អាណាចក្ររតនកោសិន្ទ្រ៍
អាណាចក្ររតនកោសិន្ទ្រ៍ (សៀម៖ อาณาจักรรัตนโกสินทร์) (ប្រកប៖ អា-ណា-ចាក់ រ័ត-តា-ណាក់-កូ-ស៊ីន) ឬ រាជអាណាចក្រសៀម (ราชอาณาจักรสยาม) គឺជាឈ្មោះដែលគេប្រើដើម្បីសម្ដៅលើព្រះនគរថៃទីបួន និងបច្ចុប្បន្ននៅក្នុងប្រវត្តិសាស្ត្រថៃ (ដែលកាលនុះត្រូវបានស្គាល់ថា សៀម)។ អាណាចក្រនេះបានបង្កើតឡើងនៅក្នុងឆ្នាំ១៧៨២ បន្ទាប់ពីបឋមក្សត្រនៃរាជវង្សចក្រីគឺ ព្រះពុទ្ធយ៉តហ្វាចុឡាលោកបានស្ថាបនាក្រុងរតនកោសិន្ទ្រ៍ (បាងកក) ឡើងជារាជធានីថ្មីនៃប្រទេសសៀម។ អត្ថបទនេះនឹងគ្របដណ្តប់លើកាលសម័យនៃអាណាចក្រនេះរហូតដល់បដិវត្តន៍សៀមឆ្នាំ១៩៣២។ អាណាចក្ររតនកោសិន្ទ្រ៍មានវិសាលភាពទឹកដីដ៏ធំទូលំទូលាយដោយបានគ្របដណ្តប់លើប្រទេសកម្ពុជា ឡាវ រដ្ឋសាន និងនគរម៉ាឡេមួយចំនួននៅប៉ែកខាងជើង។ អាណាចក្រនេះត្រូវបានស្ថាបនាឡើងដោយព្រះបាទរាមាទី១ នៃរាជវង្សចក្រី។ ដំណាក់កាលដំបូងនៃសម័យនេះរួមមាន ការបង្រួបបង្រួមអំណាចក្រុងរតនកោសិន្ទ្រ៍ និងជម្លោះសង្គ្រាមសាមាយិកជាមួយភូមា និងវៀតណាម។[៧] ដំណាក់កាលបន្ទាប់ គឺការធ្វើទំនាក់ទំនងជាមួយមហាអំណាចអាណានិគមអង់គ្លេសនិងបារាំង ដែលជាដើមហេតុនាំឱ្យសៀមក្លាយជារដ្ឋប្រទេសអាស៊ីអាគ្នេយ៍តែមួយគត់ដែលមិនធ្លាប់ស្ថិតនៅក្រោមអាណានិគមពួកអឺរ៉ុបណាមួយ។[៨] សម្រាប់រឿងផ្ទៃក្នុងវិញ នគរនេះបានវិវត្តខ្លួនទៅជារដ្ឋប្រទេសដ៏ទំនើបមួយដោយសារការធ្វើអន្តរកម្មអត់ឈប់ឈរជាមួយមហាអំណាចលោកខាងលិចនៅក្រៅព្រំដែនរបស់ខ្លួន។ នៅក្នុងសម័យកាលក្រុងរតនកោសិន្ទ្រ៍នេះផងដែរ ប្រទេសសៀមបានឆ្លងកាត់ការអភិវឌ្ឍន៍ជាច្រើនដូចជា៖ វឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គម ភាពលូតលាស់នៃពាណិជ្ជកម្មក្រៅប្រទេស ការលុបបំបាត់ចោលនូវទាសូបនិយភាព និងពង្រីកវិស័យអប់រំឱ្យមានដល់ប្រជាជនទូទៅ។ ក៏ប៉ុន្តែ ភាពបរាជ័យក្នុងការធ្វើកំណែទម្រង់នយោបាយសំខាន់ៗមួយចំនួនបាននាំឱ្យមានបដិវត្តន៍ផ្ទុះឡើង និងជាលទ្ធផល សៀមត្រូវបោះបង់ចោលនូវរបបរាជាធិបតេយ្យផ្តាច់ការ ហើយមកប្រកាន់យករបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៅក្នុងឆ្នាំ១៩៣២។ ប្រវត្តិសាស្ត្រដើមសម័យក្រុងរតនកោសិន្ទ្រ៍ (១៧៨២–១៨៥៥)ស្ថាបនកម្មទីក្រុងបាងកក![]() ព្រះបាទចក្រីបានសោយរាជ្យក្រោមព្រះរាជនាមថា ព្រះរាមាធិបតី ប៉ុន្តែជាទូទៅគេច្រើនស្គាល់ទ្រង់ថា ព្រះរាមាទី១។ ទ្រង់បានផ្លាស់ព្រះរាជអាសនៈពីក្រុងធនបុរី នៅត្រើយខាងលិចនៃទន្លេចៅព្រះយា មកត្រើយខាងកើត នៅម្ដុំភូមិបាងមកុក។ ព្រះអង្គបានលើករាជធានីឆ្លងទន្លេបែបនេះក៏ព្រោះតែទីកន្លែងថ្មីជាទីតាំងយុទ្ធសាស្រ្តដ៏ល្អប្រសើរក្នុងការការពារខ្លួនពីការឈ្លានពានរបស់ភូមាមកពីភាគខាងលិច ហើយម្យ៉ាងវិញទៀត តំបន់នេះត្រូវបានការពារដោយទឹកទន្លេនៅប៉ែកខាងលិច និងដោយប្រឡាយតៗគ្នានៅភាគខាងជើង ខាងកើត និងខាងត្បូង។ កាលបរិច្ឆេទស្ថាបនាជាផ្លូវការនៃទីក្រុងបាងកកគឺស្ថិតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៧៨២ ហើយព្រះរាមាទី១ ក៏បានធ្វើព្រះរាជពិធីរាជាភិសេកដ៏តូចមួយឡើងនៅក្នុងឆ្នាំដដែរ។[៩] ព្រះអង្គទ្រង់បានស្ថាបនារាជវង្សចក្រីឡើង ហើយបានតែងតាំងប្អូនប្រុសរបស់ទ្រង់ជាព្រះអនុរាជ ដោយមានព្រះនាមថា សុរសិង្ហនាថ។ នៅឆ្នាំ១៧៨៣ កំពែងក្រុងបាងកកត្រូវបានសាងសង់រួចរាល់ដោយធ្វើអំពីដុំឥដ្ឋដែលបានយកពីរាជធានីអយុធ្យាចាស់។[៩][១០] កម្មករខ្មែរ និងឡាវ[១០]ត្រូវបានចាត់ប្រើប្រាស់ឱ្យជីកគោបុរៈពីរាជធានីចាស់នោះមកបាងកក។ ព្រះរាជវាំងធំ និងវត្តព្រះកែវត្រូវបានសាងសង់រួចរាល់នៅក្នុងឆ្នាំ១៧៨៤ ហើយព្រះពុទ្ធរូបកែវមរកតត្រូវបានគេប្តូរចេញពីវត្តអរុណមកតម្កល់នៅវត្តព្រះកែវក្នុងបរិវេណព្រះបរមរាជវាំង។ នៅឆ្នាំ១៧៨៥ ព្រះបាទរាមាទី១ បានធ្វើពិធីរាជាភិសេកពេញផ្លូវការ ហើយបានប្រទានឈ្មោះឱ្យក្រុងថ្មីថា "រតនកោសិន្ទ្រ៍" មានន័យថា "រតនៈរបស់ព្រះឥន្ទ្រ"[១១] ដែលចង់សម្ដៅទៅលើព្រះពុទ្ធកែវមរកតនោះឯង។ ភ្លើងសង្គ្រាមជាមួយភូមាទោះជាសម័យកាលថ្មីក៏ដោយ ប្រទេសភូមានូវតែបន្តគំរាមកំហែងយ៉ាងខ្លាំងដល់អត្ថិភាពនៃរដ្ឋនគរសៀម។ នៅក្នុងឆ្នាំ១៧៨៥ ព្រះបាទបុឌផឹយ៉ានៃរាជវង្សកូនបោនបានលើកទ័ពដ៏ធំមហិមាមកឈ្លានពានប្រទេសសៀមតាមទិសដៅចំនួនប្រាំដោយគេតែងហៅសង្គ្រាមនេះថា សង្គ្រាមទ័ពប្រាំបួន។ សង្គ្រាមបង្ហូរឈាមឥតឈប់ឈរជាច្រើនទសវត្សរ៍មកនេះបាននាំឱ្យសៀមបាត់បង់ប្រជាជនជាច្រើន ហើយរាជការសៀមអាចកេណ្ឌទ័ពសរុបបានតែ ៧០,០០០ នាក់ប៉ុណ្ណោះ[១០] ដើម្បីតទល់នឹងកងកម្លាំងភូមាដែលមានចំនួនរហូតដល់ទៅ ១៤៤,០០០ នាក់ឯណោះ។ ព្រះអង្គម្ចាស់សុរសិង្ហនាថបានដឹកនាំកងទ័ពផ្ទាល់ខ្លួនរបស់ទ្រង់ទៅកម្ចាត់កងទ័ពធំរបស់ព្រះបាទបុឌផឹយ៉ានៅក្នុងសមរភូមិឡាត់យ៉ានៃខេត្តកញ្ចនបុរីក្នុងឆ្នាំ១៧៨៦។ នៅឯភាគខាងជើងវិញ ភូមាបាននាំទ័ពមកឡោមព័ទ្ធក្រុងលំប៉ាង ប៉ុន្តែត្រូវព្រះអង្គកាវីឡាដែលជាអភិបាលក្រុងនាពេលនោះចេញប្រឆាំងការពារក្រុងលំប៉ាងអស់រយៈពេលជាង ៤ ខែទើបកងកម្លាំងសង្គ្រោះពីក្រុងបាងកកមកដល់។ នៅប៉ែកខាងត្បូងវិញ នាងចាន់ និងមុកបានដឹកនាំទ័ពការពារក្រុងថាឡាង (ភូកេត) ពីភូមានៅក្នុងឆ្នាំ១៧៨៦។ ក្រោយពីយុទ្ធនាការរបស់ខ្លួនមិនសូវទទួលបានផលអ្វីមកវិញ ព្រះបាទបុឌផឹយ៉ាក៏បានបញ្ជូនបុត្រារបស់ទ្រង់ដែលជាព្រះឧបរាជនាមថាតូមីនសទៅវាយលុកខេត្តកញ្ចនបុរីដោយផ្តោតលើទិសដៅតែមួយ។ ព្រះបាទរាមាទី១ និងព្រះសុរសិង្ហនាថបានកម្ចាត់ទ័ពរបស់ព្រះឧបរាជភូមានៅអំឡុងយុទ្ធនាការថាឌីនដែងនៅចន្លោះឆ្នាំ១៧៨៦–១៧៨៧។ បន្ទាប់ពីទទួលបានជ័យជម្នះដ៏ធំសម្បារលើភូមា សៀមក៏កើតមានមហិច្ឆតាបើកការវាយប្រហារលើតំបន់ឆ្នេរតានីនថាយី[១០][១២][១៣] ដែលត្រូវជាអតីតទឹកដីនគរអយុធ្យា។ ព្រះបាទរាមាទី១ បានលើកទ័ពទៅឡោមព័ទ្ធក្រុងតាវយនៅក្នុងឆ្នាំ១៧៨៨[១០] ប៉ុន្តែមិនបានលទ្ធផលជោគជ័យឡើយ។ មកដល់ឆ្នាំ១៧៩២ ទេសាភិបាលភូមានៅតាវយ និងម្យីបានភៀសខ្លួនចូលមកប្រទេសសៀម[១០][១៣] ខណៈដែលសៀមចូលកាន់កាប់តំបន់តានីនថាយីជាបណ្ដោះអាសន្ន។ តែមិនយូរប៉ុន្មាន នៅអំឡុងពេលដែលរាជការសៀមកំពុងរៀបចំផែនការលុកលុយតំបន់ភូមាក្រោម[១០] ព្រះបាទបុឌផឹយ៉ាក៏បញ្ជូនព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមថាតូមីនសនោះឱ្យទៅដណ្តើមយកតំបន់តានីនថាយីមកវិញ។[១២] ជាលទ្ធផល សៀមត្រូវបានទទួលរងបរាជ័យក្រោមថ្វីដៃរបស់ភូមានៅក្នុងសមរភូមិក្រុងតាវយនៃឆ្នាំ១៧៩៣ ហើយក៏បានប្រគល់ឆ្នេរតានីនថាយីដែលខ្លួនប៉ុនប៉ងនោះទៅឱ្យភូមាវិញ។[១៣] ស្ដេចភូមានៅតែបន្តប៉ុនប៉ងចង់វាយដណ្ដើមយកតំបន់លាននាដែលកំពុងគ្រប់គ្រងដោយចៅកាវីឡា[១២] ដូច្នេះភូមាក៏បានបើកការវាយលុកមកលើក្រុងឈៀងម៉ៃនៅក្នុងឆ្នាំ១៧៩៧ និងម្តងទៀតក្នុងឆ្នាំ១៨០២[៩] ដោយចៅកាវីឡាបានការពារក្រុងឈៀងម៉ៃបានទាំងពីរពេលជាមួយទ័ពជំនួយបន្ថែមរបស់ព្រះសុរសិង្ហនាថ។[១០] ដើម្បីលុបបំបាត់ឥទ្ធិពលរបស់ភូមាពីក្នុងតំបន់[១៤] ទ័ពរបស់សៀមក៏បានបន្តទៅវាយដណ្ដើមក្រុងឈៀងសែននៅក្នុងឆ្នាំ១៨០៤ ដែលកាលនុះត្រូវជាបន្ទាយដ៏សំខាន់មួយរបស់អាជ្ញាធរភូមានៅប្រចាំតំបន់លាននា។ ជ័យជំនះរបស់សៀមលើភូមាបាននាំឱ្យសៀមអាចពង្រីកឥទ្ធិពលគ្រប់គ្រងរបស់ខ្លួននៅតំបន់ភាគខាងជើងឆ្ពោះទៅរកក្សត្របុរីនៃតំបន់តៃគឺ ឆៃទុង និងជាំងហុង។ កាវីឡានៃឈៀងម៉ៃបានបញ្ជូនកម្លាំងទៅវាយលុកឆៃទុងនៅឆ្នាំ១៨០២ ហើយបានកាន់កាប់នគរតូចៗមួយចំនួននៅក្បែរនោះក្នុងឆ្នាំ១៨០៥។[៩] ព្រះសុរសិង្ហនាថបានចូលទិវង្គតនៅឆ្នាំ១៨០៣ ដែលជាហេតុនាំឱ្យព្រះរាមាទី១ លើកបុត្រារបស់ទ្រង់ព្រះនាម ឥស្សរសុនថន[៩] ជាព្រះវាំងមុខនៅឆ្នាំ១៨០៦។ ព្រះរាមាទី១ បានចូលព្រះទិវង្គតនៅក្នុងឆ្នាំ១៨០៩ ហើយព្រះអង្គឥស្សរសុនថនក៏បានឡើងសោយរាជ្យជាព្រះបាទរាមាទី២។[៩] ដោយឃើញបែបនេះ ព្រះបាទបុឌផឹយ៉ាក៏ឆ្លៀតយកឱកាសទៅផ្តួចផ្តើមការឈ្លានពានចូលទឹកដីសៀមម្តងទៀតនៅតាមតំបន់ឆ្នេរសមុទ្រអង់ដាម៉ង់។ ទន្ទឹមនឹងនេះ អាជ្ញាធរនៅទីក្រុងបាងកកបានបញ្ជូនកម្លាំងទ័ពទៅរំដោះតំបន់ដែលភូមាចូលឈ្លានពាន ប៉ុន្តែដោយសារមានបញ្ហាខាងផ្លូវដឹកជញ្ជូន ក៏តំបន់នោះបានធ្លាក់ទៅក្រោមភូមានៅក្នុងឆ្នាំ១៨១០។[១០][១៥] តែទោះជាយ៉ាងក្ដី សៀមនៅតែអាចវាយបណ្តេញទ័ពភូមាចេញពីតំបន់នោះបាននៅទីបញ្ចប់។ ការលុកលុយរបស់ភូមាមកលើភូកេតនៅក្នុងឆ្នាំ១៨០៩–១៨១០ គឺជាការឈ្លានពានចុងក្រោយបង្អស់របស់ភូមាចូលទឹកដីសៀមនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រថៃ។ ជួរសមរភូមិខាងកើត៖ កម្ពុជា ឡាវ និងវៀតណាមនៅពេលដែលសៀមបានវាយយករាជធានីវៀងច័ន្ទន៍នៅក្នុងឆ្នាំ១៧៧៩ ព្រះនគររបស់ឡាវទាំងបីគឺ ហ្លួងព្រះបាំង វៀងច័ន្ទន៍ និងចម្ប៉ាស័ក្តិក៏បានធ្លាក់ក្រោមការគ្រប់គ្រងរបស់សៀមភ្លាមៗ។ អង្គក្សត្រនៃនគរឡាវទាំងបីនោះគឺ ព្រះអង្គនន្ទសេន ឥន្ថាវង្ស និងអនុវង្ស ត្រូវបានសៀមចាប់ព្រះកាយទៅទីក្រុងបាងកក ទុកជាចំណាប់ខ្មាំង។[១៦] នៅឆ្នាំ១៧៨២ ព្រះបាទរាមាទី១ បានតែងតាំងព្រះចៅនន្ទសេនជាព្រះមហាក្សត្រនៃក្រុងវៀងចន្ទន៍ ប៉ុន្តែនៅក្នុងឆ្នាំ១៧៩៥ ព្រះនន្ទសេនក៏ត្រូវបានសៀមដករាជអំណាច[១៧] ដោយសារតែមានបទចោទប្រកាន់អំពីទំនាក់ទំនងការទូតជាមួយរាជវង្សតៃសឺន ហើយចៅឥន្ថាវង្សក៏ត្រូវបានលើកឱ្យសោយរាជ្យបន្ត។ ព្រះឥន្ថាវង្សបានសោយទិវង្គតនៅក្នុងឆ្នាំ១៨០៤ ហើយត្រូវបានព្រះអនុវង្សបន្តស្នងរាជ្យតំណែង។[១៨] យមរាជបែន ដែលជាអភិជនខ្មែរម្នាក់មានទំនោរទៅរកសៀម បានធ្វើរដ្ឋប្រហារមួយដើម្បីផ្តួលរំលំ និងសម្លាប់រាជានុសិទ្ធខ្មែរនិយមយួនកាលនុះនាម ទឡ្ហៈមូ នៅឆ្នាំ១៧៨៣។ ភាពវឹកវរ និងចលាចលដែលបានកើតឡើងភ្លាមៗនោះបានបណ្តាលឱ្យយមរាជបែននាំយកព្រះអង្គអេងដែលនូវជាកុមារនៅឡើយ ទៅទីក្រុងបាងកក។ ព្រះបាទរាមាទី១ ក៏បានតែងតាំងយមរាជបែនជា ចៅពញាអភ័យធីបែសបែន។ នៅឆ្នាំ១៧៨៣ ង្វៀន ហ្វុកអាញ់ បានមកដល់ទីក្រុងបាងកក ដើម្បីសុំទីជ្រកកោនពីចលនាឧទ្ទាមតៃសឺននៅវៀតណាម។ នៅឆ្នាំ១៧៨៤ កងកម្លាំងសៀមបានវាយលុកចូលទីក្រុងព្រៃនគរដើម្បីលើកង្វៀន ហ្វុកអាញ់ជាព្រះអធិរាជវៀតណាមឡើងវិញ ប៉ុន្តែសៀមត្រូវបានទទួលបរាជ័យនៅក្នុងសមរភូមិសាកើម–ស្វាយមុតដោយថ្វីដៃពួកយួនតៃសឺន។ នៅឆ្នាំ១៧៨៩ អាភ័យធីបែសបែន បានចូលកាន់កាប់ប្រទេសកម្ពុជា និងក្លាយជាព្រះរាជានុសិទ្ធិគ្រប់គ្រងប្រទេស។ ក្រោយមកនៅឆ្នាំដដែរនោះ ង្វៀន ហ្វុកអាញ់បានវាយដណ្ដើមទីក្រុងព្រៃនគរដោយជោគជ័យ និងបានតាំងខ្លួនជាមេដឹកនាំនៃវៀតណាមខាងត្បូង។ នៅឆ្នាំ១៧៩៤ ព្រះបាទរាមាទី១ បានអនុញ្ញាតឱ្យអង្គអេងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីដឹកនាំប្រទេសជាស្តេច[៩] តែត្រូវតែងតាំងអាភ័យធីបែសបែនជាស្ដេចត្រាញ់នៃខេត្តបាត់ដំបង និងសៀមរាប ហើយខេត្តទាំងពីរត្រូវស្ថិតនៅក្រោមអភិបាលកិច្ចរបស់សៀមផ្ទាល់។ ព្រះអង្គអេងបានសោយទិវង្គតនៅក្នុងឆ្នាំ១៧៩៦ ហើយត្រូវបានព្រះរាជបុត្ររបស់ទ្រង់ព្រះនាម អង្គចន្ទទី២ ឡើងស្នងរាជសម្បត្តិបន្ត។[៩] ខុសពីព្រះបិតារបស់ទ្រង់ ព្រះអង្គចន្ទទី២ មានទំនោរទៅរកវៀតណាម ប៉ុន្តែនៅឆ្នាំ១៨១១ ប្អូនប្រុសរបស់ព្រះអង្គមានព្រះនាមថា អង្គស្ងួន បានធ្វើការបះបោរប្រឆាំងនឹងទ្រង់។ កងទ័ពសៀមបានចល័តពីខេត្តបាត់ដំបងសម្រុកទៅក្រុងឧដុង្គ ដែលជាហេតុនាំឱ្យព្រះអង្គចន្ទទី២ កើតមានការភ័យស្លន់ស្លោ និងបានរត់ភៀសខ្លួនទៅជ្រកកោននៅឯព្រៃនគរ[១៩] ក្រោមការការពាររបស់វៀតណាម។ កងទ័ពសៀមនោះបានវាយកម្ទេចក្រុងឧដុង្គ[៩] ហើយក៏ត្រឡប់ទៅប្រទេសសៀមវិញ ខណៈដែលឧត្តមសេនីយ៍វៀតណាមឈ្មោះ ឡេ វ៉ាន់យៀក បាននាំព្រះអង្គចន្ទមកសោយរាជ្យនៅក្រុងភ្នំពេញតែត្រូវស្ថិតក្រោមឥទ្ធិពលវៀតណាម។[២០] នៅវេលាព្រឹកប្រលឹមនៃថ្ងៃទី១៩ ខែមករា, ង្វៀន-ហ៊ូបានបញ្ជូនកងនាវាតូចមួយដោយមានទង់ជាតិសនៅពីលើតំណាងឱ្យការចុះចាញ់ដើម្បីទាក់សៀមឱ្យធ្លាក់ចូលក្នុងអន្ទាក់របស់ខ្លួន។ ដោយទទួលបានជ័យជម្នះជាច្រើនលើកច្រើនសារ សៀមគិតថាវាគឺជាការសូមទទួលចុះចាញ់ពិតប្រាកដ ក៏ចូលទៅធ្វើកិច្ចចរចាក្នុងកូននាវានោះ។ ក្រោយមក កងទ័ពរបស់ហ៊ូក៏នាំគ្នាបើកការវាយប្រហារមកលើទ័ពរបស់សៀមដោយដំបូងបានសម្លាប់បេសកជនសៀមនៅក្នុងនាវាតូចនោះចោល រួចហើយបានបោះសញ្ញាឱ្យទ័ពបម្រុងចេញមកវាយទ័ពសៀមដោយទ័ពសៀមម្នាក់ៗមិននឹកស្មាន់ថាវាគឺជាអន្ទាក់របស់ហ៊ូសោះ។ ជាលទ្ធផល សៀមត្រូវបាត់បង់ទ័ពជាច្រើន សំពៅទាំងប៉ុន្មានរបស់ខ្លួនត្រូវកំទេចខូចខាត ហើយមានកងទ័ពតែ ១,០០០ នាក់ប៉ុណ្ណោះដែលបានរត់គេចខ្លួនមកដល់សៀមវិញរួច។ សេដ្ឋកិច្ច វប្បធម៌ និងសាសនាជនអន្តោប្រវេសន៍ចិនបានកើនឡើងជាលំដាប់នៅក្នុងរជ្ជកាលព្រះបាទរាមាទី១ ដោយព្រះអង្គបានរក្សានូវគោលនយោបាយរបស់តាកស៊ីនក្នុងការអនុញ្ញាតឱ្យជនអន្តោប្រវេសន៍ចិនចូលមកធ្វើសេដ្ឋកិច្ចជាមួយ។ ជនជាតិចិនត្រូវអាចគេរកឃើញជាចម្បងនៅក្នុងវិស័យពាណិជ្ជកម្មនិងអាជីវកម្មហើយនៅក្នុងរជ្ជកាលរបស់បុត្រនិងចៅរបស់ទ្រង់ គេបានឃើញថាផ្លូវទឹកទីក្រុងបាងកកគឺពោរពេញទៅដោយសំពៅចិនគ្រប់ទំហំនិងខ្នាត។[២១] ![]() រាមាទី១ បានផ្លាស់រាជធានីពីធនបុរីមកត្រើយមួយខាងទៀតនៃទន្លេហើយក៏បានវិវត្តមកក្លាយជាទីក្រុងបាងកកសព្វថ្ងៃ។ ក្នុងរយៈពេលពីរបីឆ្នាំដំបូងបន្ទាប់ពីផ្លាស់រាជធានីមកបាងកក ព្រះអង្គបានចំណាយពេលវេលាត្រួតពិនិត្យមើលដំណើរនៃការសាងសង់ព្រះបរមរាជវាំងរបស់ទ្រង់ ជាពិសេសគឺវត្តព្រះកែវនោះឯងដែលត្រូវជាទីកន្លែងដែលរូបបដិមាព្រះកែវមរកតតម្កល់ទុក។ ក្រោយពីបានកសាងក្រុងរួចហើយ ព្រះអង្គក៏ចាប់ប្រារព្ធពិធីដាក់នាមឱ្យរាជធានីថ្មីរបស់ទ្រង់។[២២] ក្នុងឆ្នាំ១៨០៤ ព្រះបាទរាមាទី១ បានចាប់ផ្តើមចងក្រង'ច្បាប់ត្រាទាំង ៣' ដែលក្នុងនោះរួមមានច្បាប់ចាស់ៗដែលបានបន្សល់ទុកតាំងពីសម័យអយុធ្យាមកម្លេះ។[២៣]:9, 30) ព្រះអង្គក៏បានចាប់ផ្តើមធ្វើកំណែទម្រង់រដ្ឋាភិបាល និងបែបផែននៃភាពជាក្សត្រផងដែរ។ រាមាទី១ ទ្រង់បានធ្វើកំណែទម្រង់សំខាន់ៗខាងសាសនាមានដូចជា ការស្តារនូវវិន័យសីលធម៌សម្រាប់ព្រះសង្ឃឡើងវិញព្រោះថាចាប់តាំងពីនគរអយុធ្យាបានដួលរលំមក វិន័យសីលធម៌របស់ព្រះសង្ឃបានចាប់ផ្តើមចុះខ្សោយបន្តិចម្តងៗ។ ពេលដែលទ្រង់បានឡើងសោយរាជ្យ ព្រះសង្ឃថៃភាគច្រើនគឺមិនសូវមានស្មារតីជឿលើជំនឿអ្វីទៀតឡើយ។ ដូច្នេះ ព្រះបាទរាមាទី១ បានបង្កើតច្បាប់មួយដែលតម្រូវឱ្យព្រះសង្ឃណាដែលមានបំណងចង់និមន្តទៅរៀនបន្ថែមនៅក្រុងបុរីផ្សេង ព្រះសង្ឃនោះនឹងត្រូវមានវិញ្ញាបនប័ត្រផ្ទាល់របស់ខ្លួនដើម្បីបញ្ជាក់ថាពួកគេបានបួសត្រឹមត្រូវនិងនៅមានជំនឿដិតជាប់ជាមួយនឹងសាសនាព្រះពុទ្ធ។[២៤]:221-222 ព្រះរាជាទ្រង់បានតែងតាំងសម្តេចសង្ឃរាជដំបូងបង្អស់សម្រាប់សាសនាព្រះពុទ្ធហើយសម្តេចមានទំនួលខុសត្រូវដូចជា ធានាថាច្បាប់របស់ព្រះមហាក្សត្រនឹងរក្សាជាប់ជាមួយនឹងព្រះសង្ឃពុទ្ធសាសនា។[២៤]:222 រាមាទី១ គឺជាអ្នកដែលជម្រុញឱ្យមានការបកប្រែភាសាបាលីបុរាណនិងគម្ពីរព្រះត្រៃបិដកទាំងប៉ុន្មានដែលបានបាត់បង់ទៅដោយសារការលុកលុយរបស់ភូមាមកជាភាសាសៀមឡើងវិញ។ ព្រះអង្គក៏បាននិពន្ធរឿងរាមកេរ្តិ៍តាមទៅបែបវប្បធម៌និងប្រពៃណីថៃផងដែរ។[២៤]:221 រាមាទី១ បានបង្កើតទំនាក់ទំនងសារជាថ្មីជាមួយនឹងពួកវ៉ាទីកង់និងគ្រិស្តសាសនិក។ អ្នកផ្សព្វផ្សាយសាសនាដែលត្រូវបានគេបណ្តេញចេញនៅក្នុងរជ្ជកាលតាកស៊ីនត្រូវបានគេអញ្ជើញឱ្យត្រឡប់មកប្រទេសសៀមវិញ ហើយសកម្មភាពអ្នកឃោសនាសាសនាកាតូលិកក៏បានបន្តនៅប្រទេសថៃ។ ចំនួនអ្នកកាន់សាសនាកាតូលិកក្នុងតំបន់បានកើនឡើងជាលំដាប់រហូតដល់រាប់ពាន់នាក់បន្ទាប់ពីព្រះវិហាររបស់ពួកគេបានទទួលការការពារនិងសេរីភាពនៅក្នុងការផ្សព្វផ្សាយជំនឿម្តងទៀត។[២៥] សន្តិភាព (១៨០៩–១៨២៤)![]() នៅក្នុងរជ្ជកាលរបស់ព្រះបាទពុទ្ធលើសឡានភាល័យ (រាមាទី២) ដែលទ្រង់ត្រូវជាបុត្ររបស់រាមាទី១ គឺមិនសូវមានព្រឹត្តិការណ៍អ្វីធំដុំកើតឡើងនោះទេ។ ក្នុងពេលនោះ គ្រួសាររាជវង្សចក្រីគឺមានអំណាចគ្រប់គ្រងលើគ្រប់វិស័យដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល — ទាំងអស់នេះគឺដោយសារតែព្រះបាទរាមាទី១ មានរាជបច្ឆាញាតិរហូតដល់ទៅ ៤២ អង្គហើយប្អូនប្រុសរបស់ទ្រង់ (ព្រះឧបរាជ) មាន ៤៣ អង្គ ចំណែកឯរាមាទី២ វិញគឺមានរហូតដល់ទៅ ៧៣ អង្គ។ រាជបច្ឆាញាតិភាគច្រើនគឺត្រូវជាកូនចៅរបស់ស្រីស្នំព្រះរាជា (ពោលគឺគ្មានឈាមរាជវង្ស) ដែលជាហេតុនាំឱ្យពួកគេគ្មានសិទ្ធិទទួលមរតករាជបល្ល័ង្ក ដូច្នេះ ព្រះរាជាក៏ចាត់ឱ្យពួកគេចូលធ្វើការក្នុងវិស័យរដ្ឋាភិបាល។ ក្នុងរជ្ជកាលរបស់សម្តេចព្រះរាមាទី២ នេះដែរ ប្រទេសសៀមក៏ចាប់កើតមានជម្លោះបន្តិចបន្តួចជាមួយនឹងវៀតណាមក្រោយពីវៀតណាមបានលេបត្របាក់ទឹកដីមួយផ្នែកធំនៃកម្ពុជាហើយលេចឡើងជាមហាអំណាចថ្មីនៅតំបន់អាស៊ីអាគ្នេយ៍។ ក្នុងរយៈកាលនេះ ឥទ្ធិពលលោកខាងលិចក៏ជ្រាបចូលបន្តិចម្តងៗចូលក្នុងប្រទេសសៀមដែរ។ នៅក្នុងឆ្នាំ១៧៨៦ ក្រុមហ៊ុនឥណ្ឌាខាងលិចប្រឺតាញបានសម្រេចកាន់កាប់តំបន់ប៉េណាំង (ភាគខាងត្បូងប្រទេសសៀម) ហើយក្នុងឆ្នាំ១៨១៩ ពួកគេក៏ស្ថាបនាក្រុងសិង្ហបុរី។ មិនយូរប៉ុន្មាន ពួកអង់គ្លេសក៏ក្លាយមហាអំណាចលោកខាងលិចថ្មីដែលមានឥទ្ធិពលច្រើនជាគេនៅប្រទេសសៀមជំនួសឱ្យពួកព័រទុយកាល់និងហុល្លង់។ អង់គ្លេសក៏ចាប់ប្រឆាំងនឹងប្រព័ន្ធសេដ្ឋកិច្ចរបស់សៀមដែលក្នុងនោះ៖ អាជីវកម្មផ្តាច់មុខត្រូវបានកាន់កាប់ដោយសមាជិកគ្រួសាររាជវង្សនិងមុខជំនួញនានាត្រូវស្ថិតក្រោមការយកពន្ធតាមអំពើចិត្ត។ នៅឆ្នាំ១៨២១ ក្រុមហ៊ុនឥណ្ឌាខាងលិចបានបញ្ជូនអ្នកតំណាងម្នាក់ឈ្មោះចន ក្រលហ្វឺតទៅចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយនឹងប្រទេសសៀម។[២៦] សិល្បៈ និងអក្សរសាស្ត្រ![]() រាមាទី២ គឺជាអង្គក្សត្រដែលស្រឡាញ់វិជ្ជាសិល្បៈនិងអក្សរសាស្ត្រ។ ព្រះអង្គគឺជាកវីដ៏ឆ្នើមមួយរូបហើយមានសមត្ថភាពសរសេរកំណាព្យល្អៗជាច្រើន។ ដូច្នេះហើយបានជាគេដាក់រហសនាមឱ្យព្រះអង្គថា"ស្តេចកំណាព្យ"។ ដោយសារតែបរិបាលភាពរបស់រាមាទី២ កវីដ៏ពូកែម្នាក់ឈ្មោះស៊ុនថន ភូក៏ត្រូវព្រះអង្គតែងតាំងពីឋានៈជា"ឃុន"ទៅ"ព្រះ" (ប្រា ឬ បូជាចារ្យ (พระ))។ ស៊ុនថនគឺជាអ្នកដែលនិពន្ធកំណាព្យថៃដ៏ប្រជាប្រិយមួយចំណងជើងថាព្រះអភ័យមនី (พระอภัยมณี)។ រាមាទី២ បាននិពន្ធឡើងវិញនូវអក្សរសិល្ប៍ប្រជាប្រិយជាច្រើនពីរជ្ជកាលព្រះបាទរាមាទី១។ ស្នាដៃនិពន្ធរបស់ព្រះអង្គត្រូវបានប្រជាជនថៃជាច្រើនកោតសរសើរ ឧទាហរណ៍៖ រឿងរាមកេរ្តិ៍ (ថៃ) និងរបាំល្ខោនមួយចំនួន...។ ព្រះអង្គក៏ជាវាទកៈ (អ្នកលេងភ្លេង) ដ៏ប្រពៃម្នាក់ផងដែរ ជាពិសេសគឺឧបករណ៍ភ្លេងដែលមានខ្សែ (ឧទាហរណ៍៖ ទ្រ)។ មិនតែប៉ុណ្ណោះ ទ្រង់ថែមទាំងមានវិជ្ជាជាអ្នកចម្លាក់ទៀតផង រូបសំណាក់ព្រះពុទ្ធមួយអង្គនៅវត្តអរុណ (ផ្នែកមុខ) គឺត្រូវបានឆ្លាក់ដោយព្រះបាទរាមាទី២ ផ្ទាល់។ ដោយសារតែស្នាព្រះហស្ថខាងផ្នែកសិល្បៈដ៏អស្ចារ្យរបស់ទ្រង់ គេក៏បានចាត់ទុកថ្ងៃចម្រើនជន្មាយុព្រះអង្គជា"ទិវាសិល្បៈជាតិ" ដែលប្រារព្ធធ្វើឡើងដើម្បីជាការគោរពរំលឹកដល់សិល្បករទាំងឡាយដែលបានចូលរួមចំណែកក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌នៃរាជអាណាចក្រថៃ។ ការបង្រួបបង្រួម (១៨២៤–១៨៥១)![]() ព្រះរាមាទី២ បានចូលទិវង្គតនៅក្នុងឆ្នាំ១៨២៤ ហើយត្រូវបុត្ររបស់ព្រះអង្គនាម'ចេស្ដាបតិន្ទ្រ'ឡើងស្នងរាជ្យសម្បត្តិបន្តក្រោមព្រះនាមថ្មីថា'សម្តេចព្រះណាង់ក្លៅ' ឬអាចហៅជាទូទៅបានថា'ព្រះរាមាទី៣'។ ចំណែកឯប្អូនរបស់ចេស្តាបតិន្ទ្រព្រះនាមមង្កុដត្រូវបាន"ជម្រុញ"ឱ្យបួសជាព្រះសង្ឃដែលជាហេតុនាំឱ្យព្រះអង្គលែងមានសិទ្ធិចូលរួមក្នុងកិច្ចការនយោបាយ។ នៅឆ្នាំ១៨២៥ ពួកអង់គ្លេសនៅឥណ្ឌាបានបញ្ជូនបេសកជនមួយរូបទៀតឈ្មោះហិនរី ប៊ឺនីមកទីក្រុងបាងកក។ អង់គ្លេសនាពេលនោះបានដាក់បញ្ចូលភូមាក្រោមអាណានិគមរបស់ខ្លួនរួចទៅហើយ និងកំពុងពង្រីកការគ្រប់គ្រងរបស់ពួកគេនៅតំបន់ម៉ាឡេ។ ព្រះរាជាសៀមមានភាពស្ទាក់ស្ទើរជាខ្លាំងក្នុងការទទួលយកសេចក្តីទាមទាររបស់អង់គ្លេសអំពីរឿងពាណិជ្ជកម្ម ប៉ុន្តែឱវាទរបស់ព្រះអង្គបានទូន្មានប្រាប់ទ្រង់ថា ព្រះអង្គត្រូវតែទទួលនិងធ្វើម្តេចឱ្យពួកអង់គ្លេសវាពេញចិត្ត បើមិនអញ្ចឹងទេនោះ អាណាចក្រសៀមនឹងមានវាសនាដូចគ្នានឹងប្រទេសភូមាដែរ។ ដូច្នេះហើយ នៅក្នុងឆ្នាំ១៨២៦ សៀមបានចុះលើសន្ធិសញ្ញាពាណិជ្ជកម្មដំបូងបង្អស់ជាមួយនឹងមហាអំណាចលោកខាងលិចដែលគេតែងហៅថាសន្ធិសញ្ញាប៊ឺនី។ នៅក្រោមសន្ធិសញ្ញាប៊ឺនីនេះ សៀមបានយល់ព្រមបង្កើតប្រព័ន្ធពន្ធដារដូចលោកខាងលិច កាត់បន្ថយពន្ធលើពាណិជ្ជកម្មបរទេស និងលុបចោលនូវឯកាធិភាពមួយចំនួនរបស់គ្រួសាររាជវង្ស។ ជាលទ្ធផល វិស័យពាណិជ្ជកម្មរបស់សៀមបានកើនឡើងយ៉ាងឆាប់រហ័សហើយជនបរទេសជាច្រើនបានមកតាំងទីលំនៅថ្មីនៅទីក្រុងបាងកក ចំណែកឯឥទ្ធិពលវប្បធម៌លោកខាងលិចក៏កើនរាលដាលជាលំដាប់ផងដែរ។ អាណាចក្រសៀមក៏ក្លាយជារដ្ឋដ៏ទំនើបមួយនៅអាស៊ីអាគ្នេយ៍ ហើយបានទទួលនូវគ្រឿងសព្វាវុធទាន់សម័យច្រើនជាងមុន។ ការបះបោរមួយនៅឡាវដែលដឹកនាំដោយចៅអនុវង្សត្រូវសៀមបង្ក្រាបនៅក្នុងឆ្នាំ១៨២៧ ដែលជាដើមហេតុបណ្តាលឱ្យសៀមចូលវាយបំផ្លាញនគរវៀងចន្ទន៍។ មិនតែប៉ុណ្ណោះ សៀមបានបង្ខំប្រជាជននៅនគរវៀងចន្ទន៍ឱ្យផ្លាស់ទីលំនៅមកតំបន់ឥសាន្ត ហើយបានបែងចែកមឿង (ស្រុក) ឡាវជាក្រុមតូចៗដើម្បីកុំឱ្យកើតមានឧទ្ទាមកម្មនៅពេលខាងមុខទៀត។ ពីឆ្នាំ១៨៤២ ដល់ឆ្នាំ១៨៤៥ សៀមបានយកឈ្នះនៅក្នុងសង្គ្រាមមួយជាមួយនឹងវៀតណាមដែលធ្វើឱ្យការគ្រប់គ្រងរបស់សៀមនៅកម្ពុជាកាន់តែតឹងណែនបន្ថែម។ ស្នាព្រះហស្ថដ៏មានតម្លៃអស្ចារ្យរបស់ព្រះរាមាទី៣ នៅទីក្រុងបាងកក គឺការពង្រីកបរិវេណវត្តផូ និងទុកជាទីសក្ការៈថ្មី។ ព្រះរាមាទី៣ តែងចាត់ទុកប្អូនប្រុសរបស់ព្រះអង្គព្រះនាម'មង្កុដ'ជាអ្នកឡើងស្នងរាជសម្បត្តិបន្តទោះបីជាដឹងថាព្រះសង្ឃមិនអាចកាន់តំណែងជាស្តេចបានក៏ដោយ ហើយម៉្យាងទៀតនោះ មង្កុដគឺមានប្រជាប្រិយភាពខ្លាំងចំពោះពួកអង់គ្លេស។ ព្រះអង្គមង្កុដបានប្រើការសំចតជាព្រះសង្ឃរបស់ទ្រង់ដើម្បីទទួលចំណេះដឹងបែបលោកខាងលិចពីអ្នកផ្សព្វផ្សាយសាសនាជនជាតិបារាំងនិងអាមេរិក ហើយនិងអ្នកជំនួញអង់គ្លេស។ មង្កុដត្រូវបានគេចាត់ទុកថាជាជនជាតិសៀមដំបូងបង្អស់ដែលទទួលការអប់រំពីលោកខាងលិច។ ព្រះអង្គបានរៀនភាសាអង់គ្លេសនិងអក្សរឡាតាំង ហើយខាងវិជ្ជាវិញគឺព្រះអង្គបានសិក្សាពីវិទ្យាសាស្ត្រនិងគណិតសាស្ត្រ។ អ្នកផ្សព្វផ្សាយសាសនាដែលបង្រៀនព្រះអង្គទាំងនោះបានសង្ឃឹមថាទ្រង់នឹងបរិវត្តទៅជាគ្រិស្តសាសនិកប៉ុន្តែបានទទួលបរាជ័យព្រោះថាមង្កុដគឺជាបុគ្គលដែលប្រកាន់សាសនាព្រះពុទ្ធយ៉ាងតឹងរឹងនិងជាអ្នកជាតិនិយមសៀមមួយរូប។ មង្កុដបានប្រើប្រាស់ចំណេះដឹងដែលរៀនសូត្រពីលោកខាងលិចមកដើម្បីពង្រឹងនិងអភិវឌ្ឍន៍ជាតិសៀមនៅពេលដែលព្រះអង្គមានឱកាសបានឡើងគ្រងរាជ្យ។ វាពិតជាច្បាស់ណាស់ថាឯករាជ្យភាពរបស់សៀមនៅអំឡុងទស្សវត្តឆ្នាំ១៨៤០ គឺកំពុងតែសាបទៅៗ៖ ទាំងនេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងសង្គ្រាមអាភៀនលើកទី១ រវាងអង់គ្លេសនឹងចិនដែលបានចាប់ផ្ទុះឡើងនៅឆ្នាំ១៨៣៩ ហើយបញ្ចប់ទៅវិញក្នុងឆ្នាំ១៨៤២។ នៅឆ្នាំ១៨៥០ អង់គ្លេសនិងអាមេរិកបានបញ្ជូនបេសកជនមកទីក្រុងបាងកកម្តងទៀតដោយលើកនេះបានទាមទារឱ្យមានការបញ្ឈប់រាល់លក្ខខណ្ឌតឹងរឹងទាំងប៉ុន្មានលើវិស័យពាណិជ្ជកម្មរបស់សៀម ការបង្កើតរដ្ឋាភិបាលបែបបស្ចឹមប្រទេស (លោកខាងលិច) និងជួយរំដោះប្រជាជនរបស់ពួកគេឱ្យរួចផុតពីច្បាប់នៃអាណាចក្រសៀម។ រដ្ឋាភិបាលរបស់សម្តេចព្រះរាមាទី៣ បានបដិសេដនូវការទាមទារនេះដែលធ្វើឱ្យអ្នកស្នងតំណែងបន្តពីទ្រង់អាចស្ថិតនៅក្រោមសម្ពាធដ៏ធ្ងន់។ គេបានឱ្យដឹងថា ខណៈពេលដែលព្រះអង្គជិតចូលព្រះទិវង្គត ទ្រង់បានមានព្រះបន្ទូលថា៖"សង្គ្រាមជាមួយនឹងភូមាហើយវៀតណាមគឺលែងមានទៀតហើយ ព្រោះពួកវាត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់មហាអំណាចបស្ចឹមប្រទេសរួចទៅហើយ។"[២៧] តាំងពីបានស្ថាបនាចេញមក សេដ្ឋកិច្ចនៃអាណាចក្ររតនកោសិន្ទ្រ៍បានទទួលបានការរីកចម្រើនយ៉ាងខ្លាំងដោយសារតែគោលនយោបាយដំបូងរបស់តាកស៊ីនដែលអនុញ្ញាត្តឱ្យពួកឈ្មួញចិនចូលមកធ្វើសេដ្ឋកិច្ចជាមួយ។[២៨] ក្រៅពីឈ្មួញ កសិករចិនក៏បានធ្វើដំណើរមកប្រទេសសៀមដើម្បីបន្តប្រកបរបរកសិកម្មរបស់ពួកគេផងដែរ អ្នកដឹកនាំប្រទេសសៀមគ្រប់ជាន់ថ្នាក់គឺតែងតែស្វាគមន៍ជនអន្តោប្រវេសន៍ចិនជានិច្ច។ ឈ្មួញចិនមួយចំនួនត្រូវបានតែងតាំងឋានៈជាមន្រ្តីតុលាការសៀមក៏មានផង វប្បធម៌ចិនត្រូវបានទទួលស្គាល់និងផ្សព្វផ្សាយ ស្នាដៃរបស់ជនជាតិចិនជាច្រើនត្រូវបានបកប្រែដោយឥស្សរជនតុលាការជាប់សញ្ជាតិចិន។ ទំនាក់ទំនងរវាងសៀមនឹងចិនគឺមានសភាពល្អប្រសើរខ្លាំង ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានបន្តរហូតដល់រជ្ជកាលព្រះរាមាទី៤។ សម័យត្រាស់ដឹង (បំភ្លឺ) (១៨៥១–១៨៦៨)![]() ![]() មង្កុដបានឡើងសោយរាជ្យជាព្រះបាទរាមាទី៤ នៅក្នុងឆ្នាំ១៨៥១។ ព្រះអង្គបានប្តេជ្ញាចិត្តថានឹងការពារសៀមកុំឱ្យធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមមហាអំណាចអាណានិគមអឺរ៉ុបដោយបង្ខំធ្វើទំនើបកម្មខាងវិជ្ជានិងវិស័យទាំងឡាយណាដែលសៀមខ្សោយខ្លាំង។ ក្រោមទ្រឹស្តី មង្កុដគឺត្រូវជាព្រះមហាក្សត្រផ្តាច់ការ ក៏ប៉ុន្តែអំណាចរបស់ព្រះអង្គគឺមានការកំណត់។ សកម្មភាពដំបូងរបស់ព្រះអង្គក្នុងនាមជាព្រះមហាក្សត្រគឺការប៉ុនប៉ងធ្វើកំណែទម្រង់បង្កើតប្រព័ន្ធរដ្ឋបាលទំនើបនិងលើកតម្កើងជីវភាពទាសករបំណុល ប៉ុន្តែលទ្ធផលគឺមិនបានដូចការំពឹងទុកឡើយ។ ព្រះរាមាទី៤ គឺជាក្សត្រដែលតែងតែស្វាគមន៍ពួកលោកខាងលិចជានិច្ច ជាពិសេសគឺពួកអង់គ្លេស។ ការណ៍នេះត្រូវបានបញ្ជាក់យ៉ាងស្តែងនៅឆ្នាំ១៨៥៥៖ នៅពេលដែលអភិបាលទឹកដីហុងកុងលោកចន បោរីងជាមួយនឹងកងកម្លាំងជើកទឹកបានមកដល់ក្រុងបាងកកហើយទាមទារឱ្យមានការផ្លាស់ប្តូរទម្រង់ពាណិជ្ជកម្មសៀមភ្លាមៗ។ ព្រះរាជាសៀមបានយល់ព្រមទៅនឹងការទាមទាររបស់អង់គ្លេសភ្លាមដោយចុះព្រះហត្ថលេខាលើសន្ធិសញ្ញាមួយហៅថាសន្ធិសញ្ញាបោរីង។ សន្ធិសញ្ញានេះបានបន្តឹងពន្ធនាំចូលឱ្យឡើងចំនួន ៣ ភាគរយ លុបចោលនូវភាពផ្តាច់មុខរបស់គ្រួសាររាជវង្សលើវិស័យពាណិជ្ជកម្ម និងផ្តល់ទឹកដីមួយភាគតូចទៅអង់គ្លេស។ ដោយឃើញបែបនេះ មហាអំណាចលោកខាងលិចផ្សេងៗទៀតក៏បានយកត្រាប់តាមអង់គ្លេសហើយទទួលបាននូវលទ្ធផលស្រដៀងៗគ្នា។ មង្កុដក៏ចាប់ផ្តើមយល់ឃើញថាសត្រូវដែលចង់ឆក់យកទឹកដីខ្លួនពិតប្រាកដនោះគឺបារាំង មិនមែនពួកអង់គ្លេសទេ។ ព្រោះថា ពួកអង់គ្លេសគឺមានចំណាប់អារម្មណ៍មកលើប្រយោជន៍ពាណិជ្ជកម្មច្រើនជាជាងការដាក់អាណានិគមចំណែកឯបារាំងវិញគឺកំពុងតែដើរពង្រីកទឹកដីអាណានិគមរបស់ខ្លួន។ បារាំងបានចូលកាន់កាប់ទីក្រុងព្រៃនគរនៅក្នុងឆ្នាំ១៨៥៩ ហើយនៅឆ្នាំ១៨៦៧ បារាំងបានសម្រេចកាន់កាប់ភាគខាងត្បូងប្រទេសវៀតណាមនិងភាគខាងកើតប្រទេសកម្ពុជា។ ព្រះរាមាទី៤ សង្ឃឹមថាអង់គ្លេសនឹងជួយប្រទេសជាតិរបស់ទ្រង់ឱ្យគេចផុតពីអាណានិគមបារាំងប្រសិនបើព្រះអង្គបន្តផ្តល់សម្បទានពាណិជ្ជកម្មដែលត្រូវនឹងអ្វីដែលពួកអង់គ្លេសបានទាមទារ។ ជាលទ្ធផលវាមានរាងស្មុគស្មាញបន្តិចនៅក្រោមរជ្ជកាលស្តេចបន្ទាប់តែទោះជាយ៉ាងណាអង់គ្លេសនូវតែចុះជួយសៀមដោយមើលឃើញថាសៀមអាចជារដ្ឋទ្រនាប់ដែលបំបែកទឹកដីអង់គ្លេសភូមានិងទឹកដីឥណ្ឌូចិនរបស់បារាំង។ អ្នកកំណែទម្រង់ (១៨៦៨–១៩១០)![]() ![]() ព្រះរាមាទី៤ បានចូលទិវង្គតនៅក្នុងឆ្នាំ១៨៦៨ ហើយត្រូវបានស្នងរាជ្យបន្តដោយបុត្រាវ័យ ១៥ វស្សារបស់ទ្រង់ព្រះនាមថាស្តេចចុល្លាង្ករណ៍ (ព្រះរាមាទី៥)។ ព្រះរាមាទី៥ គឺជាអង្គក្សត្រសៀមដំបូងបង្អស់ដែលទទួលបានការអប់រំពេញលេញបែបលោកខាងលិច ព្រះអង្គត្រូវបានបង្រៀនដោយទេសាភិបាលជនជាតិអង់គ្លេសម្នាក់គឺលោកស្រីអែនណា លីអូណូវេន។ ក្នុងរជ្ជកាលដំបូងរបស់ព្រះអង្គ កិច្ចការទាំងឡាយត្រូវបានកាន់កាប់ជំនួសដោយរាជានុសិទ្ធិមួយរូបឈ្មោះស្រីសុរិយ៉ាវង្សស៍។ នៅឆ្នាំ១៨៧៣ កិច្ចការទាំងនោះក៏ត្រូវធ្លាក់ក្រោមការកាន់កាប់របស់ព្រះចុល្លាង្ករណ៍វិញ។ ពេលបានកាន់អំណាចពេញលេញ ព្រះរាមាទី៥ ក៏ចាប់បង្កើតក្រុមប្រឹក្សាឯកជននិងក្រុមប្រឹក្សារដ្ឋ ប្រព័ន្ធតុលាការផ្លូវការ ហើយនិងការិយាល័យសមុច្ច័យ។ ព្រះអង្គបានប្រកាសលុបបំបាត់ចោលជាបណ្តើរៗនូវទាសភាពនិងលក្ខខ័ណ្ឌបន្តឹងបំណុល។ ដំបូងឡើយ អង្គក្សត្រសៀមនិងអ្នកអភិរក្សនិយមជើងចាស់ទាំងឡាយបានសម្រេចក្នុងការហាមឃាត់ព្រះរាជាដ៏វ័យក្មេងពីការធ្វើកំណែទម្រង់ទាំងនោះ ប៉ុន្តែយូរៗទៅ អ្នកទាំងអស់នោះត្រូវបានជំនួសដោយអ្នកថ្មីដែលសុទ្ធតែទទួលបានការអប់រំតាមលោកខាងលិច។ ដោយមានអ្នកថ្មីអមសងខាងព្រះអង្គបែបនេះ កំណែទម្រង់របស់ទ្រង់ក៏ប្រព្រឹត្តិទៅបានសម្រេចដូចបំណងប្រាថ្នា។ នៅឆ្នាំ១៨៨៧ បងប្អូនសាច់ថ្លៃព្រះអង្គព្រះនាមតេវ៉ាវង្ស៍បានធ្វើទស្សនកិច្ចទៅសិក្សាប្រព័ន្ធរដ្ឋាភិបាលនៅអឺរ៉ុប។ តាមអនុសាសន៍របស់តេវ៉ាវង្ស៍ ព្រះរាជាក៏យល់ព្រមបង្កើតគណៈរដ្ឋមន្រ្តីរដ្ឋាភិបាល ការិយាល័យសវនកម្ម និងនាយកដ្ឋានអប់រំ។ តំបន់ឈៀងម៉ៃត្រូវបានដាក់បញ្ចូលជាទឹកដីថៃជាផ្លូវការ វិស័យយោធាត្រូវបានរៀបចំឡើងវិញនិងធ្វើទំនើបកម្ម។ ![]() នៅឆ្នាំ១៨៩៣ អាជ្ញាធរបារាំងនៅឥណ្ឌូចិនបានប្រើជម្លោះព្រំដែនខ្នាតតូចដើម្បីបង្កឱ្យមានវិបត្តិធំកើតឡើង។ នាវាចម្បាំងរបស់បារាំងក៏លេចខ្លួនឡើងនៅទីក្រុងបាងកកដោយទាមទារឱ្យសៀមចូលប្រគល់ទឹកដីឡាវនៅខាងកើតនៃទន្លេមេគង្គ។ ព្រះរាមាទី៥ បានទៅអំពាវនាវដល់ចក្រភពអង់គ្លេស ប៉ុន្តែរដ្ឋមន្រ្តីអង់គ្លេសបានប្រាប់ព្រះអង្គឱ្យដោះស្រាយរឿងនោះទៅតាមលក្ខខ័ណ្ឌអ្វីដែលទ្រង់មាន។ កាលណាគ្មានជម្រើស ព្រះរាមាទី៥ ក៏ទទួលយល់ព្រម។ វីរកម្មតែមួយគត់របស់អង់គ្លេសគឺកិច្ចព្រមព្រៀងជាមួយបារាំងក្នុងការរក្សានូវទឹកដីដើមរបស់ថៃ។ ជាលទ្ធផល សៀមត្រូវបោះបង់តំបន់សានដែលស្ថិតនៅភាគឥសាន្តនៃប្រទេសភូមាសព្វថ្ងៃទៅឱ្យចក្រភពអង់គ្លេស។ ទោះជាយ៉ាងណាក្តី បារាំងនូវតែបន្តដាក់សម្ពាធមកលើសៀមហើយនៅរវាងឆ្នាំ១៩០៦–១៩០៧ បារាំងក៏បានបង្កើតជម្លោះវិបត្តិទឹកដីម្តងទៀត។ លើកនេះ សៀមត្រូវប្រគល់តំបន់ច្រាំងខាងលិចទន្លេមេគង្គ តំបន់ចម្ប៉ាសាក់នៅភាគខាងត្បូងប្រទេសឡាវ និងភាគខាងលិចប្រទេសកម្ពុជាមកឱ្យបារាំង។ ចក្រភពអង់គ្លេសក៏ចូលធ្វើអន្តរាគមន៍ដើម្បីកុំឱ្យបារាំងដាក់សម្ពាធបន្ថែមទៀតមកលើសៀមប៉ុន្តែជាការតបស្នងគុណអង់គ្លេសវិញ សៀមត្រូវប្រគល់តំបន់កេដា ភឺលីស កេឡានតាន និងតេរេងហ្កានូមកឱ្យអង់គ្លេសនៅក្រោមសន្ធិសញ្ញាអង់គ្លេស–សៀម ឆ្នាំ១៩០៩។ ទឹកដីដែលបានបាត់បង់ទាំងអស់នេះគឺសុទ្ធតែស្ថិតនៅជាយដែននៃឥទ្ធិពលរបស់អាណាចក្រសៀមនិងមិនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេផ្ទាល់នោះទេ។ ការបង្ខំឱ្យបោះបង់ចោលទឹកដីទាំងអស់នោះដោយមហាអំណាចអាណានិគមគឺជារឿងដ៏គួរឱ្យអាម៉ាស់បំផុតសម្រាប់ព្រះមហាក្សត្រនិងប្រជាជាតិថៃទាំងមូល។ ទន្ទឹមនឹងនេះដែរ ការធ្វើកំណែទម្រង់ប្រទេសជាតិនូវតែបន្តឥតឈប់ឥតឈរដែលជាហេតុនាំឱ្យសៀមដែលធ្លាប់ជារដ្ឋពឹងផ្អែកលើរបបរាជាធិបតេយ្យផ្តាច់ការទាំងស្រុងទៅជាប្រទេសជាតិទំនើបទាន់សម័យមួយ។ ដំណើរនេះបានកើនឡើងជាលំដាប់នៅក្នុងរជ្ជកាលបុត្រារបស់ព្រះរាមាទី៥។ ផ្លូវដែកនិងប្រព័ន្ធគមនាគមន៍ត្រូវបានភ្ជាប់ទៅគ្រប់ទិសទីនៃប្រទេសថៃ។ ដុំមាសត្រូវបានដាក់ឱ្យប្រើជារូបិយវត្ថុ ហើយការប្រើកម្លាំងពលកម្មជាទម្ងន់ត្រូវបានជំនួសមកវិញនូវប្រព័ន្ធពន្ធដារសម័យ។ បញ្ហាដ៏ធំបំផុតគឺកង្វះមន្រ្តីរាជការដែលប្រកបដោយសីលធម៌និងចំណេះដឹងទូទៅ ដោយហេតុនេះហើយទើបសៀមត្រូវប្រគល់តំណែងទាំងនោះទៅជនបរទេសជាបណ្តោះអាសន្នសិន។ សៀមក៏ចាប់កសាងវិទ្យាស្ថានអប់រំនិងសាលារៀននៅទូទាំងផ្ទៃប្រទេសហើយបន្ទាប់មកត្រូវរងចាំនិស្សិតពួកគេរៀនចប់អស់សិនទើបនិស្សិតទាំងនោះអាចឡើងបន្តជាមន្រ្តីរាជការជំនួសឱ្យបរទេសបាន។ ត្រឹមឆ្នាំ១៩១០ និងជាឆ្នាំដែលព្រះរាមាទី៥ ត្រូវចូលព្រះទិវង្គត ប្រទេសសៀមក៏បានក្លាយជាប្រទេសជាតិដ៏ទំនើបមួយនៅក្នុងចំណោមរដ្ឋប្រទេសអធិបតេយ្យទាំងប៉ុន្មាននៅលើពិភពលោក។ ដំណាក់កាលក្លាយជារដ្ឋទាន់សម័យ (១៩១០–១៩២៥)![]() កំណែទម្រង់មួយរបស់ព្រះរាមាទី៥ គឺការណែនាំនូវច្បាប់ឡើងស្នងរាជ្យតាមបែបបស្ចិមប្រទេស ដូច្នេះនៅឆ្នាំ១៩១០ ព្រះអង្គត្រូវបានបុត្រារបស់ទ្រង់ឡើងស្នងរាជ្យជាសន្តិវិធីដោយមាននាមថាសម្តេចព្រះបាទរាមាទី៦។ រជិរាវុធ ឬរាមាទី៦ បានទទួលការអប់រំនៅឯសាលាយោធាសានហឺសត៍ និងនៅសកលវិទ្យាល័យអកស៍ហ្វត។ គេបានចាត់ទុកព្រះអង្គគឺជាសភាពបុរសម្នាក់នៅសម័យអែដវើដនៃចក្រភពអង់គ្លេស។ នៅក្នុងរជ្ជកាលព្រះរាមាទី៦ ក៏មានកំណែទម្រង់ខ្លះៗផងដែរក៏ប៉ុន្តែ ទ្រង់គឺនូវតែជាព្រះមហាក្សត្រផ្តាច់ការដែលដើរតួជាប្រមុខគណៈរដ្ឋមន្រ្តីនិងកាន់កាប់ទីភ្នាក់ងារទាំងអស់របស់រដ្ឋជាមួយនឹងសាច់ញាតិរបស់ព្រះអង្គ។ ដោយទទួលបានការអប់រំនិងចំណេះដឹងពីលោកខាងលិច រជិរាវុធដឹងថាប្រទេសជាតិ"ថ្មី"របស់ទ្រង់គឺមិនអាចគម្លៀតចេញពីអំណាចរដ្ឋាភិបាលទាំងស្រុងបានទេ ហើយព្រះអង្គមានជំនឿថា ប្រទេសសៀមគឺនឹងមិនងាយទទួលបាននូវលទ្ធិប្រជាធិបតេយ្យពេញលេញស្រួលៗនោះទេ។ តែទោះជាយ៉ាងណា ទ្រង់នូវតែធ្វើទំនើបកម្មជាតិបន្តពីព្រះបិតា។ ទីក្រុងបាងកកក៏ក្លាយជារាជធានីផ្លូវការនៃប្រជាជាតិថ្មីរបស់រជិរាវុធ។ រដ្ឋាភិបាលរបស់ទ្រង់បានចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ជាច្រើននៅទូទាំងប្រទេសទោះបីជាមានបញ្ហាខាងហិរញ្ញវត្ថុជាតិក្តី។ ផ្លូវថ្នល់ ស្ពាន ផ្លូវដែក មន្ទីរពេទ្យ និងសាលារៀនត្រូវបានលេចចេញឡើងនៅគ្រប់ជ្រង់ជ្រោយនៃប្រទេសថៃ។ ព្រះរាជាទ្រង់បានបង្កើតកងអង្គទ័ពខ្លាព្រៃ (กองเสือป่า) ដែលជាយោធាប្រតិព័ន្ធមួយរបស់សៀមក្នុងគោលបំណងចង់ដោះស្រាយបុព្វហេតុជាតិ។ ព្រះអង្គថែមទាំងបានបង្កើតអង្គការកាយរិទ្ធជាតិថៃទៀតផងដែលនៅមានអត្ថិភាពរហូតមកដល់សព្វថ្ងៃ។ ព្រះរាជាបានចំណាយពេលភាគច្រើនធ្វើកិច្ចការទាំងនេះព្រោះទ្រង់ដឹងថាវាជាឱកាសតែមួយគត់ដែលទ្រង់អាចបង្កើតចំណងរវាងខ្លួនព្រះអង្គនឹងពលរដ្ឋដ៏ស្មោះត្រង់របស់ទ្រង់ផ្ទាល់។ ចលនាយោធាប្រតិព័ន្ធរបស់រជិរាវុធបានបាត់ឥទ្ធិពលបន្តិចម្តងៗនៅត្រឹមឆ្នាំ១៩២៧ ប៉ុន្តែត្រូវលើកឡើងមកវិញហើយវិវត្តទៅជាកងអង្គទ័ពអ្នកស្ម័គ្រចិត្តការពារ ឬអាចហៅថា"កាយរិទ្ធភូមិ" (ลูกเสือบ้าน)។[២៩] ![]() របៀបរបបដឹកនាំរបស់រជិរាវុធគឺមានលក្ខណៈខុសគ្នាពីព្រះបិតារបស់ទ្រង់។ ជាជាងលើកឡើងនូវក្រុមដឹកនាំថ្មី រជិរាវុធនូវតែបន្តសហការណ៍ជាមួយក្រុមអ្នកដឹកនាំចាស់ៗ (ពោលក្រុមដឹកនាំរបស់ព្រះបិតាទ្រង់) នៅក្នុងរជ្ជកាលដំបូងៗរបស់ព្រះអង្គ។ កិច្ចការងារប្រចាំថ្ងៃភាគច្រើនគឺបានចាត់ឱ្យអ្នកមានបទពិសោធន៍និងអ្នកមានសមត្ថភាពធ្វើ។ សម្រាប់អ្នកទាំងនោះនិងព្រះរាជាផ្ទាល់ សៀមនូវមានកង្វះការអភិវឌ្ឍន៍ផែនការជាតិដូចជាផ្តល់នូវការអប់រំជូនប្រជាជនទាំងមូល ការបង្កើតគ្លីនិកដើម្បីផ្តាល់ថ្នាំវ៉ាក់សាំងដោយឥតគិតថ្លៃដើម្បីបង្ការជំងឺអុតធំ និងការពង្រីកប្រព័ន្ធផ្លូវដែក។ មិនយូរប៉ុន្មាន អ្នកដែលកាន់តំណែងជាន់ខ្ពស់ជើងចាស់ទាំងនោះក៏ត្រូវជំនួសមកវិញដោយសមាជិកថ្មីៗ ហើយគិតត្រឹមឆ្នាំ១៩១៥ សមាជិកគណៈរដ្ឋមន្រ្តីជាងពាក់កណ្តាលគឺសុទ្ធតែជាអ្នកមកថ្មីទាំងអស់។ កំណែទម្រង់វិស័យអប់រំព្រះរាមាទី៦ គឺជាស្តេចសៀមដំបូងគេបង្អស់ដែលបានបង្កើតនូវគំរូរដ្ឋធម្មនុញ្ញ។ ព្រះអង្គចង់ដឹងថាតើប្រទេសសៀមនឹងដើរទៅមុខដូចម្តេចនៅក្រោមប្រព័ន្ធគ្រប់គ្រងបែបបស្ចឹមលោក។ ព្រះអង្គក៏បានប្រទះឃើញនូវគុណសម្បត្តិនៅក្នុងប្រព័ន្ធនោះហើយគិតថាសៀមអាចឈានទៅមុខបន្តិចម្តងៗបាន ប៉ុន្តែមិនអាចទទួលយកបានភ្លាមៗនោះទេ ព្រោះថាប្រជាជនខ្លួនភាគច្រើនមិនមានចំណេះដឹងគ្រប់គ្រាន់ដើម្បីយល់ពីបម្លាស់ប្តូរបែបនេះនោះឡើយ។ នៅក្នុងឆ្នាំ១៩១៦ វិស័យអប់រំជាន់ខ្ពស់ក៏ចាប់ដំណើរការនៅប្រទេសសៀម។ ព្រះរាមាទី៦ បានបើកមហាវិទ្យាល័យរជិរាវុធ ហើយនិងសកលវិទ្យាល័យដំបូងគេបង្អស់នៅប្រទេសថៃគឺសកលវិទ្យាល័យចុល្លាង្ករណ៍។[៣០]
សង្គ្រាមលោកលើកទី១
![]() ដើម្បីធ្វើឱ្យទំនាក់ទំនងសៀមនឹងអង់គ្លេសកាន់តែជិតស្និទ, នៅក្នុងឆ្នាំ១៩១៧ ប្រទេសសៀមក៏បានប្រកាសសង្គ្រាមលើប្រទេសអាល្លឺម៉ង់ និងអូទ្រីស-ហុងគ្រី។ ការចូលរួមរបស់សៀមនៅក្នុងសង្គ្រាមលោកលើកទី១ បានបណ្តាលឱ្យសៀមទទួលបានអាសនៈមួយនៅឯសន្និសីទសន្តិភាពទីក្រុងវែសៃ។ រដ្ឋមន្រ្តីការបរទេសរបស់សៀមឈ្មោះតេវ៉ាវង្ស៍បានប្រើឱកាសនេះដើម្បីបដិសេដទៅនឹងសន្ធិសញ្ញាទាំងប៉ុន្មានដែលសៀមបានចុះនាសតវត្សទី១៩ និងការស្តារអធិបតេយ្យភាពរបស់សៀមទាំងស្រុងឡើងវិញ។ សហរដ្ឋអាមេរិកក៏បានយល់ស្របទៅនឹងសំណើរបស់សៀមនៅឆ្នាំ១៩២០ ហើយក្រោយមក បារាំងនិងអង់គ្លេសនៅឆ្នាំ១៩២៥។ ជ័យជម្នះរបស់សៀមនៅក្នុងសង្គ្រាមលោកនោះបានផ្តល់នូវប្រជាប្រិយភាពជាខ្លាំងដល់ព្រះរាជា ប៉ុន្តែមិនយូរប៉ុន្មាន វាក៏រំសាយទៅវិញដោយសារតែបញ្ហាផ្សេងៗទៀតមានដូចជា ការចំណាយប្រាក់ចំណូលជាតិហួសប្រមាណទៅលើសង្គ្រាមលោកដែលជាហេតុនាំឱ្យកើតមានវិបត្តិសេដ្ឋកិច្ចនៅក្នុងឆ្នាំ១៩១៩។ ជាតិសៀមក៏កើតមានការព្រួយបារម្ភមួយទៀតបន្ទាប់ពីបានដឹងឮថាព្រះរាជាគឺពុំមានបុត្រាស្នងតំណែង។ រឿងនេះបានបណ្តាលឱ្យមានអស្ថេរភាពដល់រាជាធិបតេយ្យសៀមនាពេលនោះព្រោះតែអវត្តមាននៃរជ្ជទាយាទ។ រជារិវុធ (ព្រះរាមាទី៦) ក៏ចូលព្រះទិវង្គតនៅឆ្នាំ១៩២៥ ក្នុងព្រះជន្មាយុត្រឹម ៤៤ ព្រះវស្សា។ ការចូលទិវង្គតរបស់ព្រះអង្គបានធ្វើឱ្យរាជាធិបតេយ្យនៅប្រទេសសៀមមានភាពចុះខ្សោយជាខ្លាំង។ តែទោះបីជាយ៉ាងណា រជារិវុធត្រូវបានប្អូនប្រុសរបស់ព្រះអង្គ ព្រះនាមប្រជាធិផុកឡើងស្នងរាជ្យសម្បត្តិបន្តពីទ្រង់។ ទីបញ្ចប់នៃរាជាធិបតេយ្យផ្តាច់ការ (១៩២៥–១៩៣២)![]() ទោះជាមិនបានត្រៀមខ្លួនឡើងសោយរាជ្យជាមុនមែន តែព្រះបាទប្រជាធិផុកទ្រង់មានគុណសម្បត្តិច្រើនដូចជា៖ មានប្រាជ្ញាឈ្លាសវៃ មានភាពប៉ិនប្រសប់ខាងការទូតទំនាក់ទំនងជាមួយនឹងបរទេស មានភាពរម្យទមនិងមានឆន្ទៈឧស្សាហ៍ព្យាយាមរៀនសូត្រ។ ខុសពីអង្គក្សត្រមុនៗ ព្រះរាមាទី៧ គឺតែងតែអានរាល់ឯកសាររដ្ឋដែលបញ្ជូនមកទ្រង់ ទាំងសេចក្តីប្រតិបាទន៍របស់រដ្ឋមន្រ្តីនិងបដ្ឋាលិខិតរបស់ប្រជាពលរដ្ឋ។ ត្រឹមតែរយៈពេលកន្លះឆ្នាំចូលក្នុងរជ្ជកាលរបស់ព្រះអង្គប៉ុណ្ណោះ រដ្ឋមន្រ្តីរបស់អតីតអង្គក្សត្រវជិរាវុធតែចំនួន ៣ នាក់ទេដែលនូវរក្សាតំណែងរបស់ពួកគេបាន ចំណែកឯ ៩ រូបទៀតត្រូវបានជំនួសដោយសមាជិកគ្រួសាររាជវង្សទាំងអស់។ សកម្មភាពនេះបានផ្តល់ទាំងផលប្រយោជន៍និងគុណប្រយោជន៍។ សម្រាប់ផលប្រយោជន៍ កិច្ចការរបស់រដ្ឋាភិបាលនឹងត្រូវអនុវត្តដោយបុគ្គលដែលមានសមត្ថភាពខ្ពស់និងបទពិសោធន៍ច្រើន តែសម្រាប់គុណប្រយោជន៍វិញ វាគឺជាសញ្ញាបង្ហាញពីការវិលត្រឡប់មកវិញនៃអប្បជនាធិបតេយ្យ។ វាពិតជាច្បាស់ណាស់ថា ព្រះបាទប្រជាធិផុកមានគោលបំណងចង់បណ្តេញសមាជិករដ្ឋាភិបាលរបស់វជិរាវុធទាំងអស់ចោលហើយបុគ្គលដែលត្រូវជំនួសតំណែងរបស់អ្នកទាំងនោះវិញគឺជាក្រុមសមាជិកនៃគ្រួសាររាជវង្សចក្រី ពោលគឺព្រះបាទប្រជាធិផុក ទ្រង់ចង់ឱ្យរដ្ឋាភិបាលរបស់ព្រះអង្គមានលក្ខណៈដូចនឹងរដ្ឋាភិបាលរបស់ព្រះបាទចុល្លាង្ករណ៍ (ព្រះរាមាទី៥)។ រាល់បញ្ហានៅក្នុងរជ្ជកាលរបស់បងប្រុសព្រះអង្គត្រូវបានធ្លាក់មកនៅក្នុងដៃទ្រង់ទាំងស្រុង។ វិបត្តិបញ្ហាដែលអាក្រក់ជាងគេបំផុតគឺវិបត្តិសេដ្ឋកិច្ច៖ ហិរញ្ញវត្ថុរបស់រដ្ឋគឺកំពុងស្ថិតនៅក្នុងស្ថានភាពច្របូកច្របល់បំផុត ឱនភាពថវិការជាតិត្រូវបានកើនឡើងជាលំដាប់ ហើយដោយមានសមាជិកគ្រួសាររាជវង្សគ្រប់គ្រងប្រទេសបែបនេះ ប្រជាជនថៃរឹតតែមានភាពព្រួយបារម្ភខ្លាំងទៅទៀត។ មិនយូរប៉ុន្មាន សម័យមហាឱនភាពក៏បានមកដល់ ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចថៃកាន់តែចុះខ្សោយបន្ថែម។ យ៉ាងជាក់ស្តែង សកម្មភាពដំបូងរបស់ព្រះបាទប្រជាធិផុកក្នុងនាមជាព្រះមហាក្សត្រគឺការបង្កើតនូវឧត្តមក្រុមប្រឹក្សានៃរដ្ឋដើម្បីស្តារទំនុកចិត្តទៅលើរាជាធិបតេយ្យ។ ក្រុមប្រឹក្សាឯកជនមួយនេះរួមមានសមាជិកដែលមានបទពិសោធន៍និងមានសមត្ថភាពខ្ពស់បំផុតនៃគ្រួសាររាជវង្សដូចជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដ៏ចំណានម្នាក់ (និងត្រូវជាដៃស្តាំរបស់ព្រះបាទចុល្លាង្ករណ៍) គឺព្រះអង្គម្ចាស់ដំរង។ បន្តិចម្តងៗ អង្គក្សត្រទាំងនោះក៏កំណត់តំណែងរដ្ឋមន្រ្តីសំខាន់ៗទាំងអស់ឱ្យស្ថិតនៅក្រោមការកាន់កាប់ផ្តាច់មុខរបស់ពួកគេ។ អង្គក្សត្រទាំងនោះភាគច្រើនយល់ឃើញថាវាគឺជាកាតព្វកិច្ចរបស់ពួកគេនីមួយៗក្នុងការធ្វើកំណែតម្រូវចំពោះកំហុសដែលបន្សល់ពីរជ្ជកាលមុនៗ ប៉ុន្តែសកម្មភាពទាំងអស់នេះមិនសូវជាបានទទួលស្គាល់ដោយប្រជាជនថៃទូទៅនោះទេ។ ដោយមានជំនួយពីក្រុមប្រឹក្សានោះ ព្រះមហាក្សត្រក៏ទទួលបានសម្រេចក្នុងការស្តារស្ថេរភាពសេដ្ឋកិច្ចជាតិឡើងវិញ ប៉ុន្តែក្នុងដំណើរនេះ មន្រ្តីស៊ីវិលមួយចំនួនធំត្រូវបានដកចេញពីតំណែងហើយចំណែកឯអ្នកដែលនៅសល់គឺត្រូវបានរដ្ឋាភិបាលកាត់ប្រាក់ខែអស់ជាច្រើន។ សកម្មភាពនេះគឺទទួលបាននូវការមិនពេញចិត្តជាខ្លាំងពីសំណាក់ក្រុមមន្រ្តីទាំងនោះហើយវាគឺជាកត្តាមួយដែលបង្កឱ្យមានរដ្ឋប្រហារនៃឆ្នាំ១៩៣២ កើតឡើង។ ក្រោយមក សម្តេចប្រជាធិផុកក៏បានបង្វែរចំណាប់អារម្មណ៍របស់ទ្រង់មកលើសំណួរនយោបាយនាពេលអនាគតនៅក្នុងប្រទេសសៀម។ ដោយយកគំរូតាមចក្រភពអង់គ្លេស ព្រះអង្គចង់ឱ្យប្រជាជនសាមញ្ញៗមានសម្លេងនៅក្នុងកិច្ចការប្រទេសជាតិ ដូច្នេះទ្រង់ក៏បានរៀបគម្រោងបង្កើតសភាឡើង។ រដ្ឋធម្មនុញ្ញដែលបានស្នើឡើងត្រូវបានព្រះរាជាបញ្ជាឱ្យមានការត្រួតពិនិត្យមើលយ៉ាងផ្ទៀងផ្ទាត់ ប៉ុន្តែវាត្រូវបានបដិសេដដោយទីប្រឹក្សារបស់ព្រះអង្គផ្ទាល់ដោយគេយល់ឃើញថាប្រជាជនថៃគឺមិនទាន់បានត្រៀមខ្លួនសម្រាប់លទ្ធិប្រជាធិបតេយ្យនៅឡើយទេ។ បដិវត្តន៍![]() នៅក្នុងឆ្នាំ១៩៣២ ដោយសារតែប្រទេសសៀមកំពុងមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ឧត្តមក្រុមប្រឹក្សាក៏ចេញសេចក្តីសម្រេចកាត់បន្ថយការចំណាយរបស់ជាតិហើយក្នុងនោះរួមមានទាំងថវិកាយោធាផងដែរ។ ប្រជាធិផុកទ្រង់ដឹងថាការប្រកាន់គោលនយោបាយបែបនេះនឹងបង្កើតការមិនពេញចិត្តច្រើន ជាពិសេសគឺនៅក្នុងជួរកងទ័ព។ ដូច្នេះហើយបានជាព្រះអង្គបានកោះប្រជុំក្រុមមន្រ្តីពិសេសដើម្បីពន្យល់ពិភាក្សាអំពីមូលហេតុអ្វីបានជាការកាត់បន្ថយការចំណាយនោះគឺជារឿងចាំបាច់និងសំខាន់។ នៅក្នុងសុន្ទរកថារបស់ព្រះអង្គ ទ្រង់បានថ្លែងថា៖ "ខ្លួនខ្ញុំនេះផ្ទាល់គឺមិនដឹងអ្វីអំពីរឿងហិរញ្ញវត្ថុនោះទេ ខ្ញុំគ្រាន់តែស្តាប់តាមយោបល់របស់អ្នកដទៃហើយជ្រើសយកជម្រើសដែលខ្ញុំគិតថាល្អជាងគេប៉ុណ្ណោះ...ប្រសិនបើខ្ញុំរើសជម្រើសណាខុសនោះ ខ្ញុំពិតជាសមនឹងទទួលបានការលើកលែងទោសពីប្រជាជនសៀមណាស់។" គ្មានស្តេចសៀមអង្គណាដែលធ្លាប់ថ្លែងសេចក្តីចេញមកបែបនេះនោះទេតាំងពីរដ្ឋសៀមទំនើបកើតចេញមក។ មនុស្សមួយចំនួនបាននាំគ្នាបកស្រាយថា សុន្ទរកថាដែលបានថ្លែងដោយប្រជាធិផុកនោះគឺមិនដូចអ្វីដែលទ្រង់ស្មាន់នោះទេ វាគឺជាការអំពាវនាវត្រង់ៗឱ្យប្រជាជនថៃមានការយោគយល់និងចូលធ្វើសហប្រតិបត្តិការជាមួយនឹងរដ្ឋាភិបាលទ្រង់។ ពួកអ្នកទាំងនោះយល់ឃើញវាថាជាសញ្ញានៃភាពទន់ខ្សោយនិងជាភ័ស្តុតាងបញ្ជាក់ថាប្រព័ន្ធគ្រប់គ្រងរបស់សៀមក្រោមព្រះបាទប្រជាធិផុកដែលនូវតែបន្តរក្សារបបអត្ថាធិបតេយ្យនេះគួរតែលុបបំបាត់ចោលភ្លាម។ ភាពចលាចលផ្នែកនយោបាយនៅឯរាជធានីក៏កើតមានឡើងហើយនៅក្នុងខែមេសា ព្រះរាជាក៏បានយល់ព្រមក្នុងការណែនាំនូវរដ្ឋធម្មនុញ្ញមួយដែលតម្រូវឱ្យទ្រង់ចែករំលែកអំណាចជាមួយនឹងនាយករដ្ឋមន្ត្រី។ តែទោះបីជាយ៉ាងណា វាគឺនូវតែមិនគ្រប់គ្រាន់សម្រាប់ពួកមូលវិវដ្តនៅក្នុងជួរយោធា។ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៣២ ខណៈពេលដែលព្រះរាជាយាងទៅលេងមាត់សមុទ្រ កងពលទីក្រុងបាងកកក៏ចាប់ផ្តើមធ្វើការបះបោរហើយក៏ដណ្តើមអំណាចបានពីព្រះរាជា។ ការបះបោរនោះគឺបានដឹកនាំដោយក្រុមមន្រ្តីចំនួន ៤៩ រូបដែលត្រូវបានគេស្គាល់ថា"គណរដ្ឋសាដន" (ឬបកប្រែមកថា គណបក្សប្រជាជន)។ រាជាធិបតេយ្យផ្តាច់ការនៅថៃដែលមានអាយុកាលជាង ៨០០ ឆ្នាំក៏ត្រូវបានបញ្ចប់នៅថ្ងៃនោះ។ វប្បធម៌សម្លៀកបំពាក់ដើមរតនកោសិន្ទ្រ៍ដូចនឹងសម័យអយុធ្យាដែរ ទាំងប្រុសទាំងស្រីគឺស្លៀកសំពត់ចងចង្កេះដែរគេតែងហៅថាសំពត់ចងក្បិន។ សម្រាប់បុរសៗសំពត់ចងក្បិនគឺគេពាក់វាពីត្រឹមចង្កេះរហូតទៅដល់ភ្លៅហើយចំណែកឯស្រ្តីវិញគឺពាក់វាបិតបាំងពីដើមទ្រូងហូរទៅដល់ក្រោមជង្គង់។[៣១] ការស្លៀកពាក់បង្ហាញទ្រូងឬជើងក៏ត្រូវបានគេទទួលស្គាល់ផងដែរថាជាផ្នែកមួយនៃច្បាប់នៃការស្លៀកពាក់ផ្លូវការរបស់ថៃ។[៣១] ក្រោយពីនគរអយុធ្យាត្រូវបានដួលរលំទាំងស្រុង ស្ត្រីជនជាតិថៃក៏បាននាំគ្នាកាត់សក់ខ្លីហើយក្រោយមកវាក៏ក្លាយជាម៉ូដសក់ដ៏និយមមួយសម្រាប់ស្ត្រីៗរហូតដល់សតវត្សទី២០។[៣២] មុនសតវត្សទី២០ ដើម្បីមើលសម្គាល់មនុស្សទៅតាមវណ្ណៈ គឺគេមើលតាមស្បែកក្រណាត់នៃសម្លៀកបំពាក់មានដូចជា ក្រណាត់កប្បាស និងក្រណាត់សូត្រជាដើម។[៣៣] រតនកោសិន្ទ្រ៍សម័យនៅកំឡុងទស្សវត្តឆ្នាំ១៨៦០ សមាជិករាជវង្សសៀមក៏ជ្រើសយកម៉ូតសម្លៀកបំពាក់តាមជនជាតិអង់គ្លេស។"[៣៣] សម្លៀកបំពាក់ដែលពាក់នៅក្នុងរាជវាំងនិងឯកសណ្ឋានសម្រាប់ពាក់នៅក្នុងពិធីបុណ្យផ្សេងៗគឺសុទ្ធតែច្នៃបង្កើតឡើងនៅក្នុងរជ្ជកាលព្រះបាទចុល្លាង្ករណ៍ទាំងអស់។[៣៣] ការស្លៀកពាក់បែបពួកបស្ចឹមបូព៌ាក៏ចាប់ផ្តើមមានប្រជាប្រិយភាពខ្លាំងសម្រាប់អ្នករស់នៅឯទីក្រុងបាងកក។[៣៣] នៅដើមទស្សវត្តឆ្នាំ១៩០០ ស្តេចវជិរាវុធបានចេញយុទ្ធនាការជម្រុញឱ្យនារីថៃចូលទុកសក់ឱ្យវែងហើយស្លៀកសារ៉ុងជំនួសឱ្យសំពត់ចងក្បិនវិញ។[៣៤] ស្ថាបត្យកម្មឯកសារយោង
|
Portal di Ensiklopedia Dunia