នូ កន
នូ-កន (១៨៧៤-៨យប់ ថ្ងៃទី៨ កុម្ភៈ ១៩៤៧ អាយុ ៧៣ ឆ្នាំ) លោកជាកវីនិពន្ធដ៏ឆ្នើមរបស់ប្រទេសខ្មែរកាលជំនាន់អាណានិគមនិយមបារាំង លោកក៏ធ្លាប់ជាចៅហ្វាយខែត្រ មន្ត្រី និង តំណាងរាស្ត្រនៅសម័យនោះផងដែរ។ គោរម្យងាររបស់លោកគឺ ឧកញ៉ាវិបុលរាជសេនា នូ-កន។ ជីវប្រវត្តិលោកឧកញ៉ាបានកើតនៅឆ្នាំ ១៨៧៤ នៅឃុំអង្គតាសោម ស្រុកត្រាំកក់ ខែត្រតាកែវ។ មាតាលោកមានឈ្មោះថា នូ ជាជនជាតិខ្មែរដែលមានដើមកំណើតចិន, បិតានាម អ៊ុក ជាកសិករ។ ដល់អាយុបានប្រាំបួនឆ្នាំ លោកទៅរៀននៅវត្តអង្គត្នោត ឃុំ និងស្រុកដដែលនៅក្នុងសំណាក់ចៅអធិការនាម អ៊ិន។ ក្រោយមកអាយុបាន ១៤ឆ្នាំ បួសជាសាមណេរបានមួយវស្សា។ ក្នុងដំណាក់កាលជីវិតចុងក្រោយលោកមានរោគចាស់ជរា លោកឧកញ៉ា ក៏បានទទួលមរណភាពនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ១៩៤៧ វេលាម៉ោង ៨យប់ ជន្មាយុ ៧៣ឆ្នាំ នៅគេហដ្ឋាននាខេត្តកំពង់ចាម។ ជីវភាពការងារដំបូងឡើយកាលលោកឧកញ៉ាអាយុបាន ១៧ឆ្នាំ លោកបានចូលបំរើការជាស្មៀនចៅហ្វាយខេត្តទ្រាំង ដែនដីកម្ពុជាក្រោមសព្វថ្ងៃ។ មកដល់ឆ្នាំ១៨៩១ ចូលធ្វើកាតក្នុងក្រុមអាលក្សណ៍ ក្នុងវាំងបាន ៤ ឆ្នាំនារជ្ជកាលព្រះករុណានរោត្តម។ ក្រោយមកព្រះករុណាបានផ្លាស់លោកឱ្យទៅធ្វើការក្រសួងសុរិយោដី និងក្រសួងរតនាគារ ពេលនោះអ្នកឧកញ៉ាពិភក្តិទិព្វរាជម៉ម បានតាំងងារលោកជា ម៉ឺនភក្តីអក្សរ។ ក្រោយពីបានប្រឡងជាប់លេខ១ផ្នែកអក្សរសាស្រ្តនៅឆ្នាំ១៩០២ រាជការបារាំងចាត់ឱ្យលោកបន្តវិជ្ជាខាងច្បាប់នៅក្រុងប៉ារីស លុះត្រឡប់វិញ ឆ្នាំ១៩០៣ ក៏ត្រូវបានតែងតាំងធើ្វជាចៅហ្វាយខែត្រកំពង់សៀម រយៈពេល ២ ខែបន្ថែមតួនាទីជាគ្រូបង្រៀនច្បាប់ និង ទំនៀមទំលាប់ខ្មែរនៅក្នុងសាលាខេត្តនេះផង។ លោកក៏បានបន្តធ្វើជាចៅហ្វាយខែត្រជាបន្តបន្ទាប់ក្នុងឆ្នាំ១៩០៩ ខែមិថុនា ថ្ងៃទី១៦ ចៅហ្វាយខេត្តពញាឮ, ១៩០៩ ខែវិច្ឆិកា ថ្ងៃទី១១ ជាចៅហ្វាយខេត្តស្ទឹងត្រែង, ១៩១៦ ខែវិច្ឆិកា ថ្ងៃទី១៥ ជាចៅហ្វាយខេត្តកំពង់ធំ (កំពង់ស្វាយ), ១៩១៩ ខែកក្កដា ថ្ងៃទី៣១ ជាចៅហ្វាយខេត្តកំពង់សៀម (កំពង់ចាម)។ ដោយបានកាន់តំណែងជាចៅហ្វាយខែត្រអស់ជាច្រើនឆ្នាំហើយនោះ លោកក៏បានចូលបំរើក្នុងក្រសួងជើងទឹកនៅឆ្នាំ១៩២១ ខែតុលា ថ្ងៃទី១៨ មានយសសក្ដិជាឧកញ៉ាវិបុលរាជសេនា តំណែងជាភូឈួយសេនាបតីក្រសួងជើងទឹក ថ្នាក់ឧត្តមមន្រ្តីលេខ២។ តមកទៀតក្នុងឆ្នាំ១៩២៦ មានយសសក្ដិដដែល ប៉ុន្តែជាភូឈួយក្រសួងពាណិជ្ជការវិញ។ អាជីពការងារចុងក្រោយរបស់លោកគឺពីឆ្នាំ១៩៤៥-១៩៤៧ ជាតំណាងរាស្រ្តមណ្ឌលកោះសូទិន។ ស្នាដៃអក្សរសាស្រ្តតាមពិតលោកនូ-កន បានប្រើពាក្យប្រលោមលោកនេះដោយមានការបកប្រែពីភាសាបារាំង romance មានន័យថាជាអត្ថបទពាក្យរាយខុសពីប្រភេទរឿងសាស្ត្រាល្បែងដែលមានតំណែងជាពាក្យកាព្យ។
សំរង់កាព្យសាស្ត្រាល្បែងរឿងទាវឯក៖ .....ស្រីប្រុសខ្លះក្រាស់កាមប្រលោក គិតតែស្ម័គ្រជាក់ដល់វល់ចិន្តា នឹកឃើញរឿងក្នុងខ្លួនមានសង្សារ ពីកាលណានិរាសប្រាសទីទៃ ។ ខ្លះក៏ប្រាសទាំងរស់ខ្លះប្រាសស្លាប់ លុះមកស្ដាប់ស័ព្ទសូត្រកើតរីងរៃ នឹកដល់ដើមកំសត់មិត្តមូលមៃ ឆ្អែតហឫទ័យន័យនឹកស្រក់ទឹកនេត្រ។ ខ្លះអាល័យអាឡោះស្រណោះផ្សេង ដោយសំឡេងអន្លង់តឹងសម្ភេទ ដូចជាដើមក្នុងព្រៃឆ្ងាយទូរេត ពេលរិសុយេតសាយណ្ហទន់ត្រជាក់ ។ ខ្លះពោះម៉ាយស្ដាយមិត្តគិតខ្មោចនាង ឯមេម៉ាយស្ដាយរាងរូបខ្មោចអ្នក តាអាណោចខ្មោចយាយរាយមាយភ្ញាក់ យាយញញាក់នឹកខ្លោចដល់ខ្មោចតា ។
ឯកសារយោង |
Portal di Ensiklopedia Dunia