យូហ្គោស្លាវី
ប្រទេសយូហ្គោស្លាវី[ស ១] គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបកណ្ដាល និងអាគ្នេយ៍ ដែលមានអត្ថិភាពពីឆ្នាំ១៩១៨ ដល់ឆ្នាំ១៩៩២។ រដ្ឋមួយនេះបានលេចចេញជារូបរាងឡើងនៅក្នុងឆ្នាំ១៩១៨[ស ២] បន្ទាប់ពីសង្គ្រាមលោកលើកទី១ បានបញ្ចប់ ដោយដំបូងមានឈ្មោះថា ព្រះរាជាណាចក្រស៊ែប ក្រូអាត និងស្លូវេន (កើតចេញពីការច្របាច់បញ្ចូលគ្នានៃព្រះរាជាណាចក្រស៊ែប៊ី ជាមួយនឹងបណ្ដារដ្ឋស្លូវេន ក្រូអាត និងស៊ែប ដែលសុទ្ធតែជាអតីតទឹកដីនៃចក្រភពអូទ្រីស-ហុងគ្រី)។ នៅទីបំផុត ប្រជាជនស្លាវខាងត្បូងបានរួបរួមគ្នាបង្កើតចេញជារដ្ឋអធិបតេយ្យមួយ ក្រោយពីបានស្ថិតនៅក្រោមការត្រួតត្រាពីបរទេសអស់ជាច្រើនសតវត្សមក ដូចជា ចក្រភពអូតូម៉ង់ និងអូទ្រីស-ហុងគ្រីជាដើម។ ស្ដេចស៊ែប៊ីព្រះនាម ពេទ័រទី១ បានក្លាយជាព្រះមហាក្សត្រដំបូងនៃរដ្ឋមួយនេះ។ ព្រះរាជាណាចក្រថ្មីថ្មោងនេះត្រូវបានគេទទួលស្គាល់ជាអន្តរជាតិនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩២២ នៅក្នុងសន្និសីទឯកអគ្គរដ្ឋទូតនៅឯទីក្រុងប៉ារីស។[៧] ឈ្មោះផ្លូវការរបស់រដ្ឋនេះត្រូវបានប្តូរមក ព្រះរាជាណាចក្រយូហ្គោស្លាវី នៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩២៩។ ព្រះរាជាណាចក្រយូហ្គោស្លាវីត្រូវបានមហាអំណាចអ័ក្សចូលឈ្លានពាននៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៤១។ មកដល់ឆ្នាំ១៩៤៣ សហព័ន្ធប្រជាធិបតេយ្យយូហ្គោស្លាវីត្រូវបានប្រកាសបង្កើតឡើងដោយចលនាតស៊ូបក្សព័ន្ធ។ នៅឆ្នាំ១៩៤៤ ព្រះមហាក្សត្រយូហ្គោស្លាវីដែលត្រូវបាននិរទេសក្រៅស្រុក ព្រះនាមពេទ័រទី២ បានប្រកាសទទួលស្គាល់សហព័ន្ធនោះថាជារដ្ឋាភិបាលស្របច្បាប់។ រដ្ឋាភិបាលកុម្មុយនីស្តថ្មីត្រូវបានប្រជាជនបោះឆ្នោតជ្រើសរើសនៅខែវិច្ឆិកា ឆ្នាំ១៩៤៥ ហើយរបបរាជានិយមពីមុនក៏ត្រូវបានលុបបំបាត់ចោល ខណៈឈ្មោះផ្លូវការនៃប្រទេសត្រូវបានប្តូរទៅ សាធារណរដ្ឋប្រជាមានិតសហព័ន្ធយូហ្គោស្លាវី។ ជាថ្នូរនឹងវិនាសកម្មក្នុងសង្គ្រាមលោកលើកទី២ ទឹកដីនៃប្រទេសអ៊ីតាលីដូចជា អ៊ីស្ត្រា រីជេកា និងហ្សាដារ ត្រូវបានកាត់ប្រគល់ឱ្យយូហ្គោស្លាវី។ មេដឹកនាំនៃអតីតចលនាបក្សព័ន្ធលោកយ៉ូស៊ីប ប្រូហ្ស ទីតូបានឡើងគ្រប់គ្រងប្រទេសយូហ្គោស្លាវីពីឆ្នាំ១៩៤៤ ក្នុងនាមជានាយករដ្ឋមន្ត្រី ហើយក្រោយមកជាប្រធានាធិបតីរហូតដល់ថ្ងៃមរណៈរបស់គាត់នៅក្នុងឆ្នាំ១៩៨០។ នៅឆ្នាំ១៩៦៣ ប្រទេសនេះត្រូវបានប្តូរឈ្មោះជាលើកចុងក្រោយមក សាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី (សសសយ)។ នៅក្នុងសហព័ន្ធយូហ្គោស្លាវីគឺមានសាធារណរដ្ឋធម្មនុញ្ញចំនួនប្រាំមួយដែលផ្សំបញ្ចូលគ្នាបង្កើតបានជារដ្ឋប្រទេសមួយនេះ ដោយក្នុងនោះមានដូចជា សាធារណរដ្ឋសង្គមនិយមបូសនី-អ៊ែរសេកូវីន ក្រូអាត ម៉ាសេដ្វាន ម៉ុងតេណេគ្រោ ស៊ែប៊ី និងស្លូវេនី។ ចំណែកនៅក្នុងសាធារណរដ្ឋសង្គមនិយមស៊ែប៊ីវិញគឺមានខេត្តស្វយ័តសង្គមនិយមចំនួនពីរ ពោលគឺ កូសូវ៉ូ និងវយវ៉ូឌីន ហើយនៅក្រោយឆ្នាំ១៩៧៤ ខេត្តទាំងពីរបានទទួលស្វ័យភាពស្មើនឹងសមាជិកដទៃទៀតនៅក្នុងសហព័ន្ធ។[៨][៩] បន្ទាប់ពីបានជួបនូវវិបត្តិសេដ្ឋកិច្ច និងនយោបាយក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ គំនិតជាតិនិយម និងជម្លោះក្រុមជនជាតិបានរីករាលសាយទៅពាសពេញផ្ទៃប្រទេស ហើយទីបំផុត យូហ្គោស្លាវីក៏បានបែកបាក់ទៅតាមសាធារណរដ្ឋរៀងៗខ្លួន ដែលដំបូងឡើយបែកចេញជាប្រាំប្រទេស រួចបានបង្កកើតចេញជាសង្រ្គាមយូហ្គោស្លាវី។ ដោយសារតែភាពឃោរឃៅនៅក្នុងសង្គ្រាមនេះ សហគមន៍អន្តរជាតិបានបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់អតីតយូហ្គោស្លាវីឡើងដើម្បីកាត់ទោសមេដឹកនាំនយោបាយ និងយោធាពីអតីតយូហ្គោស្លាវីពីបទឧក្រិដ្ឋកម្មសង្រ្គាម អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មផ្សេងៗទៀតដែលបានប្រព្រឹត្តក្នុងអំឡុងពេលសង្រ្គាម។ ក្រោយការបែកបាក់រដ្ឋ សាធារណរដ្ឋម៉ុងតេណេគ្រោ និងស៊ែប៊ីបានរួមគ្នាបង្កើតរដ្ឋសហព័ន្ធថ្មីមួយឡើងដែលមានឈ្មោះថា សាធារណរដ្ឋសហព័ន្ធយូហ្គោស្លាវី (សសយ)។ រដ្ឋសហព័ន្ធថ្មីនេះបានអះអាងថាខ្លួនគឺជារដ្ឋស្នងស្របច្បាប់តែមួយគត់បន្តពី សសសយ ប៉ុន្តែអំណះអំណាងអស់នេះត្រូវបានប្រឆាំងដោយអតីតសាធារណរដ្ឋនៃយូហ្គោស្លាវីពីមុន។ ដោយទទួលយកមតិយោបល់ពីគណៈកម្មាធិការមជ្ឈត្តកម្មបាដង់ទែរ[១០] សសយ ក៏សម្រេចប្តូរឈ្មោះផ្លូវការទៅជា ស៊ែប៊ី និងម៉ុងតេណេគ្រោ នៅក្នុងឆ្នាំ២០០៣។ មកដល់ត្រឹមឆ្នាំ២០០៦ រដ្ឋមួយបានរំលាយខ្លួនជាផ្លូវការបន្ទាប់ពីម៉ុងតេណេគ្រោ និងស៊ែប៊ីបានប្រកាសជារដ្ឋឯករាជ្យរៀងៗខ្លួន ខណៈរដ្ឋកូសូវ៉ូកំពុងមានជម្លោះទាក់ទិននឹងអធិបតេយ្យភាពខ្លួនចាប់តាំងពីបានប្រកាសឯករាជ្យនៅក្នុងឆ្នាំ២០០៨ មក។ ផ្ទៃរឿងគំនិតទាក់ទងនឹងការបង្កើតរដ្ឋតែមួយសម្រាប់ជនជាតិស្លាវខាងត្បូងរួមបានផុសចេញមកឡើងនៅចុងសតវត្សរ៍ទី១៧ និងចាប់មានប្រជាប្រិយភាពតាមរយៈចលនាអ៊ីលលីរីនៅក្នុងសតវត្សរ៍ទី១៩។ ឈ្មោះរដ្ឋនេះគឺបានមកពីការច្របាច់បញ្ចូលគ្នានៃពាក្យស្លាវថា jug (ប្រែមកថា "ត្បូង") និង Slaveni/Sloveni (ប្រែថា ស្លាវ)។ ចលនាបង្កើតរដ្ឋយូហ្គោស្លាវីជាផ្លូវការត្រូវបានពន្លឿនយ៉ាងរហ័សបន្ទាប់ពីសេចក្ដីប្រកាសគ័រហ្វូឆ្នាំ១៩១៧ បានធ្វើឡើងរវាងគណៈកម្មាធិការយូហ្គោស្លាវី និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រស៊ែប៊ី។[១១] ព្រះរាជាណាចក្រប្រទេសមួយនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩១៨ ភ្លាមៗក្រោយសង្គ្រាមលោកលើកទី១ បានបញ្ចប់ ដោយដំបូងឡើយមានឈ្មោះថា ព្រះរាជាណាចក្រស៊ែប ក្រូអាត និងស្លូវេនី ដែលជាសហភាពរវាងរដ្ឋស្លូវេន ក្រូអាត និងស៊ែប ជាមួយនឹងព្រះរាជាណាចក្រស៊ែប៊ី។[១២] វាត្រូវបានគេស្គាល់ជាទូទៅនៅសម័យនោះថាជា "រដ្ឋវែសៃ"។[១៣] ក្រោយមក ទើបព្រះរាជាអាឡិចសាន់ដឺទី១ បានប្តូរឈ្មោះប្រទេសមកជា យូហ្គោស្លាវី នៅឆ្នាំ១៩២៩។[១៤] រជ្ជកាលអាឡិចសាន់ដឺនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩២៨ សមាជិកសភាតំណាងស៊ែប៊ីឈ្មោះពូនីសា រ៉ាឈីកបានធ្វើការបាញ់ប្រហារទៅលើសមាជិកប្រាំរូបនៃគណបក្សកសិករក្រូអាត ដែលត្រូវជាបក្សប្រឆាំងនៅក្នុងរដ្ឋសភានាពេលនោះ បង្កឱ្យសមាជិកពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយប្រមាណពីរបីសប្តាហ៍ក្រោយក៏ស្លាប់មេដឹកនាំបក្សម្នាក់ទៀតដោយសាររបួសធ្ងន់ធ្ងរ។[១៥] នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩២៩ ព្រះមហាក្សត្រអាឡិចសាន់ដឺទី១ បានលុបចោលនូវរដ្ឋធម្មនុញ្ញយូហ្គោស្លាវី ទម្លាក់គណបក្សនយោបាយទាំងប៉ុន្មាននៅក្នុងសភា រួចទ្រង់ឡើងកាន់អំណាចប្រតិបត្តិ និងប្តូរឈ្មោះប្រទេសមកជាយូហ្គោស្លាវី។[១៤][១៦] ព្រះអង្គធ្វើបែបនេះក៏ព្រោះតែចង់ទប់ស្កាត់និន្នាការបំបែករដ្ឋ និងកាត់បន្ថយគំនិតជាតិនិយមនៅតាមរដ្ឋនីមួយៗក្នុងព្រះនគររបស់ទ្រង់។ នៅក្នុងឆ្នាំ១៩៣១ ព្រះអង្គបានប្រកាសរដ្ឋធម្មនុញ្ញថ្មី ហើយបានប្រគល់អំណាចនយោបាយទៅរដ្ឋាភិបាលស៊ីវិលវិញ។[១៧] មិនយូរប៉ុន្មាន គោលនយោបាយទាំងអស់ដែលបានដាក់ចេញអនុវត្តដោយព្រះអង្គម្ចាស់អាឡិចសាន់ដឺត្រូវរងការប្រឆាំងពីមហាអំណាចអឺរ៉ុបផ្សេងៗ ពិសេសគឺនៅក្នុងប្រទេសអ៊ីតាលី និងអាល្លឺម៉ង់ ដែលមនោគមវិជ្ជាហ្វាស៊ីស និងណាស៊ីបានកំពុងរីករាលដាលពាសពេញផ្ទៃប្រទេសទាំងពីរ ហើយនិងសហភាពសូវៀត ដែលកំពុងស្ថិតនៅក្រោមមេផ្ដាច់ការហ្សូសែហ្វ ស្តាលីន។[ត្រូវការអំណះអំណាង] កំណត់សម្គាល់
ឯកសារយោង
|
Portal di Ensiklopedia Dunia