ហ្វ្រង់កូនិយមអេស្ប៉ាញ
ហ្វ្រង់កូនិយមអេស្ប៉ាញ (ភាសាអេស្ប៉ាញ៖ España franquista) ឬអាចហៅបានថា របបផ្ដាច់ការហ្វ្រង់កូ (dictadura franquista) គឺជាសម័យកាលមួយក្នុងប្រវត្តិសាស្ត្រអេស្ប៉ាញដែលប្រទេសមួយនេះត្រូវស្ថិតនៅក្រោមការដឹកនាំរបស់លោកហ្វ្រាន់ស៊ីស្កូ ហ្វ្រង់កូ ចាប់ផ្តើមពីឆ្នាំ១៩៣៩ និងបញ្ចប់ទៅវិញនៅឆ្នាំ១៩៧៥។ ក្រោយពីមរណភាពរបស់លោកនៅឆ្នាំ១៩៧៥ ប្រទេសអេស្ប៉ាញបានផ្លាស់ប្តូរទៅប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស។ ក្នុងរយៈកាលនេះ អេស្ប៉ាញក៏ត្រូវបានគេស្គាល់ជាផ្លូវការដែរថា រដ្ឋអេស្ប៉ាញ (Estado Español)។ នៅក្នុងមួយអត្ថិភាពរបស់វា របបនេះបានឆ្លងកាត់វិវត្ត និងផ្លាស់ប្តូរជាច្រើនលើកច្រើនសារ។ ប៉ុន្មានខែបន្ទាប់ពីសង្គ្រាមស៊ីវិលអេស្ប៉ាញបានផ្ទុះឡើងនៅខែកក្កដា ឆ្នាំ១៩៣៦ ហ្វ្រង់កូបានលេចខ្លួនឡើងជាមេដឹកនាំក្រុមឧទ្ទាមដ៏លេចធ្លោម្នាក់ ហើយត្រូវបានប្រកាសជាប្រមុខរដ្ឋនៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៣៩ ដោយលោកបានប្រើអំណាចផ្តាច់ការគ្រប់គ្រងលើទឹកដីដែលស្ថិតនៅក្រោមបក្សពួកជាតិនិយម។ ក្រិត្យបង្រួបបង្រួមឆ្នាំ១៩៣៧ បានរួមបញ្ចូលបក្សពួកភាគីជាតិនិយមទាំងអស់ រួចក៏បានបង្កើតចេញជារបបជាតិនិយមឯកបក្សមួយដោយមាន បំព្រួញបុរាណនិយមអេស្ប៉ាញនៃក្រុមប្រឹក្សាជាតិនៃការវាយប្រហាររួម ឬ FET y de las JONS ជាក្បាលម៉ាស៊ីនដឹកនាំ។ របបផ្តាច់ការហ្វ្រង់កូ ដើមឡើយបានប្រកាន់យកទម្រង់ដឹកនាំបែប "ផ្តាច់ការហ្វាស៊ីសនិយម"[២] ឬ "ពាក់កណ្តាលហ្វាស៊ីសនិយម"[៣] ដោយគេបានសង្កេតឃើញថាមានឥទ្ធិពលហ្វាស៊ីសនិយមច្បាស់លាស់នៅក្នុងវិស័យជាច្រើន ដូចជាទំនាក់ទំនងការងារ គោលនយោបាយសេដ្ឋកិច្ចស្វ័យាធិបតេយ្យ និងប្រព័ន្ធឯកបក្ស។[៤][៥] កាន់តែយូរទៅៗ របបនេះក៏បានបើកជំហរខាងសិទ្ធិសេរីភាព ប៉ុន្តែនូវតែបន្តរក្សាឫសគល់ហ្វាស៊ីសនិយមដដែរ។[៦][៣] នៅអំឡុងសង្គ្រាមលោកលើកទី២ ប្រទេសអេស្ប៉ាញមិនបានចុះចូលជាមួយមហាអំណាចអ័ក្សនោះទេ (ពោលជាក្រុមប្រទេសគាំទ្រហ្វ្រង់កូកាលពីសង្គ្រាមស៊ីវិលអេស្ប៉ាញគឺ អ៊ីតាលី និងអាល្លឺម៉ង់)។ តែទោះជាយ៉ាងណាក្ដី អេស្ប៉ាញនូវតែមានវិធីសាស្ត្រគាំទ្រមហាអំណាចអ័ក្សស្ទើរពេញមួយរយៈសង្គ្រាម ខណៈដែលប្រឹងប្រែងរក្សាអព្យាក្រឹតភាពរបស់ខ្លួន។ ដោយហេតុនេះហើយ ទើបប្រទេសអេស្ប៉ាញត្រូវបានប្រទេសផ្សេងៗទៀតនៅលើពិភពលោកផ្ដាច់ទំនាក់ទំនងជាមួយអស់រយៈពេលជិតមួយទសវត្សរ៍ក្រោយសង្គ្រាមលោកលើកទី២ ខណៈដែលសេដ្ឋកិច្ចរបស់ខ្លួនកំពុងព្យាយាមងើបឡើងវិញពីសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។ ច្បាប់ស្នងអំណាចឆ្នាំ១៩៤៧ បានធ្វើឱ្យប្រទេសអេស្ប៉ាញក្លាយជាព្រះរាជាណាចក្រម្តងទៀត ប៉ុន្តែវាបានកំណត់ហ្វ្រង់កូជាប្រមុខរដ្ឋអស់មួយជីវិតដោយលោកមានអំណាចអាចជ្រើសរើសបុគ្គលណាម្នាក់ឱ្យក្លាយទៅជាអ្នកស្នងតំណែងបន្តពីលោក។ កំណែទម្រង់ជាច្រើនត្រូវបានដាក់ឱ្យអនុវត្តនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ហើយជាលទ្ធផល ប្រទេសអេស្ប៉ាញបានបោះបង់ចោលនូវប្រព័ន្ធស្វ័យាធិបតេយ្យ និងមកប្រកាន់យកទម្រង់សេដ្ឋកិច្ចថ្មីគឺ បច្ចេកាធិបតេយ្យ។[៧] សកម្មភាពនេះបាននាំឱ្យមានកំណើនសេដ្ឋកិច្ចលូតឡើងយ៉ាងឆាប់រហ័សដោយសំទុះនេះបានបន្តរហូតដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ របបនេះក៏បានផ្លាស់ប្តូរពីទម្រង់ផ្តាច់ការមូលវិវដ្ត និងប្រើប្រាស់ការគាបសង្កត់យ៉ាងធ្ងន់ធ្ងរ មកជាប្រព័ន្ធផ្តាច់ការពហុបក្សនិយមនៅមានកំណត់។[៨] ជាលទ្ធផលនៃកំណែទម្រង់អស់ទាំងនេះ ប្រទេសអេស្ប៉ាញត្រូវបានគេអនុញ្ញាតឱ្យចូលរួមជាសមាជិកនៃអង្គការសហប្រជាជាតិនៅឆ្នាំ១៩៥៥ ហើយក្នុងអំឡុងសង្គ្រាមត្រជាក់ លោកហ្វ្រង់កូបានលេចមុខជាឥស្សរជនប្រឆាំងលទ្ធិកុម្មុយនីស្តដ៏សំខាន់បំផុតនៅប៉ែកអឺរ៉ុប៖ របបរបស់លោកត្រូវបានគាំទ្រដោយមហាអំណាចលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក។ ហ្វ្រង់កូបានទទួលមរណភាពនៅក្នុងឆ្នាំ១៩៧៥ ក្នុងជន្មាយុ ៨២ ឆ្នាំ។ គាត់បានស្ដារប្រព័ន្ធរាជាធិបតេយ្យឡើងវិញមុនពេលគាត់ស្លាប់ទៅហើយបានប្រគល់អំណាចទៅឱ្យស្តេចជូអាន កាឡូសទី១ ដែលក្រោយមក ព្រះអង្គបានដឹកនាំអេស្ប៉ាញឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ កំណត់សម្គាល់ឯកសារយោង
|
Portal di Ensiklopedia Dunia