ឡាវក្រោមអាណាព្យាបាលបារាំង
អាណាព្យាបាលបារាំងនៃឡាវ (ភាសាបារាំង៖ Protectorat français du Laos) គឺជារដ្ឋអាណាព្យាបាលរបស់បារាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅចន្លោះឆ្នាំ១៨៩៣ និងឆ្នាំ១៩៥៣ (និងជារដ្ឋអាយ៉ងរបស់ជប៉ុនមួយរយៈពេលខ្លីនៅក្នុងឆ្នាំ១៩៤៥)។ អាណាព្យាបាលនេះត្រូវបានបង្កើតឡើងនៅលើទឹកដីនគរហ្លួងព្រះបាង ដែលកាលនុះត្រូវជារដ្ឋចំណុះរបស់សៀម ប៉ុន្តែសៀមត្រូវប្រគល់ទឹកដីនោះទៅឱ្យបារាំងក្រោយខ្លួនបានទទួលបរាជ័យនៅក្នុងសង្គ្រាមបារាំង-សៀមនៅឆ្នាំ១៨៩៣។ ក្រោយមក រដ្ឋមួយនេះត្រូវបានគេធ្វើសមាហរណកម្មចូលទៅក្នុងសហភាពឥណ្ឌូចិន ហើយប៉ុន្មានឆ្នាំបន្តបន្ទាប់ ទឹកដីឡាវដែលនៅក្រោមចំណុះសៀមដូច នគរចម្ប៉ាស័ក្តិ និងមឿងភួន ក៏ត្រូវបានបញ្ចូលទៅក្នុងសហភាពឥណ្ឌូចិនដូចគ្នានៅឆ្នាំ១៨៩៩ និង១៩០៤ រៀងៗគ្នា។ អំណាចគ្រប់គ្រងនៅក្នុងរបបអាណាព្យាបាលភាពនៃនគរហ្លួងព្រះបាងគឺមិនស្ថិតនៅក្នុងដៃព្រះមហាក្សត្រដូចដែលបានចែងនោះឡើយ តែជាក់ស្តែង អំណាចគឺស្ថិតនៅក្រោមអគ្គទេសាភិបាលបារាំងក្នុងស្រុក។ ចំណែកឯទឹកដីឡាវដែលបារាំងបានកាត់បញ្ចូលជាបន្តបន្ទាប់គឺសុទ្ធតែស្ថិតនៅក្រោមកម្មសិទ្ធិរបស់បារាំងផ្ទាល់ទាំងស្រុង។ នៅចុងសង្គ្រាមលោកលើកទី២ ពោលគឺនៅក្នុងឆ្នាំ១៩៤៥ ឡាវបានប្រកាសឯករាជ្យភាពក្រោមការកាន់កាប់របស់ជប៉ុនបានមួយរយៈពេលខ្លី។ ក៏ប៉ុន្តែ បន្ទាប់ពីជប៉ុនបានសុំចុះចាញ់សង្គ្រាមលោក បារាំងក៏បានវិលត្រឡប់មកស្តារការគ្រប់គ្រងរបស់ខ្លួនឡើងវិញនៅលើប្រទេសឡាវ។ អាណាព្យាបាលថ្មីរបស់បារាំងត្រូវបានប្រឆាំងដោយចលនាឡាវឥស្សរៈ ហើយនៅក្នុងឆ្នាំ១៩៤៧ នគរទាំងបីក៏ត្រូវបានបង្រួបបង្រួមគ្នាក្លាយជាព្រះរាជាណាចក្រឡាវក្រោមសហភាពបារាំង។ ទីបំផុត ឡាវបានទទួលឯករាជ្យពេញលេញបន្ទាប់ពីសន្ធិសញ្ញាបារាំង-ឡាវត្រូវបានចុះនៅក្នុងឆ្នាំ១៩៥៣ អំឡុងពេលដែលសង្គ្រាមឥណ្ឌូចិនលើកទី១ ជិតឈានចូលដល់ទីបញ្ចប់។ បន្ទាប់មកនៅឆ្នាំ១៩៥៤ សហភាពឥណ្ឌូចិនក៏ត្រូវបានរំលាយនៅក្នុងសន្ធិសីទទីក្រុងហ្សឺណែវ ដែលជាវគ្គបិទបញ្ចប់នូវអាណានិគមកិច្ចបារាំងនៅលើទឹកដីប្រទេសឡាវ ក៏ដូចជាឥណ្ឌូចិនទាំងមូល។ ការចាប់ផ្ដើមនៃអាណាព្យាបាលភាព![]() ក្រោយពីបារាំងបានបង្កើតអាណាព្យាបាលភាពនៅកម្ពុជានៅក្នុងឆ្នាំ១៨៦៣ ក្រុមអ្នកស្រាវជ្រាវរុករកជនជាតិបារាំងដែលដឹកនាំដោយលោកអឺណិស្ត៍ ឌូដា ដឺ ឡាក្រេបានធ្វើដំណើរជាច្រើនសានៅតាមដងទន្លេមេគង្គ ដើម្បីស្វែងរកទំនាក់ទំនងពាណិជ្ជកម្មសម្រាប់រដ្ឋអាណាព្យាបាលកម្ពុជា និងកូសាំងស៊ីន។ នៅក្នុងឆ្នាំ១៨៨៥ ស្ថានកុងស៊ុលបារាំងមួយត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រហ្លួងព្រះបាំង ដែលកាលនុះជាសាមន្តរដ្ឋរបស់សៀម។ ប្រទេសសៀមដែលសម័យនោះដឹកនាំដោយព្រះបាទចុល្លាង្ករណ៍ បានកើតការភ័យខ្លាចថាបារាំងគ្រោងនឹងដាក់បញ្ចូលនគរហ្លួងព្រះបាំងក្នុងរង្វង់អាណាព្យាបាលបារាំងនៅឥណ្ឌូចិន ហើយដូច្នេះ ព្រះអង្គក៏បានចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយបារាំងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ១៨៨៦ ដែលទទួលស្គាល់អធិបតេយ្យភាពរបស់សៀមលើនគរឡាវទាំងបី។[១] នៅចុងឆ្នាំ១៨៨៦ លោកអ៊ូហ្គូស្ត ប៉ាវីត្រូវបានគេតែងតាំងជាអនុកុងស៊ុលប្រចាំនៅហ្លួងព្រះបាំង ហើយទទួលបន្ទុកលើគ្រប់បេសកកម្មនៅក្នុងទឹកដីឡាវ បូករួមទាំងលទ្ធភាពនៃការប្រែក្លាយរដ្ឋឡាវទៅជាទឹកដីរបស់បារាំង។ នៅឆ្នាំ១៨៨៨ ពួកថ្លើងមួយក្រុមមកពីប្រទេសចិនដែលគេស្គាល់ថា កងទ័ពទង់ខ្មៅ បានចូលវាយលុកប្រទេសសៀម និងនគរហ្លួងព្រះបាំងដល់រាជធានី។ កងទាហានរបស់ប៉ាវី និងបារាំងក៏បានចូលធ្វើអន្តរាគមន៍ និងជម្លៀសគ្រួសាររាជវង្សឡាវទៅទីទួលសុវត្ថិភាព។ មិនយូរប៉ុន្មាន កងទ័ពបារាំងបន្ថែមពីទីក្រុងហាណូយបានធ្វើដំណើរមកដល់ក្រុងហ្លួងព្រះបាំងដើម្បីបណ្តេញកងទ័ពទង់ខ្មៅចេញពីទីក្រុង។ ក្រោយពីបានវិលត្រឡប់ចូលរាជធានីវិញ ព្រះបាទអ៊ុន ខាំបានសុំស្នើបារាំងឱ្យដាក់អាណាព្យាបាលភាពលើនគររបស់ព្រះអង្គ។ លោកប៉ាវីក៏បានបញ្ជូនសំណើរបស់អ៊ុក ខាំបន្តទៅរដ្ឋាភិបាលបារាំងនៅឯទីក្រុងប៉ារីស។ សេចក្តីព្រាងច្បាប់កំណត់ឱ្យហ្លួងព្រះបាំងជារដ្ឋអាណាព្យាបាលរបស់បារាំងត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែមីនា ឆ្នាំ១៨៨៩ រវាងភាគីទាំងពីរ ទោះបីជាមានការតវ៉ាពីសៀមក្ដី។[២] លោកប៉ាវីដែលកាលនុះជាមន្ត្រីរ៉េស៊ីដង់បារាំងនៅទីក្រុងបាងកក [៣]បានចេញឱសានវាទមួយនៅខែសីហា ឆ្នាំ១៨៩២ ទៅរដ្ឋាភិបាលសៀម ហើយនៅឆ្នាំ១៨៩៣ ប្រទេសទាំងពីរក៏បានផ្ទុះសង្រ្គាមជាមួយនឹងគ្នា។[៤] ជាលទ្ធផល សៀមបានទទួលបរាជ័យ និងត្រូវបង្ខំខ្លួនទទួលស្គាល់អំណាចគ្រប់គ្រងរបស់បារាំងនៅត្រើយខាងកើតនៃទន្លេមេគង្គ ខណៈដែលប៉ាវីនូវតែបន្តគាំទ្របេសកកម្មរបស់បារាំងនៅក្នុងទឹកដីឡាវ។ បន្ទាប់ពីសៀមបានទទួលយកឱសានវាទរបស់បារាំងនោះ អាណាព្យាបាលភាពនៅឡាវក៏ត្រូវបានប្រកាសបង្កើតឡើងជាផ្លូវការ ហើយរាជធានីត្រូវបានផ្លាស់ប្តូរពីក្រុងហ្លួងព្រះបាំងមកវៀងចន្ទន៍។ ទោះប្តូររាជធានីក៏ពិតមែន តែទីក្រុងហ្លួងព្រះបាំងបានបន្តដើរតួជាទីអាសនៈនៃព្រះរាជវង្សានុវង្សឡាវ ខណៈដែលអំណាចរបស់ពួកគេត្រូវបានដកហូតផ្ទេរទៅឱ្យមន្ត្រីបារាំង រួមមានអនុកុងស៊ុល និងអគ្គរ៉េស៊ីដង់ជាដើម។[៥] នៅខែមករា ឆ្នាំ១៨៩៦ បារាំង និងអង់គ្លេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលទទួលស្គាល់ព្រំដែនរវាងឡាវបារាំង និងភូមាអង់គ្លេស។ រដ្ឋបាលនៅឆ្នាំ១៨៩៨ ឡាវត្រូវបានបញ្ចូលជាផ្លូវការទៅក្នុងសហភាពឥណ្ឌូចិន។ អភិបាលអាណានិគមម្នាក់ត្រូវបានបារាំងតែងតាំងនៅទីក្រុងវៀងចន្ទន៍ ហើយប្រទេសឡាវក៏ត្រូវបានបែងចែកទៅជាដប់ខេត្ត។ ខេត្តហ្លួងព្រះបាងដែលជារាជអាសនៈនៃរាជវង្សានុវង្សឡាវត្រូវស្ថិតនៅក្រោមមន្ត្រីបារាំងដែលបានតែងតាំង ខណៈឯខេត្តចំនួនប្រាំបួនផ្សេងទៀតត្រូវស្ថិតនៅក្រោមអំណាចផ្ដាច់មុខរបស់រដ្ឋាភិបាលអាណានិគមបារាំងនៅទីក្រុងវៀងចន្ទន៍។ ដើម្បីគាំទ្រដល់រដ្ឋាភិបាលអាណានិគម ពិសេសខាងផ្នែកហិរញ្ញវត្ថុ ប្រព័ន្ធពន្ធដារថ្មីត្រូវបានគេណែនាំ និងអនុវត្ត។[៦][៧] សន្ធិសញ្ញាថ្មីឆ្នាំ១៩០២ បានបង្ខំឱ្យសៀមប្រគល់ទឹកដីនៅត្រើយខាងលិចនៃទន្លេមេគង្គមកឱ្យបារាំង ដែលបច្ចុប្បន្តត្រូវជាខេត្តជ័យបុរី និងមួយភាគខាងលិចនៃខេត្តចំប៉ាសក្តិ។[៨] នៅឆ្នាំ១៩០៤ ព្រំដែនបច្ចុប្បន្នរវាងឡាវ និងកម្ពុជាត្រូវបានបង្កើតឡើងបន្ទាប់ពីសៀមបានប្រគល់ម្លូព្រៃ (ខេត្តព្រះវិហារ) និងនគរចម្ប៉ាស័ក្តិឱ្យទៅបារាំង។ ឯកសារយោង
|
Portal di Ensiklopedia Dunia