វៀតណាមខាងត្បូងអត្ថបទនេះស្ដីអំពី អតីតប្រទេស។ ចំពោះតំបន់ភូមិសាស្ត្រ សូមមើល វៀតណាមភាគខាងត្បូង។
វៀតណាមខាងត្បូង ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋវៀតណាម គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានអត្ថិភាពពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧៥ ពោលជាសម័យកាលដែលប៉ែកខាងត្បូងនៃប្រទេសវៀតណាមជាសមាជិកនៃប្លុកខាងលិចនៅអំឡុងសង្គ្រាមត្រជាក់។ រដ្ឋនេះត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ជាលើកដំបូងនៅក្នុងឆ្នាំ១៩៤៩ ដោយមានឈ្មោះថារដ្ឋវៀតណាមដែលកាលនុះនៅជារដ្ឋចំណុះក្រោមសហភាពបារាំងនៅឡើយ និងមានរដ្ឋធានីនៅសៃហ្គន (អតីតក្រុងព្រៃនគរ ហើយបានប្តូរឈ្មោះទៅជាទីក្រុងហូជីមិញនៅឆ្នាំ១៩៧៦) មុនពេលក្លាយជាសាធារណរដ្ឋឯករាជ្យនៅឆ្នាំ១៩៥៥។ វៀតណាមខាងត្បូងមានព្រំប្រទល់ជាប់នឹងវៀតណាមខាងជើងនៅភាគខាងជើង ប្រទេសឡាវនៅភាគពាយ័ព្យ ប្រទេសកម្ពុជានៅភាគខាងលិច និងឈូងសមុទ្រថៃនៅភាគនិរតី។ អធិបតេយ្យភាពរបស់វាត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក និងប្រទេសចំនួន ៨៧ ផ្សេងទៀត ប៉ុន្តែវៀតណាមខាងត្បូងត្រូវបរាជ័យក្នុងការចូលជាសមាជិកអង្គការសហប្រជាជាតិដែលជាលទ្ធផលនៃសិទ្ធិវ៉េតូរបស់សូវៀតក្នុងឆ្នាំ១៩៥៧។[១][២] ក្រោយចប់សង្គ្រាមលោកលើកទី២ កម្លាំងទ័ពព្រៃប្រឆាំងជប៉ុនមួយបានលេចខ្លួនឡើងនៅលើទឹកដីប្រទេសវៀតណាម ស្ថិតក្រោមការដឹកនាំដោយយុទ្ធជនកុម្មុយនីស្តម្នាក់ឈ្មោះ ហូ ជីមិញ ហើយលោកបានប្រកាសបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមឡើងនៅទីក្រុងហាណូយនាអំឡុងខែកញ្ញា ឆ្នាំ១៩៤៥។[៣] នៅឆ្នាំ១៩៤៩ អ្នកនយោបាយដែលជំទាស់នឹងលទ្ធិកុម្មុយនីស្តបានរួមគ្នាបង្កើតរដ្ឋាភិបាលប្រឆាំងមួយនៅទីក្រុងសៃហ្គនដោយមានការដឹកនាំពីអតីតអធិរាជវៀតណាមនាម បាវ ដាយ។ ការធ្វើប្រជាមតិក្នុងឆ្នាំ១៩៥៥ អំពីអនាគតរដ្ឋាភិបាលនៃរដ្ឋវៀតណាមបានទទួលរងការប្រឆាំងយ៉ាងខ្លាំង ហើយជាលទ្ធផល ព្រះចៅបាវ ដាយត្រូវបានទម្លាក់ចេញពីអំណាចដោយនាយករដ្ឋមន្ត្រីង៉ូ ឌិញឌៀម ដែលក្រោយមកបានប្រកាសខ្លួនលោកជាប្រធានាធិបតីនៃសាធារណរដ្ឋថ្មីនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៥៥។[៤] បន្ទាប់ពី សន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ រដ្ឋមួយនេះបានបោះបង់ចោលការទាមទាររបស់ខ្លួនចំពោះផ្នែកខាងជើងនៃប្រទេស ហើយបានបង្កើតអធិបតេយ្យភាពផ្ទាល់ខ្លួននៅលើទឹកដីប៉ែកខាងត្បូងវៀតណាមពោលគឺតំបន់កូសាំងស៊ីន (ណាំគី) និងមួយផ្នែកនៃដែនដីអណ្ណាម (ជុងគី)។ លោកឌៀមត្រូវបានគេធ្វើឃាតនៅអំឡុងរដ្ឋប្រហារយោធាដែលដឹកនាំដោយលោកឧត្តមសេនីយ៍សឿង វ៉ាន់មិញដោយមានជំនួយពី សេអ៊ីអា ក្នុងឆ្នាំ១៩៦៣ ហើយរដ្ឋាភិបាលយោធាថ្មីមួយក៏បានឡើងកាន់អំណាចបានមួយរយៈពេលខ្លី។ បន្ទាប់ពីទទួលបានការគាំទ្រពីសហរដ្ឋអាមេរិកឱ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតី លោកឧត្តមសេនីយ៍ង្វៀន វ៉ាន់ធៀវក៏បានជាប់ឆ្នោតឡើងដឹកនាំប្រទេសពីឆ្នាំ១៩៦៧ រហូតដល់ឆ្នាំ១៩៧៥។ សង្គ្រាមវៀតណាមបានផ្ទុះឡើងនៅក្នុងឆ្នាំ១៩៥៥ នៅពេលដែលរណសិរ្សរំដោះជាតិវៀតណាមខាងត្បូង (វៀតកុង) បានធ្វើសកម្មភាពបះបោរនៅលើទឹកដីវៀតណាមខាងត្បូងដោយមានការគាំទ្រប្រដាប់អាវុធពីវៀតណាមខាងជើង និងព្រមទាំងការគាំទ្របន្ថែមផ្សេងៗទៀតពីចិន និងសហភាពសូវៀត។ សង្គ្រាមស៊ីវិលមួយនេះបានឆេះកញ្ជ្រោលកាន់តែខ្លាំងឡើងនៅក្នុងឆ្នាំ១៩៦៥ នៅពេលដែលអាមេរិកបានលូកដៃធ្វើអន្តរាគមន៍បន្ថែមដូចជា ការបញ្ជូនទ័ពរបស់ខ្លួនឱ្យប្រយុទ្ធផ្ទាល់ និងហ្វឹកហ្វាត់ណែនាំយុទ្ធសាស្ត្រសង្គ្រាមផ្សេងៗដល់កងកម្លាំងវៀតណាមខាងត្បូង។ យុទ្ធនាការទម្លាក់គ្រាប់បែកជាប្រចាំនៅវៀតណាមខាងជើងត្រូវបានធ្វើឡើងជារឿយៗនៅរវាងឆ្នាំ១៩៦៦ និងឆ្នាំ១៩៦៧។ ការប្រយុទ្ធគ្នាបានឈានចូលដល់ចំណុចកំពូលនៅក្នុងយុទ្ធនាការតេតនៃខែកុម្ភៈ ឆ្នាំ១៩៦៨ ជាមួយនឹងវត្តមានទាហានវៀតណាមខាងត្បូងជាងមួយលាននាក់ និងទាហានអាមេរិកប្រមាណ ៥០០,០០០ នាក់។ ទោះបីជាមានការយល់ស្របគ្នាលើបទឈប់បាញ់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានបញ្ចប់នៅអំឡុងខែមករា ឆ្នាំ១៩៧៣ បន្ទាប់ពីការចរចារគ្នាអស់រយៈពេលប្រាំឆ្នាំក្តី ការប្រយុទ្ធបង្ហូរឈាមគ្នានូវតែបន្តដដែរ។ កងទ័ពវៀតណាមខាងជើង និងកម្លាំងវៀតកុងបានចាប់ផ្តើមធ្វើការលុកលុយជារួមលើកទីពីរនៅក្នុងឆ្នាំ១៩៧៥។ កងកម្លាំងកុម្មុយនីស្តបានវាយចូលកាន់កាប់ទីក្រុងសៃហ្គននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ និងបានផ្តួលរំលំសាធារណរដ្ឋវៀតណាមដោយជោគជ័យ។ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៧៦ រដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃសាធារណរដ្ឋវៀតណាមខាងត្បូង និងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (វៀតណាមខាងជើង) បានរួបរួមគ្នាដើម្បីបង្កើតជា សាធារណរដ្ឋសង្គមនិយមវៀតណាម។ មើលផងដែរឯកសារយោង
|
Portal di Ensiklopedia Dunia