បទុមសុរិយវង្ស
ព្រះបាទបទុមសុរិយវង្ស (សំស្ក្រឹត: បទ្មសូយ៌្យវំឝ) (គ.ស. ៦០៦-៧២៩) រជ្ជកាល (គ.ស. ៦២១-៧២៩) កាលនោះ ព្រះបទុមសុរិយវង្សទើបតែបានព្រះជន្ម ១៦ វស្សា។ ព្រះអង្គត្រូវឡើងគ្រប់គ្រងរាជសម្បត្ដិបន្ដពីព្រះបិតា នៅថ្ងៃ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ ព.ស ១១៦៥ ត្រូវជាគ.ស ៦២១ ក្រោយដែលមានពិធីអភិសេកយ៉ាងអធិកអធម។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរទី១១។ ព្រះអង្គមានឫទ្ធានុភាព តេជៈបារមី កម្លាំងកំហែងខ្លាំងពូកែអស្ចារ្យ។ មិនតែប៉ុណ្ណោះព្រះអង្គមានព្រះនេត្រទិព្វទៀតផង។ គឺអាចមើលឃើញដឹងឮយល់ អស់គ្រប់កិច្ចការ គ្រប់ព្រឹត្ដិការណ៍ដែលកើតមានឡើងនៅគ្រប់ជ្រុងជ្រោយគ្រប់ទិសទី ក្នុងនគរ ក៏ដូចជាក្រៅនគរ។ ព្រះអង្គសោយរាជសម្បត្ដិក្នុងប្រទេសកម្ពុជាបាន ១០៩ ឆ្នាំ។ ព្រះបទុមសុរិយវង្សបានចូលទិវង្គតនៅឆ្នាំម្សាញ់ ព.ស ១២៧៣ ត្រូវជាគ.ស ៧២៩ ក្នុងព្រះជន្ម ១២៤ វស្សា។ បើតាមលោកកេង-វ៉ាន់សាក់ធ្វើបទសម្ភាសន៍នៅក្នុងវិទ្យុអាស៊ីសេរី លោកថាព្រះបទុមសុរិយវង្សនេះត្រូវនឹងព្រះបាទជ័យវម៌្មទី៧ រឺ ព្រះបាទជ័យវម៌្មទី៨ (បើរាប់ទាំងព្រះបាទជ័យវម៌្មទី១ស្ទួនមក) ហើយពញារោងនោះត្រូវនឹង ស្រីឥន្ទ្រាទិត្យ ដែលជាបរមនាមរបស់ពញារោង ហើយឈ្មោះដើមជាសៀមថា ពុកឃុនបាងខ្លោងផ្វា ដែលមានន័យថា លោកឪបាខ្លោងមេឃ។ សំគាល់៖
ព្រឹត្តិការណ៍ក្នុងរាជ្យព្រះអង្គចំណែកឯនាយរោង វិញក៏បានពេញវ័យដែរ ក្រោយដែលគង់ស្រមូវបានចូលមរណៈកាលទៅ នាយរោងបានឡើងឋានៈជំនួសឪពុក ជាមេក្រុមកងកំណែនដឹកជញ្ជូនទឹក និងត្រីកន្ធរ យកមកថ្វាយព្រះមហាក្សត្រខ្មែរ។ ថ្ងៃមួយ ដល់ពេលវេលាដែលត្រូវតែនាំពលកំណែនទៅដងទឹកយកទៅថ្វាយស្ដេចខ្មែរ នាយរោងបានបញ្ជាឲ្យក្រុមកំណែនទាំងនោះ ត្បាញកញ្ជើឲ្យញឹកល្អិតជាទីបំផុត ហើយឲ្យនាំគ្នាដងទឹកយកទៅចាក់ដាក់ក្នុងកញ្ជើទាំងនោះ កញ្ជើនោះមានឈ្មោះជាប់មកថា ជាលភ្នែកក្រួច។ បន្ទាប់មក នាយរោងនិយាយបង្គាប់ទៅកាន់ជាលទាំងនោះឲ្យធ្វើដូចម្ដេចកុំឲ្យទឹក លេចចេញសោះ។ ទិព្វដូចមាត់មែន ទឹកឥតមានជ្រាបលេចបន្ដិចឡើយ។ ទឹកទាំងប៉ុន្មានត្រូវបាននាយរោងដឹកជញ្ជូនយកទៅថ្វាយព្រះ បទុមសុរិយវង្សនៅឯព្រះមហានគរ។ ចំណែក ព្រះបាទបទុមសុរិយវង្ស ដោយសារមានព្រះនេត្រទិព្វ ព្រះអង្គបានដឹងបានយល់នូវអស់ព្រឹត្ដិការណ៍ ព្រះអង្គបានដឹងថា អ្នកមានបុណ្យមាត់ទិព្វបានកើតឡើងហើយ ព្រះអង្គនឹកគិតឃើញថា មិនងាយនឹងចាប់ពញារោងនេះឡើយ។ ព្រះអង្គកោះប្រជុំអស់នាម៉ឺនមុខមន្ដ្រី ដើម្បីដោះស្រាយបញ្ហាដ៏ធំនេះ។ ព្រះអង្គយល់ឃើញថាតទៅអនាគត ប្រទេសសៀមនឹងមានស្ដេចមួយអង្គ ដែលគេពុំអាចកម្ទេចបានឡើយ។ ដូច្នេះគេត្រូវតែចាត់ទុកស្រុកសៀមដោយឡែក ដោយមិនចាំនាំសួយសារអាករមកថ្វាយស្ដេចស្រុកខ្មែរដូចសព្វដងនោះ ទៀតទេ។ បើយោលទៅតាមឯកសារខ្លះទៀត បុព្វហេតុដែលបណ្ដាលឲ្យព្រះរាជាខឹងខ្ញាល់ចេញបញ្ជាចាប់ពញារោងនោះ គឺមកអំពីនាយរោងបានប្រមាថមាក់ងាយចេស្ដាព្រះអង្គ ដោយគ្មានញញើតញញើមហ៊ានចូលមកឈរបង់ជំទែងកណ្ដាលសាលជំនុំ ចំពីមុខព្រះភ័ក្ត្រព្រះអង្គ ពេលដែលចូលមកនាយរោងបានបំបាំងខ្លួន មិនឲ្យនាម៉ឺនមន្ត្រីពលសេនាម្នាក់មើលឃើញឡើយ។ មានតែព្រះមហាក្សត្រព្រះបទុមសុរិយវង្សមួយអង្គគត់ ដែលយាងចូលមកដល់ទើបមើលឃើញ។ អាកប្បកិរិយាព្រហើនច្រលោងខាមនេះ ហើយ ដែលធ្វើឲ្យព្រះអង្គខ្ញាល់ ចេញបញ្ជារកចាប់នាយរោង។ ឃើញច្បាស់ជាក់នឹងភ្នែក ថាព្រះមហាក្សត្រខ្មែរមានមហិទ្ធិឫទ្ធិតេជៈបារមី មិនអន់ខ្សោយដូចដែលខ្លួននឹកស្មាន ពញារោងក៏រត់ភៀសខ្លួនបាត់ស្រមោលទៅ។ ឧកញ៉ាមន្ដ្រីចៅពញាតេជោដាំដី (តំដិន) ត្រូវនាំពលសេនាចំនួន ៣០០ នាក់ ជ្រែកដីទៅចាប់ពញារោងនៅឯស្រុកសុខោទ័យ។ កងទ័ពតេជោដាំដីវិញដេញតាមចាប់ប្រកិតពីក្រោយ ពញារោងរត់ទៅដល់ស្រុកពីជិត ហើយឡើងកាត់សំដៅទៅតំបន់ស្រុកសុខោទ័យ មកដល់ទីនេះ ពញារោងរត់ចូលទៅពួនលាក់ខ្លួនក្នុងវត្ដពុទ្ធថៃ សុំលោកចៅអធិការសាងផ្នួសបួសជាសាមណេរ។ រសៀល ថ្ងៃមួយ នៅពេលដែលនេនរោងកំពុងតែបោសសម្អាតទីធ្លាមុខព្រះវិហារ ស្រាប់តែចៅពញាតេជោដាំដីជ្រែកដីលេចចេញមកពាក់កណ្ដាលខ្លួនចំពីមុខ តែម្ដង ដោយមិនបានដឹងថានេននេះជាពញារោង តេជោដាំដីក៏ទូលសុំសួរលោករកពញារោង។ នេនរោងស្គាល់ច្បាស់ថាគេមករកចាប់ខ្លួន បានមានសង្ឃដីកាឆ្លើយតបទៅវិញ សូមឧបាសករង់ចាំនូវទីនេះសិនចុះចាំអាត្មាទៅរកជូន ភ្លាមនោះដែរ រូបរាងកាយតេជោដាំដីប្រែទៅជារឹងបន្ដិចៗម្ដង ហើយក្លាយទៅជាថ្មរហូតមកដល់សព្វថ្ងៃ។ មេទ័ពពលសេនានៅសល់ប៉ុន្មាន ដែលដើរតាមផ្លូវជ្រែកដីដោយតេជោតំឌិនបាននាំគ្នាដកថយត្រលប់ចូល នគរទៅរាយការណ៍ថ្វាយព្រះរាជាតាមហេតុការណ៍។ ក្រោយ ដែលស្ដេចសៀមនៅសុខោទ័យចូលទិវង្គត នេនរោងបានចាកសិក្ខាបទ ហើយបានឡើងគ្រប់គ្រងស្រុកសៀមពីពេលនោះមក។ ពញារោងបានប្ដូរឈ្មោះមានព្រះបរមនាមជាព្រះមហាក្សត្រថា ព្រះបាទចន្ទ្រាធិបតី ស្ដេចសៀមថ្មីអង្គនេះ ដែលគេនិយមហៅតែពញារោងៗ បានប៉ុនប៉ងធ្វើគត់ព្រះបទុមសុរិយវង្ស ព្រះមហាក្សត្រខ្មែរចំនួនពីរលើកទៀត។ ការធ្វើគត់របស់ពញារោង
ព្រះកែវមរកត និង ព្រះត្រៃបិដកនៅឆ្នាំរោង ព.ស ១២០០ ត្រូវនឹង គ.ស ៦៥៦ ក្នុងរជ្ជកាលព្រះបាទបទុមសុរិយវង្ស ព្រះមហាក្សត្រខ្មែរទី១១ ដែលមានព្រះនេត្រទិព្វ មានសំពៅមួយគ្រឿងត្រូវខ្យល់ព្យុះសង្ឃរាវាយបោកបក់យ៉ាងខ្លាំង បានរសាត់អណ្ដែតមកកឿងគល់ចតនៅកំពង់ផែព្រះមហានគរ។ សំពៅនោះត្រូវបែកបាក់ធ្លុះធ្លាយដោយសារកម្លាំងទឹករលករុញបោកច្រាន ទៅប៉ះនឹងផ្ទាំងថ្ម តែពង្សាវតារវត្ដកោកកាកបានសរសេរថា សំពៅបានមកកឿងនៅត្រង់ដងទន្លេក្នុងខេត្ដបន្ទាយមាស។ សំពៅ នោះមានដឹកជញ្ជូននូវគម្ពីរព្រះត្រៃបិដក(ត្រៃ ឬត្រ័យ ឬត្រី មានន័យថាបី។ ឯបិដកប្រែពីសំស្ក្រឹតមកបានសេចក្ដីថាកញ្ជើ ល្អី ថាស ឬភាជន៍។ ដូច្នេះព្រះត្រៃបិដកជាល្អីបី ដែលគេតម្កល់ព្រះធម៌ ព្រះត្រៃបិដក ឬធម៌ក្នុងព្រះពុទ្ធសាសនាមានចែកចេញជាបីគឺ ១‑វិន័យបិដក ដែលរៀបរាប់អធិប្បាយអំពីវិន័យ និងបទបញ្ញត្តិ, ២‑សត្ដនបិដក ដែលជាព្រះពុទ្ធឱវាទ ឬជាអត្ថបទដើមផ្សេងៗ, ៣‑អភិធម្មបិដក ដែលពណ៌នា អធិប្បាយវែកញែកអំពីចិត្ដការកើត ឈឺ ចាស់ ស្លាប់ រូប និងនិព្វាន) និងព្រះពុទ្ធរូបព្រះកែវមរកត (ក្នុងព.ស ៥០០ ដោយព្រះសង្ឃព្រះមហានាគសេន គង់នៅនគរបាតលីបុត្ត មានបំណងចង់យកត្បូងមុនីជោគមកឆ្លាក់កសាងព្រះពុទ្ធបដិមាករ ព្រះឥន្ទ្រាធិរាជក៏បញ្ចេញព្រះវិស្សកម្មទេវបុត្រ ឲ្យយកត្បូងមរកតពីភ្នំវិបុលបព៌តមកកសាងព្រះពុទ្ធរូប។ អស់រយៈពេល ៧ យប់ ៧ ថ្ងៃ ព្រះវិស្សកម្មទេវបុត្របានកសាងព្រះកែវមរកតហើយ ដោយមានទាំងបញ្ចុះព្រះអដ្ឋិធាតុព្រះពុទ្ធសមណគោត្តមប្រាំពីរក្នុងនោះផង។ គឺ១ក្នុងព្រះកេស ២ក្នុងទ្រូងឆ្វេងស្ដាំ ២ក្នុងបាតព្រះហស្ថឆ្វេងស្ដាំ និង២ទៀតក្នុងព្រះបាទ។ ដំបូង ព្រះកែវមរកតគង់នៅនគរបាតលីបុត្ត។ កាលនោះព្រះមហានាគសេនបានទាយទុកជាមុនថា «ព្រះពុទ្ធរូបព្រះកែវមរកតត្រូវគង់នៅនគរបាតលីបុត្ត ៣៥ ឆ្នាំ នៅកោះលង្កាចំនួន ៤៥០ ឆ្នាំ នៅឥន្ទបត្តបុរី ឬ ស្រុកខ្មែរ ២០៨ ឆ្នាំ នៅស្រុកលាវ ៨១៧ ឆ្នាំ និងចុងក្រោយនៅទីក្រុងរតនបុរីស្រីអយុធ្យា ប្រទេសសៀមរហូតដល់ព្រះបាទធម្មិករាជបានត្រាស់ដឹង យាងមកលើកស្ទួយតម្កើងព្រះពុទ្ធសាសនា នេះបើតាមពង្សាវតារវត្ដទឹកវិល ក្នុងស្រុកស្អាង ខេត្តកណ្ដាល។ នៅឆ្នាំមមែ ព.ស ៨៥០ ត្រូវគ.ស. ៣០០ ដោយមានសង្គ្រាមរាំងជល់យ៉ាងខ្លាំងក្លានៅនគរបាតលីបុត្ត ស្ដេចកោះលង្កាក៏ទៅសុំយកមកតម្កល់ទុកបូជាក្នុងនគររបស់ខ្លួន តរៀងមក។) ឯការមកដល់សំពៅនេះ គឺសុទ្ធតែជារឿងចៃដន្យដែលគ្មាននរណាម្នាក់បានគ្រោងទុកដឹងជាមុន ឡើយ។ ព្រឹត្ដិការណ៍ចម្លែកមិនធ្លាប់មាននេះ បានធ្វើឲ្យនាម៉ឺនរាជការតូចធំផ្អើលច្រួលច្របល់នាំគ្នាកុះករ ចុះទៅកំពង់ផែសាកសួរចង់ដឹងព័ត៌មាន។ កាលនោះ នៅប្រទេសមាឡាន ឬប្រទេសលាវ មានស្ដេចមួយអង្គ ព្រះនាមធម្មាអនុរថ (អ្នកស្រាវជ្រាវខ្លះ ដូចជាលោក សឺដេស សម្គាល់ថា ស្ដេចអង្គនេះសោយរាជ្យនៅប្រទេសភូមា)។ ព្រះអង្គជាស្ដេចលាវមួយអង្គ ព្រះអង្គមានឫទ្ធានុភាពខ្លាំងពូកែអស្ចារ្យ។ ព្រះអង្គបានបញ្ជា និងបញ្ជូនសំពៅពីរគ្រឿង ដោយមានព្រះសង្ឃ និងក្រុមដើរសំពៅរួមដំណើរផង ឲ្យចេញឆ្ពោះទៅកោះសេរីលង្កា ដើម្បីនឹងសុំចម្លងព្រះត្រៃបិដក។ សំពៅទាំងពីរត្រូវចេញដំណើរទៅមុនព្រះអង្គ បន្ទាប់ទើបព្រះអង្គឡើងជិះសេះហោះសំដៅតម្រង់ទៅកោះសេរីលង្កាជាក្រោយ។ ទៅដល់កាលណា ព្រះបាទធម្មាអនុរថ សុំសេចក្ដីអនុញ្ញាតពីព្រះមហាក្សត្រកោះ្្្្សេរីលង្កាដើម្បីចម្លងព្រះ ត្រៃបិដកដែលសរសេរចងក្រងជាភាសាមគ្គធៈ (ភាសាបាលី)។ ចម្លងចប់សព្វគ្រប់ហើយ ព្រះអង្គសុំព្រះពុទ្ធរូបព្រះកែវមរកតទៀត។ ព្រះរាជាកោះសេរីលង្កាក៏ប្រទានទៅតាមការគួរ។ គេបានតម្កល់ព្រះកែវមរកត និងព្រះត្រៃបិដក ដែលចម្លងដោយអ្នកស្រុកប្រទេសលាវក្នុងសំពៅមួយ ចំណែកឯព្រះត្រៃបិដកដែលចម្លងដោយអ្នកស្រុកកោះសេរីលង្កា ត្រូវតម្កល់ទុកក្នុងសំពៅពីរ។ រៀបចំរួចស្រេចបាច់ហើយ ស្ដេចលាវបញ្ជាឲ្យសំពៅទាំងពីរចេញដំណើរត្រលប់ទៅមុន។ ឯព្រះអង្គវិញទ្រង់ឡើងជិះសេះ ហោះទៅតាមជាក្រោយ។ មក តាមផ្លូវ ដល់កណ្ដាលមហានគរ ខ្យល់ព្យុះសង្ឃរាមួយយ៉ាងធំ បានបោកបក់ធ្វើឲ្យសំពៅទាំងពីរវង្វេងបែកផ្លូវគ្នា សំពៅដែលមានដឹកជញ្ជូនព្រះត្រៃបិដក និងព្រះពុទ្ធរូបព្រះកែវមរកត ត្រូវបែកបាក់ខូចខាតធ្លុះធ្លាយ ហើយរសាត់អណ្ដែតមកកឿងចតតាមឆ្នេរសមុទ្ទខ្មែរ ចំពោះពង្សាវតារវត្ដទឹកវិល សំពៅនេះបានមកកឿងចតនៅកោះឫស្សីកែវ ក្នុងសំពៅនោះមានព្រះពុទ្ធ ព្រះកែវមរកត កែវព្រះភ្លើង ព្រះឧណ្ណាលោម (គេមិនបានដឹងច្បាស់ថា ជារោមប្រជុំចិញ្ចើមរបស់ព្រះពុទ្ធ ឬរបស់ព្រះមហាថេរអង្គណាមួយឡើយ) វិន័យបិដក និងអភិធម្មបិដក គណៈសង្ឃលាវដែលដង្ហែតាមមកជាមួយមានប្រាំមួយអង្គ ព្រះសង្ឃដែលមានឋានៈធំជាងគេ មានព្រះនាមព្រះពុទ្ធឃោសា។ ប្រជាពលរដ្ឋខ្មែរត្រេកអរសាទរជាអតិបរមា កាលបើបានដឹងមានភ័ព្វវាសនាអាចធ្វើបុណ្យកសាងកុសលក្នុងព្រះពុទ្ធសាសនា គេនាំគ្នាស្រុះស្រួលរួមកម្លាំងមូលមីកុះករ កសាងសង់វត្ដប្រាំ គឺ វត្ដលង្កា សម្រាប់តម្កល់ព្រះត្រៃបិដក វត្ដឧណ្ណាលោមដែលនៅទីនោះគេបានសង់ចេតិយមួយយ៉ាងធំនៅខាងក្រោយ ព្រះវិហារ សម្រាប់តម្កល់បូជារោមប្រជុំចិញ្ចើមព្រះពុទ្ធ វត្ដកែវព្រះភ្លើង សម្រាប់តម្កល់កែវព្រះភ្លើង វត្ដព្រះពុទ្ធឃោសា សម្រាប់ទទួលព្រះសង្ឃលាវ និងវត្ដព្រះពុទ្ធមានបុណ្យសម្រាប់តម្កល់បូជាព្រះកែវមរកត។ គ្រានោះ ចៅពញារាជាមេត្រី ស្ដេចត្រាញ់នៅស្រុកឫស្សីកែវបានធ្វើចុតហ្មាយថ្វាយទៅទូល ព្រះមហាក្សត្រព្រះបាទបទុមសុរិយវង្ស ក្រុមមន្ដ្រីក៏បានយកដំណឹងនេះ ទៅទូលថ្វាយស្ដេចជាបន្ទាន់។ ព្រះអង្គទ្រង់សប្បាយរីករាយក្នុងហឫទ័យឥតឧបមា ហើយចេញបញ្ជាបង្គាប់ឲ្យរៀបចំជាពិធីមានក្បួនចុះទៅក្រាប ថ្វាយបង្គំសុំនិមន្ដដង្ហែព្រះកែវមរកត ព្រះត្រៃបិដក និងព្រះសង្ឃឡើងចូលមកក្នុងព្រះនគរ ។ ឯកសារដដែលសរសេរថា ព្រះបាទបទុមសុរិយវង្សបានធ្វើដំណើរយាងតាមទន្លេ ចុះមកស្រុកឫស្សីកែវ ដើម្បីចូលរួមក្នុងការកសាងវត្ដអារាមទាំងអស់នោះ ។ ព្រះសង្ឃ និងអ្នកដើរសំពៅលាវ រិះគិតនឹកពិចារណាឃើញថា សំពៅរបស់ខ្លួនត្រូវខូចខាតខ្ទេចខ្ទីអស់ គ្មានលទ្ធភាពនឹងអាចវិលត្រលប់ទៅស្រុកកំណើតវិញបានឡើយ ហើយម្យ៉ាងទៀតព្រះមហាក្សត្រខ្មែរក៏មានទសពិធរាជធម៌ មានបុណ្យបារមី និងគោរពបូជាព្រះពុទ្ធសាសនាដែរ ដូច្នេះហើយទើបបានជាលាវទាំងអស់គ្នាសុខចិត្ដយល់ព្រមប្រគល់ថ្វាយ ព្រះត្រៃបិដក និងព្រះកែវមរកត ព្រមទាំងចុះចូលស្ម័គ្រចិត្ដបម្រើព្រះមហាក្សត្រខ្មែរ ចាប់តាំងពីថ្ងៃនោះតមក។ ក្បួនធំឱឡារិកមួយត្រូវបានរៀបចំយ៉ាងគគ្រឹកគគ្រេង ទៅដង្ហែព្រះកែវមរកត និងព្រះត្រៃបិដកយកមកតម្កល់ទុកក្នុងប្រាសាទនគរវត្ដ។ មិនតែប៉ុណ្ណោះព្រះរាជាបានបញ្ជាឲ្យធ្វើបុណ្យទានយ៉ាងអឹកធឹកពាសពេញ ទូទៅទាំងប្រទេស ដើម្បីអបអរសាទស្វាគមន៍ចំពោះព្រឹត្ដិការណ៍ដ៏ធំនេះ។ មិនតែប៉ុណ្ណោះ ព្រះអង្គបានឲ្យចម្លងព្រះត្រៃបិដកជាបីច្បាប់មួយចម្លងលើ ស្លឹករឹត មួយលើប្រាក់សន្លឹក និងមួយទៀតលើមាសសន្លឹក។ ដោយខ្លាចក្រែងបាត់ច្បាប់ចាស់ព្រះត្រៃបិដក និងខ្លាចក្រែងព្រះពុទ្ធសាសនាសាបរលាប ពីព្រោះមានជនជាតិសាសន៍ផ្សេងៗទៀត ដែលប្រាថ្នាចង់បានដែរ ព្រះអង្គបានបង្គាប់ឲ្យសរសេរកត់ត្រាចម្លងព្រះត្រៃបិដកជាច្រើន ក្បាល លើសាស្ត្រាស្លឹករឹត ទុកសម្រាប់ចែកចាយតម្កល់តាមវត្ដអារាមនានា គឺក្នុងគោលបំណងការពារទំនុកបម្រុង ផ្សព្វផ្សាយព្រះពុទ្ធសាសនាឲ្យបានចម្រុងចម្រើនតទៅអនាគត និងដើម្បីអប់រំបង្ហាត់បង្រៀនប្រជានុរាស្ដ្រខ្មែរទូទាំងប្រទេសឲ្យ មានចំណេះវិជ្ជា ចេះចងចាំ គោរពប្រណិប័តន៍ អនុវត្ដទៅតាមគន្លងធម៌។ ពង្សាវតារវត្ដ កោកកាកបានសរសេរថា ថ្ងៃដែលសំពៅនាំព្រះកែវមរកត និងព្រះត្រៃបិដកចូលមកដល់ទឹកដីខ្មែរ ត្រូវបានព្រះមហាក្សត្រខ្មែរព្រះបាទបទុមសុរិយវង្ស កំណត់ចាត់ទុកជាសករាជថ្មីមួយក្នុងប្រវត្ដិសាស្ដ្រខ្មែរ សករាជថ្មី មានឈ្មោះថា «ចុល្លសករាជ» ដែលត្រូវសន្មតចាប់ផ្ដើមដំបូងនៅក្នុងថ្ងៃ ១២កើត ខែចេត្រ ឆ្នាំកុរ ព.ស ១១៨៣ ក្នុងមហាសករាជ ៥៦១ និងត្រូវជាថ្ងៃទី ២២ មីនា គ.ស ៦៣៩ (តាមការស្រាវជ្រាវរបស់លោក F. G. Faraut) ។ ព្រះបទុមសុរិយវង្ស ព្រះអង្គទ្រង់គោរពបូជា ការពារ និងបានទំនុកបម្រុងព្រះពុទ្ធសាសនាឥតបីមានធ្វេសប្រហែស ព្រះអង្គបានកសាងប្រាង្គប្រាសាទ វត្ដ និងព្រះពុទ្ធបដិមាករជាច្រើនទុកជាកន្លែងសក្ការៈបូជាផ្ដល់នូវក្ដី សុខសប្បាយក្សេមក្សាន្តដល់ប្រជារាស្ដ្រក្នុងនគរ។ ដើម្បីទុកជាសញ្ញាជាប្រផ្នូលឲ្យខ្មែរប្រុសស្រីទាំងអស់ដឹង និងយល់អំពីដំណើរជីវិតរបស់ស្រុកទេស ព្រះបាទបទុមសុរិយវង្សបានកសាងព្រះពុទ្ធរូបព្រះចូលបរិនិព្វានមួយ អង្គយ៉ាងធំនៅប្រាសាទខ្វាវព្រះធាតុ ក្នុងស្រុកព្រហ្មទេព។ គេត្រូវពិនិត្យមើលទឹកភ្លៀងដែលធ្លាក់មកលើព្រះបាទបដិមាករ ៖
ព្រះរាជបុត្រព្រះបទុមសុរិយវង្ស មានបុត្រមួយព្រះអង្គព្រះនាមធនញ្ជ័យកុមារ ដែលប្រសូតក្នុងឆ្នាំឆ្លូវ ព.ស ១២៤៥ ត្រូវជា គ.ស ៧០១ ពង្សាវតារវត្ដកោកកាកបានសរសេរថា ព្រះអង្គមានព្រះរាជបុត្រទាំងអស់បួនព្រះអង្គ ដែលឡើងសោយរាជ្យបន្ដបន្ទាប់គ្នា។ ព្រះអង្គសោយរាជសម្បត្ដិក្នុងប្រទេសកម្ពុជាបាន ១០៩ឆ្នាំ។ ព្រះរាជបុត្រ របស់ព្រះអង្គ ព្រះជេដ្ឋាជ័យកុមារ ត្រូវឡើងសោយរាជ្យបន្ដ ហើយពិធីអភិសេកបានប្រព្រឹត្ដទៅនៅថ្ងៃ ៩កើត ខែបុស្ស ឆ្នាំរកា ព.ស១៣៩៧ ត្រូវជា គ.ស ៨៥៣ ដោយមានព្រះរាជបរមនាមព្រះបាទសម្ដេច បរមជេដ្ឋាជ័យរាជាធិបតី កាលនោះព្រះអង្គទើបតែបានព្រះជន្ម២៤វស្សា។ ព្រះអង្គជាព្រះមហាក្សត្រទី១៤(ក្នុងបញ្ហាឈ្មោះ ដើមកំណើតសែស្រឡាយ ថ្ងៃខែឆ្នាំកើតស្ដេចទាំងអស់នេះ គេមានការពិចារណាយ៉ាងច្រើនក្នុងការរៀបចំកំណត់ឲ្យបានត្រឹមត្រូវ ពីព្រោះពង្សាវតារ និងឯកសារផ្សេងៗ បានកត់ត្រាខុសអំពីគ្នាទាំងអស់ មានជាអាទិ ដូចពង្សាវតារកោកកាក ក្នុងស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល បានសរសេរថា ព្រះស្រីជ័យជេដ្ឋ ព្រះជេដ្ឋាជ័យ ព្រមទាំងព្រះធនញ្ជ័យគោរពរាជ្យសុទ្ធតែត្រូវជាបងប្អូនបង្កើត និងត្រូវជាកូនរបស់ព្រះបាទបទុមសុរិយវង្ស)។
ព្រំប្រទល់សីមាក្នុង សម័យនោះ ព្រំប្រទល់ដែនទឹកដីខ្មែរនៅទិសខាងលិច ត្រូវថយរួញមកនៅត្រឹម បស្ចិមបុរី ដែលសព្វថ្ងៃសៀមដាក់ឈ្មោះថា ប្រជិនបុរី ឬខេត្ដខាងកើត និងខាងជើងត្រឹមនគររាជសីមា ដែលសៀមកាឡៃប្ដូរឈ្មោះដាក់ជា កូរ៉ាត (គោរាជ) ជាមួយគ្នានេះដែរ ព្រះបទុមសុរិយវង្សបានដាក់កំណត់លក្ខខណ្ឌឲ្យគ្រប់ស្ដេចសៀមត្រូវតែ នាំផ្កាមាសមកថ្វាយព្រះមហាក្សត្រខ្មែរក្នុងមួយឆ្នាំម្ដង បន្ទាប់មកពញារោងក្រាបថ្វាយបង្គំព្រះរាជាសុំអនុញ្ញាតវិលត្រលប់ទៅ សុខោទ័យវិញ។ ពញារោងបានទស្សទ៍ទាយ ដាក់ទំនាយស្រុកខ្មែរថា នឹងរលត់រលាយវិនាសខ្ចាត់ខ្ចាយ នៅថ្ងៃដែលរូបសំណាកចៅពញាតេជោដាំដីត្រូវបាក់បែកខ្ទេចខ្ទីអស់ ។ ត្រង់ព្រះរោងនេះ បើតាមលោកកេង-វ៉ាន់សាក់លោកបានដឹងតាមរយៈឯកសាររបស់លោក អាដឺម៉ាឡឺក្លេរ លោកថាដោយសារមូលហេតុពីរយ៉ាងទើបស្ដេចជយវម៌្មទី៨ (ទី៨) ទីមួយដោយសារតែនាយរងនេះជាបងប្អូនបង្កើតផង មួយទៀតដោយទ្រង់ចង់ពង្រឹងនឹងអោយមានមូលដ្ឋាននៃពុទ្ធសាសនាផងទើបទ្រង់បានផ្ដាច់ទឹកដីនេះអោយទៅសៀមទៅ។ ក្នុងសម័យកាលនោះដែរ ប្រទេសខ្មែរមិនទាន់មានការគោរពប្រកាន់សាសនាឯកភាពតែមួយនៅឡើយ ក្នុងនោះស្ដេចជយវម៌្មទី៨ និង មហេសី ទ្រង់ទាំងពីរបានកាន់ពុទ្ធសាសនាតែបែបមហាយានដើម្បីសម្របសម្រួលទៅនឹងសាសនាពួកព្រាហ្មណ៍ផង និង ពួកសាសនាជីដែលជាសាសនាខ្មែរដើម ទើបក្រោយមកទៀតមានស្ដេចសំរែមួយអង្គត្រសក់ផ្អែមបានធ្វើបដិវត្តន៍ដើម្បីលើកតម្កើងជំនឿខ្មែរដើមមកវិញ (កិច្ចសម្ភាសន៍លោកកេង-វ៉ាន់សាក់នៅក្នុងវិទ្យុអាស៊ីសេរី ស្ដីអំពីព្រះបាទជយវម៌្មទី៨)។ ពង្សាវតារបស់សម្ដេចវាំងជួន បានសរសេរថា ព្រះអង្គបទុមសុរិយវង្សដែលមានភ្នែកទិព្វ អាចមើលឃើញអ្វីទាំងអស់បានកាត់ទឹកដីខ្មែរមួយផ្នែកនៅទិសខាងកើតគឺ ស្រុកគោកអង្ក្រងឲ្យទៅយួនដែរ។ ពីព្រោះព្រះអង្គមើលឃើញទៅអនាគត ថាស្រុកនេះនឹងក្លាយទៅជានគរមួយឯករាជ្យដែលគេពុំអាច បំផ្លិចបំផ្លាញបានឡើយ ពង្សាវតារដដែលនេះបានរៀបរាប់ថា នៅស្រុកគោកអង្ក្រង មានឈ្មួញលក់សូត្រម្នាក់ បាននាំខ្ញុំកំដរអ្នកបម្រើទៅនេសាទត្រី ខណៈនោះស្រាប់តែរើសបានត្រាមាសមួយក្នុងទឹក លើត្រានោះមានចារថា ព្រះបង្គាប់បញ្ជាតម្រូវឲ្យគាត់ធ្វើជាស្ដេច មនុស្សជាច្រើននាំគ្នាកុះករទៅសុំចំណុះចុះចូលនៅបម្រើជាមួយ ហើយបាននាំគ្នាតែងតាំងឈ្មួញនោះជាស្ដេច ដោយដាក់ឈ្មោះថាស្ដេចទេវតា ដូចនេះទឹកដីខ្មែរនៅទិសខាងកើតត្រូវរំកិលត្រឹម បារា និងដូនណយ (ដូនណៃ) ចំណែកព្រំប្រទល់ទឹកខ្មែរផ្នែកខាងជើង និងខាងត្បូងនៅដដែលឥតមានរើរុះផ្លាស់ប្ដូរទេ។ ឯកសារយោង
|
Portal di Ensiklopedia Dunia