អង្គការសហប្រជាជាតិ
អង្គការសហប្រជាជាតិ (អ.ស.ប.) គឺជាអង្គការអន្តររដ្ឋាភិបាលដែលមានភារកិច្ចថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិនានា សម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការអន្ដរជាតិ និងជាមជ្ឈមណ្ឌលជំរុញឱ្យមានសាមគ្គីភាពក្នុងចំណោមរដ្ឋទាំងអស់នៅលើពិភពលោក។[២] គេបានចាត់ទុក អសប ជាអង្គការដ៏ធំ និងមានប្រជាប្រិយបំផុតនៅលើសកលលោក។[៣] អង្គការនេះមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក និងមានការិយាល័យផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ ទីក្រុងណៃរ៉ូប៊ី ទីក្រុងវីយែន និងទីក្រុងឡាអេ។ អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងនៅក្រោយសង្គ្រាមលោកលើកទី២ ជំនួសឱ្យអង្គការសង្គមប្រជាជាតិ ក្នុងគោលបំណងទប់ស្កាត់រាល់ជម្លោះសង្គ្រាមផ្សេងៗនាពេលអនាគត។[៤] នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៤៥ បណ្ដាប្រជាជាតិចំនួន ៥០ បានជួបប្រជុំនៅក្នុងសន្និសីទមួយនៅទីក្រុងសានហ្វ្រានស៊ីស្កូ និងបានចេញសេចក្តីព្រាងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយវាត្រូវបានចាប់អនុម័តនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៤៥ និងបានចូលជាធរមាននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥។ ដោយអនុលោមតាមធម្មនុញ្ញ គោលដៅរបស់អង្គការនេះរួមមាន៖ ការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ការការពារសិទ្ធិមនុស្ស ការផ្តល់ជំនួយមនុស្សធម៌ ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការគោរពរាល់ច្បាប់អន្តរជាតិ។[៥] នៅពេលបង្កើតដំបូង អង្គការសហប្រជាជាតិមានប្រទេសសមាជិកចំនួន ៥១ ហើយបច្ចុប្បន្ននេះ រដ្ឋសមាជិកបានកើនឡើងរហូតដល់ ១៩៣ ប្រទេស។[៦] មិនយូរប៉ុន្មានក្រោយពីបង្កើតឡើងមក បេសកកម្មរក្សាសន្តិភាពពិភពលោករបស់អង្គការសហប្រជាជាតិត្រូវបានរំខានដោយសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត បូករួមទាំងសម្ព័ន្ធមិត្តរៀងៗខ្លួន។ បេសកកម្មចម្បងរបស់អង្គការនេះរួមមាន៖ សង្កេតការណ៍យោធាដោយមិនចាប់កាន់អាវុធ ឬមានអាវុធធន់ស្រាលបន្តិចបន្តួច រាយការណ៍ និងចាប់កសាងទំនុកចិត្តជាដើម។[៧] សមាជិកភាព អសប បានកើនឡើងជាលំដាប់នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ពោលជារយៈពេលនៃដំណើរដកអាណានិគមកិច្ចរបស់មហាអំណាចអឺរ៉ុបនៅអាហ្វ្រិក និងអាស៊ី។ ចាប់ពីពេលនោះមក អតីតរដ្ឋអាណានិគមចំនួន ៨០ បានទទួលឯករាជ្យ រួមទាំងដែនដីទំនុកចំនួន ១១ ដែលត្រូវស្ថិតក្រោមការត្រួតពិនិត្យដោយក្រុមប្រឹក្សាអាណាព្យាបាល។[៨] នៅទសវត្សរ៍ឆ្នាំ១៩៧០ ថវិកាចំណាយរបស់អង្គការសហប្រជាជាតិលើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមបានកើនលើសពីការចំណាយលើការរក្សាសន្តិភាព។ បន្ទាប់ពីសង្គ្រាមត្រជាក់បានបញ្ចប់ អង្គការសហប្រជាជាតិបានផ្លាស់ប្តូរ និងពង្រីកប្រតិបត្តិការរបស់ខ្លួន ដោយអនុវត្តការងារមិស្សភាពជាច្រើន។[៩] អង្គការសហប្រជាជាតិមានស្ថាប័នសំខាន់ៗចំនួនប្រាំមួយ៖ មហាសន្និបាត ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម តុលាការយុត្តិធម៌អន្តរជាតិ លេខាធិការដ្ឋានអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាអាណាព្យាបាល (អសកម្មតាំងពីឆ្នាំ១៩៩៤)។ ប្រព័ន្ធអង្គការសហប្រជាជាតិ មានភ្នាក់ងារឯកទេស មូលនិធិ និងកម្មវិធីជាច្រើនដូចជា៖ ធនាគារពិភពលោក អង្គការសុខភាពពិភពលោក កម្មវិធីស្បៀងអាហារពិភពលោក យូណេស្កូ និងយូនីសេហ្វជាដើម។ លើសពីនេះ អង្គការក្រៅរដ្ឋាភិបាល (NGOs) អាចនឹងត្រូវបានផ្តល់ឋានៈប្រឹក្សាជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម និងទីភ្នាក់ងារផ្សេងទៀត ដើម្បីចូលរួមក្នុងការងារផ្សេងៗរបស់អង្គការ។ ប្រធានរដ្ឋបាលនៃអង្គការសហប្រជាជាតិគឺ អគ្គលេខាធិការ ដែលបច្ចុប្បន្នកំពុងកាន់ដោយអ្នកនយោបាយ និងអ្នកការទូតជនជាតិព័រទុយហ្កាល់ម្នាក់ឈ្មោះអង់តូនីញ៉ូ ហ្គុយទែរស៍ដែលអាណត្តិប្រាំឆ្នាំដំបូងរបស់លោកបានចាប់ផ្ដើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ហើយត្រូវបានជាប់មួយអាណត្តិទៀតនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។ អង្គការនេះបានទទួលហិរញ្ញប្បទានដោយប្រមាណតម្លៃ និងការរួមចំណែកដោយស្ម័គ្រចិត្ត ពីរដ្ឋជាសមាជិករបស់ខ្លួន។ អង្គការសហប្រជាជាតិ រួមទាំងមន្ត្រី និងទីភ្នាក់ងាររបស់ខ្លួនបានឈ្នះរង្វាន់ណូបែលសន្តិភាពជាច្រើន ទោះបីជាត្រូវបានទទួលការរិះគន់ជុំវិញប្រសិទ្ធភាពរបស់អង្គការនេះក្ដី។ អ្នកវិភាគខ្លះជឿថាអង្គការនេះជាកម្លាំងដ៏សំខាន់សម្រាប់សន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សខណៈមួយចំនួនទៀតបានអះអាងថា អង្គការនេះមិនមានប្រសិទ្ធភាព មានភាពលម្អៀង និងគ្របដណ្ដប់ដោយអំពើពុករលួយ។ ឯកសារយោង
|
Portal di Ensiklopedia Dunia