ចក្រភពរុស្ស៊ី
ចក្រភពរុស្ស៊ី (ភាសារុស្ស៊ី៖ Российская Империя) គឺជារដ្ឋចក្រភពមួយដែលគ្របដណ្ដប់លើទ្វីបអឺរ៉ាស៊ីមួយភាគពីឆ្នាំ១៧២១ រហូតដល់ឆ្នាំ១៩១៧។ ចក្រភពនេះគឺជារដ្ឋស្នងបន្តពីអាណាចក្រត្សាររុស្ស៊ីបន្ទាប់ពីសន្ធិសញ្ញាទីក្រុងនីស្ដាដត្រូវបានចុះ ហើយវាបានរះឡើងស្របពេលដែលមហាអំណាចជិតខាងកំពុងដាំក្បាលចុះដូចជា៖ ចក្រភពស៊ុយអែត សហធនរដ្ឋប៉ូឡូញ–លីទុយអានី អ៊ីរ៉ង់កាចា ចក្រភពអូតូម៉ង់ និងរដ្ឋអំណាចឈីង។ បន្ទាប់ពីចក្រភពនេះបានដួលរលំ និងបដិវត្តន៍ខែកុម្ភៈ រដ្ឋាភិបាលបណ្ដោះអាសន្នរុស្ស៊ីថ្មីក៏បានប្រកាសការបង្កើតសាធារណរដ្ឋរុស្ស៊ីឡើងជារដ្ឋស្នងតពីចក្រភពរុស្ស៊ី។ ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ២២,៨០០,០០០ គីឡូម៉ែត្រការ៉េ ចក្រភពរុស្ស៊ីគឺជាអាណាចក្រធំបំផុតទីបីនៅក្នុងប្រវត្តិសាស្ត្រ ដែលស្ថិតនៅពីក្រោយតែចក្រភពអង់គ្លេស និងចក្រភពម៉ុងហ្គោលប៉ុណ្ណោះ។ វាមានប្រជាជនរស់នៅចំនួន ១២៥.៦ លាននាក់ បើយោងទៅតាមជំរឿនឆ្នាំ១៨៩៧ ដែលជាជំរឿនតែមួយគត់ក្នុងសម័យចក្រពត្តិរុស្ស៊ី។ ដូចចក្រភពផ្សេងៗដែរ អាណាចក្ររុស្ស៊ីមានជនជាតិ ភាសា សាសនា និងសេដ្ឋកិច្ចចម្រុះជាច្រើនបែប។ កំណើននៃអំណាចរុស្ស៊ីបានចាប់ផ្តើមនៅក្នុងរជ្ជកាលព្រះបាទអ៊ីវ៉ានទី៣ (១៤៦២–១៥០៥) ដែលទ្រង់ជាមហាក្សត្រមួយអង្គដែលបានពង្រីកទឹកដីរុស្ស៊ីឡើងធំទ្វេជាបី រៀបចំកែលម្អវិមានក្រឹមឡាំងម៉ូស្គូ និងបំបាត់ឥទ្ធិពលរបស់មហានគរហ្វូងមាស។ ក្នុងមួយអត្ថិភាពនៃចក្រភពមួយនេះ ប្រទេសរុស្ស៊ីត្រូវស្ថិតនៅក្រោមការគ្រប់គ្រងផ្តាច់មុខរបស់រាជវង្សរ៉ូម៉ាណូហ្វ។ នៅដើមសតវត្សទី១៩ ទឹកដីនៃចក្រភពរុស្ស៊ីបានលាតសន្ធឹងពីមហាសមុទ្រអាកទិកនៅភាគខាងជើងទៅដល់សមុទ្រខ្មៅនៅភាគខាងត្បូង និងពីសមុទ្របាល់ទិកនៅភាគខាងលិចទៅទឹកដីអាឡាស្កា ហាវ៉ៃ និងកាលីហ្វ័រញ៉ានៅភាគខាងកើត។ នៅចុងសតវត្សទី១៩ រុស្ស៊ីបានបន្តពង្រីកទឹកដីរបស់ខ្លួនលើតំបន់អាស៊ីកណ្តាល និងផ្នែកខ្លះនៃអាស៊ីឦសាន។ អធិរាជរុស្ស៊ីដំបូងព្រះនាម ពីទ័រទី១ (១៦៨២–១៧២៥) បានដឹកនាំទ័ពប្រយុទ្ធក្នុងសង្រ្គាមជាច្រើន ហើយបានពង្រីកអាណាចក្រដ៏ធំស្រេចទៅជាមហាអំណាចថ្មីមួយនៅភូមិភាគអឺរ៉ុប។ ក្នុងអំឡុងរជ្ជកាលរបស់ព្រះអង្គ ទ្រង់បានផ្លាស់ប្តូររាជធានីរុស្ស៊ីពីទីក្រុងម៉ូស្គូទៅកាន់ទីក្រុងថ្មីមួយហៅថាសាំងពីទ័របួរ ដែលត្រូវបានកសាងឡើងស្របតាមរចនាបថលោកខាងលិច។ មិនតែប៉ុណ្ណោះ ព្រះអង្គក៏បានដឹកនាំបដិវត្តន៍វប្បធម៌ផងដែរ ដោយបានជំនួសទំនៀមទំលាប់ប្រពៃណីនិយម និងនយោបាយសង្គមមជ្ឈិមសម័យជាមួយនឹងប្រព័ន្ធទំនើបបែបវិទ្យាសាស្រ្ត សនិទាននិយម និងបស្ចិមនិយមថ្មីៗ។ ព្រះអធិរាជិនីកាធើរីនទី២ (១៧៦២–១៧៩៦) បានបង្វែរអាណាចក្ររុស្ស៊ីទៅរកយុគសម័យមាសដោយព្រះអង្គបានពង្រីករដ្ឋរុស្ស៊ីដោយការកាន់កាប់ដែនដីថ្មី អាណានិគមកិច្ច និងការងារទូត ខណៈពេលដែលបន្តប្រតិបត្តិគោលនយោបាយទំនើបកម្មរបស់អតីតពីទ័រទី១។ អាឡិចសាន់ដឺទី១ (១៨០១–១៨២៥) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកម្ចាត់មហិច្ឆិតាយោធានិយមរបស់ព្រះចៅណាប៉ូលេអុងនៃបារាំង ហើយបានបង្កើតសម្ព័ន្ធភាពពិសិដ្ឋដែលមានគោលដៅទប់ស្កាត់កំណើនលទ្ធិលោកិយនិយម និងសេរីនិយមនៅទូទាំងទ្វីបអឺរ៉ុប។ បន្ទាប់ពីចាញ់សង្គ្រាមគ្រីមៀ (១៨៥៣-១៨៥៦) រុស្ស៊ីបានធ្វើកំណែទម្រង់ជាច្រើន និងបែរមកពង្រីកអំណាចក្នុងតំបន់អាស៊ីកណ្តាលវិញ។[៦] ព្រះចៅអាឡិចសាន់ដឺទី២ (១៨៥៥-១៨៨១) បានផ្តួចផ្តើមកំណែទម្រង់ជាច្រើន ជាពិសេសកំណែទម្រង់សេរីភាពឆ្នាំ១៨៦១ ដោយលុបបំបាត់ទាសភាពនៅទូទាំងចក្រភព។ គោលនយោបាយផ្លូវការមួយរបស់ព្រះអង្គគឺទំនួលខុសត្រូវនៃចក្រភពរុស្ស៊ីចំពោះកិច្ចការពារគ្រិស្តបរិស័ទអូស្សូដក់ខាងកើតដែលរស់នៅក្នុងទឹកដីអូតូម៉ង់។ ដោយនេះជាកត្តាមួយដែលនាំឱ្យរុស្ស៊ីលូកដៃចូលក្នុងសង្គ្រាមលោកលើកទី១ ដោយឈរនៅខាងមហាអំណាចសម្ព័ន្ធមិត្តប្រឆាំងនឹងមហាអំណាចកណ្តាល។ មុនឆ្នាំ១៩០៥ ចក្រភពរុស្ស៊ីជារដ្ឋប្រកាន់របបរាជាធិបតេយ្យផ្ដាច់ការ ប៉ុន្តែដោយសារបដិវត្តន៍រុស្ស៊ីឆ្នាំ១៩០៥ ប្រទេសមហាអំណាចមួយនេះក៏បានផ្លាស់ប្ដូរមកប្រកាន់របបរាជាធិបតេយ្យអាស្រ័យពាក់កណ្តាលរដ្ឋធម្មនុញ្ញវិញ។ ទោះជាយ៉ាងណាក្តី ប្រព័ន្ធដឹកនាំថ្មីក៏មិនបានផ្តល់ផ្លែផ្កាអ្វីដល់វឌ្ឍនភាពប្រទេសរុស្ស៊ីដែរដោយខ្លួនបានលួងលុងក្នុងសង្គ្រាមលោកលើកទី១ ដែលបន្តនាំជាតិឆ្លងចូលបដិវត្តន៍ខែកុម្ភៈ។ ក្រោយពីព្រះចៅនីកូឡាសទី២ បានដាក់រាជ្យនៅឆ្នាំ១៩១៧ របបរាជាធិបតេយ្យក៏ត្រូវបានលុបបំបាត់ចោលទាំងស្រុង។ ក្នុងអំឡុងបដិវត្តន៍ខែតុលា ក្រុមបុលសេវិកបានឡើងដណ្តើមអំណាចនៅសាធារណរដ្ឋរុស្ស៊ីថ្មីដែលបង្កឱ្យមានសង្គ្រាមស៊ីវិលរុស្ស៊ីផ្ទុះឡើង។ នៅឆ្នាំ១៩១៨ ពួកបុលសេវិកបានប្រហារជីវិតគ្រួសាររាជវង្សរ៉ូម៉ាណូហ្វទាំងមូល ហើយបន្ទាប់ពីទទួលបានជ័យជំនះពីសង្គ្រាមស៊ីវិលរុស្ស៊ីរវាងឆ្នាំ១៩២២-១៩២៣ ពួកគេក៏បានបង្កើតរដ្ឋថ្មីហៅថា សហភាពសូវៀត នៅលើទឹកដីនៃអតីតចក្រភពរុស្ស៊ី។ ប្រវត្តិសាស្ត្រ
កំណត់សម្គាល់ឯកសារយោង
|
Portal di Ensiklopedia Dunia