ប៉េរូ
ប្រទេសប៉េរូ ដោយមានឈ្មោះជាផ្លូវការ សាធារណរដ្ឋប៉េរូ គឺជាប្រទេសមួយស្ថិតនៅភាគខាងលិចនៃទ្វីបអាមេរិកខាងត្បូង។ ប៉េរូមានព្រំប្រទល់ខាងជើងជាប់នឹងប្រទេសអេក្វាឌ័រ និងកូឡុំប៊ី នៅខាងកើតជាប់នឹង ប្រទេសប្រេស៊ីល នៅភាគអាគ្នេយ៍ជាប់នឹងប្រទេសបូលីវី ខាងត្បូងជាប់ប្រទេសឈីលី ហើយនៅភាគខាងត្បូង និងខាងលិចជាប់មហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសប៉េរូគឺជាប្រទេសមហាចម្រុះមួយពោលគឺគ្របដណ្ដប់ដោយតំបន់ភូមិសាស្ត្រខុសៗគ្នា មានចាប់ពីវាលទំនាបស្ងួតនៃតំបន់ឆ្នេរប៉ាស៊ីហ្វិកនៅឯភាគខាងលិច ដល់កំពូលភ្នំអាន់ដេស ដែលលាតសន្ធឹងពីភាគខាងជើងទៅភាគអាគ្នេយ៍នៃប្រទេសរហូតដល់តំបន់ត្រូពិចនៃព្រៃត្រូពិចអាម៉ាហ្សូន នៅភាគខាងកើតជាមួយនឹងទន្លេអាម៉ាហ្សូន។ ប្រទេសប៉េរូមានប្រជាជនរស់នៅសរុប ៣២ លាននាក់ ខណៈរដ្ឋធានី និងទីក្រុងធំបំផុតមានឈ្មោះថា លីម៉ា។ ប៉េរូគ្របដណ្ដប់លើផ្ទៃដីសរុប ១,២៨៥,២១៦ គីឡូម៉ែត្រការ៉េ ដែលនាំឱ្យប៉េរូជាប្រទេសមានផ្ទៃដីធំជាងគេទី១៩ នៅលើពិភពលោក និងធំជាងគេទីបីនៅទ្វីបអាមេរិកខាងត្បូង។ ទឹកដីប៉េរូគឺជាទីកំណើតនៃវប្បធម៌ជាច្រើនកាលពីសម័យបុរាណ និងមជ្ឈិមសម័យ ហើយមានប្រវត្តិអរិយធម័ដ៏ចំណាស់បំផុតមួយអាយុកាលតាំងពីសហស្សវត្សរ៍ទី ១០ មុន គ.ស.។ វប្បធម៌ និងអរិយធម៌មុនសម័យអាណានិគមដ៏គួរឱ្យកត់សម្គាល់រួមមាន៖ អរិយធម៌ការ៉ាល់–ស៊ូប៉េ (អរិយធម៌ដំបូងបំផុតនៅទ្វីបអាមេរិក និងចាត់ទុកថាជាទីកំណើតមួយនៃអរិយធម៌មនុស្សជាតិ) វប្បធម៌ណាតកា ចក្រភពវ័រី និងទីអាវ័នណាក រាជាណាចក្រគូស្កូ និងចក្រភពអ៊ីងកា ដែលត្រូវបានគេចាត់ទុកថាជារដ្ឋធំបំផុតនៅទ្វីបអាមេរិកមុនសម័យកូឡុំ។ ចក្រភពអេស្ប៉ាញបានចូលមកកាន់កាប់ទឹកដីប៉េរូនិងតំបន់ជុំវិញនៅក្នុងសតវត្សរ៍ទី១៦ ហើយព្រះបាទឆាលស៍ទី៤ ក៏បានបង្រួមទឹកដីទាំងនោះដាក់ក្រោមអធិបតេយ្យភាពនៃអនុរាជាណាចក្រថ្មីមួយ ដែលមានឈ្មោះផ្លូវការថា ព្រះរាជាណាចក្រប៉េរូ ជាមួយនឹងរាជធានីនៅលីម៉ា។ ប៉េរូបានប្រកាសឯករាជ្យជាផ្លូវការនៅក្នុងឆ្នាំ១៨២១ បន្ទាប់ពីបិទបញ្ចប់យុទ្ធនាការយោធាដឹកនាំដោយលោកប៊ែណារដូ អូហ៊ីហ្គីងស៍ លោកហូសេ ដេសានម៉ាទីន និងស៊ីម៉ន បូលីវ៉ា និងជាពិសេស សមរភូមិអៃយ៉ាគូឆូ ដោយនាំឱ្យប៉េរូទទួលឯករាជ្យភាពពេញលេញនៅក្នុងឆ្នាំ១៨២៤។ ក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ ប្រទេសប៉េរូឯករាជ្យថ្មីថ្មោងត្រូវប្រឈមនឹងអស្ថិរភាពនយោបាយ មុនពេលអាជីវកម្មក្វាណូបានធ្វើឱ្យសេដ្ឋកិច្ចជាតិ និងនយោបាយមានស្ថិរភាពឡើងវិញ។ មកដល់សតវត្សរ៍ទី២០ ប៉េរូត្រូវស៊ូទ្រាំនឹងអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចម្តងទៀត រួមមានជម្លោះផ្ទៃក្នុងជាមួយនឹងក្រុមប្រឆាំងតាមតំបន់ព្រៃភ្នំ។ មកដល់ទសវត្សរ៍ឆ្នាំ១៩៩០ ប្រទេសប៉េរូបានសម្របខ្លួនចូលទីផ្សារនវសេរីតាមរយៈការអនុវត្តផែនការវែរដេ[៧][៨] ក្រោមការដឹកនាំរបស់លោកអាល់ប៊ឺតូ ហ្វូជីម៉ូរី និងលោកវ្លាឌីំមីរ៉ូ ម៉ុងតេស៊ីណូស។ នៅក្នុងទសវត្សរ៍ឆ្នាំ២០០០ សេដ្ឋកិច្ចប្រទេសប៉េរូបានរីកលូតលាស់យ៉ាងរលូន ខណៈអត្រានៃភាពក្រីក្ររបស់ប្រជាជនបានថយចុះជាបណ្ដើរៗ។ ក៏ប៉ុន្តែតាំងពីទសវត្សរ៍ឆ្នាំ២០១០ មក ប្រទេសមួយនេះត្រូវរងនឹងវិបត្តិសង្គមនយោបាយដ៏យូរអន្លាយ បង្កឡើងដោយសមាជជាតិ និងថ្មីៗនេះដោយជំងឺរាតត្បាតកូវីដ-១៩។ ប្រទេសប៉េរូគឺជាសាធារណរដ្ឋប្រជាធិបតេយ្យតំណាង ដែលបែងចែកទៅជា ២៥ តំបន់។ វិស័យជំរុញសេដ្ឋកិច្ចចម្បងរបស់ប្រទេសនេះរួមមាន អាជីវកម្មរ៉ែ ផលិតកម្ម កសិកម្ម នេសាទ និងបូករួមជាមួយវិស័យដែលកំពុងរីកលូតលាស់មួយចំនួនទៀតដូចជា ទូរគមនាគមន៍ និងបច្ចេកវិទ្យាជីវសាស្រ្តជាដើម។[៩] ប៉េរូសមាជិកដ៏សកម្មមួយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក សម្ព័ន្ធប៉ាស៊ីហ្វិក កិច្ចព្រមព្រៀងទូលំទូលាយ និងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក និងអង្គការពាណិជ្ជកម្មពិភពលោកជាដើម ហើយបច្ចុប្បន្នត្រូវបានចាត់ទុកថាជាមហាអំណាចកណ្តាល។[១០] កំណត់សម្គាល់
ឯកសារយោង
|
Portal di Ensiklopedia Dunia