ម៉ូរីតានី
ប្រទេសម៉ូរីតានី (ភាសាអារ៉ាប់៖ موريتانيا និងជាភាសាបារាំង៖ Mauritanie) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឥស្លាមម៉ូរីតានី (អារ៉ាប់៖ الجمهورية الإسلامية الموريتانية) គឺជាប្រទេសមួយស្ថិតនៅតំបន់អាហ្វ្រិកខាងលិច។ ម៉ូរីតានីមានព្រំប្រទល់ជាប់នឹងមហាសមុទ្រអាត្លង់ទិកនៅភាគខាងលិច សាហារ៉ាខាងលិចនៅភាគខាងជើងនិងពាយព្យ ប្រទេសអាល់ហ្សេរីនៅភាគឦសាន ប្រទេសម៉ាលីនៅខាងកើតនិងអាគ្នេយ៍ និងប្រទេសសេណេកាល់នៅភាគនិរតី។ ម៉ូរីតានីត្រូវជាប្រទេសដែលមានផ្ទៃដីធំជាងគេបង្អស់ទី១១ នៅទ្វីបអាហ្រ្វិក និងធំបំផុតទី២៨ នៅលើពិភពលោក ហើយទឹកដីប្រមាណ ៩០% នៃប្រទេសនេះគឺស្ថិតនៅក្នុងវាលលំហយក្សសាហារ៉ា។ ប្រជាជនចំនួន ៤.៣ លាននាក់នៃប្រទេសនេះភាគច្រើនរស់នៅក្នុងតំបន់ភាគខាងត្បូង និងប្រមាណមួយភាគបីនៃប្រជាជនសរុបបានប្រមូលផ្តុំគ្នារស់នៅក្នុងរដ្ឋធានី និងជាទីក្រុងធំបំផុតគឺ នូអាកឆត ដែលមានទីតាំងជាប់ឆ្នេរមហាសមុទ្រអាត្លង់ទិក។ ឈ្មោះរបស់ប្រទេសនេះគឺត្រូវបានកម្លាយចេញពីឈ្មោះនៃព្រះនគរមួយរបស់ជនជាតិប៊ែប៊ែរបុរាណហៅថាម៉ូរេតានី ដែលធ្លាប់មានវត្តមាននៅក្នុងតំបន់អាហ្វ្រិកខាងជើង។ ជនជាតិប៊ែប៊ែរនោះបានចូលមកកាន់កាប់ទឹកដីនៃប្រទេសម៉ូរីតានីសព្វថ្ងៃនៅសតវត្សទី៣ នៃ គ.ស.។ អាណាចក្រអ៊ូមីយ៉ាដរបស់ពួកអារ៉ាប់បានចូលត្រួតត្រាតំបន់នេះនៅចុងសតវត្សទីប្រាំពីរ ដោយនាំចូលមកនូវសាសនា វប្បធម៌ និងភាសាអារ៉ាប់។ នៅដើមសតវត្សទី២០ ម៉ូរីតានីត្រូវបានបារាំងចូលធ្វើអាណានិគម និងរួមបញ្ចូលទៅក្នុងតំបន់អាណានិគមនៃអាហ្វ្រិកខាងលិច។ រដ្ឋនេះបានទទួលឯករាជ្យនៅក្នុងឆ្នាំ១៩៦០ ប៉ុន្តែក្រោយពីបានឯករាជ្យភាពមក ម៉ូរីតានីត្រូវប្រឈមនឹងរដ្ឋប្រហារ និងរបបផ្តាច់ការយោធាផ្ទួនៗគ្នា។ រដ្ឋប្រហារថ្មីបំផុតនៅម៉ូរីតានីបានកើតឡើងនៅក្នុងឆ្នាំ២០០៨ ដែលដឹកនាំដោយឧត្តមសេនីយ៍ម៉ូហាម៉េដ អ៊ូល អាប់ឌែល អាហ្ស៊ីស និងក្រោយៗមកទៀត លោកបានឈរឈ្មោះ និងជាប់ឈ្មោះជាប្រធានាធិបតីនៅក្នុងឆ្នាំ២០០៩ និងឆ្នាំ២០១៤។[៦] លោកត្រូវបានស្នងតំណែងបន្តដោយម៉ូហាម៉េដ អ៊ូល ហ្កាស៊ូអានី បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៩ ហើយវាត្រូវបានគេចាត់ទុកថាជាការផ្ទេរអំណាចដោយសន្តិវិធីដំបូងបង្អស់នៃប្រទេសម៉ូរីតានីចាប់តាំងពីទទួលបានឯករាជ្យមក។[៧] វប្បធម៌ និងនយោបាយម៉ូរីតានីគឺបានទទួលឥទ្ធិពលពីអារ៉ាប់ច្រើន ដោយសព្វថ្ងៃ ខ្លួនត្រូវជាសមាជិកនៃសម្ព័ន្ធអារ៉ាប់ ហើយភាសាអារ៉ាប់គឺជាភាសាផ្លូវការនៃប្រទេស។ សាសនាផ្លូវការគឺសាសនាឥស្លាម ហើយប្រជាជនស្ទើរតែទាំងអស់នាំគ្នាគោរពប្រតិបត្តិនិកាយស៊ុននី។ ទោះអត្តសញ្ញាណជាតិជាអារ៉ាប់ក្ដី តែសង្គមម៉ូរីតានីគឺសម្បូរពោរពេញទៅដោយពហុជាតិសាសន៍រស់នៅជុំជាមួយគ្នា។ ក្នុងនោះ ក្រុមជនជាតិធំជាងគេគឺ ជនជាតិហេរ៉ាទីន (ស្មើនឹង ៤០% នៃចំនួនប្រជាជនសរុប) និងជនជាតិបីដាន (ស្មើនឹង ៣០%)។[៨] ជនជាតិទាំងពីរក្រុមគឺជាភស្តុតាងបានមកពីការលាយច្របាច់បញ្ចូលគ្នានៃជាតិសាសន៍ ភាសា និងវប្បធម៌អារ៉ាប់-ប៊ែប៊ែរ។ រីឯប្រជាជនប្រមាណ ៣០% ទៀតគឺមានដើមកំណើតពីជនជាតិភាគតិចនៃវាលខ្សាច់សាហារ៉ា។ ទោះបីជាប្រទេសដែលសម្បូរបែបទៅដោយធនធានធម្មជាតិច្រើនក៏ពិតមែនដូចជា រ៉ែដែក និងប្រេងឥន្ធនៈជាដើម ប៉ុន្តែម៉ូរីតានីនៅតែស្ថិតក្នុងស្ថានភាពក្រីក្រ ដោយសេដ្ឋកិច្ចជាតិច្រើនតែពឹងផ្អែកលើវិស័យកសិកម្ម បសុសត្វ និងនេសាទជាចម្បង។ ម៉ូរីតានីត្រូវបានគេយល់ឃើញជាប្រទេសដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយត្រូវបានចោទប្រកាន់ពិសេសចំពោះវត្តមាននៃទាសភាពនៅក្នុងសង្គម។ គេបានប៉ាន់ប្រមាណថាប្រជាជនម៉ូរីតានីពីប្រមាណ ១០% ទៅ ២០% បានជាប់ដៃជើងក្នុងទាសភាពនៅឆ្នាំ២០១២។ ថ្វីបើទាសភាពត្រូវបានលុបបំបាត់ចោលទាំងស្រុងនៅក្នុងឆ្នាំ១៩៨១ ក៏ពិតមែន តែទោសទណ្ឌកម្មចំពោះកម្មសិទ្ធិនៃទាសករទើបត្រូវបានគេចាប់ផ្ដើមអនុវត្តពីឆ្នាំ២០០៧ ប៉ុណ្ណោះ។[៩][១០] ឯកសារយោង
តំណភ្ជាប់ក្រៅ
|
Portal di Ensiklopedia Dunia