អាល់ហ្សេរី
ប្រទេសអាល់ហ្សេរី (ភាសាអារ៉ាប់៖ الجزائر) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាហ្វ្រិកខាងជើង។ អាល់ហ្សេរីមានព្រំប្រទល់ជាប់នឹងប្រទេសទុយនេស៊ីនៅទិសឥសាន្ត ប្រទេសលីប៊ីនៅទិសខាងកើត ប្រទេសម៉ាលី ម៉ូរីតានី និងសាហារ៉ាខាងលិចនៅទិសនិរតី ប្រទេសនីហ្សេនៅភាគអាគ្នេយ៍ ប្រទេសម៉ារ៉ុកនៅទិសខាងលិច និងសមុទ្រមេឌីទែរ៉ាណេនៅទិសខាងជើង។ អាល់ហ្សេរីមានលក្ខណៈភូមិសាស្ត្រស្ងួតពាក់កណ្ដាល ពោលគឺប្រជាជនភាគច្រើននិយមរស់នៅក្នុងតំបន់សម្បូរជីជាតិខាងជើង ខណៈភាគខាងត្បូងគឺគ្របដណ្ដប់ដោយវាលលំហសាហារ៉ា។ អាល់ហ្សេរីមានផ្ទៃដីសរុប ២,៣៨១,៧៤១ គីឡូម៉ែត្រការ៉េ ដែលធ្វើឱ្យវាក្លាយជាប្រទេសដែលមានទំហំផ្ទៃដីធំបំផុតទីដប់នៅលើពិភពលោក និងជាប្រទេសធំបំផុតនៅក្នុងទ្វីបអាហ្វ្រិក។[១០] សព្វថ្ងៃ អាល់ហ្សេរីមានចំនួនប្រជាជនសរុប ៤៤ លាននាក់ដែលនាំឱ្យជាប់ឈ្មោះជាប្រទេសមានចំនួនប្រជាជនច្រើនបំផុតទីដប់នៅទ្វីបអាហ្វ្រិក និងទី៣២ នៅលើពិភពលោក។ រដ្ឋធានី និងទីក្រុងធំបំផុតនៃប្រទេសអាល់ហ្សេរីមានឈ្មោះថា អាល់ហ្សែរ។ ចំណាកស្រុករបស់ជនជាតិអារ៉ាប់ចូលមកកាន់តំបន់ម៉ាហ្គ្រីប ចាប់តាំងពីសតវត្សទី៧ បាននាំឱ្យស្ថានភាពប្រជាសាស្រ្តនៅអាល់ហ្សេរីមានភាពប្រែប្រួលជាខ្លាំង។ ការវាតទីនិយមរបស់អេស្ប៉ាញបាននាំឱ្យកើតចេញរាជានុរដ្ឋអាល់ហ្ស៊ែរឡើងនៅក្នុងឆ្នាំ១៥១៦ ដែលជារដ្ឋមួយមានឥទ្ធិពលទាក់ទាញមនុស្សមកពីគ្រប់ទិសទីជុំវិញសមុទ្រមេឌីទែរ៉ាណេ ហើយជាលទ្ធផល វាក៏បានក្លាយជាទីក្រុងធំជាងគេ ស្ដុកស្ដម្ភបំផុត និងជាទីក្រុង លក្ខណៈសាកលមួយនាសម័យនោះ។ ឥទ្ធិពលអាល់ហ្សែរបានធ្លាក់ចុះជាគំហុកនៅក្នុងសតវត្សទី១៩ បន្ទាប់ពីរងការឈ្លានពានពីប្រទេសបារាំងនៅឆ្នាំ១៨៣០។ រដ្ឋទាំងមូលត្រូវបានបញ្ចូលទៅជាផ្នែករដ្ឋបាលផ្ទាល់នៃប្រទេសបារាំងនៅក្នុងឆ្នាំ១៨៤៨ ខណៈការបះបោររបស់ម្ចាស់ស្រុកប្រឆាំងនឹងការត្រួតត្រារបស់បារាំងបានបន្តរហូតដល់ឆ្នាំ១៩០៣។ អាល់ហ្សេរីពេលនោះបានក្លាយជាទីលំនៅថ្មីរបស់ជនជាតិអឺរ៉ុបប្រមាណមួយលាននាក់ ខណៈចំនួនប្រជាជនដើមបានធ្លាក់ចុះប្រមាណមួយភាគបី ដោយសារតែកត្តាសង្គ្រាម ជំងឺរាតត្បាត និងការអត់ឃ្លានជាដើម[១១] ក៏ប៉ុន្តែទោះជាយ៉ាងណាក្ដី ម្ចាស់ស្រុកអាល់ហ្សេរីនូវតែរក្សាឋានៈជាប្រជាជនភាគច្រើននៅក្នុងប្រទេស។ ការសម្លាប់រង្គាលនៅក្រុងសេធីហ្វ និងហ្គែលម៉ាក្នុងឆ្នាំ១៩៤៥ គឺជាចំណុចរបត់មួយនៅក្នុងទំនាក់ទំនងបារាំង-អាល់ហ្សេរី ហើយជាកត្តាជំរុញឱ្យសង្គ្រាមអាល់ហ្សេរីផ្ទុះឡើង។ វាបានបញ្ចប់ទៅវិញនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៦២ ហើយអាល់ហ្សេរីក៏បានទទួលឯករាជ្យ និងប្រកាសជាសាធារណរដ្ឋនៅថ្ងៃទី២៥ ខែកញ្ញា នៃឆ្នាំដដែរ។ ភាសាផ្លូវការរបស់អាល់ហ្សេរីគឺ ភាសាអារ៉ាប់ និងប៊ែប៊ែរ ខណៈប្រជាជនភាគច្រើនជាជនជាតិអារ៉ាប់ ប្រតិបត្តិសាសនាឥស្លាម។[១២] ភាសាអារ៉ាប់អាល់ហ្សេរីដើមគឺជាភាសាចម្បង និងពេញនិយមបំផុតនៅក្នុងប្រទេស។ ចំណែកឯភាសាបារាំងវិញត្រូវបានគេប្រើប្រាស់ជាទូទៅនៅក្នុងរដ្ឋបាល និងវិស័យអប់រំ ប៉ុន្តែវាមិនមានឋានៈជាភាសាផ្លូវការនោះឡើយ។ ប្រទេសអាល់ហ្សេរីគឺជាសាធារណរដ្ឋពាក់កណ្ដាលប្រធានាធិបតីនិយម ដែលបន្តបែងចែកទៅជា ៥៨ ខេត្ត និងឃុំស្រុកចំនួន ១,៥៤១។ អាល់ហ្សេរីជាមហាអំណាចក្នុងតំបន់នៃអាហ្វ្រិកខាងជើង និងជាមហាអំណាចកណ្ដាលនៅលើសកលលោក។ ប្រទេសនេះមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់បំផុតបើប្រៀបនឹងបណ្តាប្រទេសទាំងអស់នៅទ្វីបអាហ្រ្វិក និងជាប្រទេសមួយដែលមានសេដ្ឋកិច្ចធំបំផុតនៅលើទ្វីប ដែលភាគច្រើនអាស្រ័យផ្អែកលើការនាំចេញថាមពល។ អាល់ហ្សេរីមានធនធានប្រេងកាតបម្រុងធំជាងគេទីដប់ប្រាំមួយនៅពិភពលោក និងឧស្ម័នធម្មជាតិបម្រុងច្រើនជាងគេទីប្រាំបួន។ សូណាត្រាចក៍ គឺជាក្រុមហ៊ុនប្រេងកាតរបស់រដ្ឋ និងជាក្រុមហ៊ុនប្រេងកាតធំបំផុតនៅអាហ្វ្រិក និងបានកំពុងផ្គត់ផ្គង់ឧស្ម័នធម្មជាតិក្នុងបរិមាណដ៏ច្រើនទៅដល់ទ្វីបអឺរ៉ុប។ យោធាប្រទេសអាល់ហ្សេរី គឺជាកម្លាំងយោធាដ៏ធំបំផុតមួយនៅក្នុងទ្វីបអាហ្រ្វិក ហើយក៏មានថវិកាការពារច្រើនបំផុតផងដែរនៅលើទ្វីប។ អាល់ហ្សេរីគឺជាសមាជិកនៃសហភាពអាហ្រ្វិក, សម្ព័ន្ធអារ៉ាប់, អង្គការសហប្រតិបត្តិការឥស្លាម, អង្គការប្រទេសនាំចេញប្រេងកាត, អង្គការសហប្រជាជាតិ និងជាសមាជិកស្ថាបនិកនៃសហភាពម៉ាហ្គ្រីបអារ៉ាប់។ ប្រវត្តិសាស្ត្រ
ភូមិសាស្រ្ត
កំណត់សម្គាល់
ឯកសារយោង
|
Portal di Ensiklopedia Dunia