ឧបសេនវង្គន្តបុត្តព្រះឧបសេនវង្គន្តបុត្តត្ថេរ គឺជាព្រះអរហន្តសាវកមួយអង្គ មានតំណែងឋានន្តរសក្តិ និងទ្រទ្រង់កេរ្តិ៍ឈ្មោះក្នុងចំណោមព្រះមហាសាវកនៃព្រះពុទ្ធ ទាំងជាកម្លាំងសំខាន់ក្នុងការផ្សព្វផ្សាយព្រះធម្មវិន័យនៃព្រះពុទ្ធសាសនាអោយទូលំទូលាយទៅ។ អតីតជាតិព្រះបទុមុត្តរៈសម្មាសម្ពុទ្ធសម័យមួយលោកបានចូលគាល់ព្រះបទុមុត្តរៈសម្ពុទ្ធ បានឃើញផ្កាកណិការី ក៏កាច់ផ្កានោះត្រង់ទង យកមកធើ្វប្រដាប់លើឆ័ត្រ ហើយបង្អោនចូលទៅថ្វាយព្រះសម្ពុទ្ធ និងបានប្រគេនភត្តដល់ភិក្ខុសង្ឃ៨អង្គ មានព្រះបទុមុត្តរៈសម្ពុទ្ធជាប្រធានរួមជា៩អង្គ។ ព្រះអង្គបានត្រាស់អនុមោទនា ការថ្វាយស្វេតច្ឆ័ត្រផ្កាកណិកា និងការប្រគេនអាហាររបស់ខ្ញុំថា ដោយសេចក្តីជ្រះថ្លានៃកុលបុត្រនេះ កុលបុត្រនេះនឹងបានសោយទិព្វសម្បត្តិ ជាកំពូលនៃទេវតាទាំងឡាយ ក្នុងឋានសួគ៌៣០ជាតិ នឹងបានជាសេ្តចចក្រពត្តិ ២១ជាតិ ហើយនឹងបានជារាជាក្នុងបទេសរាជ រាប់ចំនួនមិនបាន កុលបុត្រនោះនឹងបានជាសាវ័ករបស់ព្រះគោតមសម្ពុទ្ធក្នុងកាលអនាគត មាននាមថាឧបសេន។ បច្ចុប្បន្នជាតិជីវប្រវត្តិព្រះឧបសេនជាបុត្ររបស់វង្គន្តព្រាហ្មណ៍ ដែលជាមេស្រុក និងនាងសារីព្រាហ្មណីក្នុងស្រុកឈ្មោះនាលកៈ ឬហៅថា នាលន្ទា ក្នុងដែនមគធរដ្ឋ។ ហេតុដែលហៅថា ឧបសេនវង្គន្តបុត្ត ព្រោះ ឈ្មោះរបស់លោកឧបសេនត្រូវបានបូកជាមួយនឹងឈ្មោះរបស់បិតា វង្គន្តៈ។ លោកជាប្អូនប្រុសរបស់ព្រះសារីបុត្រត្ថេរ។ លោកមានបងប្អូនទាំងអស់៧នាក់ ប្រុស៤នាក់ ស្រី៣នាក់។ ប្រុស៤នាក់គឺ ព្រះសារីបុត្តត្ថេរ១ ព្រះចុន្ទត្ថេរ១ ព្រះឧបសេនត្ថេរ១ ព្រះរេវតត្ថេរ១។ ស្រី៣នាក់គឺ នាងចាលា១ ឧបចាលា១ និងនាងសីសុបចាលា១។ ឧបសេនមាណព មានវ័យចម្រើនឡើងបានរៀនចប់វិជ្ជាត្រៃវេទក្នុងសាសនារបស់ព្រាហ្មណ៍តាមត្រកូល មានការបូជាយញ្ញជាមន្តសម្រាប់សែនបួងសួង និងសូត្រអង្វរព្រះជាម្ចាស់របស់គេដើម្បីសុំសេចក្តីសុខនិងការប្រាថ្នាផ្សេងៗ។ បព្វជ្ជាក្រោយមកឧបសេនមាណពបានទៅគាល់ព្រះមានព្រះភាគ ហើយបានស្តាប់ព្រះធម៌របស់ព្រះបរមសាស្តា មានសទ្ធាជ្រះថ្លា គឺការជឿក្នុងព្រះពុទ្ធសាសនា ហើយបានចេញបព្វជ្ជាជាភិក្ខុប្រព្រឹត្តបដិបត្តិសមណកិច្ចតាមនាទី។ ការបញ្ញតសិក្ខាបទរបស់ព្រះសាស្តាក្រោយពីបព្វជ្ជាហើយបាន១វស្សា ព្រះឧបសេនវង្គន្តបុត្ត គិតចង់ជួយធ្វើអោយព្រះសាសនារីកចម្រើន ទើបតាំងខ្លួនជាឧបជ្ឈាយ៍បំបួសកុលបុត្រមួយក្នុងសម្មាក់របស់លោក។ ក្នុងវស្សាទី ២ លោកក៏បាននាំសិស្សដែលបានបំបួសអស់១វស្សានោះទៅគាល់ព្រះសាស្តា។ ព្រះមានព្រះភាគត្រាស់សួរថា "ម្នាលឧបសេន អ្នកបួសបានប៉ុន្មានវស្សាហើយ?" ព្រះឧបសេនវង្គន្តបុត្តក្រាបទូលថា "បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបួសបានពីរវស្សាហើយ ព្រះអង្គ"។ ព្រះបរមសាស្តាត្រាស់សួរបន្ត "ភិក្ខុរូបនេះបួសបានប៉ុន្មានវស្សា?" ព្រះឧបសេនវង្គន្តបុត្តទូលតបថា "បពិត្រព្រះអង្គ ភិក្ខុរូបនេះបួសបានមួយវស្សាហើយ ព្រះអង្គ" ព្រះអង្គត្រាស់សួរទៀតថា ម្នាលឧបសេន ភិក្ខុរូបនេះត្រូវជាអ្វីនឹងអ្នក? ព្រះឧបសេនវង្គន្តបុត្តទូលថា បពិត្រព្រះអង្គ ភិក្ខុរូបនេះជាសទ្ធិវិហារិករបស់ខ្ញុំព្រះអង្គ ព្រះឧបសេនវង្គន្តបុត្តក្រាបទូល ដោយប្រាថ្នានឹងបានទទួលស្តាប់ពុទ្ធតម្រាស់សរសើរអំពីហេតុដែលខ្លួនគិត។ សម្រេចគុណធម៌ជាន់ខ្ពស់ក្រោយពីត្រូវព្រះសាស្តាតិះដៀលហើយ ព្រះឧបសេនវង្គន្តបុត្តក្រាបថ្វាយបង្គំលាចេញពីទីគាល់ ហើយគិតថា យើងត្រូវតិះដៀលព្រោះបរិវារ យើងនឹងអោយព្រះពុទ្ធអង្គប្រទានសាធុកាដល់យើងព្រះអាស្រ័យបរិវាររបស់យើង ដោយទ្រង់មានព្រះភក្ត្រដែលប្រៀបដូចព្រះចន្ទពេញវង់ដូច្នោះ។ កាលគិតហើយ លោកក៏ទៅចម្រើនវិប្សនានៅក្នុងទីកន្លែងដ៏សមគួរមួយដោយមិនប្រមាទ មិនយូរប៉ុន្មានលោកក៏សម្រេចព្រះអរហត្ត ជាព្រះអរិយបុគ្គលជាន់ខ្ពស់ក្នុងព្រះពុទ្ធសាសនា ហើយលោកជាអ្នកប្រព្រឹត្តនៅក្នុងធុតង្គ ១៣ប្រការ ទាំងលោកបានឈ្មោះថា មានសិស្សនិងបរិវារច្រើន។ ១០គាថាក្រោយពីបានជាព្រះអរហន្តហើយ ព្រះឧបសេនវង្គន្តបុត្តត្ថេរ បានពោលគាថាទុក១០គាថា មាននៅក្នុងបាលីគម្ពីរខុទ្ធកនិកាយថេរគាថា មានសេចក្តីថា
ហេតុដែលកុលបុត្រជ្រះថ្លាមូលហេតុដែលកុលបុត្រជ្រះថ្លា ចូលមកបព្វជ្ជាឧបសម្បទាក្នុងសម្នាក់របស់លោកច្រើនដូច្នោះ ព្រោះព្រះឧបសេនវង្គន្តបុត្តចេញបព្វជ្ជាអំពីត្រកូលធំ១ លោកជាធម្មកថិកដ៏ឈ្លាស សម្តែងធម៌ដែលប្រៀបដូចជាផែនដី១ ទើបមានកុលបុត្រចំនួនច្រើនមានសទ្ធាជ្រះថ្លា គឺមានជំនឿនិងជ្រះថ្លាក្នុងធម្មកថារបស់លោក ហើយចេញបួសក្នុងសម្នាក់របស់លោក អំពីត្រកូលដែលជាញាតិខ្លះ ជាមិត្តសម្លាញ់ខ្លះ និងត្រកូលអាមាត្យខ្លះ។ មុននឹងលោកបំបួសកុលបុត្រ លោកតែងពោលថា ខ្ញុំជាអ្នកសមាទានអារញ្ញិកធុតង្គ កាលពួកលោកអាចកាន់ធុតង្គបាន ពួកលោកក៏នឹងបានបព្វជ្ជា។ ទើបលោកបង្រៀនធុតង្គដល់អ្នកទាំងនោះ។ លុះលោកមានវស្សាគំរប់១០ហើយ ទើបលោកបព្វជ្ជាកុលបុត្រទាំងនោះមានប្រមាណ៥០០នាក់ជាភិក្ខុ។ ក្នុងសម័យមួយ ព្រះបរមសាស្តាប្រថាប់នៅក្នុងវត្តជេតពនមហាវិហារ ត្រាស់ប្រាប់ភិក្ខុសង្ឃថា ព្រះអង្គប្រាថ្នានឹងនៅតែម្នាក់ឯង មិនទាក់ទងជាមួយភិក្ខុណាមួយឡើយ។ ចំណែកភិក្ខុទាំងឡាយ ក៏តាំងកតិកាគ្នាឡើងថា "អ្នកណាចូលទៅគាល់ព្រះមានព្រះភាគ ត្រូវអោយអ្នកនោះសម្តែងអាបត្តិបាចិត្តិយៈចេញ"។ គ្រានោះព្រះឧបសេនវង្គន្តបុត្តគិតថានឹងមកគាល់ព្រះសាស្តា ទើបមកកាន់វត្តជេតពនមហាវិហារ ជាមួយនឹងបរិវាររបស់លោក បានចូលថ្វាយបង្គំព្រះបរមលោកនាថហើយ គង់ចុះក្នុងទីដ៏សមគួរ។ ព្រះអង្គក៏ត្រាស់ជាមួយនឹងសទ្ធិវិហារិកមួយរូបរបស់ព្រះឧបសេនវង្គន្តបុត្តត្ថេរថា "នែ៎ភិក្ខុ សំពត់បង្សុកូលជាទីពេញចិត្តរបស់អ្នកឬ?" បពិត្រព្រះអង្គដ៏ចម្រើន សំពត់បង្សុកូលមិនជាទីពេញចិត្តរបស់ខ្ញុំព្រះអង្គទេ ការដែលកាន់បង្សុកូលិកធុតង្គរបស់ខ្ញុំព្រះអង្គ ព្រោះការគោរពក្នុងព្រះឧបជ្ឈាយ៍របស់ខ្ញុំព្រះអង្គ។ ព្រះសាស្តាទ្រង់ប្រទានសាធុការដល់ព្រះឧបសេនវង្គន្តបុត្តត្ថេរថា ល្អហើយៗ ឧបសេន ។ តំណែងសម័យក្រោយមក ព្រះសាស្តាស្តេចចេញប្រថាប់គង់កណ្តាលព្រះអរិយសង្ឃ ទ្រង់សរសើរគុណតែងតាំងព្រះឧបសេនវង្គន្តបុត្តត្ថេរ ទុកក្នុងឋានន្តរសមណសក្តិថា ម្នាលភិក្ខុទាំងឡាយ ឧបសេន ជាអ្នកប្រសើរជាងភិក្ខុទាំងឡាយ ដែលជាសាវករបស់តថាគត ផ្នែកនាំមកនូវសេចក្តីជ្រះថា្លដោយជុំវិញ ឬដោយទូទៅក្នុងពួកជនទាំងថ្នាក់ខ្ពស់ និងថ្នាក់ទាប។ សេចក្តីពន្យល់ទុក្កដ ជាឈ្មោះអាបត្តិមួយជំពូកក្នុងអាបត្តិទាំង៧យ៉ាង បានដល់ បារាជិក សង្ឃាទិសេស ថុល្លច្ច័យ បាចិត្តយៈ បាដិសេទនិយៈ ទុក្កដ ទុព្ភាសិត។ យោងព្រះអសីតិមហាសាវក |
Portal di Ensiklopedia Dunia