ជយវម៌្មទី៥
វ្រះបាទជយវម៌្មទី៥ (ជ័យពម៌ទី៥) រជ្ជកាល (គ.ស ៩៦៨-១០០១) គឺជាក្សត្រមួយអង្គនៃកម្វុជទេឝ ព្រះនាមពេញ ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីជយវម៌្មទេវ (ធូលីព្រះបាទ ធូលីជើងព្រះគម្ដែង អញស្រីជ័យពម៌ទេព)។ ព្រះអង្គកសាងបង្ហើយប្រាសាទកែវ ឬតាកែវ។ រាជគ្រូព្រាហ្មណ៍យជ្ញវរាហ។ រាជបុរោហិតព្រាហ្មណ៍ ស្តេងអញ ឝិវាចាយ៌្យ ជាចៅរបស់ព្រាហ្មណ៍អាត្មឝិវ។ ក្រោយពីវ្រះបាទរាជេន្ទ្រវម៌្មទី២ ទ្រង់សោយទិវង្គតទៅ ព្រះរាជបុត្ររបស់ព្រះអង្គដែលទ្រង់នៅមានវ័យក្មេងណាស់នៅឡើយ ទ្រង់បានឡើងសោយរាជ្យស្នងព្រះអង្គ ដែលមានព្រះនាមក្នុងរាជ្យថា វ្រះបាទជយវម៌្មទី៥។ ក៏ប៉ុន្តែប្រហែល ៦ ឆ្នាំក្រោយ ទើបព្រះអង្គកាន់អំណាចពិតប្រាកដ។ វ្រះបាទជយវម៌្មទី៥ ទ្រង់ជាស្ដេចដែលមានចំណេះវិជ្ជាជ្រៅជ្រះ ដោយបានទទួលការអប់រំពីសំណាក់ព្រះគ្រូបាធ្យាយព្រះអង្គគឺព្រាហ្មណ៍យជ្ញវរាហ ហើយទ្រង់មានព្រះទ័យសន្តោសប្រោសប្រណី និងយុត្តិធម៌ណាស់។ ថ្វីត្បិតតែព្រះអង្គ និងមន្ត្រីជាន់ខ្ពស់មួយចំនួនកាន់សាសនាព្រះឝិវ ក៏ប៉ុន្តែរជ្ជកាលនេះក៏ដូចជារជ្ជកាលមុនៗដែរ ព្រះអង្គទ្រង់បានជួយឧបត្ថម្ភព្រះពុទ្ធសាសនា ដូចជាទ្រង់បានបញ្ជាអោយមន្ត្រីជាន់ខ្ពស់របស់ព្រះអង្គម្នាក់ឈ្មោះ គតិ ខិតខំខ្នះខ្នែងជួសជុល និងកសាងបន្ថែមថ្មីនូវព្រះពុទ្ធបដិមាជាច្រើន ហើយបានជាវពីបរទេសនូវក្បួនខ្នាតគម្ពីរដីកាផ្សេងៗខាងព្រះពុទ្ធសាសនាមហាយាន ថែមទៀតផង។ ក្នុងរជ្ជកាលរបស់ព្រះអង្គ វ្រះបាទជយវម៌្មទី៥ ទ្រង់បានកសាងប្រាសាទតាកែវ ដែលចាត់ទុកថា ជាភ្នំហេមគីរី នៅចំកណ្ដាលក្រុងថ្មី ជយេន្ទ្រនគរី ដែលព្រះអង្គទ្រង់បានបង្កើតឡើង។ ឯព្រះគ្រូយជ្ញវរាហវិញ បានបង្កើតស្នាដៃដ៏ប្រណីតបន្ទាយស្រីផងដែរ។ វ្រះបាទជយវម៌្មទី៥ ទ្រង់បានឡើងគ្រងរាជ្យនៅឆ្នាំ ៩៦៨ ហើយសោយទិវង្គតនៅឆ្នាំ ១០០១ ដែលមានព្រះមរណនាមថា វ្រះបាទបរមវិរលោក (ព្រះបាទបរមវីរលោក)។ (បើរាប់ទាំងស្ទួនដល់ទៅបីអង្គ ទ្រង់ត្រូវលេខរៀងថា ជយវម៌្មទី៨) [១] ប៉ុន្មានឆ្នាំដំបូងជយវម៌្មទី៥ បានស្នងរាជ្យបន្តពីព្រះបិតាទ្រង់ រាជេន្ទ្រវម៌្មទី២ នៅពេលនោះព្រះអង្គមានព្រះជន្មត្រឹមតែដប់វស្សា។ កំឡុងប៉ុន្មានឆ្នាំដំបូង ពួកមន្ត្រីក្នុងរាជវាំងនេះបានត្រួតពិនិត្យព្រះរាជកិច្ច។ ទ្រង់បានសិក្សាក្រោមបង្គាប់ព្រះរាជគ្រូដ៏សំបូរទៅដោយចំណេះដឹងមួយរូបគឺ យជ្ញវរាហ ជាព្រះនត្តានៃវ្រះបាទហឝ៌វម៌្មទី១។ យជ្ញវរាហជាអ្នកប្រាជ្ញដ៏ខ្លាំងពូកែ ដូច្នេះទ្រង់គឺជា "អ្នកទីមួយដែលមានចំណេះដឹងអំពីពុទ្ធសាសនា វេជ្ជសាស្ត្រ និង តារាសាស្ត្រ" [២] និងនៅឆ្នាំ ៩៦៧ ទ្រង់បានកសាងប្រាសាទបន្ទាយស្រី ចាត់ទុកថាជារតនវត្ថុនៃសិល្បៈខ្មែរដោយសារសោភ័ណភាពដ៏ស្រស់ស្អាត និង ចំលាក់លៀនរាក់ៗ។ នៅពេលជយវម៌្មមានព្រះជន្មបានដប់ប្រាំពីរវស្សា ទ្រង់បានចាប់ផ្ដើមការសាងសំណង់ទីកន្លែងសក្ការៈបូជារដ្ឋរបស់ព្រះអង្គគឺ ប្រាសាទតាកែវ។ យ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ដែលមិនអាចស្មានទុកបាន បានកើតឡើងនៅពេលនោះគឺមហាគ្រឹះត្រូវបានបាញ់ដោយរន្ទះបាញ់កំឡុងពេលសាងសង់។ រឿងនេះវាបាននាំមកនូវប្រផ្នូលអាក្រក់ ពួកព្រាហ្មណ៍នៅក្នុងរាជវាំងបានធ្វើពិធីបណ្ដេញព្រាយបិសាច ក្រោយមក ថ្ម និងដំរីត្រូវបាននាំយកមកដើម្បីបញ្ចប់ការងារសាងសង់នេះ ផ្ទុយទៅវិញវាមិនបានសំរេចបង្ហើយនៅឡើយ។ សំណង់នេះត្រូវបានគេបន្សល់ទុកដោយមិនទាន់បានបញ្ចប់។[៣] ពង្សាវលី
ពួកឥស្សរជនដឹកនាំប្រទេសគ្រួសារអភិជនបានគ្រប់គ្រងព្រះរាជវាំងរបស់ជយវម៌្មទី៥។ លោកប៊្រិហ្គស៍ សរសេរថា "ទំនងជាមិនមានរជ្ជកាលណាក្នុងប្រវត្តិសាស្ត្រខ្មែរបុរាណដែលនៅក្នុងនោះពួកមន្ត្រី អ្នកប្រាជ្ញ និង អ្នកមានបុណ្យសក្ដិជាច្រើនត្រូវបានគេវែកញែកក្នុងសិលាចារឹកជាច្រើន។"[៤] អាត្មឝិវបានធ្វើការបំរើក្រោមរាជ្យព្រះមហាក្សត្រអង្គមុនពីរអង្គជា រាជបុរោហិត និង មហាព្រាហ្មណ៍។ និងនរាយណ៍ ក៏បានបំរើក្រោមរាជ្យវ្រះបាទរាជេន្ទ្រវម៌្មទី២ជា ហោត្រ របស់ទ្រង់ ក៏ជាព្រាហ្មណ៍ជាន់ខ្ពស់មួយរូបដែរ។ យ៉ាងណាក្ដី គ្រួសារគ្រប់គ្រងដ៏មានឥទ្ធិពល និង អំណាចបំផុតក្នុងចំណោមគ្រួសារទាំងអស់នោះគឺត្រកូលសប្តទេវកុលដែលបានពិនិត្យចាត់ចែងរាជកិច្ចភាគច្រើនបំផុត។ គួរអោយចាប់អារម្មណ៍ដែលនោះ ត្រកូលនេះក៏បានជួយជ្រោមជ្រែងវ្រះបាទសូរ្យវម៌្មទី១ ឈោងយកអំណាចបាននៅឆ្នាំ ១០០២។ ប្រាសាទ
ការផុសឡើងនៃពុទ្ធសាសនាមហាយាន: ការផុសឡើងនៃអំណាចស្ត្រីទោះបីយ៉ាងណា ជយវម៌្មទី៥គឺជាអ្នកឝៃវ ព្រះអង្គក៏មានការសណ្ដោសប្រណីយ៉ាងខ្លាំងចំពោះពុទ្ធសាសនាដែរ។ និងនៅក្រោមរជ្ជកាលរបស់ទ្រង់ ពុទ្ធសាសនាបានរុងរឿងរីកចំរើន។ កិរ្តិបណ្ឌិត មន្ត្រីពុទ្ធសាសនារបស់ទ្រង់ បាននាំយកអត្ថបទបុរាណពីដែនដីបរទេសចូលមកកម្ពុជទេឝ យ៉ាងណាក្ដីវាមិនបាននៅគង់វង្សទេ។ ទ្រង់មិនតែប៉ុណ្ណោះបានបង្គាប់បញ្ជាដល់បព្វជិតទាំងនោះឱ្យប្រើអ្នកសូត្រមន្តពុទ្ធសាសនាសូត្រមន្តដូចខាងព្រហ្មញ្ញសាសនាកំឡុងពេលធ្វើពិធីសាសនា។ ព្រះពុទ្ធបង្រៀនឱ្យមានមេត្តាធម៌ចំពោះសព្វសត្វទាំងឡាយ និង ការងើបឡើងនៃពុទ្ធសាសនាកំឡុងរជ្ជកាលជយវម៌្មទី៥ ក៏បាននាំឱ្យស្ត្រីឈានដល់មុខតំណែងខ្ពង់ខ្ពស់ជាច្រើន។ ជហវី ប្អូនស្រីនៃយជ្ញវរាហ បានជួយរៃអង្គាសថវិកាដើម្បីការសាងសង់បន្ទាយស្រី ដែលពេលនោះប្រាសាទនេះមិនបានកសាងឡើងដោយព្រះមហាក្សត្រអង្គនេះឡើយ។ ប្រាណស្ថិតនៅក្នុងគ្រួសារសប្តទេវកុលគឺជាទីប្រឹក្សាជាទីទុកចិត្តរបស់ព្រះអង្គ។ "ស្មេរចិនកោតសរសើរដល់ស្ត្រីនៅកម្វុជទេឝចំពោះចំណេះវិជ្ជាខាងហោរាសាស្ត្រ និង រាជការរបស់ខ្លួន និងនិយាយថាស្ត្រីក្នុងខត្តិយវង្សជួនកាលបានកាន់តំណែងនយោបាយ រួមមានជាចៅក្រមទៀតផង។" [៤] បច្ឆាមរណនាមរជ្ជកាលរបស់ជយវម៌្មទី៥ បានបន្តអស់រយៈពេលប្រហែល ៣០ ឆ្នាំ និងនគររបស់ទ្រង់មានសន្តិភាព និង រុងរឿង។ ទ្រង់បានសោយទិវង្គតនៅឆ្នាំ ១០០១ និងទទួលបានបច្ឆាមរណនាម វ្រះបាទបរមវិរលោក។
កំណត់
ឯកសារយោង
|
Portal di Ensiklopedia Dunia