារចក្រឲ្យពញាឆ្លូករាជការនៅរក្សាជាទ្វារសំរាប់ស្ដេចឡើងគង់ព្រះបញ្ជាទតទិសនានា។ ទ្វារធំខាងត្បូងឲ្យឈ្មោះហៅថា ទ្វារស្នងទ្រង់ ស្ដេចឲ្យស្នងធ្នឹមព្រះនគរជាប្អូនថ្លៃនៅរក្សាត្រួតត្រា ហើយជាសំរាប់ស្ដេចចេញទតសេនាទាហានសមថ្វីដៃ។ ទ្វារធំខាងលិចឲ្យឈ្មោះហៅថា ទ្វាររោង ស្ដេចឲ្យពញារោងរាជភក្ដីនៅត្រួតត្រាសំរាប់ស្ដេចចេញទតដំរីសេះ ព្រះរាជយាន។ ទ្វារធំខាងជើងឲ្យឈ្មោះហៅថា ទ្វារត្រាច់ឲ្យពញាត្រាច់សារវន្ដនៅត្រួតត្រាសំរាប់ស្ដេចនាំព្រះស្នំក្រុមការចេញទៅប្រពាតព្រឹក្សាទាំងឡាយជាទីកំសាន្ដព្រះរាជហឫទ័យ។ ក្នុងកំពែងព្រះវិហារ ស្ដេចសាងវត្ដសាងប្រាសាទមួយ ហើយយកមាសខ្មៅសាងព្រះពុទ្ធរូបមួយព្រះអង្គមានព្រះភ្នែន ១២ ធ្នាប់ កំពស់ ២០ ធ្នាប់ តំកល់ក្នុងប្រាសាទនោះ។ ទ្រង់តាំងនាមហៅព្រះអង្គខ្មៅ ទ្រង់តាំងនាមចៅអធិការវត្ដនោះថា ព្រះអរិយញាណសាគរអាប៉ោរួចប្រគេនរេហ៍ពល ៥០០ នាក់ជាសំរាប់វត្ដ។ ទ្រង់តាំងនាមវត្ដនោះហៅថា វត្ដប្រាសាទ ខ្លះហៅថាវត្ដខ្មៅ។ ឯអ្នកព្រះម្នាងជាលែងនោះសាងវត្ដអារាមមួយខាងជើងបន្ទាយពិជ័យព្រៃនគរ។ លុះសាងរួចហើយ នាងឲ្យជញ្ជូនសព្វទ្រព្យទាំងពួងទៅគរថ្វាយព្រះរតនត្រ័យនៅទីនោះបានជាប់ឈ្មោះមកហៅវត្ដគរសព្វថ្ងៃនេះ។ ឯក្រុងពិជ័យព្រៃនគរនោះទ្រង់ឲ្យសាងថ្នល់មួយតំរង់ទៅខេត្ដរោងដំរីដើម្បីជាសំរាប់ព្រះអង្គយាងទៅក្រសាលសមុទ្រថ្នល់មួយទៅវត្ដព្រះធាតុដើម្បីជាសំរាប់ស្ដេចព្រះរាជដំណើរថ្វាយបង្គំគោរពព្រះបរមធាតុព្រះអរហន្ដថេរ។ ក្នុងថ្ងៃមួយនោះ សម្ដេចព្រះស្រីជេដ្ឋា ព្រះហត្ថាម្ខាងកៅទណ្ឌ ព្រះហត្ថាម្ខាងទ្រង់នូវធ្នូ ២៥ ស្ដេចនាំអ្នកព្រះម្នាងជាលែង និងព្រះស្នំក្រមការយាងព្រះបាទាតាមផ្លូវថ្នល់ទៅថ្វាយបង្គំព្រះអរហន្ដធាតុនៅវត្ដព្រះធាតុតាមសព្វដង។ ព្រះរាជកិច្ចនោះដឹងដល់ឧកញ៉ាយមរាជសួសជាមេទ័ពហ្លួងខាងលិច ទើបមេទ័ពនេះក៏ចាត់កងទ័ពកាំភ្លើងតូច ១០០ នាក់ឲ្យទៅបង្កប់ចាំក្នុងព្រៃដើម្បីលបលុកព្រះស្ដេចកន។ លុះព្រះស្រីជេដ្ឋាទៅដល់ទាហានកាំភ្លើងដែលឧកញ៉ាយមរាជសួសចាត់ទៅនោះក៏បាញ់ត្រូវដាច់ព្រះពស្ដ្រសម្ដេចព្រះស្រីជេដ្ឋា ៥ គ្រាប់។ សម្ដេចព្រះស្រីជេដ្ឋាទ្រង់ព្រះពិរោធណាស់ ទ្រង់ទាញកៅទណ្ឌបាញ់ទៅវិញបាញ់ម្ដងចេញទៅ ៥ ព្រួញបាញ់ ៥ ដងត្រូវជា ២៥ ព្រួញបណ្ដាលឲ្យស្លាប់ពលឧកញ៉ាយមរាជសួស ២៥ នាក់ ទ័ពសល់ពីនោះមិនហ៊ានតទៅទៀត ក៏បែករត់ទៅប្ដឹងឧកញ៉ាសួសវិញតាមដំណើរគ្រប់ប្រការ។ ខណៈនោះសម្ដេចព្រះស្រីជេដ្ឋាក៏នាំព្រះស្នំក្រមការត្រឡប់ទៅបន្ទាយពិជ័យព្រៃនគរវិញ ហើយទ្រង់ឲ្យតែងព្រះរាជសារ ហើយចាត់ឧកញ៉ាមហាមន្ដ្រីទេពឲ្យអញ្ជើញព្រះរាជសារនោះទៅថ្វាយព្រះបរមខត្តិយាមហាចន្ទរាជាសូមទ្រង់ជ្រាប។ រាជទូតក៏ក្រាបថ្វាយបង្គំលាអញ្ជើញព្រះរាជសារទៅដល់សេនាបតី សេនាបតីនាំចូលទៅថ្វាយព្រះបរមបពិត្រ។ ព្រះបរមបពិត្រស្ដេចទ្រង់អាល័ក្សថ្លែងសេចក្ដីតាមព្រះរាជសារថា យើងជាម្ចាស់ផែនដីទិសខាងកើតមានព្រះរាជសារសុំឲ្យបញ្ឈប់សង្គ្រាមដើម្បីរាស្ដ្រធ្វើស្រែ ម្ចាស់ផែនដីខាងលិចក៏ព្រមហើយ។ ឥឡូវនេះហេតុអ្វីម្ចាស់ផែនដីទិសខាងលិចដែលធ្វើជាព្រះមហាក្សត្រធំ ហើយស្ដេចមកស្រដីគ្មានពាក្យសត្យសោះគឺថាឲ្យពលទាហានទៅលបបាញ់យើង ធ្វើដូចទ័ពចោរប្លន់ដូច្នេះ? ព្រះបាទព្រះបរមបពិត្រខត្តិយាមហាចន្ទរាជា ទ្រង់ពិរោធនឹងកងទ័ពដែលទៅលួចបាញ់នោះពន់ប្រមាណ។ ទ្រង់ត្រាស់ឲ្យសួររកមុខទៅឃើញថា ឧកញ៉ាយមរាជសួសឲ្យកងទ័ពទៅលបបាញ់ ទើបសេនាទាហានក្រុមរក្សាព្រះអង្គចាប់យកឧកញ៉ាយមរាជសួសទៅសំលាប់ភ្លាម។ ឧកញ៉ាយមរាជស្លាប់ ហើយគ្មាននរណាហ៊ានកប់សោះលុះខ្មោចយមរាជហើមស្អុយ ទ្រង់ជ្រាបហើយក៏ត្រាស់បង្គាប់ប្រោសអនុញ្ញាតឲ្យញាតិសន្ដានយកខ្មោចនោះទៅធ្វើបុណ្យរួចត្រាស់បង្គាប់ឲ្យបញ្ជូនកងទ័ពដែលនៅសេសសល់ ៧៥ នាក់នោះជាពលរក្សាផ្នូរខ្មោចឧកញ៉ាយមរាជ ហេតុនេះហើយបានជាជាប់មានពលសំរាប់ងារយមរាជនោះរៀងមក។ ឯទីដែលឧកញ៉ាយមរាជស្លាប់ហើមនោះ អ្នកស្រុកហៅថា ភូមិយមរាជហើម តែយូរៗមកក៏ហៅភូមិហើមរៀងមកទល់សព្វថ្ងៃនេះ។ ឯព្រះបាទសម្ដេចព្រះបរមខត្តិយាមហាចន្ទរាជា គ្រាដែលឈប់សង្គ្រាមនោះ ព្រះអង្គតាំងបន្ទាយនៅភូមិក្ដុល មានរេហ៍ពលសំរាប់ការពារបន្ទាយ ១០០០០ នាក់ហើយព្រះអង្គទុកតែសម្ដេចព្រះភគិនេយ្យាយសរាជា កែវនាយក និងសេនាទាហាន ៤០០០ នាក់ឲ្យនៅរក្សាបន្ទាយ។ ឯព្រះអង្គ និងរេហ៍ពល ៦០០០ នាក់យាងត្រឡប់ទៅខេត្តពោធិ៍សាត់វិញ ហើយព្រះអង្គឲ្យឈ្មោះបន្ទាយដែលព្រះអង្គគង់នោះហៅថា បន្ទាយជ័យ វិញ។ ភៀសព្រះកាយអស់ពីនោះមក ពញាចន្ទ មេស្មឹងទទួលព្រះបន្ទូលពិសេសហើយក៏ឲ្យធ្វើរោងរាជវ័តិ និងឆត្រ គ្រឿងសក្ការៈបូជា ស្លៀកសស្រេចហើយ ក៏ចូលទៅក្នុងរោងរាជពិធីឧទ្ទិសដល់ខ្មោចពញាមឿងថាសុំឲ្យពញាជួយឲ្យបានសំរេចដូចជួយការណ៍ក្នុងខេត្ត ពោធិ៍សាត់។ ក្នុងគ្រានោះបិសាចពញាមឿងចូលសណ្ឋិតនឹងមេស្មឹង ហើយប្រាប់កូនទាំងពីរថាឲ្យយកចំបើងចងជារូបមនុស្សឲ្យកាន់ប្រឆេះឲ្យពួកពលចេះតែតាំងហ៊ោបាញ់កាំភ្លើងពីចំងាយទៅសុំយើងកេណ្ឌទ័ពបិសាចទៅជួយឲ្យសំរេច។ វេលានោះកូនពញាមឿងទាំងពីរនាក់ លុះដល់ពេលយប់ហើយឲ្យរេហ៍ពលយកចំបើងចងជារូបមនុស្សរួចចងប្រឆេះនៅរូបចំបើងនោះយកទៅដាក់នៅក្បាលត្រោកជុំវិញបន្ទាយព្រះស្ដេចកន។ ឯបិសាចពញាមឿងក៏កេណ្ឌឲ្យតាំងហ៊ោបីដូចគេប្លន់យកបន្ទាយ។ ទ័ពស្ដេចកនឮហើយ ក៏តាំងតែបាញ់កាំភ្លើង ធ្នូ ស្នាចោលដុំថ្មពីក្នុងបន្ទាយមកជាច្រើនរាត្រី។ សម្ដេចចៅហ៊្វាកៅធ្វើតែដូច្នោះ ១៥ រាត្រី។ កងទ័ពក្នុងបន្ទាយបាញ់អស់ព្រួញ ធ្នូ ស្នានឹងជិតអស់ទាំងគ្រាប់រំសេវលុះដល់យប់គំរប់ ១៥ នោះស្រាប់តែឮតាំងហ៊ោទូងស្គរក្រោមដី និងលើអាកាសដូចរន្ទះ កក្រើកទាំងព្រះធរណី ធូលីក៏បក់បោកចូលភ្នែក។ អស់សេនាទាហានទ្រាំពុំបានក៏បើកទ្វារបន្ទាយខាងកើត ហើយរត់ទៅទិសអាគ្នេយ៍ប៉ងទៅខេត្តរោងដំរីដើម្បីទៅពឹងប្រទេសចាមឲ្យជួយ។ កងទ័ពបិសាចបណ្ដាលអាត្មាឲ្យឃើញកងទ័ពឈរតាំងហ៊ោតាមផ្លូវថ្នល់ដល់ទៅខេត្តរោងដំរីនោះ។ ឯព្រះស្ដេចកន សម្ដេចចៅហ៊្វាកៅ ចក្រី និងស្នងធ្នឹមព្រះនគរជាលន់នាំអ្នកម្នាងជាលែងរត់ចេញតាមទ្វារប៉មទិសឦសានដើម្បីទៅទិសខាងជើងកាត់ស្រុកលាវ។ លុះទៅដល់ព្រៃមួយអន្លើឲ្យបោះទ័ពបង្អង់នៅទីនោះ យូរទៅជាប់ឈ្មោះបង្អង់យារៗមក ហៅហូរជើងវាំង។ ទីនោះជាព្រៃគគីរមានដើមគគីរជាច្រើន ព្រះស្ដេចកនឃើញដើមគគីរមួយធំក្រៃលែងឲ្យបាំងស្រមោលវាស់លមើលឃើញ ២៤ ព្យាម សំណុំ ៩ ព្យាម ទើបព្រះស្ដេចកនប្រឹក្សានឹងអស់មន្ដ្រីនាយកងទ័ពថា ចៅពញាចន្ទរាជាមានទូកសារាយអណ្ដែតវែងតែ ១៨ ព្យាម ទើបព្រះស្ដេចកននឹងអស់មន្ដ្រីនាយកងទ័ពថា ចៅពញាចន្ទរាជាមានទូកសារាយអណ្ដែតវែងតែ ១៨ ព្យាម។ ដូច្នោះគួរយើងឲ្យកាប់ដើមគគីរធ្វើទូកឲ្យបានជាស្រេច ហើយនឹងឲ្យរាជសារទៅបបួលចៅពញាចន្ទរាជាអុំភ្នាល់ដាក់ព្រះនគរ។ បើមិនភ្នាល់ យើងនឹងឲ្យរេហ៍ពលតាំងហ៊ោចំអកចំអន់ឲ្យឈឺចិត្ដ។ បើហ៊ានអុំភ្នាល់ទូកយើងវែងជាងដល់ទៅ ៧ ព្យាមនោះគង់មានជ័យជំនះដោយងាយបាន។ គិតព្រមព្រៀងគ្នាហើយ ស្ដេចកនក៏ឲ្យរេហ៍ពលកាប់ដើមគគីរនោះចាំងលុងបានជាទូក-ងមួយវែង ២៥ ព្យាម ទទឹង ១២ ហត្ថទើបឲ្យឈ្មោះព្រៃគគីរនោះហៅថា ព្រៃគគីររៀងមក។ ឯទូកដែលកាប់បាននោះសិតពុំទាន់រួច ហើយស្ដេចកនឲ្យអូសយកទៅធ្វើនៅឯបន្ទាយសង់រោង និងសិតទូកនោះ ហើយឲ្យសាងព្រះចេតិយមួយគិតនឹងយកបន្ទាយសាងថ្មីនេះជាមហានគរ។ កំពុងតែសាងព្រះចេតិយធ្វើបន្ទាយនឹងសិតទូកនោះ កងទ័ពបិសាចក៏តាមទៅសំដែងឫទ្ធិតាំងហ៊ោឮសូរសព្ទដូចជាស្គររន្ទះទាំងផែនប្រឹថពី។ ស្ដេចកន ចៅហ៊្វាកៅ និងអស់នាយកងទ័ពមើលមិនឃើញច្បាំងពុំកើត ឃើញប្លែកអស្ចារ្យណាស់ទ្រាំពុំបានក៏នាំគ្នារត់ពីទីនោះទៅទៀត។ ស្ដេចកន សម្ដេចកៅ សម្ដេចចៅពញាហែងរត់បែកគ្នាទៅចុងម្ខាង ឯអ្នកម្នាងជាលែង និងចក្រីនីរត់បែកផ្លូវទៅទិសខាងត្បូងទៅដល់ភូមិគោកស្រុក ហើយទីដែលបែកផ្លូវនោះជាប់ហៅភូមិនាងឃ្វាងផ្លូវយារៗមកហៅថាភូមិស៊ាងឃ្វាង។ ក្រោយមកអ្នកម្នាងជាលែងរត់ទៅទៀតចូលព្រៃលេចវាលគិតថា ក្រែងស្ដេចកនតាមរកខ្លួនពុំឃើញក៏កាត់សក់ចងនឹងមែកឈើនោះប្រាថ្នាឲ្យស្ដេចកនឃើញហើយតាមរកបានជាជាប់ហៅវាលចងសក់ដល់សព្វថ្ងៃនេះ។ តមកទៀតនាងដើរហួសទៅទៀតត្រូវថ្ងៃក្ដៅណាស់ ខណៈនោះមានសត្វខ្លែងមួយហ្វូងចំកាងស្លាប ហើរបាំងពីលើមិនឲ្យក្ដៅ លុះមានគេទៅនៅភូមិនោះក៏ជាប់ឈ្មោះហៅថា ភូមិបង្ហើរខ្លែង។ នាងដើរហួសទៅទៀត ឃើញត្រពាំងមួយទឹកថ្លាល្អ នាងក៏ចូលទៅកក់ក្បាលនៅទីនោះ លុះមានគេទៅនៅភូមិបានជាប់ឈ្មោះហៅថា ភូមិស្រែកក់រៀងមក។ នាងដើរទៅទៀតមានអូរមួយនឹងដើរឆ្លងមិនរួចនាងបន់ដល់អ្នកតាបង់បត់សុំឲ្យមានទូកឆ្លង ពេលនោះអ្នកតាបង់បត់តំណែងជាក្រពើមួយឲ្យនាងដើរជាន់ឆ្លងទៅក្រពើនោះប្រែក្លាយទៅជាក្រពើថ្មរហូតដល់សព្វថ្ងៃនេះ គេហៅថាភូមិភាគក្រពើរៀងមក។ នាងដើរហួសទៅទៀតរោយជើងដើរពុំរួចអស់កងទ័ពសុំពរនាងនៅទួលនោះ សព្វថ្ងៃនេះជាប់ហៅថា ទួលសុំពរ។ លុះដើរទៅទៀតនាងសួសជាមាតានាងជាលែង រោយជើងដើរមិនរួច ចៅពញាចក្រីនីឲ្យយកសំពត់ធ្វើអង្រឹង ហើយយកដងផ្គាក់ធ្វើស្នែង សព្វថ្ងៃនេះជាប់ឈ្មោះហៅថា ព្រែកដងផ្គាក់។ តពីនេះទៅទៀតដល់វាលមួយអន្លើ ធ្លាក់ខ្នើយនាងសួសពីអង្រឹងបានជាជាប់ឈ្មោះហៅថា វាលជ្រុះខ្នើយ។ លុះទៅដល់អូរមួយអន្លើ ចោលស្នែងដែលសែងនាងសួសនោះទៅក្នុងអូរនោះសព្វថ្ងៃគេហៅថា អូរចោលស្នែង។ ក្នុងស្រុកត្បូងឃ្មុំនោះមានអុងម៉ុងពីរ (ដូចដែលយើងបានពណ៌នារួចមកហើយក្នុងដើមនេះ) អ្នកស្រុកសន្មតហៅថា អុងម៉ុងព្រះមហោសថ។ អុងម៉ុងតូចនោះមានទំហំ ៧ ហត្ថបួនជ្រុង អុងម៉ុងធំនោះ មានទំហំ ១៣ ហត្ថបួនជ្រុង។ ទឹកដែលហូរលើអុងម៉ុងនោះធ្លាក់ទៅលើព្រែកឆ្លូងឆ្ពោះត្រង់ទៅស្រុកយួន។ លុះពេលសែងនាងទៅដល់អុងម៉ុងនោះសំរាកមួយសន្ទុះ នាងទៅពួនក្នុងហោងតូច សព្វថ្ងៃនេះគេហៅ អុងម៉ុងតូចនោះថា ហោងពលសែង។ លុះឃើញថាស្ងប់ស្ងាត់គ្មានកងទ័ពលើកតាមទេ នាងនាំបក្សពួកទៅដល់ហោងអុងម៉ុងធំនោះ នាងសួសទាំងកូន និងម្ដាយចូលទៅពួនក្នុងអុងម៉ុងនោះ សព្វថ្ងៃគេហៅថា ហោងពួន។ ពួកនេះហួសទៅខាងកើតបានជួបជុំព្រះស្ដេចកន សម្ដេចកៅ។ ស្ដេចកនជំនុំគ្នានឹងធ្វើបន្ទាយទៀត តែធ្វើមិនកើត លុះមានគេទៅនៅភូមិនោះជាប់ឈ្មោះថាភូមិស្រែបន្ទាយ។ រត់ពីនោះទៅទៀតដល់វាលមួយវែងបណ្ដោយទៅខាងកើត ក្រោយមកមានគេទៅនៅស្រែ សព្វថ្ងៃនេះជាប់ហៅឈ្មោះភូមិស្រែវែង។ រត់ទៅទៀតច្រឡំផ្លូវលោជាគេចទៅឦសានព្រៃដែលមក។ ក្រោយមកមានគេទៅនៅសព្វថ្ងៃនេះហៅថា ភូមិរលារៀងមក។ បក្សពួកស្ដេចកននាំគ្នារត់ទៅទិសខាងកើតទៀតជួបនឹងស្វាសមួយ ស្វានោះ ក៏បេះផល្លានុផលទំលាក់មកឲ្យក្រោយមកគេទៅរានភូមិនៅសព្វថ្ងៃនេះជាប់ជាភូមិស្វាស។ រត់ទៅឯកើតទៅទៀត ដល់ចំការពោតមួយអន្លើ ម្ចាស់ចំការឈ្មោះថៅកែ យកពោតមកថ្វាយស្ដេចកន ហើយស្ដេចកនឲ្យពរថាឲ្យរកស៊ីកើតកាលវាលគុម្ព។ លុះក្រោយមកមានគេទៅនៅគេហៅថា ភូមិជីកែ រៀងមក។ រត់ទៅទិសខាងកើតស្ដេចនឹងនាងអស់កំលាំងណាស់ អស់ពួកពលឃើញថ្មមួយដុំចាំងធ្វើជាគ្រែ បណ្ដោយ ៦ ហត្ថ កំពស់ ១ ហត្ថ ទទឹង ៣ ហត្ថថ្វាយស្ដេចផ្ទុំលុះក្រោយមកមានគេទៅរាន ភូមិនៅគេហៅ ភូមិថ្មគ្រែ។ ឯសម្ដេចចៅពញាហែង នាងជាលែង ចៅពញាស្រាល ចៅពញាលំពាំងនោះនៅជាមួយនឹងព្រះស្ដេចកនធ្វើបន្ទាយរាយល្បាតយាមក្នុងព្រៃនោះ តែជិតកើតជាបន្ទាយកាលណាក៏ចេះតែឮសូរដូចជាកងទ័ពគេលើកទៅចោម។ ដូច្នោះហើយស្ដេចកនក៏នាំគ្នាជិះដំរីទៅជ្រកក្នុងព្រៃមួយក្រោយមកមានគេទៅនៅគេហៅ ភូមិដំរីជ្រាប។ រត់ពីនោះទៅទៀតស្ដេចកនជួបមេមត់ម្នាក់ល្បីថាឆុតណាស់ ស្ដេចកនឲ្យបញ្ជាន់សួរពីសុខឬមិនសុខ។ មេមត់នោះឆ្លើយថា ពុំសុខទេ បើចង់សុខឲ្យទៅសុំទោសហ្លួងខាងលិច ក្រោយមកនោះមានគេទៅនៅទីនោះក៏ជាប់ហៅថា ភូមិមេមត់ រៀងមក។ រត់ពីនោះទៅទៀតដល់ព្រៃមួយអន្លើ ពួកយាមគ្មានឫស្សីធ្វើត្រដោក តែឃើញផ្ទាំងថ្មមួយមានរូងពួកយាមក៏វាយថ្មនោះខ្ទ័រដូចស្គរដូច ត្រដោក។ ក្រោយមកមានគេហៅឈ្មោះភូមិនោះថា ភូមិត្រដោក។ រត់ទៅទៀតស្ដេចកនឃើញទន្លេចាមមានទឹកហូរចុះទៅស្រុកព្រៃ ក៏ឈប់ទ័ពនៅទីនោះ។ មានកំពង់ចុះងូតដងទឹកនោះដោយខ្លួនមានឈ្មោះកំពង់នាងជាលែង កំពង់ហ្លួង កំពង់សម្ដេចចៅពញាហែងរៀងមក។ លុះនៅទីនោះយូរទៅសម្ដេចចៅពញាហែង ជំទាវសួសក៏មានជំងឺហើយអនិច្ចកម្មទៅ នៅតែមន្ដ្រីសេនាទាហានជាន់តូចៗ និងរេហ៍ពលប្រាំ ឬប្រាំមួយរយនាក់ ទើបព្រះស្រីជេដ្ឋាជំនុំនឹងរេហ៍ពលទាំងឡាយថា យើងរត់មកនោះឆ្ងាយណាស់ ស្បៀងអាហារក៏តិចណាស់ កេណ្ឌរេហ៍ពលថែមទៀតក៏ពុំបាន។ យើងយល់ថា ព្រះចន្ទរាជាទៅខេត្តពោធិ៍សាត់ទៅហើយ នៅតែពញាយសរាជានោះជាក្មួយអញបង្កើត ដូច្នោះបើទុកជាម្ដេចម្ដា ក៏ចៅពញាយសរាជាមិនយកទោសអញទេ ទ្រង់ឲ្យអញធ្វើជាសម្ដេចជាសម្ដេចចៅហ៊្វាដែរ ហើយពួកឯងរាល់គ្នាគង់បានសេចក្ដីសុខដែរ។ ការណ៍ដែលឯងមានគុណគាប់នឹងអញ អញនិងទំនុកបំរុងបានដោយងាយ។ អញយល់ថា យើងចាក់ចោលគ្រាប់រំសេវឲ្យអស់ ហើយសុំចុះចូលវិញឃើញថាបានសេចក្ដីសុខប្រសើរជាង។ អស់ពលក៏យល់ព្រមតាម សព្វថ្ងៃទីនោះហៅថា ភូមិជំនុំ រៀងមក។ ព.ស ២០៦៩, គ.ស ១៥២៥, ម.ស ១៤៤៧, ច.ស ៨៨៧ ឆ្នាំរកា សប្ដស័ក សម្ដេចព្រះស្រីជេដ្ឋាគឺព្រះស្ដេចកនបានចាក់ចោលគ្រាប់រំសេវ ហើយក៏នាំរេហ៍ពលមកដល់វត្ដគរដែលព្រះនាងជាលែងសាងនោះ។ នៅទីនោះស្ដេចកនឲ្យរេហ៍ពលជីកស្រះមួយនៅផ្នែកកើតព្រះវិហារទុកជាទីសំរាប់វត្ដ។ ក្រោយមកស្ដេចកននាំរេហ៍ពលទៅទិសខាងជើងដល់វត្ដមួយដែលសម្ដេចចៅពញាហែង បិតាព្រះម្នាងជាលែងសាងនោះឲ្យឈ្មោះជាប់នឹងវត្ដដែលសាងនោះហៅថា វត្ដគរការទួលតាហែងតាមនាមសម្ដេចហែង។ រួចចេញទៅខាងលិចភូមិព្រះអង្គឲ្យជីកស្រះមួយបណ្ដោយប្រវែង ៥០ ព្យាម ទទឹង ២៥ ព្យាម ហើយសាងវត្ដមួយសាងព្រះពុទ្ធរូប និងដើមរកា ៥ ព្រះអង្គបានដាក់ឈ្មោះហៅថា វត្ដភូមិរកាព្រះប្រាំរៀងមក។ សោយទិវង្គតឯពញាមន្ដ្រីអរជូនកែ មេគយទទួលដំណឹងនេះហើយ ក៏កេណ្ឌពលចោមចាប់បាននាងជាលែង និងស្ដេចកន។ ស្ដេចកនស្រែករោទិ៍ជាខ្លាំងហើយថា «អញមិនគួរជាឲ្យគេចាប់បានសោះ»។ ឯពញាមន្ដ្រីអរជូនកែជាមេគយ កាលចាប់ដាក់ក្ដីស្ដេចកន និងនាងជាលែងបានហើយគិតថា បើអញនាំទៅទាំងរស់សម្ដេចព្រះភគិនេយ្យោយសរាជានោះ ត្រូវជាក្មួយស្ដេចកនផង កាលណានឹងហ៊ានសំលាប់ស្ដេចកនត្រូវជាឪពុកមា។ បើអញពុំហ៊ានសំលាប់ ហើយតែកាលណាស្ដេចលែងខ្លួនវា ចិញ្ចឹមវាឲ្យធំមុខជាយើងនឹងស្លាប់ទាំងអស់គ្នាវិញពុំខាន។ លុះគិតយល់ព្រមគ្នាវិញហើយអរជូនកែ ក៏កាត់យកក្បាលស្ដេចកន និងនាងលែងដាក់ជាល ព្រមទាំងឲ្យប្រហារជីវិតទាំងអស់ស្ម័គ្របក្រពួក ២៥ នាក់ទៀត។ ឯព្រៃដែលគេចោមចាប់ស្ដេចកននោះ សព្វថ្ងៃគេហៅថា ព្រៃចំណោម ហើយត្រង់កន្លែងដែលស្ដេចកនស្រែករោទិ៍នោះ សព្វថ្ងៃគេហៅថាព្រៃទំរនរោទិ៍យារៗមកគេហៅថា ព្រៃរោទិ៍។ ត្រង់កន្លែងដែលថា មិនគួរចាប់បាននោះ គេហៅថា ព្រៃមិនគួរ យារៗមកគេហៅថា ព្រៃជើងគួរ។ ឯសម្ដេចព្រះភគិនេយ្យោយសរាជាជា កែវនាយក ព្រះអង្គមានកងទ័ព ៤០០០ នាក់ឯខាងស្ដេចកនមានកងទ័ពដល់ទៅ ៧ ស្បែក គឺ ១៤០០០០ នាក់។ ស្ដេចនឹងលើកវាយបន្ទាយនោះ ពលតិចក្រែងថ្លស់ការណ៍ ដ្បិតបន្ទាយនោះធំណាស់ ហើយខ្ពស់ផង ទាំងរេហ៍ពលក៏ច្រើនណាស់ទៀត។ ព្រះអង្គឲ្យរេហ៍ពលជញ្ជូនតែរូបចំបើង និងប្រឆេះទៅអុជតាំងហ៊ោនៅក្បាលត្រោករាល់ៗយប់។ ទាហានក្នុងបន្ទាយពិជ័យព្រៃនគរ ក៏បាញ់កាំភ្លើង ធ្នូ ស្នាតគ្នាយូរមកទៀត ស្រាប់តែបាត់ពុំឃើញមានឮសូរកាំភ្លើងបាញ់ចេញពីក្នុងបន្ទាយទាំងចៅពញាតេជោ ពញាសួគ៌ាលោកក៏នាំក្បាលចៅហ៊្វាកៅ និងចក្រីនី ហើយនិងក្បាលចៅពញាវៀង ចៅពញាវាំង មកថ្វាយចំណែកឧកញ៉ាចក្រីទេព កូនពញាមឿងក៏ក្រាបទូលថាក្នុងដប់យប់នោះ ពុំមានទ័ពខ្មាំងបាញ់តមកពីក្នុងបន្ទាយទេគឺឃើញតែមនុស្សរត់ចេញពីក្នុងបន្ទាយទាំងយប់ទាំងថ្ងៃពុំដែលដាច់។ ខណៈនោះ សម្ដេចចៅពញាយសរាជាភគិនេយ្យោជាកែវនាយកទ្រង់ជ្រាបហើយមានព្រះបន្ទូលប្រឹក្សានឹងនាយកងទ័ពថា អ្នករាល់គ្នាចំពោះការនេះយល់ដូចម្ដេចខ្លះ? មេកងខ្លះទូលថា ការណ៍នេះគឺថា ព្រះស្ដេចកនធ្វើឧបាយកលឲ្យយើងទៅឲ្យស៊ុនខ្លួនដើម្បីគេចោមព័ទ្ធយើង។ ខ្លះថា ព្រះស្ដេចកនវាឃើញកងទ័ពយើងតិចបានជាវាបន្ថយកងទ័ពខ្លះចេញ។ ក្នុងវេលាកំពុងជំនុំគ្នានោះ បណ្ដាលឲ្យព្រះទ័យនៃព្រះអរិយបញ្ញាសាគរអាប៉ៅ ចៅអធិការដែលរក្សាវត្ដប្រាសាទក្នុងឲ្យយល់ថា អាត្មាអញនឹងនៅបង្អង់ពុំថ្វាយព័ត៌មានទៅហ្លួងខាងលិចទេ តែហ្លួងខាងលិចចូលនគរបាន ហ្លួងនឹងយកទោសដល់អាត្មាអញជាពុំខាន។ គិតយល់ដូច្នោះហើយ ព្រះអង្គឡើងគង់លើគ្រែឲ្យរេហ៍ពលសែងបាំងសម្បទានមានពលហែមុខក្រោយ ៥០០ នាក់ និងភិក្ខុសាមណេរ ១៦០ អង្គហែសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោចេញពីបន្ទាយពិជ័យព្រៃនគរតំរង់ទៅបន្ទាយក្ដុល។ លុះទៅដល់ហើយលោកឲ្យភិក្ខុជាសិស្សានុសិស្សទៅប្ដឹងសេនាបតីក្រាបបង្គំទូលសម្ដេចយសរាជាជាកែវនាយក។ ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឲ្យនិមន្ដលោកចូលទៅក្នុងព្រះពន្លា ទើបសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោថ្វាយព្រះពរថាស្ដេចកនបែកបន្ទាយរត់ចោលបន្ទាយទៅ ៣ ខែហើយដោយភ័យនឹងសូរសព្ទសន្ធឹកខាងក្រោមដី លើអាកាសដាស់ព្រះធរណី ដូចជារន្ទះជាអចិន្ដ្រៃយ៍។ ហេតុនេះអាត្មាភាពមកថ្វាយព្រះពរសូមទ្រង់ជ្រាប។ សម្ដេចព្រះយសរាជាជាកែវនាយក ទ្រង់ព្រះអំណរណាស់ ហើយទ្រង់ត្រាស់ថា ឧកញ៉ាចក្រី ចៅពញាសួគ៌ាលោក ក្រាបទូលនេះ ឃើញថាពិតណាស់។ ត្រាស់តែម្ល៉ោះហើយ ព្រះអង្គក៏លើកយោធាចូលទៅប្រថាប់ក្នុងបន្ទាយពិជ័យព្រៃនគរ ទ្រង់ទតប្រាសាទព្រះរាជវាំងសួនច្បារ ផ្កា ដំណាំ ព្រះដំណាក់ ឃ្លាំង និងរោងដំរី សេះទាំងប៉ុន្មានទ្រង់ស្ញើចទន់ព្រះហឫទ័យទ្រង់ត្រាស់សរសើរថា ព្រះស្ដេចកននេះមានបុណ្យអស្ចារ្យណាស់ ហើយត្រាស់ឲ្យរឹបរើយករបស់ទ្រព្យទាំងនោះចាត់បំរើឲ្យនាំទៅក្រាបទូលថ្វាយព្រះបរមរាជបិតុលាឯបន្ទាយខេត្តពោធិ៍សាត់ ហើយសម្ដេចព្រះយសរាជាជាកែវនាយក ទ្រង់ប្រោសឲ្យសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោឲ្យរួចទោសឲ្យគង់ទីគ្រងពលសំរាប់វត្ដដូចដើម។ ទ្រង់ចាត់នាយកកងទ័ពឲ្យលើកតាមចាប់ព្រះស្ដេចកនឲ្យបាន ហើយត្រាស់ឲ្យដាក់គយល្បាតស្ទាក់រកចាប់គ្រប់អន្លើ។ ឯពញាមន្ដ្រីអរជូន លុះធ្វើគុតស្ដេចកន និងនាងជាលែង ព្រមទាំងសេនាទាហាន ២៥ នាក់រួចហើយ ក៏ឲ្យធ្វើជាលដាក់ក្បាលទាំងអស់នាំយកទៅថ្វាយសម្ដេចព្រះភគិនេយ្យោ កែវនាយកក្នុងបន្ទាយពិជ័យព្រៃនគរ។ ឯសម្ដេចព្រះយសរាជា ជាកែវនាយកព្រះអង្គស្គាល់ហើយ ឲ្យយកក្បាលស្ដេចកន និងម្នាងជាលែងធ្វើបុណ្យបូជាព្រះភ្លើងសាងព្រះចេតិយដាក់ក្នុងវត្ដប្រាសាទដោយហេតុជាប់សាច់សាលោហិតខាងព្រះអង្គ ហើយទ្រង់ប្រោសលើកទោសអស់អាណាប្រជានុរាស្ដ្រដែលចូលក្បត់ជាមួយនឹងស្ដេចកនទាំងប៉ុន្មានៗនោះឲ្យរួចទោសទៅរកស៊ីដូចប្រក្រតី។ បណ្ដារាស្ដ្រផងទាំងពួងក៏មានចិត្ដត្រេកអរសោមនស្សនាំគោ ក្របី ដំរី សេះរបស់ខ្លួនយកមកក្រាបទូលថ្វាយដោយស្រលាញ់ព្រះរាជហឫទ័យបុណ្យបារមីជាអនេក។ ឯពញាមន្ដ្រីអរជូនកែដែលមានគុណបំណាច់កាត់ក្បាលស្ដេចកននាងជាលែងនោះ ទ្រង់តាំងចៅហ្វាយស្រុកខេត្ដត្បូងឃ្មុំថែមជាថ្មីទៀតជាចៅពញាអរជូនចាប់បាន៕ |
Portal di Ensiklopedia Dunia