នាយករដ្ឋមន្ត្រីថៃ
នាយករដ្ឋមន្ត្រីថៃ (សៀម៖ นายกรัฐมนตรีไทย) គឺជាប្រមុខរដ្ឋាភិបាលនៃប្រទេសថៃ។ នាយករដ្ឋមន្រ្តីក៏ត្រូវជាប្រធាននៃគណៈរដ្ឋមន្ត្រីថៃផងដែរ។ តំណែងនេះត្រូវបានបង្កើតឡើងក្រោយបដិវត្តន៍ឆ្នាំ១៩៣២ នៅពេលដែលប្រទេសថៃបានប្តូរមកប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ មុនរដ្ឋប្រហារ នាយករដ្ឋមន្ត្រីត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយទទួលយកសម្លេងភាគច្រើននៅក្នុងសភាតំណាងរាស្ត្រ ហើយក្រោយមកគឺត្រូវតែងតាំងដោយព្រះមហាក្សត្រ។ ការជ្រើសរើសនៅក្នុងសភានីមួយៗគឺផ្អែកទៅលើថា នាយករដ្ឋមន្រ្តីគឺត្រូវជាមេដឹកនាំនៃគណបក្សធំបំផុត ឬជាមេដឹកនាំនៃសម្ព័ន្ធនយោបាយធំបំផុតនៅក្នុងសភា។ យោងទៅតាមរដ្ឋធម្មនុញ្ញ នាយករដ្ឋមន្ត្រីត្រូវបានតែងតាំងតែពីរដងគត់ នេះមានន័យថានាយករដ្ឋមន្រ្តីអាចកាន់អំណាចដោយកំណត់បានត្រឹម ២ អាណត្តិប៉ុណ្ណោះ។ នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នគឺលោកស្រីពែទងធារ ជិនវ័ត្រ ដោយលោកស្រីបានចូលកាន់តំណែងនេះនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ក្រោយពីអតីតនាយករដ្ឋមន្ត្រីលោកស្រេតដ្ឋា ទវីសិនត្រូវបានដកចេញពីតំណែង។ ប្រវត្តិសាស្ត្រតំណែងមួយនេះត្រូវបានបង្កើតឡើងដោយផ្អែកលើរដ្ឋធម្មនុញ្ញសៀមនៃឆ្នាំ១៩៣២ ដោយដំបូងមានឈ្មោះថា"ប្រធាននៃគណៈកម្មាធិការប្រជាជន" (ประธานคณะกรรมการราษฎร) ហើយក្រោយបន្តិចមកទើបប្តូរមក"នាយករដ្ឋមន្ត្រីសៀម"។ តំណែងនេះត្រូវបានស្ថាបនាឡើងដោយយងគំរូតាមតំណែងនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសបន្ទាប់ពីសៀមបានផ្លាស់ប្តូរមកប្រកាន់របបប្រជាធិបតេយ្យអាស្រ័យសភានៅក្នុងឆ្នាំ១៩៣២។ មុនឆ្នាំ១៩៣២ ប្រទេសថៃបានប្រកាន់របបរាជាធិបតេយ្យផ្តាច់ការដែលមានព្រះមហាក្សត្រជាអ្នកកាន់អំណាចផ្តាច់មុខ ពោលគឺកាន់អំណាចជាប្រមុខរដ្ឋផងនិងរដ្ឋាភិបាលផង។ ប៉ុន្តែ គេបានសម្លឹងមើលឃើញថា នៅពាក់កណ្តាលនិងចុងរជ្ជកាលផ្តាច់ការនៃរាជវង្សចក្រី មានបុគ្គលមួយចំនួនដែលមិនមែនជាស្តេចបានកាន់មុខតំណែងជាប្រមុខរដ្ឋាភិបាលនេះ។ ឧទាហរណ៍៖ នៅក្នុងរជ្ជកាលព្រះចៅមង្កុដគឺមានសម្តេចចៅព្រះស្រីសុរិយវង្សស៍ជាអ្នកកាន់តំណែងប្រមុខរដ្ឋាភិបាល ចំណែកឯក្នុងរជ្ជកាលចៅចុល្លាង្ករណ៍វិញមានព្រះអង្គម្ចាស់ដំរង្ស រាជានុភាពជាប្រមុខរដ្ឋាភិបាល។ គេបានចាត់ទុកថាតំណែងដើម (មុន) នៃតំណែងនាយករដ្ឋមន្ត្រីគឺ"សមុហនាយក" (สมุหนายก) ដែលត្រូវបានកាន់កាប់ដោយ"អង្គមហាសេនាបតី" (อัครมหาเสนาบดี)។ នាយករដ្ឋមន្ត្រីសៀមទីមួយគឺព្រះម៉ានូផាកន និទិថាដាដែលជាអតីតចៅក្រមម្នាក់។ នៅឆ្នាំ១៩៤៥ ឈ្មោះនៃតំណែងនេះត្រូវបានផ្លាស់ប្តូរពី"នាយករដ្ឋមន្រ្តីសៀម" ទៅ "នាយករដ្ឋមន្ត្រីថៃ"។ ចាប់តាំងពីបង្កើតមក តំណែងនេះគឺភាគច្រើនត្រូវបានកាន់កាប់ដោយមេយោធា, នាយករដ្ឋមន្ត្រីចំនួន ១៦ រូបក្នុងចំណោមសរុប ២៥ រូបនិងរួមទាំងនាយករដ្ឋមន្ត្រីបច្ចុប្បន្នផងដែរគឺសុទ្ធតែធ្លាប់ឬកំពុងបម្រើការឱ្យយោធា។ ការចូលកាន់កាប់តំណែងដោយក្រុមយោធាគឺផ្តើមពីនាយករដ្ឋមន្ត្រីថៃទី២ ឈ្មោះផុត ផាហនយ៉ូទិននៅក្នុងរដ្ឋប្រហារឆ្នាំ១៩៣៣។ អ្នកដែលបម្រើការជានាយករដ្ឋមន្ត្រីយូរជាងគេគឺលោកសេនាប្រមុខផ្លេក ភិបួនសង្ក្រាមដែលបម្រើការបានរយៈពេល ១៤ឆ្នាំ ១១ខែ និង ១៨ថ្ងៃ។ អ្នកបម្រើការខ្លីជាងគេបំផុតគឺលោកថាវី បុនយ៉ាកែតដោយបានកាន់កាប់តំណែងបានត្រឹម ១៨ ថ្ងៃប៉ុណ្ណោះ។[៣] តាំងពីចេញនិម្មិតកម្មមកមាននាយករដ្ឋមន្ត្រីចំនួន ៩ រូបត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែង, ៣ រូបត្រូវបានដកសិទ្ធិតាមដីការបស់តុលាការ និង ១១ រូបត្រូវបានលាលែងពីតំណែង។ នាយករដ្ឋមន្រ្តីក្មេងជាងគេបង្អស់គឺសេនី ប្រាមុខដោយលោកបានឡើងកាន់តំណែងនាយករដ្ឋមន្ត្រីដំបូងនៅអាយុ ៤០ ឆ្នាំ។ ប្រទេសថៃបានទទួលមាននាយករដ្ឋមន្រ្តីស្រីដំបូងគេបង្អស់គឺអ្នកស្រីយីងឡាក់ ស៊ីណាវ៉ាតត្រានៅក្នុងឆ្នាំ២០១១។ នាយករដ្ឋមន្ត្រីថៃទាំងអស់គឺសុទ្ធតែកាន់សាសនាព្រះពុទ្ធ។ ការតែងតាំងនាយករដ្ឋមន្ត្រីនៃរាជអាណាចក្រថៃគឺតម្រូវឱ្យមានសមាជិកភាពនៅក្នុងសភាតំណាងរាស្ត្រ។[៤] មុនរដ្ឋប្រហារ ដើម្បីត្រូវតែងតាំងជានាយករដ្ឋមន្ត្រី បុគ្គលដែលគេបានតែងតាំងនោះនឹងត្រូវតែមានការគាំទ្រពីសមាជិក ១/៥ នៃសមាជិកសភាទាំងអស់។ ក្រោយពីទទួលបានសម្លេងឆ្នោតភាគច្រើននៅក្នុងសភា សេចក្តីសម្រេចនឹងត្រូវអនុម័តហើយបញ្ជូនទៅព្រះមហាក្សត្រ បន្ទាប់មកទៀតព្រះអង្គនឹងធ្វើការណាត់ជួបជាផ្លូវការដោយផ្តល់ការយល់ព្រមរបស់ទ្រង់ចំពោះសេចក្តីសម្រេចនោះ។ ព្រឹត្តិការណ៍ខាងលើនេះត្រូវតែប្រព្រឹត្តិធ្វើឡើងក្រោមរយៈពេល ៣០ ថ្ងៃក្រោយពីការចាប់ផ្តើមសម័យប្រជុំដំបូងនៃសភាតំណាងរាស្ត្របន្ទាប់ពីការបោះឆ្នោត។ ប្រសិនបើមិនអាចជ្រើសរើសបេក្ខជនណាបានក្រោមរយៈពេល ៣០ ថ្ងៃទេនោះ វាគឺជាកាតព្វកិច្ចរបស់ប្រធានរដ្ឋសភាក្នុងការបញ្ជូនឈ្មោះសមាជិកណាម្នាក់ដែលខ្លួនគិតថាសក្តិសមបំផុតទៅឱ្យព្រះមហាក្សត្រ។ បុគ្គលដែលតែងតាំងគឺត្រូវតែជាប្រធានឬជាមេដឹកនាំនៃគណបក្សនយោបាយធំជាងគេនៅក្នុងសភាជាន់ទាប ឬជាមេដឹកនាំនៃសម្ព័ន្ធនយោបាយធំបំផុតក្រោយការបោះឆ្នោត។ មុខងារនាយករដ្ឋមន្ត្រីគឺជាប្រធានគណៈរដ្ឋមន្ត្រីនៃប្រទេស។ ការតែងតាំងនិងការដកតំណែងពីរដ្ឋមន្ត្រីណាមួយគឺត្រូវធ្វើឡើងដោយការពិភាក្សាគ្នារវាងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងៗទៀត។ ក្នុងនាមជាមេដឹកនាំនៃរដ្ឋាភិបាល នាយករដ្ឋមន្ត្រីគឺត្រូវទទួលខុសត្រូវចំពោះការបរាជ័យនិងការបំពេញមុខងារនានារបស់រដ្ឋមន្រ្តីនិងរដ្ឋាភិបាលខ្លួនទាំងមូល។ នាយករដ្ឋមន្ត្រីមិនអាចកាន់តំណែងជាប់ៗគ្នាច្រើនជាង ៨ ឆ្នាំនោះទេ (ពោលគឺលើសពី ២ អាណត្តិ)។ ក្នុងនាមជាសមាជិកម្នាក់ដ៏សំខាន់ជាងគេបំផុតក្នុងរដ្ឋាភិបាល នាយករដ្ឋមន្ត្រីគឺជាអ្នកតំណាងឱ្យប្រទេសថៃនៅបរទេសនិងជាអ្នកនាំពាក្យទីមួយឱ្យរដ្ឋាភិបាលក្នុងប្រទេស។ ក្រោមរដ្ឋធម្មនុញ្ញ នាយករដ្ឋមន្រ្តីត្រូវតែដឹកនាំគណៈរដ្ឋមន្រ្តីខ្លួនក្នុងការប្រកាសសេចក្តីថ្លែងការណ៍ពីគោលនយោបាយនៃរដ្ឋាភិបាលលោកនៅចំពោះមុខសម័យប្រជុំរដ្ឋសភារួមក្នុងរយៈពេលដប់ប្រាំថ្ងៃ។[៥] នាយករដ្ឋមន្ត្រីក៏ត្រូវទទួលខុសត្រូវដោយផ្ទាល់ចំពោះមន្ទីរស្តីការមួយចំនួនផងដែរដូចជា៖ ទីភ្នាក់ងារស៊ើបការសម្ងាត់ជាតិ ការិយាល័យថវិកា ការិយាល័យក្រុមប្រឹក្សាសន្តិសុខជាតិ ការិយាល័យក្រុមប្រឹក្សារដ្ឋ ការិយាល័យគណៈកម្មការមន្ត្រីស៊ីវិល ការិយាល័យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិ ការិយាល័យនៃគណៈកម្មការអភិវឌ្ឍន៍វិស័យសាធារណៈ ហើយនិងបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង។ រាល់វិក័យប័ត្រប្រាក់ត្រូវតែឆ្លងកាត់ការពិនិត្យទទួលយល់ព្រមពីនាយករដ្ឋមន្រ្តីសិនទើបអាចណែនាំនៅក្នុងរដ្ឋសភាបាន។ នាយករដ្ឋមន្ត្រីអាចត្រូវដកចេញពីតំណែងបានដោយការធ្វើ"ការបោះឆ្នោតគ្មានទំនុកចិត្ត"។ ដំបូងឡើយ ការបោះឆ្នោតគឺត្រូវមានសម្លេង ១ ភាគ ៥ នៃសមាជិកសភាសរុបសិនទើបអាចធ្វើការពិភាក្សាអំពីបញ្ហានោះ។ ក្រោយពីការពិភាក្សាគ្នាហើយ ការបោះឆ្នោតគ្មានទំនុកចិត្តនឹងអាចប្រព្រឹត្តិធ្វើទៅបានដោយត្រូវការតែសម្លេងភាគច្រើនប៉ុណ្ណោះដើម្បីដកនាយករដ្ឋមន្ត្រីចេញពីតំណែង។ ដំណើរនេះគឺមិនអាចធ្វើឡើងចំនួនពីរដងបាននោះទេនៅក្នុងសម័យប្រជុំចំនួនមួយ។ ការិយាល័យ និងលំនៅស្នាក់អាស្រ័យនាយករដ្ឋមន្ត្រីគឺត្រូវទទួលជំនួយការងារពីការិយាល័យនាយករដ្ឋមន្ត្រី (สำนักนายกรัฐมนตรี) ដែលជានាយកដ្ឋានថ្នាក់ខុទ្ទកាល័យដឹកនាំដោយរដ្ឋមន្រ្តីចំនួនពីររូប។ ការិយាល័យនេះគឺមានទីតាំងស្ថិតនៅក្នុងវិមានរដ្ឋាភិបាលនៃប្រទេសថៃនៅក្នុងតំបន់ឌូស៊ីតនៃទីក្រុងបាងកក។ វិមានពិសានុលោក (บ้านพิษณุโลก) គឺជាគេហដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រី ដែលមានទីតាំងស្ថិតនៅចំកណ្តាលក្រុងបាងកក។ វិមាននេះត្រូវបានកសាងឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទវជិរាវុធ ហើយវាបានក្លាយជាគេហដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីនៅក្នុងឆ្នាំ១៩៧៩។ ដោយមានពាក្យចចាមអារាមថាវិមាននេះគឺសម្បូរទៅដោយប្រលឹងខ្មោចច្រើន ដូច្នេះនាយករដ្ឋមន្ត្រីភាគច្រើនគឺតែងតែស្នាក់នៅក្នុងគេហដ្ឋានផ្ទាល់ខ្លួនរបស់ពួកគេ ហើយបានប្រើប្រាស់វិមាននេះសម្រាប់តែពេលមានកិច្ចការពាណិជ្ជកម្មនោះទេ។[៦][៧] ឧបនាយករដ្ឋមន្ត្រី
សម្គាល់៖ † មន្ត្រីយោធា បញ្ជីនាយករដ្ឋមន្ត្រីអតីតនាយករដ្ឋមន្ត្រីដែលនៅមានជីវិតគិតត្រឹមខែឧសភា ឆ្នាំ២០២៥ នេះ អតីតនាយករដ្ឋមន្ត្រីថៃដែលកំពុងរស់នៅមានចំនួន ១០ រូប។
ទង់នាយករដ្ឋមន្ត្រី
មើលផងដែរ
ឯកសារយោង
តំណភ្ជាប់ក្រៅ
|
Portal di Ensiklopedia Dunia